Technology photo created by freepik – www.freepik.com
បច្ចុប្បន្នភាពនៃការវាយប្រហារតាមរយះការប្រើប្រាស់តំណរភ្ជាប់បោកបញ្ឆោតក្នុងកម្ពុជា ថ្មីៗនេះការវាយប្រហារតាមអ៊ីនធឺណិតមានការកើនឡើងគួរឲ្យកត់សម្គាល់តាមរយះការប្រើប្រាស់តំណរភ្ជាប់បោកបញ្ឆោតដើម្បីទាញយកព័ត៍មានផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់អ៊ីនធឺណិតនៅក្នុងប្រទេសកម្ពុជា។ ជាក់ស្តែងនៅក្នុងវិស័យធនាគារ ជនឆបោក៣នាក់បានក្លែងបន្លំផ្ញើសារទៅឲ្យអតិថិជនរបស់ធនាគារកាណាឌីយ៉ាតាមរយះកម្មវិធីតេឡេក្រាម (Telegram) ហើយបានប្រាប់អតិថិជនទាំងអស់នោះថាគណនីធនាគាររបស់ពួកគេមានអ្នកលួចចូល។ដូចនេះតម្រូវឲ្យពួកគេចុចចូលតំណរភ្ជាប់មួយដើម្បីចូលទៅកាន់គេហទំព័រដើម្បីបំពេញព័ត៍មានសម្ងាត់ឬព័ត៍ផ្ទាល់ខ្លួននៃគណនីធនាគាររបស់ពួកគេ។ក្រោយពីបំពេញព័ត៍មានទាំងនោះរួចអតិថិជនទាំងនោះបានត្រួតពិនិត្យសមតុល្យក្នុងគណនីហើយចុងក្រោយទើបបានដឹងថាសាច់ប្រាក់មួយចំនួនត្រូវបានបាត់បង់។បន្ទាប់មកពួកគេក៏បានរាយការណ៍ព័ត៍មានទាំងនេះទៅកាន់ធនាគារកាណាឌីយ៉ា។ បន្ទាប់ពីបានធ្វើការស៊ើបអង្កេតពីបញ្ហានេះរួចជនឆបោកទាំងបីរូបនោះត្រូវបានចាប់ខ្លួននិងដោះស្រាយតាមនីតិវិធីច្បាប់។
ក្រៅពីករណីនេះយើងក៏បានឃើញថាការឆបោកតាមរយះតំណរភ្ជាប់ឆបោកជាច្រើនត្រូវបានកើតឡើងនិងរីកសាយភាយនៅលើបណ្តាញសង្គមហ្វេសប៊ុក (Facebook) ដែលក្នុងនោះមានការឈ្នះរង្វាន់ពីក្រុមហ៊ុនកូកាកូឡានិងក្រុមហ៊ុនអ៉ាម៉ាហ្សូនជាដើមតាមរយះការបំពេញព័ត៍មានផ្ទាល់ខ្លួនសំខាន់ៗមួយចំនួន។តាមការសង្កេតយើងបានឃើញថាអ្នកប្រើប្រាស់ហ្វេសប៊ុកជាច្រើនបានបំពេញព័ត៍មានផ្ទាល់ខ្លួនតាមរយះការស្នើសុំពីតំណរភ្ជាប់នោះ ហើយបានចែករំលែកបន្តទៅកាន់មិត្តភ័ក្រ្តរបស់ពួកគេនៅក្នុងហ្វេសប៊ុកទៀត។ ជាលទ្ធផលអ្នកដែលបានចុះឈ្មោះក្នុងការឈ្នះរង្វាន់ទាំងនោះមានបញ្ហារអាក់រអួលមួយចំនួនក្នុងការប្រើប្រាស់ហ្វេសប៊ុករបស់ពួកគេ។ទាក់ទងជាមួយបញ្ហានេះ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ក៏បានណែនាំឱ្យពលរដ្ឋប្រយ័ត្នចំពោះការឆបោកតាមអ៊ីនធឺណិតដោយប្រើឈ្មោះ“មូលនិធិសុខុមាលភាពកូកាកូឡា” ។
ករណីខាងលើនេះបានសរបញ្ជាក់ឲ្យយើងឃើញថានរណាក៏ដោយឲ្យតែប្រើប្រាស់អ៊ីនធឺណិត សុទ្ធតែមានលទ្ធភាពក្លាយជាជនរងគ្រោះពីការបោកបញ្ឆោតមួយនេះ។ព្រោះថាអ្វីក៏ដោយឲ្យតែជាប្រយោជន៍ ពួកគេនឹងព្យាយាមយកពីអ្នកឲ្យអស់ពីលទ្ធភាព ដែលក្នុងនោះរួមមានហិរញ្ញវត្ថុទិន្នន័យនិងអត្តសញ្ញាណផ្ទាល់ខ្លួនសំខាន់ៗដែលអ្នកមាននៅលើអ៊ីនធឺណិត។ ដូចនេះអ្នកត្រូវដឹងថាវាគ្មានអ្វីដែលមិនគិតថ្លៃនៅលើអ៊ីនធឺណិតនោះទេ ព្រោះថាទិន្នន័យរបស់អ្នកគឺជាថ្នូរដោះដូរមួយដ៏សំខាន់សំរាប់ជនបោកទាំងនោះ។ ហើយវាស្របនឹងសុភាសិតខ្មែរមួយបានពោលថាប្រហែសបាត់ប្រយ័ត្នគង់។ដូចនេះអ្នកប្រើប្រាស់អ៊ីនធឺណិតទាំងអស់ត្រូវចេះយល់ពីតំលៃអំពីទិន្នន័យដែលពួកគេមាននៅលើអ៊ីនធឺណិតនិងចេះប្រុងប្រយ័ត្នពីការឆបោកទាំងនេះ។
វិធីសាស្ត្រទប់ស្កាត់និងការពារពីPhishing
- កុំចុចលើតំណរភ្ជាប់ ឬទាញយកឯកសារភ្ជាប់ពីអ៊ីម៉ែលនៅក្នុងអ៊ីម៉ែលដែលអ្នកសង្ស័យ។
- កុំផ្តល់ព័ត៍មានផ្ទាល់ខ្លួន ឬព័ត៍មានគណនីធនាគារតាមការស្នើសុំ ប្រសិនបើអ្នកមានការសង្ស័យពីតំណរភ្ជាប់នោះឬនៅមិនទាន់ច្បាស់ថាជនដែលទាក់ទងអ្នកនោះជានរណា។
- ពិនិត្យនិងផ្ទៀងផ្ទាត់តំណរភ្ជាប់ឬអាស័យដ្ឋានអ៊ីម៉ែលឲ្យបានច្បាស់មុននឹងចុច។
- អ្នកអាចស្វែងរកព័ត៍មាន ឬស្រាវជ្រាវបន្ថែមនៅលើអ៊ីនធឺណិតដើម្បីរកមើលថាតើករណីនេះធ្លាប់បានកើតចំពោះអ្នកណាផ្សេងដែរឬទេ។
ករណីអ្នកបានចុចតំណរភ្ជាប់ទាំងនោះ
- ផ្លាស់ប្តូរលេខសម្ងាត់គណនីហ្វេសប៊ុករបស់អ្នក
- បើកមុខងារសុវត្ថិភាពបន្ថែម2 Step Verification ឬ2-factor authenticationលើគណនីអ្នក។
- ចូលMessenger ដើម្បីដឹងថាតើមិត្តភ័ក្រ្តរបស់អ្នកណាខ្លះបានទទួលសារទាំងនោះ។
- ចែករំលែកបន្តទៅកាន់មិត្តភ័ក្រ្តរបស់អ្នកអំពីតំណរឆបោកនោះ។
ត្រួតពិនិត្យមើលFacebook Session Log-inថាអំពីឧបករណ៍និងប្រវត្តិទីតាំងដែលចូលគណនីរបស់អ្នក។
ប្រភពៈ