អ្វីជា DNS over HTTPS (DoH)?
ដើម្បីអាចយល់ពី DNS over HTTPS (DoH) អ្នកគួរយល់ពី Domain Name System (DNS) ជាមុនសិន។
យើងអាចប្រៀបធៀប DNS ដូចនឹង បញ្ជីឈ្មោះលេខទូរសព្ទ ដែលយើងត្រូវកត់ចំណាំឈ្មោះរបស់ម្ចាស់លេខនីមួយៗ ភ្ជាប់ជាមួយនឹងលេខទូរសព្ទរបស់ពួកគេ ដើម្បីអាចដឹងថា លេខណា ជាកម្មសិទ្ធិរបស់អ្នកណា ព្រោះជាទូទៅ យើងពិបាកក្នុងការចងចាំទិន្នន័យជាលេខបែបនេះ។
DNS ក៏ដូចគ្នា តាមពិតកុំព្យូទ័រមិនអាចយល់ពីឈ្មោះគេហទំព័រ (ឧ. www.digitalhub101.com ) នោះទេ ឈ្មោះទាំងនេះ បង្កើតឡើងដើម្បីឱ្យមានភាពងាយស្រួលដល់ការចងចាំរបស់មនុស្សតែប៉ុណ្ណោះ ផ្ទុយទៅវិញ កុំព្យូទ័រភ្ជាប់ទៅកាន់គេហទំព័រណាមួយ ដោយប្រើអាស័យដ្ឋាន IP (Internet Protocol)។

នៅពេលដែលអ្នកវាយឈ្មោះគេហទំព័រ (www.digitalhub101.com) នៅលើកម្មវិធីរុករក ឬ Browser នោះមានន័យថា អ្នកបានពឹងឱ្យ DNS Resolver ក្នុងករណីនេះគឺក្រុមហ៊ុនអ៊ីនធឹណិត (ISP) ឱ្យជួយស្វែងរកអាស័យដ្ឋាន IP (IP Address) ដែលជាអាស័យដ្ឋាន របស់ឈ្មោះគេហទំព័រនោះ (ឧ. អាស័យដ្ឋាន IP របស់ www.digitalhub101.com គឺ 35.213.146.231) នៅលើម៉ាស៊ីនមេ (Server) ជាបន្តបន្ទាប់នៅលើអ៊ីនធឺណិត តាមរចនាសម្ព័ន្ធរបស់ DNS (Root Nameserver, TLD Nameserver, Authoritative Nameserver)។
ដំណើរការនៃការស្វែងរកអាស័យដ្ឋាន IP របស់ឈ្មោះគេហទំព័រណាមួយ នៅលើអ៊ីនធឺណិតនេះ ចាប់ផ្តើមចេញពី ឧបករណ៍របស់អ្នកប្រើប្រាស់ (ទូរសព្ទ ឬកុំព្យូទ័រ) តាមរយៈកម្មវិធីរុករក (Browser)។
កម្មវិធីរុករករបស់អ្នក ត្រូវពឹងពាក់ទៅកាន់ក្រុមហ៊ុនអ៊ីនធឺណិត (ISP) ដែលអ្នកកំពុងប្រើ ដើម្បីឱ្យពួកគេជួយស្វែងរកអាស័យដ្ឋាន IP នេះ ពីម៉ាស៊ីនមេដែលគេហទំព័ររបស់អ្នកបានរក្សាទុក (Authoritative Nameserver)។ នៅពេលរកឃើញអាស័យ IP របស់គេហទំព័រនោះ ម៉ាស៊ីនមេនីមួយៗ និងបញ្ជូនគេហទំព័រនោះ មកបង្ហាញដល់អ្នកប្រើប្រាស់វិញនៅលើកម្មវិធីរុករករបស់ពួកគេ។
ចរាចរណ៍នៃដំណើរការនេះ មានទម្រង់ធម្មតា (Plan Text) ដោយស្វ័យប្រវត្តិ ដែលមានន័យថា បើអ្នកវាយ www.digitalhub101.com នោះ IP ដែលមានអាស័យដ្ឋាន 35.213.146.231 របស់ឈ្មោះគេហទំព័រនោះ នឹងធ្វើដំណើរចេញពីកម្មវិធីរុករករបស់អ្នក ទៅកាន់ក្រុមហ៊ុនអ៊ីនធឺណិត និងបន្តបន្ទាប់ដោយមិនបានធ្វើកូដនីយកម្ម ឬអ៊ីនគ្រីបទេ ។
DNS over HTTPS (DoH) និងបន្ថែមសុវត្ថិភាពក្នុងដំណើរការដែលមិនមានសុវត្ថិភាពរបស់ DNS នេះ។ នៅពេលដែលអ្នកប្រើមុខងារ DoH នោះមានន័យថា អ្នកបានប្តូរការពឹងពាក់ ពីក្រុមហ៊ុនអ៊ីនធឺណិត ក្នុងការបញ្ជូនអាស័យដ្ឋាន IP របស់គេហទំព័រណាមួយនៅលើអ៊ីនធឺណិត ដោយជំនួសទៅប្រើសេវាកម្ម របស់ភ្នាក់ងារណាមួយផ្សេង ដូចជា Cloudflare, NextDNS ជាដើម ដែលមានមុខងារ DoH ដើម្បីឱ្យធ្វើកូដនីយកម្ម ឬអ៊ីនគ្រីប អាស័យដ្ឋាន IP នោះ មុននឹងបញ្ជូនបន្តបន្ទាប់នៅលើអ៊ីនធឺណិត។
នៅពេលដែលអ្នកប្រើមុខងារនេះ ក្រុមហ៊ុនអ៊ីនធឺណិត (ISP) នឹងដឹងថាអ្នកបានធ្វើការភ្ជាប់ទៅកាន់ម៉ាស៊ីនមេរបស់ភ្នាក់ងារណាមួយ ឧទាហរណ៍ ប្រសិនបើអ្នកប្រើ Cloudflare នោះពួកគេនឹងដឹងថាអ្នកភ្ជាប់ទៅកាន់ Cloudflare ប៉ុន្តែពួកគេមិនដឹងពីគេហទំព័រដែលអ្នកចូលមើលនោះទេ។ អ្នកអាចបើកមុខងារ DNS នេះបាននៅលើឧបករណ៍របស់អ្នកទាំងមូល ដោយប្រើសេវាកម្ម ឬកម្មវិធីមួយចំនួន (Cloudflare ក៏មានកម្មវិធីតម្លើងដើម្បីដំណើរការ DoH នៅលើទូរសព្ទ ឬកុំព្យូទ័រ របស់អ្នកដែរ ដែលកម្មវិធីនោះមានឈ្មោះថា 1.1.1.1) ប៉ុន្តែក្នុងអត្ថបទនេះ យើងនឹងបង្ហាញតែពីរបៀបក្នុងការបើកមុខងារ DoH នៅលើកម្មវិធីរុករកតែប៉ុណ្ណោះ ព្រោះវាមានភាពងាយស្រួល មានស្រាប់នៅលើកម្មវិធីរុករក ដោយមិនចាំបាច់ពិបាកក្នុងការតម្លើងកម្មវិធីបន្ថែម។
របៀបបើកមុខងារ DoH នៅលើ Firefox
Firefox បានដាក់ដំណើរការមុខងារនេះដោយស្វ័យប្រវត្តិដល់អ្នកប្រើប្រាស់របស់ខ្លួននៅ ប្រទេសមួយចំនួន ដូចជានៅសហរដ្ឋអាមេរិក បានដាក់ដំណើរការតាំងឆ្នាំ២០១៩ នៅប្រទេសកាណាដា ដាក់ដំណើរការក្នុងឆ្នាំ២០២១ នៅរុស្សី និងអ៊ុយក្រែន ដាក់ដំណើរការក្នុងខែមីនា ឆ្នាំ២០២២នេះ។ សម្រាប់ប្រទេសដទៃផ្សេងទៀត ដូចជានៅកម្ពុជាជាដើម អ្នកប្រើប្រាស់ត្រូវចូលទៅបើកមុខងារនេះដោយខ្លួនឯង។
ដើម្បីចូលទៅបើកមុខងារនេះ សូមមើលតាមការណែនាំដូចខាងក្រោម៖
- ចុចលើ Menu > Settings
- ចូលទៅកាន់ General > ស្វែងរក Network Settings
- ចុច Settings ត្រង់ Network Settings > បន្ទាប់មកអ្នកនឹងឃើញផ្ទាំង Connection Settings បង្ហាញ
- អូសចុះក្រោម ទៅកាន់ Enable DNS over HTTPS
- ធីកលើប្រអប់នៅខាងមុខ Enable DNS over HTTPS ដូចរូបខាងក្រោម > បន្ទាប់មកចុង OK

របៀបបើកមុខងារ DoH នៅលើ Google Chrome
នៅលើ Google Chrome អ្នកអាចចូលទៅកាន់មុខងារនេះ ដូចខាងក្រោម៖
- ចុចលើសញ្ញា ចុចបី (…)
- Settings
- Privacy and Security
- Security ដែលនៅផ្នែកខាងស្តាំ
- អូសចុះក្រោម ស្វែងរក Use Secure DNS
- បើកមុខងារនេះ ដោយអូសទៅខាងស្តាំ ដូចបង្ហាញក្នុងរូប

ប្រភពៈ