ថ្មីៗនេះអ្នកប្រើប្រាស់ Telegram ជាច្រើននៅកម្ពុជា បានទទួលសារដែលមានភ្ជាប់មកជាមួយនូវឯកសារមិនស្គាល់ប្រភពច្បាស់លាស់ ពីមិត្តភ័ក្តិ ក្រុមតេលេក្រាម និងពីឆានែលផ្សេងៗ។ ឯកសារទាំងនេះភាគច្រើនមានឈ្មោះមិនច្បាស់លាស់ នឹងបញ្ចប់ដោយ .rar, .zip, .exe ឬ .apkជាដើម។

ករណីនៃការផ្ញើសារនេះបន្ត អាចបណ្តាលមកពី មានជនខិលខូចស្ថិតនៅក្រុមតេលេក្រាមនោះ ឬអ្នកផ្ញើមកមិនបានយល់ដឹង ឬមិនបានពិនិត្យឱ្យបានច្បាស់លាស់ ឬគណនីតេលេក្រាមរបស់ពួកគេ ត្រូវបានជនខិលខូចលួចចូលប្រើ និងគ្រប់គ្រងជាដើម។ល។
មានបញ្ហាអ្វីកើតឡើង បើអ្នកចុចលើឯកសារទាំងនោះ?
បញ្ហាដែលអាចកើតឡើងមានភាពខុសៗគ្នា អាស្រ័យលើប្រភេទឯកសារ និងឧបករណ៍ដែលអ្នកកំពុងប្រើ។
ជាទូទៅ នៅពេលចុចលើឯកសារ នៅលើតេលេក្រាម ពីទូរស័ព្ទ ឬកុំព្យូទ័ររបស់អ្នកនោះអ្នកអាច៖
- ទាញយកឯកសារទុកក្នុងឧបករណ៍
- បើកឯកសារភ្លាមៗ
- បើជាប្រភេទ .zip, .rar នោះវានឹងបង្ហាញឯកសារផ្សេងៗ ដែលមានៅក្នុង .zip ឬ .rar នោះ
- ប្រើជាប្រភេទ .exe វានឹងសួរថា តើអ្នកចង់ដំឡើងកម្មវិធីឬអត់
- មានការស្នើសុំសិទ្ធិអនុញ្ញាត ពីឧបករណ៍អ្នកដើម្បីដំណើរការកម្មវិធី
- ស្នើឱ្យអ្នកប្តូរការកំណត់ផ្នែកសុវត្ថិភាព ជាដើម
ការទាញយកឯកសារពីតេលេក្រាម មិនមែនមានន័យថា ឧបករណ៍របស់អ្នកនឹងឆ្លងមេរោគភ្លាមៗនោះទេ។ ប៉ុន្តែការទាញយកឯកសារទាំងនោះ ជាជំហានដំបូង ដែលអាចឱ្យអ្នកបើក ឬដំឡើងមេរោគចូលទៅក្នុងឧបករណ៍អ្នក ដោយមិនដឹងខ្លួន។
សូមកុំចុច កុំបើក កុំដំឡើង ឬកុំប៉ះពាល់ឯកសារ ឯកសារដែលទទួលបានពីប្រភពមិនស្គាល់ មិនច្បាស់លាស់ និងមិនទាន់បានផ្ទៀងផ្ទាត់។
តើប្រភេទឯកសារទាំងនេះមានន័យដូចម្តេច?
.EXE៖ កម្មវិធីសម្រាប់កុំព្យូទ័រ Windows
ឯកសារ .exe គឺជាកម្មវិធីដែលអាចដំណើរការលើកុំព្យូទ័រ Windows ។
បើអ្នកបើកឯកសារ .exe ដែលមិនស្គាល់ប្រភព វាអាចដំឡើងមេរោគ និងដំណើរការដោយស្ងាត់ៗចូលទៅក្នុងកុំព្យូទ័ររបស់អ្នក។ ជាទូទៅកុំព្យូទ័ររបស់អ្នក នៅតែដំណើរធម្មតា ហាក់ដូចជាមិនមានអ្វីខុសប្លែកទេ ប៉ុន្តែទិន្នន័យរបស់អ្នកអាចកំពុងត្រូវបានលួច និងផ្ញើទៅឧក្រិដ្ឋជន តាមរយៈប្រភេទឯកសារ .exe ដែលបានចុចនោះ។
.APK៖ ឯកសារសម្រាប់ដំឡើងនៅលើទូរស័ព្ទ Android
.apk គឺជាឯកសារសម្រាប់ដំឡើងកម្មវិធីលើទូរស័ព្ទ Android។
នៅពេលអ្នកចុចលើឯកសារ .apk ទូរស័ព្ទអាចសួរថា តើអ្នកចង់ដំឡើងកម្មវិធីនេះឬអត់។ បើអ្នកមិនចាប់អារម្មណ៍ នោះអ្នកនឹងចុចបន្តរហូត ដែលមានន័យថា អ្នកបានអនុញ្ញាតឱ្យកម្មវិធី ឬមេរោគនោះ។ សូមកុំបន្តដំឡើង ទោះបីជាអ្នកឃើញឈ្មោះ ឬនិមិត្តសញ្ញារបស់កម្មវិធីមើលទៅដូចជាកម្មវិធីដែលអ្នកស្គាល់ក៏ដោយ។ កន្លែងដែលមានសុវត្ថិភាពជាងគេក្នុងការដំឡើងកម្មវិធីនៅលើទូរស័ព្ទ Android គឺត្រូវដំឡើងចេញពី Play Store របស់ Android។
នៅពេលដែលអ្នកដំឡើងកម្មវិធីចូល កម្មវិធីនោះអាចមានសិទ្ធិចូលទៅកាន់ និងប្រើប្រាស់៖
- បញ្ជីទំនាក់ទំនង
- រូបថត និងឯកសារ
- សារ
- ការជូនដំណឹង
- មីក្រូហ្វូន
- កាមេរ៉ា
- ទិន្នន័យសំខាន់ៗផ្សេងទៀត
.RAR ឬ .ZIP៖ ឯកសារដែលមានផ្ទុកឯកសារច្រើននៅក្នុងនោះ
ឯកសារ .rar ឬ .zip គឺជាឯកសារអាចផ្ទុកឯកសារជាច្រើនទៀតនៅក្នុងនោះ។ ឧក្រិដ្ឋជនតែងប្រើឯកសារប្រភេទនេះ ដើម្បីធ្វើការលាក់មេរោគ។ នៅខាងក្នុងឯកសារ ប្រភេទ .rar ឬ .zip អាចមានឯកសារ .exe, .apk, .txt, .docx ទែមានផ្ទុកតំណភ្ជាប់ក្លែងក្លាយ និងប្រភេទឯកសារផ្សេងទៀត ដែលអាចហានិភ័យដល់អ្នក។
តើអ្នកប្រើ iPhone និង Mac មានសុវត្ថិភាពទាំងស្រុងឬ?
ការប្រើឧបករណ៍របស់ក្រុមហ៊ុន Apple មិនមានន័យថា អ្នកមានសុវត្ថិភាពទាំងស្រុងនោះទេ។
សម្រាប់ iPhone និង iPad
ឯកសារ .exe សម្រាប់ Windows និង .apk សម្រាប់ Android ជាទូទៅមិនអាចដំណើរការផ្ទាល់លើ iPhone ឬ iPad បានទេ។ ប៉ុន្តែសារដដែលអ្នកទទួលបាន អាចមានតំណភ្ជាប់ទៅកាន់គេហទំព័រក្លែង ឬការណែនាំឱ្យអ្នកដំឡើងកម្មវិធីចូលក្នុងទូរស័ព្ទ iPhone ឬ iPad របស់អ្នកបាន។
សម្រាប់ Mac
ឯកសារ .exe សម្រាប់ Windows ជាទូទៅមិនអាចដំណើរការផ្ទាល់លើ Mac នោះទេ។ ប៉ុន្តែឯកសារ .rar ឬ .zip អាចដំណើការបាននៅលើកុំព្យូទ័រ Mac បាន និងមានហានិភ័យដូចគ្នានឹងកុំព្យូទ័រ Windows ដែរ។
តើមេរោគពីសារ Telegram ទាំងនោះអាចធ្វើអ្វីបានខ្លះ?
បើអ្នកបើក ឬដំឡើងកម្មវិធីដែលអ្នកទទួលបានពីសារក្នុង Telegram ឧក្រិដ្ឋជនអាច៖
- លួចពាក្យសម្ងាត់ និងមានសិទ្ធិចូលប្រើគណនីរបស់អ្នក
- ចូលប្រើ Telegram, Facebook ឬអ៊ីមែល និងគណនីអនឡាញផ្សេងទៀតរបស់អ្នក
- លួចចម្លងឯកសារ រូបថត និងបញ្ជីទំនាក់ទំនង
- តាមដានដឹងនូវអ្វីដែលអ្នកបានវាយពីក្តាចុច (keyboard) របស់អ្នក
- តាមដានសកម្មភាពនៃការប្រើឧបករណ៍ និងអ៊ីនធឺណិតរបស់អ្នក
- អានសារ ឬការជូនដំណឹង
- គ្រប់គ្រងឧបករណ៍របស់អ្នកពីចម្ងាយ
- ដំឡើងមេរោគបន្ថែមចូលក្នុងឧបករណ៍អ្នក
- ប្រើគណនីរបស់អ្នក ដើម្បីផ្ញើឯកសារដូចគ្នាទៅអ្នកដទៃ
ករណីដែលត្រូវបានរកឃើញ
នៅខែតុលា ឆ្នាំ២០២៤ ក្រុមហ៊ុន Kaspersky បានរាយការណ៍ពីយុទ្ធនាការមួយ ដែលឧក្រិដ្ឋជនប្រើ Telegram ដើម្បីចែកចាយឯកសារ .rar និង .zip ដែលមានផ្ទុកមេរោគនៅក្នុងនោះ។ នៅពេលដែលជនរងគ្រោះបើកឯកសារ នៅក្នុង .zip ឬ .rar នោះមេរោគ spyware ត្រូវបានដំឡើងចូលឧបករណ៍ពួកគេ។ មេរោគនេះអាចលួចពាក្យសម្ងាត់ និងគ្រប់គ្រងឧបករណ៍ពីចម្ងាយបាន។ ការស្រាវជ្រាវនេះ បានរកឃើញនៅលើជនរងគ្រោះជាង ២០ ប្រទេស។
ទីភ្នាក់ងារសន្តិសុខសាយប័ររបស់សហរដ្ឋអាមេរិក CISA ក៏បានព្រមានថា មានមេរោគដែលអាចបង្ករហានិភ័យ ត្រូវបានចែកចាយតាមបណ្តាញសង្គម ក្នុងទម្រង់ប្រភេទឯកសារ .zip និង .rar នេះដែរ។
កម្មវិធីដែលអាចជួយពិនិត្យឯកសារដែលគួរឱ្យសង្ស័យ
មានកម្មវិធី (Tool) មួយចំនួនដែលអាចជួយពិនិត្យ ប្រភេទឯកសារដែលគួរឱ្យសង្ស័យបានខ្លះដែរ ប៉ុន្តែត្រូវចាំថា មិនមានឧបករណ៍ណាមួយអាចធានា ១០០% ថាឯកសារមានសុវត្ថិភាពទាំងស្រុងនោះទេ។
VirusTotal៖ ពិនិត្យមើលថាតើឯកសារណាមួយមានមេរោគឬអត់
VirusTotal គឺកម្មវិធីឥតគិតថ្លៃលើអ៊ីនធឺណិត ដែលត្រូវបានបង្កើតឡើងនៅឆ្នាំ ២០០៤ ដោយក្រុមហ៊ុនសន្តិសុខសាយប័ររបស់អេស្ប៉ាញ Hispasec Sistemas ហើយក្រោយមកត្រូវបាន Google ទិញយកនៅឆ្នាំ ២០១២។ គេហទំព័រនេះបង្កើតឡើង ដើម្បីជួយអ្នកប្រើប្រាស់អាចពិនិត្យឯកសារ និងតំណភ្ជាប់ដែលគួរឱ្យសង្ស័យ ថាមានផ្ទុកមេរោគ ឬអត់។ អ្នកប្រើប្រាស់អាច upload ឯកសារ ដែលខ្លួនសង្ស័យដើម្បីមើលថា តើឯកសារនោះធ្លាប់ត្រូវបានរកឃើញថាមានហានិភ័យឬអត់។ ទោះជាយ៉ាងណា បើ VirusTotal មិនរកឃើញថាឯកសារណាមានបញ្ហា នេះមិនមានន័យថា ឯកសារនោះមានសុវត្ថិភាពទាំងស្រុងទេ ព្រោះមេរោគថ្មី អាចមិនទាន់ត្រូវបានដាក់បញ្ចូលដើម្បីធ្វើការផ្ទៀងផ្ទាត់។
អ្នកប្រើប្រាស់មិនគួរ upload ឯកសារសម្ងាត់ ឬឯកសារដែលមានព័ត៌មានរសើប ទៅក្នុង VirusTotal នោះទេ។
ចំពោះអ្នកប្រើប្រាស់ទូទៅ មិនគួរទាញយកឯកសារសង្ស័យពី Telegram ដើម្បីសាកល្បងពិនិត្យរកមេរោគដោយខ្លួនឯងនោះទេ។ បើចាំបាច់ ពួកគេគួរស្នើសុំជំនួយពីអ្នកជំនាញសន្តិសុខឌីជីថល។
Dangerzone៖ បើកឯកសារសង្ស័យដោយមានសុវត្ថិភាពជាងមុន
Dangerzone គឺជាឧបករណ៍ឥតគិតថ្លៃ និងប្រភពបើកចំហ របស់ Freedom of the Press Foundation។
វាដំណើរការ ដោយអាចបម្លែងឯកសារ ប្រើភេទ PDF ឯកសារ Office ដូចជា word, excel និងរូបភាព ដែលគួរឱ្យសង្ស័យ ទៅជាប្រភេទឯកសារ PDF ថ្មីមួយ ដែលមានសុវត្ថិភាព នឹងអាចបើកមើលបាន។
Dangerzone មានប្រយោជន៍ នៅពេលអ្នកពិតជាត្រូវការអាន ឬចង់មើលមាតិការខាងក្នុង លើឯកសារដែលអ្នកមិនស្គាល់ប្រភពច្បាស់លាស់។
សូមចាំថា Dangerzone មិនអាចប្រើសម្រាប់បើកឯកសារប្រភេទ .exe, .apk, .rar ឬ .zip បានទេ។
តើអ្នកគួរធ្វើដូចម្តេច?
នៅពេលអ្នកទទួលបានឯកសារមិនស្គាល់ប្រភព ឬគួរឱ្យសង្ស័យតាម Telegram៖
- កុំចុច កុំបើក កុំដំឡើង និងកុំចែករំលែកបន្ត។
- បើអ្នកជូនដំណឹងពីហានិភ័យនេះទៅអ្នកដទៃ សូមធ្វើការថតអេក្រង់ (screenshot) ផ្ញើ ជំនួសការផ្ញើសារទម្រង់ដើម (forward)។
- លុបសារ និងលុបឯកសារចេញពី Downloads folder បើអ្នកបានទាញយករួច។
- បើអ្នកបានបើក ឬដំឡើងឯកសាររួច សូមផ្តាច់អ៊ីនធឺណិតភ្លាមៗ និងស្វែងរកជំនួយផ្នែកបច្ចេកទេស។
ចំណុចគួរចងចាំ
ឯកសារមួយ មិនមានសុវត្ថិភាពដោយសារតែវាត្រូវបានចែករំលែកបន្តច្រើនដង មកពីមនុស្សដែលអ្នកស្គាល់ ឬត្រូវបានបង្ហោះក្នុងក្រុម Telegram ដែលមានសមាជិកច្រើននោះទេ។
ត្រូវពិនិត្យ ផ្ទៀងផ្ទាត់មុននឹងចុច។ កុំបើក និងកុំដំឡើងឯកសារមិនស្គាល់ប្រភព។