គន្លឹះ​មូល​ដ្ឋាន​ដើម្បី​ជួយ​ការ​ពារ​ទំព័រ​ហ្វេស​ប៊ុក​ឱ្យ​មាន​សុវត្ថិភាព

បញ្ហានៃ​ការ​បាត់​បង់​គណនី និង​ទំព័រ​ហ្វេស​ប៊ុក​តែង​តែ​កើត​ឡើង​ជា​ប្រចាំ។ ថ្មីៗ​នេះ​នាយក​ដ្ឋាន​ទូរទស្សន៍​ជាតិ​កម្ពុជា ទទក (TVK) និង​នាយក​ដ្ឋាន​វិទ្យុ​ជាតិ​កម្ពុជា បាន​ចេញ​សេចក្តី​ជូន​ដំណឹង​ពី​ការ​បាត់​បង់ទំព័រ​ហ្វេស​ប៊ុក​ផ្លូវការរបស់​ខ្លួន ដោយ​បញ្ជាក់​ថា​មាន​ជន​ខិល​ខូច​បាន​លួច​យក​ទៅ​គ្រប់​គ្រង​បាន​ដោយជោគជ័យ។ កន្លង​មក​ក៏​មាន​ករណី​ជា​ច្រើន​ពី​ការ​លួច​យក​គណនី និង​ទំព័រ​ហ្វេសប៊ុក​ជា​ច្រើន​ផង​ដែរ។

  

ការ​ស្វែង​យល់​ពី​មូលដ្ឋាន​សុវត្ថិភាព​នៅ​លើ​អ៊ីនធឺណិត​ពិត​ជា​មាន​សារៈ​សំខាន់ ខាង​ក្រោម​នេះ​ ជា​មូល​ដ្ឋាន​សុវត្ថិភាព​ដែល​ម្ចាស់​គណនី​ហ្វេសប៊ុក និង​អ្នក​គ្រប់​គ្រង​ទំព័រ​ហ្វេសប៊ុក គួរ​អនុវត្ត​ដើម្បី​ជួយ​ការ​ពារ​គណនី និង​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន។

១- ការ​ពារ​គណនី​អ្នក​គ្រប់គ្រង​ទំព័រ​ហ្វេស​ប៊ុក​ឱ្យ​មាន​សុវត្ថិភាព ដោយ​ប្រើ​ពាក្យ​សម្ងាត់​រឹង​មាំ​ និង បើក​មុខ​ងារ 2FA

ការ​ការ​ពារ​គណនី​ផ្ទាល់​ខ្លួន ជា​ជំហាន​ដ៏​សំខាន់​បំផុត​ដើម្បី​ការ​ពារ​ទំព័រ​ហ្វេសប៊ុក​របស់​អ្នក​ ព្រោះ​ទំព័រ​ហ្វេស​ប៊ុក​ទាំង​អស់​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ក្រោម​គណនី​ហ្វេស​ប៊ុក​របស់​បុគ្គល​ណា​ម្នាក់។ ត្រូវ​ប្រាកដ​ថា​គណនី​អ្នក​គ្រប់​ទំព័រ​ហ្វេសប៊ុក ទាំង​នោះ​ប្រើ​ពាក្យ​សម្ងាត់​រឹង​មាំ និង​បាន​បើក​មុខងារ​សុវត្ថិភាព​បន្ថែម ឬ​មុខ​ងារ 2FA។
ស្វែង​យល់​បន្ថែម​ពី​ការ​បង្កើត និង​គ្រប់​គ្រង​ពាក្យ​សម្ងាត់​រឹង​មាំ៖ ពាក្យ​សម្ងាត់​រឹង​មាំ, កម្មវិធី​គ្រប់​គ្រង​ពាក្យ​សម្ងាត់ KeePassXC

ស្វែង​យល់​បន្ថែម​របៀប​ក្នុង​ការ​បើក​មុខងារ​សុវត្ថិភាព​បន្ថែម 2FA នៅ​លើ​ហ្វេសប៊ុក៖ ក្រាហ្វិក​ព័ត៌មាន​ពី​ការ​បើក​មុខ​ងារ 2FA លើ​ហ្វេស​ប៊ុក, ការ​ផ្ទៀង​ផ្ទាត់​ពីរ​ជាន់ (Two Factor Authentication ឬ 2FA)នៅ​លើ​បណ្តាញ​សង្គម

វីឌីអូ ខាងក្រោមបង្ហាញពីរបៀប​បើកមុខងារ សុវត្ថិ​ភាព​២ជាន់ ឬ 2FA នៅ​លើ​ហ្វេសប៊ុក

២- ត្រួត​ពិនិត្យ​មើល​តួនាទី និង​សិទ្ធិ​គណនី​ដែល​គ្រប់​គ្រង​ទំព័រ​ហ្វេស​ប៊ុក

ការ​ផ្តល់​តួ​នាទី និង​សិទ្ធិ​ឱ្យ​គណនី​ណា​មួយ គ្រប់​គ្រង​ទំព័រ​ហ្វេស​ប៊ុក ត្រូវ​ធ្វើ​ការ​ពិចារ​ណា​ឱ្យ​បាន​ហ្មត់​ចត់។ បើ​ពួក​គេ​មាន​តួនាទី​ជា​អ្នក​គ្រប់​គ្រង ឬ Admin នោះ​មាន​ន័យ​ថា គណនី​នោះ​មាន​សិទ្ធិ​ពេល​លេញ អាច​ធ្វើ​អី្វ​គ្រប់​យ៉ាង​បាន​នៅ​លើ​ទំព័រ​ហ្វេស​ប៊ុក​នោះ​ រួម​ទាំង​ការ​លុប​ទំព័រ​ហ្វេសប៊ុក និង​ដក ឬ​ផ្លាស់​ប្តូរ​សិទ្ធិ​របស់​គណនី​ផ្សេង​ដែល​មាន​ក្នុង​ទំព័រ​ហ្វេស​ប៊ុក​នោះ​ផង​ដែរ។

ជា​ការ​ល្អ ប្រសិន​បើ​ទំព័រ​ហ្វេស​ប៊ុក​មួយ មាន​អ្នក​ដែល​មាន​សិទ្ធិ​ជា​ Admin លើស​ពី​ម្នាក់​ ព្រោះ​ក្នុង​ករណី​ដែល​គណនី​របស់ Admin ណា​មួយ​មាន​បញ្ហា ឬ​ត្រូវ​បាន​គេ​លួច នោះ​គណនី Admin ផ្សេង​អាច​លុប​គណនី​នោះ​ចេញ​ និង​អាច​សង្គ្រោះ​ទំព័រ​ហ្វេស​ប៊ុក​នោះ​បាន​ទាន់​ពេល។ តែ​ត្រូវ​ប្រា​កដ​ថា​ អ្នក​ដែល​មាន​សិទ្ធិ​ជា Admin ជា​មនុស្ស​ដែល​អាច​ទុក​ចិត្ត​បាន ពួក​គេ​ប្រើ​ពាក្យ​សម្ងាត់​រឹង​មាំ ប្រើ​ 2FA និង​យល់​ដឹង​ពី​សុវត្ថិភាព​គណនី​អនឡាញ​ផង​ដែរ។

ដើម្បី​ពិនិត្យ​មើល តួនាទី និង​សិទ្ធិ​អ្នក​គ្រប់​គ្រង​ទំព័រ​ហ្វេស​ប៊ុក​អ្នក អ្នក​អាច​ចូល​ទៅ​កាន់៖
ចូល​ទៅ​កាន់​ទំព័រ​ហ្វេស​ប៊ុក​អ្នក >  ចុច​លើ Manage > ចុច​នៅ​លើ Page Access ដែល​នៅ​ខាង​ឆ្វេង​ដៃ។

៣- ប្រយ័ត្ន​មុន​នឹង​ចុច​លើ​តំណ​ភ្ជាប់ ការ​ទាញ​យក និង​តម្លើង​កម្មវិធី​ណា​មួយ​លើ​ឧបករណ៍​របស់​អ្នក

Phishing ឬ​ការ​វាយ​ប្រហារ​ដែល​បោក​បញ្ឆោត​ឱ្យ​អ្នក​ចុច​លើ​តំណ​ភ្ជាប់​ ហើយ​តែង​តែ​តម្រូវ​ឱ្យ​អ្នក​បញ្ចូល​ព័ត៌មាន​ សំខាន់ៗ​ដូច​ជា​ពាក្យ​សម្ងាត់ និង​ព័ត៌មាន​ផ្សេងៗ​ទៀត នៅ​លើ​គេហទំព័រ​ក្លែង​ក្លាយ​ដែល​មើល​ទៅ​ ដូច​ជា​គេហទំព័រ​ពិត​ របស់ ហ្វេស​ប៊ុក ឬ​គេហ​ទំព័រ​ណា​ផ្សេង​អីចឹង។ សូម​ប្រយ័ត្ន មុន​នឹង​ចុច​លើ​តំណ​ភ្ជាប់​ណា​មួយ។

ការ​ទាញ​យក ឬ download កម្មវិធី​ដែល​មិន​មាន​ប្រភព​ច្បាស់​លាស់ អាច​ធ្វើ​ឱ្យ​ឧបករណ៍​អ្នក​ឆ្លង​មេរោគ ហើយ​មេ​រោគ​ទាំង​នោះ អាច​លួច​តាម​ដាន​អ្នក នឹង​លួច​យក​គណនី​​ និងទំព័រ​ហ្វេសប៊ុក​ អ្នក​បាន​ដែរ។ សូម​កុំ​ទាញ​យក​ និង​តម្លើង​កម្មវិធី​ដែល​មិន​ចាំ​បាច់​ចូល​ក្នុង​ឧបករណ៍​អ្នក និង​ត្រូវ​ធ្វើ​បច្ចុប្បន្ន​ភាព (update) កម្មវិធី​ទាំង​អស់​ឱ្យ​បាន​ជា​ប្រចាំ។

ស្វែង​យល់​បន្ថែម​ពី Phishing។​

៤- អ្នក​គ្រប់​គ្រង​ទំព័រ​ហ្វេស​ប៊ុក​ត្រូវ​ប្រយ័ត្ន មុន​នឹង​ទទួល​អ្នក​ណា​ម្នាក់​ធ្វើ​ជា​មិត្ត​ភ័ក្តិ​លើ​ហ្វេស​ប៊ុក​របស់​ខ្លួន

ជន​ឆបោក​នៅ​លើ​អ៊ីន​ធឺណិត តែង​តែ​បង្កើត​គណនី​ក្លែង​ក្លាយ (Fake Account) ដើម្បី​ព្យា​យាម​បញ្ឆោត​អ្នក និង​មិត្ត​ភក្តិ​ផ្សេង​ទៀត​របស់​អ្នក​នៅ​លើ​ហ្វេស​ប៊ុក។ ក្រុម​ឆបោក​ទាំង​នោះ អាច​បង្ក​ហានិភ័យ​ជា​ច្រើន​ដល់​អ្នក​ និង​ទំព័រ​ហ្វេស​ប៊ុក​ដែល​អ្នក​គ្រប់​គ្រង ដូច្នេះ​សូម​ពិនិត្យ​មើល​គណនី​នោះ​អោយ​បាន​ច្បាស់ និង​ពិចារណា​ឱ្យ​បាន​ល្អិត​ល្អន់​មុន​នឹង​ទទួល​អ្នក​ដែល​មិន​ធ្លាប់​ស្គាល់​ធ្វើ​ជា​មិត្ត​នៅ​លើ​ហ្វេស​ប៊ុក​របស់​អ្នក។