របៀបបម្រុងទុកទិន្នន័យលើទូរសព្ទ Android

បច្ចុប្បន្នភាពចុងក្រោយៈ ០៩-០៨-២០២៤

ទូរស័ព្ទ​របស់​អ្នក​អាច​នឹង​ខូច ឬ​បាត់​បង់​ដោយ​ប្រការ​ណា​មួយ​ ដែល​មិន​អាច​ស្មាន​ទុក​ដឹង​មុន ដូច្នេះ​ការ​បម្រុង​ទុក​ទិន្នន័យ ជា​មធ្យោបាយ​តែ​មួយ​គត់ ដែល​អាច​ជួយ​សង្គ្រោះ​ទិន្នន័យ​សំខាន់ៗ​ដែល​មាន​នៅ​ក្នុង​ទូរសព្ទ​របស់​អ្នក​បាន។​

អ្នក​អាច​បម្រុង​ទុក​ទិន្នន័យ និង​ព័ត៌​មាន​សំខាន់​ផ្សេង​ទៀត ពី​ក្នុង​ទូរសព្ទ​របស់​អ្នក យក​ទៅ​ទុក​នៅ​ក្នុង​គណនី Google ឬ ទុក​នៅក្នុងឧបករណ៍​ផ្ទុកទិន្នន័យ​ណាមួយរបស់​អ្នក​បាន។

សំគាល់៖ វិធី​ខាង​ក្រោម​នេះ​ អាច​ប្រើ​បាន​តែ​ចំពោះ​ទូរសព្ទ​ដែល​ដំណើរ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ​ចាប់​ពី​ជំនាន់​ទី​៩ ឡើង​ទៅ​តែ​ប៉ុណ្ណោះ។

របៀបបម្រុង​ទុក​នៅលើ Google

វិធី​មួយ​ដ៏​សាមញ្ញ និង​ងាយ​ស្រួល​បំផុត​ គឺ​បម្រុង​ទុក ទៅ​កាន់​ Google។ Google ជា​អ្នក​បង្កើត ប្រព័ន្ធ​ប្រតិបត្តិការ Android ដូច​នេះ មុខងារ​បម្រុង​ទុក​ទៅ​កាន់ កន្លែង​ផ្ទុក​ទិន្នន័យ​នេះ មាន​ស្រាប់ ភ្ជាប់​មក​ជា​មួយ ទូរស័ព្ទ​ដំណើរ​ដោយ Android  ទាំង​អស់។

ជំហ៊ានទី១៖ ចូល​ទៅកាន់ Settings > Google > Backup

ជំហានទី២ៈ

  • អ្នក​នឹង​ឃើញ​ទំហំផ្ទុក ដែល​អ្នក​បាន​ប្រើ និង​ទំហំ​ផ្ទុក​ដែល​នៅ​សល់ នៅ​លើគណនី Google របស់​អ្នក។ សូម​យក​ចិត្ត​ទុក​ដាក់​លើ​ទំហំ​ដែល​នៅ​សល់ លើ​គណនី Google អ្នក។ ត្រូវ​ប្រាកដ​ថា អ្នក​មាន​ទំហំ​ផ្ទុក​សល់ គ្រប់​គ្រាន់ ​ដែល​អនុញ្ញាត​ឱ្យ​អ្នក អាច​ផ្ទុក​ទិន្នន័យ​ផ្សេងៗ​ទៀត​បាន។
  • ត្រូវ​ប្រាកដ​ថា មុខងារ Backup By Google One បាន​បើក (ចុច​បើក​ បើ​មុខងារ​នេះ ត្រូវ​បាន​បិទ)
  • ចុច​លើ ប៊ូតុង Back up now ។ សូម​ចាំ​ថា ដំណើរ​ការ​នៃ​ការ​បម្រុង​ទុក​នេះ អាច​ចំណាយ​ពេល​យូរ អាច​បី ឬ​បួន​ម៉ោង ប្រសិន​បើ​អ្នក​មិន​ធ្លាប់​បាន​បម្រុង​ទុក​ពី​មុន និង​ក៏​អាស្រ័យ​លើ​ចំនួន​ទិន្នន័យ​ដែល​អ្នក​មាន​នៅ​ក្នុង​ទូរស័ព្ទ​របស់​អ្នក។ អ្នក​គួរ​តែ​ដោត​សាក​ថ្ម​ទូរស័ព្ទ ភ្ជាប់​ទៅ​កាន់ Wi-Fi និង​ធ្វើ​វា​នៅ​ពេល​ដែល​អ្នក​មាន​ពេល​គ្រប់​គ្រាន់។

ជំហានទី៣៖
នៅ​ផ្នែក​ខាង​ក្រោម ត្រង់ Backup detail អ្នក​នឹង​ឃើញ​ផ្នែក​របស់ Photos & video សូម​ចុច​បើក បើ​អ្ន​កឃើញ​ថា ផ្នែក​នេះ​ត្រូវ​បាន​បិទ ករណី អ្នក​​មិន​ធ្លាប់​បាន បម្រុង​ទុក រូប​ថត និង​វីឌីអូ​ទេ។ ឬ​អ្នក​​ក៏​អាច​បិទ ផ្នែកនេះ​សិន បើ​អ្នក​គិត​ថា អ្នក​មាន វីឌីអូ និង​រូប​ថត​ច្រើន ដែល​អាច​ចំណាយ​ពេល​យូរ។ អ្នក​អាច​បើក​វា​ឡើង​វិញ​នៅ​ពេល​ក្រោយ ឬ​អាច​បើក​តាមរយៈ​កម្មវិធី Google Photo ដែល​បាន​តម្លើង​នៅ​ក្នុង​ទូរស័ព្ទ​អ្នក។ សូម​មើល​បន្ថែម​ពីរបៀប​ បម្រុង​ទុក រូប​ភាព និង​វីឌីអូ តាម​រយៈ​កម្មវិធី Google Photo

ជំហានទី៤៖ នៅ​ខាង​ក្រោម​បង្អស់ ក្នុង Backup detail នេះ អ្នក​នឹង​ឃើញ Google Account data ដែល​ត្រង់​ផ្នែក​នេះ អ្នក​អាច​ចុច​បើក​ ដើម្បី​កំណត់​ ដើម្បី​ឱ្យ​​អ្នក​​អាច​ប្រើ​ទិន្នន័យ​របស់​អ្នក (sync) លើ​ឧបករណ៍​ផ្សេង​ទៀត​ដែល​អ្នក​ប្រើ​គណនី Google នោះ។

របៀបបម្រុង​ទុក​តាម​រយៈ​កម្មវិធី Google Photos

អ្នក​អាច​បម្រុង​ទុក​រាល់​រូបភាព និង​វីឌីអូ នៅ​ក្នុង​ទូរសព្ទ​របស់​អ្នក ចូល​ទៅ​ក្នុង​គណនី​​ហ្គូហ្គល (Google Account) របស់​អ្នក ហើយ​អ្នក​ក៏​អាច​ចូល​ទៅ​កាន់​រូបភាព​ និង​វីឌីអូ​ដែល​បាន​បម្រុង​ទុក​ទាំង​នោះ​ ​ជាមួយ​នឹង​គ្រប់​ឧបករណ៍​របស់​អ្នក​តាម​រយៈ​Google Account ឬGmail របស់​អ្នក​បាន​គ្រប់ពេល​។

ជំហាន​ទី​១៖ ទាញ​យក តម្លើង និង​បើក​កម្មវិធី Google Photos ទៅ​ក្នុង​ទូរសព្ទ​របស់​អ្នក

ជំហាន​ទី​២៖ ចុច​លើ​រូប​តំណាង (Profile) នៅ​ផ្នែក​ខាង​លើ និង​ខាង​ស្តាំ

ជំហាន​ទី​៣៖ ចុច​នៅ​លើ Photo settings > ចុច​លើ Backup & sync

សូម​ចាំ​ថា ទំហំ​ផ្ទុក​នៅ​លើ​គណនី​ហ្គូហ្គល ដែល​មិន​គិត​ថ្លៃ​ គឺ​មាន​តែ​ចំនួន 15 GB ប៉ុណ្ណោះ ដែល​ទំហំ​ទាំង​នេះ​រាប់​បញ្ចូល​ទាំង ទំហំ​ផ្ទុក​នៅ​លើ​ Gmail, Google Drive និង Google Photos។ ដូច្នេះ ប្រសិន​បើ​អ្នក​បើក​មុខ​ងារ (turn on) Backup & sync នេះ​ មាន​ន័យ​ថា រាល់​រូប​ថត ​និង​វីឌីអូ​ដែល​មាន​នៅ​ក្នុង​ទូរសព្ទ​របស់​អ្នក​ទាំង​អស់​នឹង​ត្រូវ​ដាក់​ចូល (upload) ទៅ​ក្នុង Google Photo ហើយ​ប្រសិន​បើ អ្នក​មាន​រូប​ភាព ឬ​វីឌីអូ​ច្រើន នោះ​ទំហំ​ផ្ទុក​ចំនួន 15 GB នេះ​ប្រហែល​ជា​មិន​គ្រប់​គ្រាន់​នោះ​ទេ។

ត្រង់​ចំណុច​នេះ អ្នក​អាច​កំណត់​មិន​បើក​មុខ​ងារ​ Backup & sync នេះ​ដោយ​ស្វ័យ​ប្រវត្តិ​បាន ​ហើយ​អាច​ធ្វើ​ការ​បម្រុង​ទុក តែ​រូប​ភាព ឬ​វីឌីអូ​ណា​ចាំ​បាច់ ដែល​អ្នក​ចង់​បម្រុង​ទុក​តែ​ប៉ុណ្ណោះ ​ដោយ​អ្នក​គ្រាន់​តែ​ចុច​លើ​រូប​ភាព ​ ឬ​វីឌីអូ​នោះ បន្ទាប់​មកចុច​លើ និមិត្ត​សញ្ញា upload ដែល​នៅ​ផ្នែក​ខាងលើ រូប​ភាព ឬ​វីឌី​អូ​នោះ ដូចបង្ហាញក្នុងរូបខាង​ក្រោម។​

របៀប​បម្រុង​ទុក​ទិន្នន័យ​ពី​ទូរស័ព្ទ ទៅ​ទុក ​ក្នុង​កុំព្យូទ័រ Windows

ការ​បម្រុង​ទុក​ទិន្នន័យ​ចូល​ទៅ​ក្នុង​កុំព្យូទ័រ ដំណើរ​ការ​ដោយ Windows ក៏​មាន​ភាព​ងាយ​ស្រួយ​ដែរ។

ជំហានទី១៖ ភ្ជាប់ USB ពី​ទូរស័ព្ទ ទៅ​កាន់ កុំព្យូទ័រ​អ្នក

ជំហានទី២៖

  • អ្នក​នឹង​ឃើញ​សារ​ជូន​ដំណឹង (Notification) បង្ហាញ​ថា Charging this device via USB, Tab for more options។ សូម​ចុច​លើ សារ​ជូន​ដំណឹង​នោះ។
  • ស្វែង​រក​ពាក្យ​ថា File transfer ឬ Transferring file និង​ចុច​ដើម្បី​ជ្រើស​រើស ប្រើ​មុខ​ងារ​នេះ

ជំហានទី៣៖

  • ត្រលប់​មក​កុំព្យូទ័រ​អ្នក បន្ទាប់​មក​បើក Windows File Explorer > នៅ​ផ្ទាំង​ផ្នែក​ខាង​ឆ្វេង ខាងក្រោមផ្នែក This PC អ្នក​នឹង​ឃើញ ឈ្មោះ​ទូរស័ព្ទ​របស់​អ្នក
  • ចុច​លើ​ឈ្មោះ​ទូរស័ព្ទ​របស់​អ្នក និង​ស្វែង​រក​ទិន្នន័យ​នៅ​ក្នុង folder ណា​ដែល​អ្នក​ចង់​បម្រុង​ទុក​។ នៅ​ក្នុង​កុំព្យូទ័រ អ្នក​នឹង​ឃើញ Folder ជា​ច្រើន ដែល Folder មាន​ទិន្នន័យ​ដែល​អ្នក​មិន​ដឹង​ថា ជា​ទិន្នន័យ​អ្វី ប៉ុន្តែ​អ្នក​នៅ​តែ​អាច​ស្វែង​រក​ទិន្នន័យ​ដែល​អ្នក​ចង់​បម្រុង​ទុក​បាន​ ក្រោយ​ពី​អ្នក​បាន​ចូល​ទៅ​មើល Folder និមួយៗ។ ករណី​អ្នក​ចង់​បម្រុង​ទុក រូប​ភាព ឬ​វីឌីអូ ជា​ទូ​ទៅ​វា​ស្ថិត​នៅ​ក្នុង Folder ដែល​មាន​ឈ្មោះ​ថា​ DCIM។

ប្រភព៖