ទូរស័ព្ទស្មាតហ្វូនបានក្លាយជាផ្នែកមួយដ៏សំខាន់នៃជីវិតប្រចាំថ្ងៃរបស់យើង។ យើងប្រើវាសម្រាប់ទំនាក់ទំនងជាមួយគ្រួសារ និងមិត្តភក្តិ ប្រើប្រាស់បណ្ដាញសង្គម គ្រប់គ្រងហិរញ្ញវត្ថុ រក្សាទុកថតរូប ឯកសារ ទិញទំនិញអនឡាញ និងសម្រាប់បំពេញការងារផងដែរ។
ទូរស័ព្ទស្មាតហ្វូននាពេលបច្ចុប្បន្ន មិនមែនគ្រាន់តែប្រើសម្រាប់ការហៅចេញ ចូលប៉ុណ្ណោះទេ។ វាបានក្លាយជាកាបូបលុយឌីជីថល អាល់ប៊ុមរូបថត សៀវភៅកំណត់ហេតុ កន្លែងធ្វើការ និងអត្តសញ្ញាណឌីជីថលរបស់យើងទៅហើយ។
ដោយសារតែស្មាតហ្វូនផ្ទុកព័ត៌មានផ្ទាល់ខ្លួនជាច្រើន វាបានក្លាយជាគោលដៅចម្បង សម្រាប់ឧក្រិដ្ឋជនតាមអ៊ីនធឺណិត អ្នកបោកប្រាស់តាមអនឡាញ និងជនខិលខូចជាច្រើនទៀត ក្នុងការព្យាតាមចូលទៅជ្រៀតជ្រែកក្នុងឧបករណ៍ដ៏តូចនេះ។
តើស្មាតហ្វូនរបស់អ្នកផ្ទុកព័ត៌មានអ្វីខ្លះ?

ស្មាតហ្វូនរបស់អ្នកអាចផ្ទុកព័ត៌មានដូចជា៖
- រូបថត និងវីដេអូផ្ទាល់ខ្លួន
- សារ និងអ៊ីមែល
- បញ្ជីទំនាក់ទំនង
- គណនីបណ្ដាញសង្គម
- កម្មវិធីធនាគារ និងកម្មវិធីទូទាត់ប្រាក់
- ពាក្យសម្ងាត់ និងកន្លែងរក្សាទុកព័ត៌មានសម្ងាត់ដើម្បីចូលទៅកាន់គណនីផ្សេងៗ
- ឯកសារការងារ និងឯកសារផ្ទាល់ខ្លួន
- ព័ត៌មានពីទីតាំង និងការធ្វើដំណើរ
- ព័ត៌មានពាក់ព័ន្ធនឹងការងារ
ប្រសិនបើនរណាម្នាក់អាចចូលប្រើស្មាតហ្វូនរបស់អ្នកដោយគ្មានការអនុញ្ញាត ពួកគេអាចចូលប្រើគណនីអនឡាញរបស់អ្នក និងស្វែងរកឃើញព័ត៌មានសំខាន់ៗជាច្រើនផ្សេងទៀតរបស់អ្នក។
ហេតុអ្វីបានជាស្មាតហ្វូនជាគោលដៅវាយប្រហារដ៏សំខាន់?
ឧក្រិដ្ឋជនតាមអ៊ីនធឺណិតកំពុងផ្តោតការវាយប្រហារលើស្មាតហ្វូនកាន់តែខ្លាំង ព្រោះឧបករណ៍នេះ ផ្ទុកព័ត៌មានផ្ទាល់ខ្លួនសំខាន់ៗ និងព័ត៌មានហិរញ្ញវត្ថុផងដែរ។ ប្រសិនបើស្មាតហ្វូនរបស់អ្នកត្រូវបានគេគ្រប់គ្រង ឬលួចចូលប្រើបាន អ្នកវាយប្រហារអាចលួចបានគណនីជាច្រើន លួចផ្ទេរប្រាក់ពីគណនីធនាគារអ្នក ចូលអានការសន្ទនាឯកជន ឬក្លែងបន្លំជាអ្នកបានផងដែរ។
១.លួចគណនីអនឡាញ
ស្មាតហ្វូន នាពេលបញ្ចុប្បន្ន បានក្លាយជាឧបករណ៍ ប្រើដើម្បីផ្ទៀងផ្តាត់គណនីអនឡាញ ឬដើម្បីទទួលសារលេខកូដផ្ទៀងផ្ទាត់ ដើម្បីស្តារគណនីឡើងវិញករណីភ្លេចពាក្យសម្ងាត់គណនីណាមួយ។ ប្រសិនបើជនខិលខួចអាចចូលប្រើស្មាតហ្វូនរបស់អ្នកបាន ពួកគេក៏អាចប្តូរពាក្យសម្ងាត់ថ្មី និងលួចគណនីអ៊ីមែល គណនីបណ្តាញសង្គម និងគណនីសំខាន់ៗផ្សេងទៀតជាច្រើនដែរ។

២. លួចប្រាក់កាសរបស់អ្នក
ស្ទើតែគ្រប់ទូរស័ព្ទស្មាតហ្វូនមានកម្មវិធីធនាគារ កាបូបលុយឌីជីថល និងធ្វើការបញ្ជាទិញទំនិញតាមអនឡាញតាមរយៈស្មាតហ្វូន។ ឧក្រិដ្ឋជនអាចព្យាយាមលួចព័ត៌មានសម្ងាត់គណនីធនាគារ លួចលេខកូដផ្ទៀងផ្ទាត់ OTP ឬបោកបញ្ឆោតឱ្យអ្នកផ្ទេរប្រាក់ចេញបាន។

៣. តាមដានសកម្មភាពរបស់អ្នក
កម្មវិធីមេរោគប្រភេទ Spyware អាចចូលទៅកាន់សារខ្លី (SMS) រូបថត មីក្រូហ្វូន កាមេរ៉ា និងទីតាំងរបស់អ្នកនៅលើស្មាតហ្វូនរបស់អ្នក។ ក្នុងករណីខ្លះ ឧក្រិដ្ឋជនអាចតាមដានសកម្មភាពប្រចាំថ្ងៃរបស់អ្នកដោយអ្នកមិនដឹងខ្លួន។

៤. លួចព័ត៌មានផ្ទាល់ខ្លួន
ព័ត៌មានផ្ទាល់ខ្លួនអាចត្រូវបានប្រើសម្រាប់បន្លំអត្តសញ្ញាណដើម្បីយកទៅបោកប្រាស់ ក្លែងបន្លំ ឬគំរាមកំហែងអ្នកទៃផ្សេងទៀត។ ប្រសិនបើអ្នកដទៃអាចចូលប្រើទូរស័ព្ទរបស់អ្នកបាន ពួកគេក៏អាចធ្វើឱ្យព័ត៌មានរបស់អ្នកបែកធ្លាយបានផងដែរ។

ហានិភ័យទូទៅដែលអ្នកប្រើស្មាតហ្វូនតែងជួបប្រទះ
សារក្លែងក្លាយ និងការឆបោក
អ្នកវាយប្រហារអាចផ្ញើសារ SMS អ៊ីមែល ឬសារតាមបណ្ដាញសង្គម ដោយក្លែងខ្លួនជាធនាគារ ក្រុមហ៊ុនដឹកជញ្ជូន ស្ថាប័នរដ្ឋ ឬមិត្តភក្តិជាដើមមកកាន់អ្នក ដែលសារទាំងនេះជាញឹកញាប់បញ្ចុះបញ្ចូលឱ្យអ្នកចុចតំណភ្ជាប់ ឬផ្តល់ព័ត៌មានផ្ទាល់ខ្លួនត្រលប់ទៅពួកគេវិញ។

កម្មវិធីមិនមានសុវត្ថិភាព
មានកម្មវិធីជាច្រើនដែលអ្នកអាចដំឡើងចូលទៅក្នុងទូរស័ព្ទអ្នកបាន កម្មវិធីខ្លះអាចមានមេរោគ ហើយកម្មវិធីខ្លះទាមទារសិទ្ធិចូលប្រើប្រាស់មុខងារជាច្រើនលើសពីតម្រូវការដែលចាំបាច់របស់ខ្លួន ដែលអាចប្រមូលយកព័ត៌មាន និងតាមដានសកម្មភាពប្រចាំថ្ងៃរបស់អ្នកបាន។ ការជ្រើសរើសដំឡើងកម្មវិធីចេញពីប្រភពផ្លូវការ ដូចជា ពី Google Play Store ឬ Apple App Store អាចជួយកាត់បន្ថយហានិភ័យនេះបានជាច្រើន។

កម្មវិធី និងប្រព័ន្ធចាស់ដែលហួសសម័យ
ប្រព័ន្ធប្រតិបត្តិការ (OS) និងកម្មវិធីដែលមិនអាចធ្វើបច្ចុប្បន្នភាពបាន នឹងមានចន្លោះប្រហោងសុវត្ថិភាពជាច្រើន ដែលអនុញ្ញាតឧក្រិដ្ឋជន ធ្វើការវាយប្រហារអ្នកបាន។ ការធានាថា ឧបករណ៍ និងគ្រប់កម្មវិធីនៅតែអាចធ្វើបច្ចុប្បន្នភាពបាន គឺជាផ្នែកដ៏សំខាន់ ក្នុងការជួយការពារពីការវាយប្រហារបានច្រើន។ អ្នកត្រូវប្រាកដថា អ្នកបានធ្វើបច្ចុប្បន្នភាព ប្រព័ន្ធប្រតិបត្តិការ និងកម្មវិធីនៅក្នុងទូរស័ព្ទអ្នកជាចប្រចាំ។

ការបាត់បង់ទូរស័ព្ទ
ការបាត់បង់ស្មាតហ្វូនអាចធ្វើឱ្យព័ត៌មានសំខាន់ៗជាច្រើនដែលមាននៅក្នុងទូរស័ព្ទនោះ បែកធ្លាយបានយ៉ាងងាយ ប្រសិនបើទូរស័ព្ទរបស់អ្នកមិនត្រូវបានការពារដោយលេខកូដសម្ងាត់ ឬមិនមានចាក់សោអេក្រង់នោះទេ។ ត្រូវប្រាកដថា ទូរស័ព្ទរបស់អ្នក មានសោរអេក្រង់ការពារជានិច្ច។

វិធានសាមញ្ញទាំង៥ ដើម្បីការពារសុវត្ថិភាពទូរស័ព្ទអ្នក
ដើម្បីការពារសុវត្ថិភាពទូរស័ព្ទអ្នក មិនតម្រូវឱ្យអ្នកក្លាយជាអ្នកជំនាញសន្តិសុខសាយប័រនោះទេ អ្នកអាចការពារទូរស័ព្ទរបស់អ្នកបាន ដោយគ្រាន់តែអនុវត្តវិធីសាមញ្ញៗដូចខាងក្រោម៖
- ចាក់សោអេក្រង់ទូរស័ព្ទអ្នក ដោយប្រើលេខកូដសម្ងាត់ PIN ឬពាក្យសម្ងាត់
- ធ្វើបច្ចុប្បន្នភាពប្រព័ន្ធប្រតិបត្តិការ និងកម្មវិធីទាំងអស់ជាប្រចាំ
- ដំឡើងកម្មវិធីតែពីប្រភពផ្លូវការ ដូចជា ពី Google Play Store ឬ Apple App Store
- បើកមុខងារសុវត្ថិភាពបន្ថែម ឬមុខងារផ្ទៀងផ្ទាត់២ជាន (2FA) លើគណនីអនឡាញរបស់អ្នក
- ធ្វើការបម្រុងទុកទិន្នន័យសំខាន់ៗជាប្រចាំ។
ចំណុចសំខាន់ដែលត្រូវចងចាំ
ស្មាតហ្វូនរបស់បានក្លាយជាផ្នែកមួយដ៏សំខាន់នៃជីវិតឌីជីថលរបស់អ្នក។ ការការពារវា គឺជាការការពារឯកជនភាព ហិរញ្ញវត្ថុ ការទំនាក់ទំនង និងអត្តសញ្ញាណឌីជីថលរបស់អ្នក។
អ្នកមិនចាំបាច់ក្លាយជាអ្នកជំនាញសន្តិសុខសាយប័រ ឬត្រូវចំណាយប្រាក់ច្រើនដើម្បីឱ្យមានសុវត្ថិភាពឌីជីថលនោះទេ អ្នកគ្រាន់តែអនុវត្តនូវទម្លាប់សាមញ្ញៗមួយចំនួនដូចជា ធ្វើបច្ចុប្បន្នភាពកម្មវិធី ប្រើពាក្យសម្ងាត់រឹងមាំ និងប្រុងប្រយ័ត្ននៅពេលអ្នកប្រើអ៊ីនធឺណិត នោះអ្នកនឹងអាចកាត់បន្ថយហានិភ័យបានយ៉ាងច្រើន។
នៅក្នុងអត្ថបទបន្ទាប់ យើងនឹងសិក្សាអំពីវិធីចាក់សោទូរស័ព្ទឱ្យមានសុវត្ថិភាព និងមូលហេតុដែលការចាក់សោអេក្រង់មានសារៈសំខាន់។
ប្រភពឯកសារយោង៖