តើ Spyware គឺជាអ្វី?

ការគំរាមកំហែងពីមេរោគ Spyware តាមអ៊ីនធឺណិត មានកាន់តែច្រើន និងកំពុងកំរាមកំហែលដល់អ្នកប្រើប្រាស់អ៊ឺនធឺណិតកាន់តែខ្លាំងជារៀងរាល់ថ្ងៃ។ មិនថាអ្នកជាអ្នកប្រើប្រាស់អុីនធឺណិតធម្មតា ជាអ្នកធ្វើការក្នុងជួររដ្ឋាភិបាល ជាអ្នកធ្វើការនៅអង្គការសង្គមស៊ីវិល ជាអ្នកសារព័ត៌មាន ឬអ្នកការពារសិទ្ធិមនុស្ស អ្នកសុទ្ធទែអាចក្លាយជាជនរងគ្រោះ។ 

តើ Spyware គឺជាអ្វី?

Spyware គឺជាកម្មវិធីមេរោគ (malicious software) ដែលអាចចូលទៅក្នុងឧបករណ៍ ឬប្រព័ន្ធរបស់អ្នកដោយគ្មានការអនុញ្ញាត ដើម្បីឃ្លាំមើល ប្រមូលទិន្នន័យ ឬតាមដានសកម្មភាពរបស់អ្នក។ ក្នុងករណីខ្លះ វាអាចចូលប្រើមុខងារដូចជា កាមេរ៉ា ឬមីក្រូហ្វូនបានផងដែរ។ ឧទាហរណ៍ Spyware ល្បីៗមានដូចជា Pegasus និង Predator ដែលត្រូវបានប្រើប្រាស់ក្នុងការវាយប្រហារលើគោលដៅជាក់លាក់។

តើ Spyware ឆ្លងចូលទៅក្នុងឧបករណ៍ដោយរបៀបណា?

ធ្លាប់ឆ្ងល់ទេថា Spyware អាចឆ្លងចូលទៅក្នុងឧបករណ៍របស់អ្នកបានដោយរបៀបណា? ខាងក្រោមនេះជារបៀបមួយចំនួនដែល Spyware អាចឆ្លងចូលទៅក្នុងឧបករណ៍របស់អ្នក៖

Zero-click
ឧក្រិដ្ឋជនអាចបញ្ជូនមេរោគ Spyware ចូលក្នុងឧបករណ៍របស់អ្នកដោយស្វ័យប្រវត្តិ ដោយមិនតម្រូវឱ្យអ្នកចុច ឬធ្វើសកម្មភាពណាមួយឡើយ។ វាកើតឡើងតាមរយៈចំណុចខ្សោយសុវត្ថិភាពនៅក្នុងប្រព័ន្ធ ឬកម្មវិធី ជាពិសេសកម្មវិធីដែលមិនបានធ្វើបច្ចុប្បន្នភាព និងកម្មវិធីគ្មានអាជ្ញាបណ្ណ។

One-click
ការចុចលើតំណភ្ជាប់ ឬឯកសារភ្ជាប់ អាចធ្វើឱ្យមេរោគ Spyware ឆ្លងចូល ឬត្រូវបានទាញយក និងដំឡើងក្នុងឧបករណ៍របស់អ្នកដោយស្វ័យប្រវត្តិ។

ការបន្លំជាកម្មវិធីមានប្រយោជន៍
មេរោគខ្លះបន្លំខ្លួនជាកម្មវិធីផ្លូវការ ឬកម្មវិធីមានប្រយោជន៍ ដូចជាកម្មវិធីកម្ចាត់មេរោគ ឬកម្មវិធីជួយបង្កើនល្បឿនឧបករណ៍ជាដើម ដើម្បីបញ្ឆោតឱ្យអ្នកទាញយក និងដំឡើងវា។

ហេតុអ្វី Spyware គួរឱ្យបារម្ភ?

Spyware បានប្រើបច្ចេកវិទ្យាឃ្លាំមើល ឬតាមដាន (surveillance technology) ដែលរំលោភលើឯកជនភាពរបស់មនុស្សយ៉ាងធ្ងន់ធ្ងរ ហើយជាទូទៅត្រូវបានប្រើដើម្បីតាមដានក្រុមគោលដៅជាក់លាក់។ ទោះបីមនុស្សភាគច្រើនមិនមែនជាគោលដៅនៃការតាមដានដោយផ្ទាល់ នៃការវាយប្រហារបែបនេះក៏ដោយ ក៏ការយល់ដឹង និងការចាត់វិធានការការពារពី Spyware និងហានិភ័យឌីជីថលផ្សេងៗ នៅតែមានសារៈសំខាន់។

ដូច្នេះ តើអ្នកអាចការពារខ្លួនអ្នកដោយរបៀបណា?

វិធីការពារខ្លួនពី Spyware

វិធានការខាងក្រោម អាចជួយការពារអ្នកបាន៖

  • កុំពន្យារពេលធ្វើបច្ចុប្បន្នភាពកម្មវិធី៖ សូមធ្វើបច្ចុប្បន្នភាពប្រព័ន្ធប្រតិបត្តការ និងកម្មវិធីផ្សេងៗដែលបានតម្លើងចូលទៅក្នុងឧបករណ៍របស់អ្នកភ្លាមៗ ហើយលើកទឹកចិត្ត និងណែនាំអ្នកដទៃឱ្យធ្វើដូចគ្នាដែរ។ កំណែថ្មីៗនៃកម្មវិធី នឹងជួយជួសជុលចំណុចខ្សោយផ្នែកសុវត្ថិភាព ដែល ចំណុចខ្សោយទាំងនោះជាច្រកទ្វាររបស់ Spyware យកទៅប្រើប្រាស់បាន។
  • ប្រុងប្រយ័ត្នមុនចុចលើ តំណភ្ជាប់ ឬឯកសារភ្ជាប់ ដែលអ្នកទទួលបាន។ Spyware អាចក្លែងខ្លួនបានយ៉ាងល្អ និងស្ថិតក្នុងសារដែលត្រូវបានបង្កើតជាពិសេស។ ប្រសិនបើមិនប្រាកដ សូមកុំចុច។
  • កាត់បន្ថយកម្មវិធី និងឯកសារនៅលើឧបករណ៍របស់អ្នក កម្មវិធីកាន់តែច្រើន ឯកសារកាន់តែច្រើន កាន់តែមានហានិភ័យខ្ពស់។ អ្នកគួរលុបកម្មវិធីដែលមិនចាំបាច់ចេញ​ កុំប្រើកម្មវិធីដែលមិនមានអាជ្ញាបណ្ណ។ ដូចគ្នានឹងឯកសារដែលផ្ទុកនៅក្នុងឧបករណ៍អ្នក អ្នកគួរលុបឯកសារដែលលែងប្រើចេញ និងធ្វើការបម្រុងទុក (backup) ឱ្យបានជាប្រចាំ។ 
  • បិទមុខងារ Link Preview នៅលើ Signal និង WhatsApp ហើយបើកមុខងារ Disappearing Messages ជាលំនាំដើម។
  • ត្រូវបិទឧបករណ៍ (Shutdown) របស់អ្នកពេលអ្នកឈប់ប្រើ៖ អ្នកមិនគួរប្រើឧបករណ៍ដោយមិនបិទវាសោះនោះទេ។ 
  • កុំទុកឧបករណ៍របស់អ្នកចោល ការទុក​ឱ្យបករណ៍របស់អ្នកចោល អាចមានហានិភ័យ ក្នុងការលួចដំឡើងមេរោគពីអ្នកផ្សេងដោយងាយ។ 
  • ប្រសិនបើអ្នកមានហានិភ័យខ្ពស់ក្នុងការរងការវាយប្រហារ សូមមុខងារសុវត្ថិភាព ដូចជា Apple Lockdown ModeGoogle Advanced Protection

សុវត្ថិភាពឌីជីថលជាការទទួលខុសត្រូវរួម

សុវត្ថិភាពឌីជីថលរបស់អ្នក មិនត្រឹមតែជួយការពារ​ខ្លួនអ្នកប៉ុណ្ណោះទេ ប៉ុន្តែក៏ជួយកាត់បន្ថយហានិភ័យដល់មនុស្ស​ជុំវិញខ្លួនផងដែរ។ ទម្លាប់តូចៗ ដូចជា ការធ្វើបច្ចុប្បន្នភាពកម្មវិធី ការគ្រប់គ្រងទិន្នន័យ ការប្រុងប្រយ័ត្នចំពោះតំណភ្ជាប់ និងការចែករំលែកចំណេះដឹងបន្ត អាចបង្កើតការផ្លាស់ប្តូរដ៏ធំមួយបាន។ នៅពេលយើងទាំងអស់គ្នាចូលរួមអនុវត្តទម្លាប់ឌីជីថលដែលមានសុវត្ថិភាព យើងកំពុងរួមគ្នាកសាងបរិយាកាសអ៊ីនធឺណិតដែលមានទំនុកចិត្ត និងមានសុវត្ថិភាពជាងមុនសម្រាប់មនុស្សគ្រប់រូប។

ការផ្លាស់ប្តូរធំៗ ចាប់ផ្តើមពីសកម្មភាពតូចៗ។ ជំហានដែលអ្នកធ្វើថ្ងៃនេះ អាចជួយបង្កើតអនាគតឌីជីថលដែលល្អ និងមានសុវត្ថិភាពសម្រាប់យើងទាំងអស់គ្នា។

ប្រភព៖ Access Now – Digital Security Toolkit

អត្ថបទពាក់ព័ន្ធ