គោល​ការណ៍​ណែនាំសុវត្ថិភាព​ ឌីជីថល ៖ សុវត្ថិភាព​លើ​ទូរស័ព្ទស្មាតហ្វូន

ទាញយកអត្ថបទជាឯកសារ PDF

បើ​អ្នក​មាន​ស្មាត​ហ្វូន នោះ​ប្រហែល​ជាទិន្នន័យ​ និង​ព័ត៌មាន​​ស្ទើរ​តែ​គ្រប់​យ៉ាង​របស់​អ្នក ​រក្សាទុកជាមួយ​ទូរស័ព្ទ​នោះ។ ចុះ​បើ​ទូរស័ព្ទ​របស់​អ្នក​បាត់ ខូច ឬ​ធ្លាក់​ដល់​ដៃ​អ្នក​ដទៃ​ដោយ​ប្រការ​ណា​មួយ តើ​អ្នក​ប្រាកដ​ទេ​ថា ទិន្នន័យ និង​ព័ត៌មាន​ដែល​មាន​ក្នុង​ទូរស័ព្ទ​នោះ​មាន​សុវត្ថិភាព?

ការ​ការពារ​ទូរស័ព្ទ​ឱ្យ​មាន​សុវត្ថិភាព ជា​រឿង​ដ៏​ចាំ​បាច់ ដែល​គួរ​តែ​យក​ចិត្ត​ទុក​ដាក់​សម្រាប់​អ្នក​ប្រើ​ប្រាស់​គ្រប់​គ្នា​នា​ពេល​បច្ចុប្បន្ន។ គោលការណ៍​ណែ​នាំ​នេះ ​រៀប​រាប់​ពី​ចំណុច​មូល​ដ្ឋាន​សុវត្ថិភាព ដែល​អ្នក​ប្រើ​ប្រាស់​ទូទៅ គួរ​អនុវត្ត​តាម ​ ​ដើម្បី​ការពារ​ទូរស័ព្ទ​ដែល​ខ្លួន​កំពុង​ប្រើ ឱ្យ​មាន​សុវត្ថិភាព មុន​នឹង​មាន​បញ្ហា​ណា​មួយ​កើត​ឡើង​។

១- ចាក់​សោ​អេក្រង់​ដោយ​ប្រើ​ពាក្យ​សម្ងាត់

សោអេ​ក្រង់​ជា​រនាំង​ការ​ពារ​ដំបូង​បំផុត​ ដោយ​ការពារ​មិនឱ្យបុគ្គល​ដទៃ​អាច​ចូល​មើល​រូបថត ប្រើកម្មវិធី អាន​សារ ​និង​លួច​យក​ឯកសារ​ផ្សេងៗ​ទៀត​ដែល​មាន​នៅ​ក្នុង​ទូរស័ព្ទ​របស់​អ្នក ​ដោយ​គ្មានការ​អនុញ្ញាត។ ជា​ទូ​ទៅ​ការ​ចាក់​សោ​លើ​ទូរស័ព្ទ​មាន​ច្រើន​ជម្រើស​រួម​មាន​ ការ​ចាក់​សោ​ដោយ​ប្រើ​ពាក្យ​សម្ងាត់​ (Password)​ លេខ​កូដសម្ងាត់ (PIN)​ គំនូស​សញ្ញា​ (Pattern)​ ស្កេន​ខ្ចៅដៃ​ (Fingerprint)​ និង​ ស្កេន​មុខ​ (FaceID)​ជា​ដើម​។

​ក្នុង​ចំណោម​វិធី​សាស្ត្រ​ខាង​លើ​ គំនូស​សញ្ញា​ (Pattern)​ មិន​ត្រូវ​បាន​ណែ​នាំ​ឱ្យ​ប្រើ​ឡើយ ​ព្រោះ​ថា​ នៅ​ពេល​ដែល​អ្នក​ប្រើ​គំនូស​សញ្ញា​ (Pattern)​ អ្នក​តែង​តែ​បន្សល់​នូវ​ស្នាម​ដៃ​ ដែល​ជា​គំនូស​ដិត​ជាប់ នៅ​លើ​អេក្រង់​ ​ជា​ហេតុ​ធ្វើឱ្យ​មាន​ភាព​ងាយ​ស្រួល​ រកមើលគំនូសដែលអ្នកប្រើ ដើម្បីដោះសោអេក្រង់​លើ​ទូរស័ព្ទ​​។

ការ​ប្រើ​លេខ​កូដសម្ងាត់ (PIN) មាន​សុវត្ថិភាព​ប្រសើរ​ជាង​គំនូសសញ្ញា (Pattern) ប៉ុន្តែ​ក៏​មិន​លើក​ទឹក​ចិត្ត​ឱ្យ​ប្រើ​ដែរ ព្រោះ​លេខ​កូដ​ PIN នេះ​ងាយ​ក្នុង​ការ​ប៉ាន់​ស្មាន ដោយ​អ្នក​ប្រើ​ប្រាស់​ភាគ​ច្រើន ប្រើ​លេខ​កូដ​ដូចៗ​គ្នា ដូច​ជា​ប្រើ លេខ​សូន្យ​ទាំង​អស់​ ឬ​លេខ១​ទាំង​អស់​ជាដើម​។ ម្យ៉ាង​ទៀត លេខ​កូដ PIN មិន​មាន​ភាព​រឹង​មាំ​ខ្លាំង ដោយ​សារ ប្រើ​លេខ​ទាំង​អស់​ (ពី​លេខ​ 0 ដល់ លេខ​៩) និង​មាន​ចំនួន​ខ្លី (ជា​ទូ​ទៅ​មាន​ចំនួន ៤ ឬ​៦​ខ្ទង់) ដែល​លទ្ធភាព​ក្នុង​ការ​បំបែក​លេខកូដ​នេះ អាច​បំបែក​បាន​ដោយ​ប្រើ​រយៈ​ពេល​ខ្លី។

ដើម្បី​ឱ្យ​មាន​សុវត្ថិភាព​ខ្ពស់ អ្នក​ប្រើ​ប្រាស់ គួរ​ពិចារណា​ប្រើ​ពាក្យ​សម្ងាត់ (Password) ដែល​មាន​លាយ​គ្នា​រវាង​លេខ អក្សរ និងនិមិត្ត​សញ្ញា​ជា​ដើម ជំនួស​ឱ្យ​ការ​ប្រើ Pattern ឬ លេខ​កូដ PIN។

របៀប​ក្នុង​ការ​ផ្លាស់​ប្តូរ​ពី​គំនូស​សញ្ញា (Pattern) ឬ​លេខ​កូដ​PIN មក​ប្រើ​ពាក្យ​សម្ងាត់

  • សម្រាប់​អ្នក​ប្រើ​ទូរស័ព្ទ Android៖
    ចូល​ទៅ​កាន់ Settings > Security & privacy (ឬ “Security”) > Lock screen
  • សម្រាប់​អ្នក​ប្រើ​ទូរស័ព្ទ​iPhone៖
    ចូល​ទៅ​កាន់ Settings > Touch/Face ID & Passcode > Change Passcode

ស្វែងយល់បន្ថែមពី របៀប​ចាក់​សោ​អេក្រង់​លើ​ទូរស័ព្ទ Android និង iPhone

២- ចាក់​សោ ឬ​ធ្វើ​កូដនីយ​កម្ម ការពារ​ទិន្នន័យ​នៅ​ក្នុង​ទូរស័ព្ទ

បើ​ទូរស័ព្ទ​របស់​អ្នក​ធ្លាក់​ដល់​ដៃ​អ្នក​ដទៃ ពួក​គេ​អាច​ចូល​មើល និងអាចថត​ចម្លង​ទិន្នន័យ​ទាំង​នោះ​បាន​ដោយ​ងាយ ករណី​ដែល​អ្នក​មិន​បាន​ការពារ​ដោយ​ការ​ចាក់​សោ​អេក្រង់​នោះ​ទេ។ ប៉ុន្តែ​ប្រសិន​បើ​ទូរស័ព្ទ​អ្នក​ បាន​ចាក់​សោ​អេក្រង់ ​អ្នក​ផ្សេង​អាច​អាន ឬ​ថត​ចម្លង​ទិន្នន័យ​ចេញពី​ទូរស័ព្ទ​​បាន ​លុះ​ត្រា​តែ​ ពួក​គេដឹង​ពាក្យ​សម្ងាត់ ឬ​លេខ​កូដ​សម្ងាត់ ដែល​អ្នក​បាន​ប្រើ​ដើម្បី​ចាក់​សោ​អេក្រង់​នោះ។ មាន​ន័យ​ថា ទិន្នន័យ​ក្នុង​ទូរស័ព្ទ​របស់អ្នក​ ​ត្រូវ​បាន​ចាក់​សោ​ការពារ​ ឬ​ធ្វើ​កូដនីយកម្ម​ដោយ​ស្វ័យ​ប្រវត្តិ ​ជា​មួយ​នឹង​ពាក្យ​សម្ងាត់​អេក្រង់។

ជា​ការ​ល្អ ដែល​ក្នុង​ពេល​បច្ចុប្បន្ន មុខ​ងារ​ការពារ​ទិន្នន័យ ឬ​អ៊ីនគ្រីប​ដោយ​ស្វ័យ​ប្រវត្តិ​នេះ មាន​ស្ទើរ​តែ​គ្រប់​ម៉ូដែល​របស់​ទូរស័ព្ទស្មាត​ហ្វូន។

ចំពោះ​អ្នក​ប្រើ​ទូរស័ព្ទ iPhone ទាំង​អស់ មាន​មុខ​ងារ​នេះ​ដោយ​ស្វ័យ​ប្រវត្តិ នៅ​ពេល​ដែល​ទូរស័ព្ទ​របស់​ពួក​គេ​ បើក​មុខងារ​ចាក់​សោ​អេក្រង់។ ចំណែក​អ្នក​ប្រើ​ទូរស័ព្ទ Android មុខងារ​នេះ​ក៏​បាន​ដាក់​ឱ្យ​ដំណើរ​ការ​ស្ទើរ​គ្រប់​ម៉ូដែល​រួច​ហើយ​ដែរ។

ដើម្បី​ឱ្យ​ប្រាកដ ថា​ទូរស័ព្ទ Android នោះ​បាន​អ៊ីនគ្រីប ឬ​ចាក់​សោទិន្នន័យ អ្នក​​អាច​ចូល​ទៅ​ពិនិត្យ មើល​ដោយ​ខ្លួន​ឯង ដោយ​ចូល​ទៅ​កាន់  Settings > Security & privacy > Encryption

ស្វែង​យល់​បន្ថែម​ពី សុវត្ថិភាព​លើ​ឧបករណ៍ – ការ​អ៊ីន​គ្រីប ឬ​ធ្វើ​កូដ​នីយកម្ម​ឧបករណ៍ (Device Encryption)

៣- ធ្វើ​បច្ចុប្បន្ន​ភាព​ប្រព័ន្ធ​ប្រតិបត្តិការ និង​កម្មវិធី​ឱ្យ​បាន​ជា​ប្រចាំ

ក្រុម​ឧក្រិដ្ឋជន​លើ​អ៊ីនធឺណិត (hacker) តែង​តែ​ស្វែង​រក​ចំណុច​ខ្សោយ​ផ្នែក​សុវត្ថិភាព​ លើ​កម្មវិធី​ដែល​ប្រើ​ក្នុង​ទូរស័ព្ទ។ ​នៅ​ពេល​ដែល​ពួក​គេ ស្វែង​រក​ឃើញ​ចន្លោះ​ប្រហោង​របស់​កម្មវិធី​ណា​មួយ ពួក​គេ​នឹង​ធ្វើ​ការ​វាយ​ប្រហារ បង្កប់​មេរោគ លួច​តាម​ដាន​សកម្មភាព​ប្រើ​ប្រាស់​ទូរស័ព្ទ និង​សកម្មភាព​ប្រើ​អ៊ីនធឺណិត លួច​យក​ទិន្នន័យ និង​ព័ត៌មាន​សំខាន់ៗ ដូច​ជា​ព័ត៌​មាន​គណនី​ធនាគារ ឬ​លេខ​កូដ​គណនី​អន​ឡាញ​ផ្សេងៗ​ រួម​មាន ពាក្យ​សម្ងាត់​អ៊ីមែល ហ្វេសប៊ុក ឬ​ក៏​អាច​បំផ្លាញ​ឯកសារ ដែល​មាន​នៅ​ក្នុង​ទូរស័ព្ទ​ចោល​តែ​ម្តង។

ក្រុម​អ្នក​បច្ចេក​ទេស ដែល​ទទួល​ខុស​ត្រូវ​ផ្នែក​សុវត្ថិភាព របស់​ក្រុម​ហ៊ុន​ធំ​ដូច​ជា Google, Microsoft, Apple និង​ក្រុម​អ្នក​បង្កើត​កម្មវិធី​ទូរស័ព្ទ ក៏​តែង​តែ​ខិត​ខំ​ប្រឹង​ប្រែង​ស្វែង​រក​ចន្លោះ​ប្រហោង​ ឬចំណុចខ្សោយលើ​កម្មវិធី​របស់​ខ្លួន​ដែរ ដើម្បី​ដោះ​ស្រាយ និង​ជួយ​ការពារ​ពី​ការ​វាយ​ប្រហារ​ដោយ​ក្រុម hacker ឱ្យ​បាន​ទាន់​ពេល។ ការ​ដាក់​ឱ្យ​ប្រើ​នូវ​កំណែរ​ជំនាន់​ថ្មី​របស់​កម្មវិធី ដោយ​តម្រូវ​ឱ្យ​អ្នក​ប្រើ​ប្រាស់​ធ្វើ​បច្ចុប្បន្នភាព​កម្មវិធី គឺដើម្បី​ជួស​ជុល​ចំណុច​ខ្សោយ ចន្លោះ​ប្រហោង និង​ថែម​ទាំង​បន្ថែម​នូវ​មុខងារ​ថ្មីៗ​លើ​កម្មវិធី​ទាំង​នោះ។

ជា​ទូទៅ អ្នក​ប្រើ​ប្រាស់ នឹង​ឃើញ​សារ​ជូន​ដំណឹង (Notification) លើ​ទូរស័ព្ទ​របស់ពួកគេ នៅ​ពេល​ដែល​មានកំណែថ្មី ដែលតម្រូវឱ្យធ្វើ​បច្ចុប្បន្ន​ប្រព័ន្ធ​ប្រតិបត្តិការ (OS) ឬ​ការ​ធ្វើ​បច្ចុប្បន្ន​លើ​កម្មវិធី​ណាមួយ។ ប៉ុន្តែ​ពេល​ខ្លះ ​អ្នក​ប្រើ​ប្រាស់ បាន​បដិសេធ មិន​ធ្វើបច្ចុប្បន្នភាព​ទៅ​វិញ ដោយ​យល់​ថា ការ​ធ្វើ​បច្ចុប្បន្ន​ភាព​ជា​ការ​រំខាន ហើយ​អ្នក​ប្រើ​ប្រាស់​មួយ​ចំនួន​ថែម​ទាំង​គិត​ថា ការ​ធ្វើ​បច្ចុប្បន្ន​ភាព ធ្វើ​ឱ្យ​ទូរស័ព្ទ​របស់​ពួក​គេ​ដំណើរ​ការ​យឺត ឬ​ពិបាក​ប្រើ​ជាង​មុន​ទៅ​វិញ។ ការយល់បែប​នេះ ជា​ការ​យល់​ខុស​ទាំង​ស្រុង។ កម្មវិធីទូរស័ព្ទ ​គួរតែ​ធ្វើ​បច្ចុប្បន្នភាព​ឱ្យ​បាន​ជា​ប្រចាំ ដើម្បី​ធានា អំពី​សុវត្ថិភាព​ និង​ទទួល​បាន​មុខងារ​សំខាន់​ថ្មីៗ ​ដែល​បន្ថែម​គុណ​ប្រយោជន៍ និង​ធ្វើ​ឱ្យ​កាន់​តែ​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​ប្រើ​ប្រាស់​កម្មវិធី​ទាំង​នោះ។

សូម​ធ្វើ​បច្ចុប្បន្ន​ភាព ប្រព័ន្ធ​ប្រតិបត្តិការ និង​កម្មវិធី​ឱ្យ​បាន​ជា​ប្រចាំ។

  • ធ្វើ​បច្ចុប្បន្នភាព​ប្រព័ន្ធ​ប្រតិបត្តិការ ទូរស័ព្ទ Android៖ ចូល​ទៅ​កាន់ Settings > System > Software update។
  • ធ្វើ​បច្ចុប្បន្ន​ភាព​កម្មវិធី​ដែល​បាន​ដំឡើង​ក្នុង​ទូរស័ព្ទ Android បើក​កម្មវិធី​ Play Store app > ចុច​លើ​រូប Profile > Manage apps & device > Overview > Update all ។
  • ធ្វើ​បច្ចុប្បន្នភាព​ប្រព័ន្ធ​ប្រតិបត្តិការ ទូរស័ព្ទ iPhone
    Settings > General > Software Update > Download and Install។
  • ធ្វើ​បច្ចុប្បន្ន​ភាព កម្មវិធី​ដំឡើង​នៅ​ក្នុង​ទូរស័ព្ទ iPhone៖ ចូល​ទៅ​កាន់ App Store > ចុច​លើ​រូប Profile > Update All។

៤- គ្រប់​គ្រង​កម្មវិធី​ក្នុង​ទូរស័ព្ទ​អ្នក

កំណត់សិទ្ធិកម្មវិធី នៅក្នុងទូរស័ព្ទ (App Permission)

នៅ​ពេល​អ្នក​ដំឡើង​កម្មវិធី​ណា​មួយ ជា​ទូ​ទៅ​កម្មវិធីនោះ​នឹង​ស្នើ​សុំ​ការ​អនុញ្ញាត​ដើម្បី​អាចចូលកម្មវិធីផ្សេងដែល​បាន​ដំឡើង​ក្នុង​ទូរស័ព្ទ​អ្នក ឬ​ប្រើ​ប្រាស់​ព័ត៌មាន និង​ទិន្នន័យ​មួយ​ចំនួន ដែល​រក្សា​ទុក​ក្នុង​ទូរស័ព្ទ​របស់​អ្នក។ ឧទាហរណ៍ កម្មវិធី​ហ្វេសប៊ុក ស្នើ​សិទ្ធិ​ចូល​ទៅ​កាន់​ទិន្នន័យ​រូបថត វិឌីអូ ទីតាំង និង​បញ្ជី​ទំនាក់​ទំនង​ក្នុង​ទូរស័ព្ទ​។ Google Mapស្នើ​សុំ​ប្រើ​កាមេរ៉ា ប្រើ​មុខងារ​ថត​សម្លេង(Microphone)និង​ទីតាំង​ជា​ដើម។

ការ​ទាម​ទារ​សិទ្ធិ​របស់​កម្មវិធី​មួយ​ចំនួន សម​ហេតុផល ​ចំពោះ​មុខងារ​ដំណើរ​ការ​នៃ​កម្មវិធី​ទាំង​នោះ (ឧទាហរណ៍ Instagram ស្នើ​សុំ​ប្រើ​កាមេរ៉ា​របស់​អ្នកGoogle Map ស្នើ​សុំ​ប្រើ​មុខងារ​ទីតាំង)។ ប៉ុន្តែ​ការ​ស្នើ​សុំ​របស់​កម្មវិធី​ខ្លះ ក៏​មិន​សម​ហេតុ​ផល​ដែរ។ សូម​ពិនិត្យ​ឡើង​វិញ​នូវ​ការ​អនុញ្ញាត​សិទ្ធិ​របស់កម្មវិធី ដែលអ្នក​បាន​ដំឡើង​នៅ​ក្នុង​ទូរស័ព្ទ​អ្នក និង​បិទ​កុំ​អនុញ្ញាត ចំពោះ​កម្មវិធី ដែល​ទាម​ទារ​ប្រើ​ទិន្នន័យ​ណា ​មិន​សម​ហេតុផល​ចំពោះ​មុខងារ​ដំណើរ​ការ​របស់​ខ្លួន ឬ​មិន​មាន​ភាព​ចាំ​បាច់។

  • សម្រាប់​អ្នក​ប្រើ​ទូរស័ព្ទ Android (អាច​ខុស​គ្នា​អាស្រ័យ​លើ​ម៉ូដែល​ទូស័ព្ទ)៖
    ចូល​ទៅ​កាន់ Settings > Apps > ចុចលើ​កម្មវិធីណាមួយ > Permissions
  • សម្រាប់​អ្នក​ប្រើ​ទូរស័ព្ទ iPhone៖ ចូល​ទៅ​កាន់ Settings > Privacy & Security > App Privacy Report

លុបកម្មវិធីដែលមិនប្រើ ឬមិនចាំបាច់ចេញ

កម្មវិធី​និមួយៗ​នៅ​ក្នុង​ទូរស័ព្ទ តែង​តែ​ប្រើ​អង្គ​ចង​ចាំ (memory) ដែល​វា​ប៉ះ​ពាល់​ដល់​ល្បឿន​នៃ​ដំណើរ​ការ​នៅ​ក្នុង​ទូរស័ព្ទ​អ្នក ហើយ​វា​ក៏​ប្រើ​ថាមពល​ថ្ម ក្នុង​ទូរស័ព្ទ​នោះ​ដែរ។ ដូច្នេះ​ ការដំឡើងកម្មវិធី​ច្រើន​ពេក​ នឹង​មិន​ជួយ​ឱ្យ​ទូរស័ព្ទអ្នក ​ដំណើរ​ការ​បាន​រលូន​នោះ​ទេ។ កម្មវិធី​ខ្លះ​ថែម​ទាំង​មិន​មាន​សុវត្ថិភាព លែង​ទទួល​បាន​ការ​ធ្វើ​បច្ចុប្បន្នភាព (Update) មាន​ផ្ទុក​នៅ​មេរោគ ឬ​ថែម​ទាំង​លួច​តាម​ដាន​សកម្មភាព​នៃ​ការ​ប្រើ​ប្រាស់​ឧបករណ៍ និង​អ៊ីន​ធឺណិត​ប្រចាំ​ថ្ងៃ ដែល​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​ឯកជនភាព​របស់​អ្នក​ទៀត​ផង។

ការ​កាត់​បន្ថយ​ចំនួន​កម្មវិធី និង​ប្រើ​តែ​កម្មវិធី​ណា​ដែល​ចាំ​បាច់​ នឹង​ជួយ​ឱ្យ​ទូរស័ព្ទ​អ្នក​ដំណើរ​ការ​បាន​រលូន និង​ធ្វើ​ឱ្យ​អ្នក​មាន​សុវត្ថិភាព​ជាង​មុន។

អ្នកអាចសាក​ល្បង​កំណត់​កាល​វិភាគ ក្នុង​ការ​លុប​កម្មវិធី​ដែល​អ្នក​មិន​ប្រើ ក្នុង​រយៈ​ពេល​ពីរ ឬ​បី​សប្តាហ៍ និង​បន្ត​អនុវត្ត​ឱ្យ​ក្លាយ​ជា​ទម្លាប់នោះ​នឹង​ជួយ​ឱ្យ​អ្នក​គិត​យ៉ាង​ប្រុង​ប្រយ័ត្នមុន​នឹង​សម្រេច​ចិត្ត​ទាញ​យក​ និង​ដំឡើង​កម្មវិធី​ណា​មួយ​ចូល​ក្នុងទូរស័ព្ទ​អ្នក។

អ្នក​គួរ​ឧស្សាហ៍​ត្រួត​ពិនិត្យ​មើល​កម្មវិធី​ទាំង​អស់​ដែល​បាន​ដំឡើង​ក្នុង​ទូរស័ព្ទរបស់អ្នក ហើយគួរតែលុបចេញនូវកម្មវិធីណាដែលអ្នកលែងត្រូវការ ឬលែងសូមចាំបាច់ក្នុងប្រើប្រាស់។

៥- បម្រុង​ទុក​ទិន្នន័យ​ក្នុង​ទូរស័ព្ទ​ឱ្យ​បាន​ទៀង​ទាត់

ការ​បាត់​ទូរស័ព្ទ ឬ​ត្រូវ​បាន​គេ​លួច ឬ​ខូច​ទូរស័ព្ទ វា​អាច​កើត​ឡើង​ចំពោះ​មនុស្ស​គ្រប់​គ្នា ហើយ​បញ្ហា​ដ៏​ធំ​គឺ យើង​នឹង​បាត់​អ្វី​ដែល​មាន​នៅ​ក្នុង​ទូរស័ព្ទ​នោះ​ដែរ។

សូម​ធ្វើ​ការ​បម្រុង​ទុក​ឯកសារ និង​ទិន្នន័យ​ក្នុង​ទូរស័ព្ទ​អ្នក​ឱ្យ​បាន​ញឹក​ញាប់ ដើម្បី​ការ​ពារ​ការ​បាត់​បង់​ដោយ​មិន​អាច​ដឹង​មុន​នេះ។ អ្នក​អាច​ប្រើ​កម្មវិធី និង​សេវាកម្ម​មិន​គិត​ថ្លៃ​ដែល​មាន​ស្រាប់ ធ្វើ​ការ​បម្រុង​ទុក​ទិន្នន័យ​នៅ​លើ​អ៊ីនធឺណិត​ដូចជា iCloud និង Google Drive ជា​ដើម។ ​អ្នក​ក៏​អាច​​រក្សា​ទិន្នន័យ​​ក្នុង​កុំព្យូទ័រ ឬ​ក្នុង​ឧបករណ៍​ផ្ទុក​ទិន្នន័យ​ផ្សេង​ទៀត​ដូច​ជា External Hard Drive ជា​ដើម​បាន​ដែរ។

ការបម្រុងទុកទិន្នន័យចូលក្នុងកុំព្យូទ័រ

  • សម្រាប់​អ្នក​ប្រើ​ទូរស័ព្ទ Android៖ នៅ​លើ​កុំព្យូទ័រ​របស់​អ្នក ស្វែង​រក​ឧបករណ៍ Android  ដែល​អ្នក​បាន​ដោត​ភ្ជាប់​ជាមួយ​កុំព្យូទ័រ នៅ​ក្នុង File Explorer បន្ទាប់​មកថតចម្លង (Copy) ឯកសារ​ទាំង​នោះ ទៅ​ទុក​ក្នុង​ទីតាំង (Folder) ​ណា​មួយ​ ក្នុង​កុំព្យូទ័រ​របស់​អ្នក។
  • ចំពោះ​អ្នក​ប្រើ​កុំព្យូទ័រ Mac ត្រូវ​ការ Android File (Transfer៖ android.com/filetransfer) ដើម្បី​អាច ផ្ទេរ​ឯក​សារ​ចូល​ក្នុង កុំព្យូទ័រ Mac បាន។
  • សម្រាប់​អ្នក​ប្រើ​ទូរស័ព្ទ iPhone៖
    នៅ​លើ​កុំព្យូទ័រ​របស់​អ្នក បើក Finder > [ឈ្មោះ iPhone] > General > Backups

ស្វែង​យល់​បន្ថែម​ពី របៀប​បម្រុង​ទុក​ទិន្នន័យ​លើ​ទូរសព្ទ Android និង​សេវាកម្ម​បម្រុង​ទុក​ទិន្នន័យ​ឱ្យ​មានសុវត្ថិភាព​លើ​អ៊ីធឺណិត ឬ Cloud Storage ប្រាំ​​ដែល​ប្រើ​បច្ចេកវិទ្យា​កូដនីយកម្ម (ENCRYPTION)

៦- ជ្រើស​​រើស​ទូរស័ព្ទ ដែល​អាច​ធ្វើ​បច្ចុប្បន្នភាព​បាន​ច្រើន​ឆ្នាំ ​​​ពេល​ទិញ​ទូរស័ព្ទ​ថ្មី

នៅ​ពេល​ទិញ​ទូរស័ព្ទ​ថ្មី អ្នក​ប្រហែល​ជា​ពិចារណា​លើ ផ្នែក​មួយ​ចំនួន​ដូច​ជា ម៉ូដែល​ទូរស័ព្ទ ទំហំ​ផ្ទុក​ទិន្នន័យ សមត្ថភាព​ថ្ម ជា​ដើម​។ ផ្នែក​មួយ​ដែល​អ្នក​ប្រើ​ប្រាស់​មួយ​ចំនួន​មើល​រំលង​គឺ រយៈ​ពេល​ដែល​ទូរស័ព្ទ​នោះ​អាច​ធ្វើ​បច្ចុប្បន្នភាព​បាន​ ដែល​ផ្នែក​នេះ​ក៏​ជា​ផ្នែក​មួយ​ដ៏​សំខាន់ ដែល​អាច​ឱ្យ​យើង​ដឹង​ថា តើ​ទូរស័ព្ទ​ថ្មី​នោះ អាច​ប្រើ​បាន​ក្នុងរយៈ​ពេល​យូរ​ប៉ុណ្ណា (បី​ឆ្នាំ ឬ​៤​ឆ្នាំ ឬ​លើស​ពី​នេះ)។  

ការ​ធ្វើ​បច្ចុប្បន្នភាព​កម្មវិធី ជា​ផ្នែក​សុវត្ថិភាព​ចម្បង​មួយ ប្រឆាំង​នឹង​ការ​វាយ​ប្រហារ​លើ​ចំណុច​ខ្សោយ​នៅ​ក្នុង​ទូរស័ព្ទ​របស់​អ្នក។ ​បើ​ទូរស័ព្ទ​របស់​អ្នក លែង​អាច​ធ្វើ​បច្ចុប្បន្នភាព ប្រព័ន្ធ​ប្រតិបត្តិការ (OS) និង​កម្មវិធី​ផ្សេងៗ​បាន ទូរស័ព្ទ​របស់​អ្នក​នឹង​ប្រឈម​នឹង​ហានិភ័យ​ពី​ការ​វាយ​ប្រហារ ជា​ច្រើន​នៅ​លើ​អ៊ីនធឺណិត ហើយ​ទូរស័ព្ទ​អ្នក​នឹង​លែង​ទទួល​បាន​មុខងារ​ថ្មីៗ​របស់កម្មវិធី ​ដែល​អ្នក​កំពុង​ប្រើ​ ដែល​ជា​កត្តា​ធ្វើ​ឱ្យ​ដំណើរ​ការ​នៃ​ទូរស័ព្ទ​ទាំង​មូល​មិន​មាន​ភាព​រលូន គាំង ពិបាក​ក្នុង​ការ​ប្រើ​ប្រាស់។ អ្នក​គួរ​ពិចារណា​ផ្លាស់​ប្តូរ ឬ​ទិញ​ទូរស័ព្ទ ថ្មី នៅ​ពេល​ដែល​ទូរស័ព្ទ​នោះ មិន​អាច​ធ្វើ​បច្ចុប្បន្នភាព​កម្មវិធី​បាន។

ក្រុម​ហ៊ុន​ផលិត​ទូរស័ព្ទ ទាំង​អស់ ដូច​ជា Apple, Google និង Samsung ជា​ដើម មិន​បាន​កំណត់​រយៈ​ពេល​ស្នើ​គ្នា ចំពោះ​រយៈ​ពេល​ដែល​អនុញ្ញាត​ឱ្យ​ទូរស័ព្ទ​ដែល​ខ្លួន​ផលិត អាច​ធ្វើ​បច្ចុប្បន្ន​ភាព​បាន​ដូច​គ្នា​ទេ។

ឧទាហរណ៍ Apple អាច​អនុញ្ញាត​ឱ្យ​ទូរស័ព្ទ iPhone របស់​ខ្លួន​អាច​ធ្វើ​បច្ចុប្បន្ន​ភាព​បាន​រយៈ​ពេល​៥​ឆ្នាំ បន្ទាប់​ពី​ថ្ងៃ​ដែល​ទូរស័ព្ទ​បាន​ផលិត​ចេញ​ពីរោងចក្រ​របស់​ខ្លួន។ Google បាន​តម្រូវ​ឱ្យ​ក្រុមហ៊ុន​ផលិត​ទូរស័ព្ទ ដំណើរ​ការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ Android ផ្តល់​ការ​ធ្វើ​បច្ចុប្បន្នភាព យ៉ាង​ហោច​ណាស់​ឱ្យ​បាន​ រយៈ​ពេល​បី​ឆ្នាំ។

សូម​ចង​ចាំ​ថា រយៈ​ពេល​នៃ​ការ​អាច​ធ្វើ​បច្ចុប្បន្ន​ភាព​នេះ មិន​មាន​ន័យ​ថា​អ្នក​នឹង​ទទួល​បាន​ការ​ធ្វើ​បច្ចុប្បន្នភាព​រយៈ​ពេល​បី ឬ​៥ឆ្នាំ គិត​ចាប់​ពី​ថ្ងៃ​ដែល​អ្នក​ទិញ​ទូរស័ព្ទ​នោះ​ទេ តែ​រយៈ​ពេល​នេះ គេ​ចាប់​ផ្តើម​គិត​ពី​ពេល​ដែល​ទូរស័ព្ទផលិត​ចេញ​ពី​រោង​ចក្រ​ និង​ប្រកាស​លក់​នៅ​លើ​ទីផ្សារ។

ឧទាហរណ៍ ប្រសិន​បើ​ទូរស័ព្ទ Android របស់​អ្នក​ផលិត និង​ដាក់​ឱ្យ​ចរាចរណ៍​លក់​លើ​ទីផ្សារ​ក្នុង​ឆ្នាំ​២០២២ នោះ​វា​នឹង​ឈប់​ទទួល​បាន​ការ​ធ្វើ​បច្ចុប្បន្នភាព​នៅ​ឆ្នាំ ២០២៥ ។

គួរ​កត់​សម្គាល់​ថា សម្រាប់​ទូរស័ព្ទ​ដែល​ដំណើ​រការ​ដោយ Android ម៉ូដែល​ទូរស័ព្ទ​មួយ​ចំនួន​អាច​ធ្វើ​បច្ចុប្បន្នភាព​បាន​យូរ​ជាង​ម៉ូដែល​ផ្សេងៗ​ទៀត ឧទាហរណ៍​ដូច​ជា​ម៉ូដែល​ទូរស័ព្ទ​ដែល​ផលិត​ដោយ​ក្រុមហ៊ុន Google (ស៊េរី Pixel) និង​ក្រុមហ៊ុន Samsung ស៊េរី Samsung Galaxyជា​ដើម ដែល​ធានា​ផ្តល់​ការ​ធ្វើ​បច្ចុប្បន្នភាព​សុវត្ថិភាព​បាន​ច្រើន​ជាង​៣​ឆ្នាំ។ ជា​រួម ទូរស័ព្ទ iPhone របស់​ក្រុមហ៊ុន Apple បាន​ផ្តល់​រយៈ​ពេល​វែង និង​ជាក់​លាក់​ជាង​ទូរស័ព្ទ​របស់​ក្រុមហ៊ុន និង​ប្រព័ន្ធ​ប្រតិបត្តិការ Android។ ដោយ​ឡែក​ប្រសិន​បើ​អ្នក​ប្រើ ទូរស័ព្ទ Android (លើក​លែងម៉ូដែល​មួយ​ចំនួន​ដូច​ជា Google Pixel ឬ Samsung Galaxy) នោះ​អ្នក​ត្រូវ​ដឹង​ថា អ្នក​ប្រហែល​ជា ​មិន​អាច​ធ្វើ​បច្ចុប្បន្នភាព​បាន​លើស​ពី​៣ឆ្នាំ​នោះ​ទេ។

ប្រភព:

https://freedom.press/training/your-smartphone-and-you-handbook-modern-mobile-maintenance