ធ្វើបច្ចុប្បន្នភាពចុងក្រោយៈ 18/11/2020
ការរីកចម្រើននៃបច្ចេកវិទ្យា និងអ៊ីនធឺណិតបានផ្តល់នូវគុណសម្បត្តិជាច្រើន តែទន្ទឹមនឹងនេះវាក៏មានបញ្ហាប្រឈមជាច្រើនដែរ។ នៅពេលដែលគណនីមួយត្រូវបានលួចយកទៅប្រើប្រាស់ដោយអ្នកដទៃ នោះគណនីផ្សេងទៀតរបស់អ្នក និងមិត្តភក្តិអ្នកក៏ប្រឈមនឹងហានិភ័យដែរ។
វីធីល្អបំផុតគឺការការពារ។ មានវិធីជាច្រើនដើម្បីការពារឧបករណ៍ និងគណនីរបស់អ្នក ដូចជាការធ្វើបច្ចុប្បន្នភាពប្រព័ន្ធប្រតិបត្តិការ ធ្វើបច្ចុប្បន្នភាពគ្រប់កម្មវិធីនៅក្នុងកុំព្យូទ័រ និងទូរស័ព្ទដៃរបស់អ្នក ត្រូវប្រាកដថាកុំព្យូទ័រអ្នកមានកម្មវិធីកម្ចាត់មេរោគ កុំចុចលើតំណភ្ជាប់ ឬទាញយកកម្មវិធីដែលអ្នកមិនស្គាល់ពីប្រភពច្បាស់លាស់ជាដើម។ល។ ប៉ុន្តែចំណុចមួយដែលសំខាន់ និងតែងតែត្រូវបានណែនាំឱ្យអនុវត្តនោះគឺ ប្រើពាក្យសម្ងាត់ដែលរឹងមាំនៅលើឧបករណ៍ និងគណនីនៅលើអ៊ីនធឺណិតរបស់អ្នក។
ពាក្យសម្ងាត់រឹងមាំ ជាពាក្យសម្ងាត់ដែលផ្សំឡើងដោយលាយបញ្ចូលគ្នារវាងលេខ អក្សរតូច ធំ និមិត្តសញ្ញា និងមានច្រើនតួរអក្សរ ដែលយ៉ាងហោចណាស់ចាប់ពី៨តួរអក្សរឡើងទៅ ហើយពាក្យសម្ងាត់នោះគួរតែខុសគ្នាសម្រាប់គណនីផ្សេងគ្នា មានន័យថា គណនីមួយ ពាក្យសម្ងាត់មួយ។
បញ្ហាមួយដែលតែងតែជួបប្រទះគឺ មនុស្សភាគច្រើនពិបាកក្នុងការរកវិធីបង្កើតពាក្យសម្ងាត់ដែលរឹងមាំ ខុសៗគ្នា ហើយអាចចងចាំបាន។
កម្មវិធីគ្រប់គ្រងពាក្យសម្ងាត់ (Password Manager) ត្រូវបានបង្កើតឡើង និងណែនាំឱ្យប្រើប្រាស់ដើម្បីដោះស្រាយបញ្ហានេះ។
សព្វថ្ងៃមានកម្មវិធីគ្រប់គ្រងពាក្យសម្ងាត់ជាច្រើនមានដូចជា Last Pass, 1Password, Bitwarden និងKeePassXC ជាដើម ដែលកម្មវិធីខ្លះអ្នកអាចប្រើដោយមិនគិតថ្លៃ និងកម្មវិធីខ្លះតម្រូវឱ្យអ្នកបង់លុយដើម្បីអាចប្រើវាបាន។
នៅក្នុងអត្ថបទនេះ យើងនឹងណែនាំកម្មវិធី KeePassXC ព្រោះវាជាកម្មវិធីដែលបើកចំហកូដ មិនគិតថ្លៃ (Free and Open Source) មានកូដនីយកម្ម (Encryption) ធ្វើបច្ចុប្បន្នភាពជាប្រចាំ (Regular Update) និងអាចប្រើបានគ្រប់ប្រព័ន្ធប្រតិបត្តិការរបស់កុំព្យូទ័រ។
KeePassXC ជាកម្មវិធីដែលអនុញ្ញាតឱ្យអ្នករក្សាទុកពាក្យសម្ងាត់ទាំងអស់របស់អ្នកនៅក្នុងទីតាំងមួយរួមគ្នា។ នៅពេលដែលអ្នកប្រើកម្មវិធីនេះ អ្នកអាចប្រើពាក្យសម្ងាត់រឹងមាំខុសៗគ្នា សម្រាប់គណនីផ្សេងៗគ្នា ហើយមិនចាំបាច់ត្រូវចងចាំពាក្យសម្ងាត់ទាំងនោះទេ។ អ្នកគ្រាន់តែចាំពាក្យសម្ងាត់តែមួយគត់ដែលប្រើសម្រាប់បើកចូលទៅមើលទិន្នន័យគណនីផ្សេងៗដែលអ្នកបានរក្សាទុកនៅក្នុងកម្មវិធីនេះតែប៉ុណ្ណោះ ដែលពាក្យសម្ងាត់នោះត្រូវបានគេហៅថា Master Password។
មានកម្មវិធីមួយចំនួនដែលមានឈ្មោះប្រហាក់ប្រហែលនឹង KeePassXC ដែរដូចជា KeePassX, KeePass និង KeePass2 ជាដើម។ យើងណែនាំ KeePassXC នេះព្រោះវាជាកម្មវិធីដែលបានធ្វើបច្ចុប្បន្នភាពញឹកញាប់ជាងគេ ក្នុងចំណោមកម្មវិធីដែលមានឈ្មោះស្រដៀងគ្នាទាំងនោះ។
តើ KeePassXC ដំណើរការយ៉ាងដូចម្តេច?
នៅពេលដែលអ្នកតម្លើងកម្មវិធី KeePassXC រួច អ្នកត្រូវបង្កើតDatabase ថ្មីមួយ ដែល Database នោះប្រើសម្រាប់រក្សាទុកពាក្យសម្ងាត់ទាំងអស់របស់អ្នក។ នៅពេលដែលអ្នកបង្កើត Database ថ្មីនេះ កម្មវិធីនឹងតម្រូវឱ្យអ្នក ដាក់ពាក្យសម្ងាត់ដើម្បីការពារ។
ឧបមាថា ពាក្យសម្ងាត់ប្រៀបបាននឹងទ្រព្យសម្បត្តិដ៏មានតម្លៃដូចជាមាស ប្រាក់របស់អ្នកជាដើម ចំណែកឯ Database ប្រៀបបាននឹងទូរដែកដ៏មានសុវត្ថិភាពបំផុតមួយ ដែលគ្មានចោរណាអាចគាស់ ឬបំបែកបានឡើយ។ រីឯពាក្យសម្ងាត់ដើម្បីការពារ Database នោះ ប្រៀបបាននឹងកូនសោ របស់ទូរដែកនោះអីចឹង។
គ្រប់ពាក្យសម្ងាត់ ឬទិន្នន័យដែលអ្នកបានរក្សាទុកនៅក្នុង Database នោះគឺ មានសុវត្ថិភាព ទោះបីជាអ្នករក្សាទុក Database នោះនៅក្នុងកុំព្យូទ័រ ក្នុងឧបករណ៍ផ្ទុកទិន្នន័យផ្សេងៗដូចជា External Hard Drive ឬ USB Flash Drive ឬនៅលើអ៊ីនធឺណិតក៏ដោយ ព្រោះវាត្រូវបានចាក់សោ (Encrypt)។
ប្រសិនបើកុំព្យូទ័រ ឬឧបករណ៍ផ្ទុកទិន្នន័យរបស់អ្នកត្រូវបានគេលួច ឬបាត់បង់ដោយប្រការណាមួយក៏ដោយ ក៏គេមិនអាចបើកមើលពាក្យសម្ងាត់ ដែលអ្នកបានរក្សាទុកក្នុង Database នោះបានដែរ មានតែអ្នកទេ ដែលមានពាក្យសម្ងាត់សម្រាប់បើកចូលទៅក្នុង Database នោះ។ នេះឧទាហរណ៍ថា មានចោរចូលទៅក្នុងផ្ទះរបស់អ្នក ហើយលួចបានទូរដែករបស់អ្នក ប៉ុន្តែដោយសារទូរដែកនោះមានសុវត្ថិភាព ចោរមិនមានលទ្ធភាពណាអាចបើក ឬបំបែកទូរដែកនោះបានទេ បើពួកគេគ្មានកូនសោសម្រាប់បើកទូរដែកនោះ។ ដូចនេះ ពួកគេក៏មិនអាចយកបានទ្រព្យសម្បត្តិដែលមាននៅក្នុងទូរដែកនោះបានដែរ។ មានតែអ្នកម្នាក់គត់ ដែលមានកូនសោសម្រាប់ចាក់បើកទូរដែកនោះ។
ទាញយកកម្មវិធី
https://keepassxc.org/download
របៀបតម្លើង និងប្រើកម្មវិធី
វីឌីអូខាងក្រោមនេះ បង្ហាញពីរបៀបក្នុងការតម្លើង ប្រើកម្មវិធី KeePassXC ជំនាន់ 2.6.2 នៅលើប្រព័ន្ធប្រតិបត្តិការ Windows 10។
ប្រភពៈ
– https://keepassxc.org/docs/KeePassXC_GettingStarted.html
– https://ssd.eff.org/en/module/how-use-keepassxc
– https://securityinabox.org/en/guide/keepassxc/windows/
– https://www.accessnow.org/cms/assets/uploads/archive/docs/securitydoc_20100612.pdf