ការគំរាមកំហែងពីមេរោគ Spyware តាមអ៊ីនធឺណិត មានកាន់តែច្រើន និងកំពុងកំរាមកំហែលដល់អ្នកប្រើប្រាស់អ៊ឺនធឺណិតកាន់តែខ្លាំងជារៀងរាល់ថ្ងៃ។ មិនថាអ្នកជាអ្នកប្រើប្រាស់អុីនធឺណិតធម្មតា ជាអ្នកធ្វើការក្នុងជួររដ្ឋាភិបាល ជាអ្នកធ្វើការនៅអង្គការសង្គមស៊ីវិល ជាអ្នកសារព័ត៌មាន ឬអ្នកការពារសិទ្ធិមនុស្ស អ្នកសុទ្ធទែអាចក្លាយជាជនរងគ្រោះ។
តើ Spyware គឺជាអ្វី?
Spyware គឺជាកម្មវិធីមេរោគ (malicious software) ដែលអាចចូលទៅក្នុងឧបករណ៍ ឬប្រព័ន្ធរបស់អ្នកដោយគ្មានការអនុញ្ញាត ដើម្បីឃ្លាំមើល ប្រមូលទិន្នន័យ ឬតាមដានសកម្មភាពរបស់អ្នក។ ក្នុងករណីខ្លះ វាអាចចូលប្រើមុខងារដូចជា កាមេរ៉ា ឬមីក្រូហ្វូនបានផងដែរ។ ឧទាហរណ៍ Spyware ល្បីៗមានដូចជា Pegasus និង Predator ដែលត្រូវបានប្រើប្រាស់ក្នុងការវាយប្រហារលើគោលដៅជាក់លាក់។
តើ Spyware ឆ្លងចូលទៅក្នុងឧបករណ៍ដោយរបៀបណា?
ធ្លាប់ឆ្ងល់ទេថា Spyware អាចឆ្លងចូលទៅក្នុងឧបករណ៍របស់អ្នកបានដោយរបៀបណា? ខាងក្រោមនេះជារបៀបមួយចំនួនដែល Spyware អាចឆ្លងចូលទៅក្នុងឧបករណ៍របស់អ្នក៖
Zero-click
ឧក្រិដ្ឋជនអាចបញ្ជូនមេរោគ Spyware ចូលក្នុងឧបករណ៍របស់អ្នកដោយស្វ័យប្រវត្តិ ដោយមិនតម្រូវឱ្យអ្នកចុច ឬធ្វើសកម្មភាពណាមួយឡើយ។ វាកើតឡើងតាមរយៈចំណុចខ្សោយសុវត្ថិភាពនៅក្នុងប្រព័ន្ធ ឬកម្មវិធី ជាពិសេសកម្មវិធីដែលមិនបានធ្វើបច្ចុប្បន្នភាព និងកម្មវិធីគ្មានអាជ្ញាបណ្ណ។
One-click
ការចុចលើតំណភ្ជាប់ ឬឯកសារភ្ជាប់ អាចធ្វើឱ្យមេរោគ Spyware ឆ្លងចូល ឬត្រូវបានទាញយក និងដំឡើងក្នុងឧបករណ៍របស់អ្នកដោយស្វ័យប្រវត្តិ។
ការបន្លំជាកម្មវិធីមានប្រយោជន៍
មេរោគខ្លះបន្លំខ្លួនជាកម្មវិធីផ្លូវការ ឬកម្មវិធីមានប្រយោជន៍ ដូចជាកម្មវិធីកម្ចាត់មេរោគ ឬកម្មវិធីជួយបង្កើនល្បឿនឧបករណ៍ជាដើម ដើម្បីបញ្ឆោតឱ្យអ្នកទាញយក និងដំឡើងវា។
ហេតុអ្វី Spyware គួរឱ្យបារម្ភ?
Spyware បានប្រើបច្ចេកវិទ្យាឃ្លាំមើល ឬតាមដាន (surveillance technology) ដែលរំលោភលើឯកជនភាពរបស់មនុស្សយ៉ាងធ្ងន់ធ្ងរ ហើយជាទូទៅត្រូវបានប្រើដើម្បីតាមដានក្រុមគោលដៅជាក់លាក់។ ទោះបីមនុស្សភាគច្រើនមិនមែនជាគោលដៅនៃការតាមដានដោយផ្ទាល់ នៃការវាយប្រហារបែបនេះក៏ដោយ ក៏ការយល់ដឹង និងការចាត់វិធានការការពារពី Spyware និងហានិភ័យឌីជីថលផ្សេងៗ នៅតែមានសារៈសំខាន់។
ដូច្នេះ តើអ្នកអាចការពារខ្លួនអ្នកដោយរបៀបណា?
វិធីការពារខ្លួនពី Spyware
វិធានការខាងក្រោម អាចជួយការពារអ្នកបាន៖
- កុំពន្យារពេលធ្វើបច្ចុប្បន្នភាពកម្មវិធី៖ សូមធ្វើបច្ចុប្បន្នភាពប្រព័ន្ធប្រតិបត្តការ និងកម្មវិធីផ្សេងៗដែលបានតម្លើងចូលទៅក្នុងឧបករណ៍របស់អ្នកភ្លាមៗ ហើយលើកទឹកចិត្ត និងណែនាំអ្នកដទៃឱ្យធ្វើដូចគ្នាដែរ។ កំណែថ្មីៗនៃកម្មវិធី នឹងជួយជួសជុលចំណុចខ្សោយផ្នែកសុវត្ថិភាព ដែល ចំណុចខ្សោយទាំងនោះជាច្រកទ្វាររបស់ Spyware យកទៅប្រើប្រាស់បាន។
- ប្រុងប្រយ័ត្នមុនចុចលើ តំណភ្ជាប់ ឬឯកសារភ្ជាប់ ដែលអ្នកទទួលបាន។ Spyware អាចក្លែងខ្លួនបានយ៉ាងល្អ និងស្ថិតក្នុងសារដែលត្រូវបានបង្កើតជាពិសេស។ ប្រសិនបើមិនប្រាកដ សូមកុំចុច។
- កាត់បន្ថយកម្មវិធី និងឯកសារនៅលើឧបករណ៍របស់អ្នក កម្មវិធីកាន់តែច្រើន ឯកសារកាន់តែច្រើន កាន់តែមានហានិភ័យខ្ពស់។ អ្នកគួរលុបកម្មវិធីដែលមិនចាំបាច់ចេញ កុំប្រើកម្មវិធីដែលមិនមានអាជ្ញាបណ្ណ។ ដូចគ្នានឹងឯកសារដែលផ្ទុកនៅក្នុងឧបករណ៍អ្នក អ្នកគួរលុបឯកសារដែលលែងប្រើចេញ និងធ្វើការបម្រុងទុក (backup) ឱ្យបានជាប្រចាំ។
- បិទមុខងារ Link Preview នៅលើ Signal និង WhatsApp ហើយបើកមុខងារ Disappearing Messages ជាលំនាំដើម។
- ត្រូវបិទឧបករណ៍ (Shutdown) របស់អ្នកពេលអ្នកឈប់ប្រើ៖ អ្នកមិនគួរប្រើឧបករណ៍ដោយមិនបិទវាសោះនោះទេ។
- កុំទុកឧបករណ៍របស់អ្នកចោល ការទុកឱ្យបករណ៍របស់អ្នកចោល អាចមានហានិភ័យ ក្នុងការលួចដំឡើងមេរោគពីអ្នកផ្សេងដោយងាយ។
- ប្រសិនបើអ្នកមានហានិភ័យខ្ពស់ក្នុងការរងការវាយប្រហារ សូមមុខងារសុវត្ថិភាព ដូចជា Apple Lockdown Mode ឬ Google Advanced Protection។
សុវត្ថិភាពឌីជីថលជាការទទួលខុសត្រូវរួម
សុវត្ថិភាពឌីជីថលរបស់អ្នក មិនត្រឹមតែជួយការពារខ្លួនអ្នកប៉ុណ្ណោះទេ ប៉ុន្តែក៏ជួយកាត់បន្ថយហានិភ័យដល់មនុស្សជុំវិញខ្លួនផងដែរ។ ទម្លាប់តូចៗ ដូចជា ការធ្វើបច្ចុប្បន្នភាពកម្មវិធី ការគ្រប់គ្រងទិន្នន័យ ការប្រុងប្រយ័ត្នចំពោះតំណភ្ជាប់ និងការចែករំលែកចំណេះដឹងបន្ត អាចបង្កើតការផ្លាស់ប្តូរដ៏ធំមួយបាន។ នៅពេលយើងទាំងអស់គ្នាចូលរួមអនុវត្តទម្លាប់ឌីជីថលដែលមានសុវត្ថិភាព យើងកំពុងរួមគ្នាកសាងបរិយាកាសអ៊ីនធឺណិតដែលមានទំនុកចិត្ត និងមានសុវត្ថិភាពជាងមុនសម្រាប់មនុស្សគ្រប់រូប។
ការផ្លាស់ប្តូរធំៗ ចាប់ផ្តើមពីសកម្មភាពតូចៗ។ ជំហានដែលអ្នកធ្វើថ្ងៃនេះ អាចជួយបង្កើតអនាគតឌីជីថលដែលល្អ និងមានសុវត្ថិភាពសម្រាប់យើងទាំងអស់គ្នា។
ប្រភព៖ Access Now – Digital Security Toolkit