Photo by Firmbee.com on Unsplash
មាតិកា
ហេតុអ្វីបានជាការអ៊ីនគ្រីប ឬការធ្វើកូដនីយកម្មឧបករណ៍មានសារសំខាន់?
នៅពេលដែលអ្នកអ៊ីនគ្រីបឧបករណ៍ (Encrypt Device) រាល់ទិន្នន័យដែលមាននៅក្នុងឧបករណ៍ និងគ្រប់កម្មវិធីដែលអ្នកបានតម្លើងចូលទៅក្នុងឧបករណ៍អ្នក នឹងត្រូវបានចាក់សោការពារឱ្យមានសុវត្ថិភាពខ្ពស់បំផុត គ្មានអ្នកណាម្នាក់អាចប្រើឧបករណ៍ ឬអាចលួចទិន្នន័យរបស់អ្នកបានទេ។
ប៉ុន្តែប្រសិនបើអ្នកមិនបានបើកមុខងារអ៊ីនគ្រីបឧបករណ៍នោះទេ នៅពេលណាដែលនរណាម្នាក់លួចឧបករណ៍របស់អ្នក រើសបានឧបករណ៍ដែលអ្នកបាត់ ឬលួចប្រើឧបករណ៍របស់អ្នក ពួកគេអាចចូលទៅមើលឯកសារ ចូលទៅមើលសារនៅក្នុងអ៊ីមែល ឬហ្វេសប៊ុកជាដើម និងអាចប្រើកម្មវិធីផ្សេងៗដែលមាននៅក្នុងឧបករណ៍របស់អ្នកបានយ៉ាងងាយស្រួល។
កាន់តែអាក្រក់ជាងនេះទៅទៀត ប្រសិនបើឧបករណ៍អ្នកធ្លាក់ដល់ដៃជនខិលខួច ពួកគេអាចដំឡើងមេរោគដើម្បីតាមដានរាល់សកម្មភាពរបស់អ្នក និងធ្វើសកម្មភាពពីចម្ងាយដើម្បីគ្រប់គ្រង លួចទិន្នន័យ ដែលអាចនឹងបង្កហានិភ័យដល់អ្នកបាន។
តើអ្នកអាចបើកមុខងារអ៊ីនគ្រីប ឬធ្វើកូដនីយកម្មឧបករណ៍ដោយរបៀបណា?
ទោះបីជាមុខងារអ៊ីនគ្រីបឧបករណ៍នេះ បានបើកដំណើរការដោយស្វ័យប្រវត្តិលើទូរស័ព្ទម៉ូដែលថ្មីៗមួយចំនួនក៏ដោយ ប៉ុន្តែសម្រាប់ទូស័ព្ទម៉ូដែលចាស់ និងទូរស័ព្ទម៉ូដែលខ្លះ មិនបានបើកឱ្យដំណើរមុខងារនេះដោយស្វ័យប្រវត្តិនោះទេ ដើម្បីឱ្យប្រាកដក អ្នកត្រូវតែចូលទៅត្រួតពិនិត្យលើទូរស័ព្ទនោះដោយខ្លួនឯង។ ដោយឡែកសម្រាប់កុំព្យូទ័រ មុខងារនេះមិនត្រូវបានបើកដំណើរការដោយស្វ័យប្រវត្តិទេ។
របៀបក្នុងការបើកមុខងារ អ៊ីនគ្រីបឧបករណ៍នៅលើកុំព្យូទ័រ
សម្រាប់ Windows 11
ជំហានទី១ៈ ចូលទៅកាន់ Start > Settings

ជំហានទី២ៈ Privacy & security > Device encryption

ជំហានទី៣៖ អូសទៅខាងស្តាំ ដើម្បីដើម្បីបើកមុខងារនេះ។

ឬ អ្នកអាចចុចលើ តំណភ្ជាប់នេះ។ ប្រសិនបើអ្នករកមិនឃើញ Windows encryption ទេ មានន័យថា Windows របស់អ្នក មិនមានមុខងារអ៊ីនគ្រីបនេះ អ្នកអាចប្រើមុខងារ BitLocker ជំនួសវិញ។
Windows 10: ចូលទៅកាន់ Start > Settings > Update & Security > Device encryption ឬអ្នកអាចចុចលើ តំណភ្ជាប់នេះ។ ប្រសិនបើអ្នករកមិនឃើញ Device encryption ទេ មានន័យថា Windows របស់អ្នក មិនមានមុខងារនេះទេ។ ករណីនេះ អ្នកអាចប្រើមុខងារ BitLocker បាន។ ចុចទីនេះ ដើម្បីមើលវីឌីអូពីរបៀបក្នុងការបើកមុខងារ BitLocker នៅលើ Windows 10។
សម្រាប់ទូរស័ព្ទ Android
ជំហានទី១៖ ចូលទៅកាន់ Settings > Security

ជំហានទី២៖ អូសចុះក្រោម ចុចលើពាក្យ Advanced > ស្វែងរកពាក្យ Encryption & credentials

ជំហានទី៣៖ ត្រង់ Encrypt phone ស្វែងរកពាក្យ Encrypted។ ប្រសិនបើអ្នក មិនឃើញពាក្យ Encrypted នោះទេ មានន័យថា ទូរស័ព្ទរបស់អ្នក មិនទាន់បានបើកមុខងារនេះនៅឡើយ។

អ្វីខ្លះជាដែនកំណត់របស់មុខងារអ៊ីនគ្រីបឧបករណ៍?
ការអ៊ីនគ្រីប ឬធ្វើកូដនីយកម្មឧបករណ៍មិនអាចជួយការពារឧបករណ៍ និងទិន្នន័យរបស់អ្នកបានទេ ប្រសិនបើ ឧបករណ៍របស់អ្នកមិនមានចាក់សោអេក្រង់ (lock screen) ឬពាក្យសម្ងាត់ដែលអ្នកប្រើដើម្បីចាក់សោអេក្រង់នោះងាយឱ្យអ្នកផ្សេងអាចទស្សទាយបាន។ សូមចងចាំថា មុខងារអ៊ីនគ្រីបឧបករណ៍នេះ មិនដំណើរនៅពេលដែលអ្នកកំពុងប្រើឧបករណ៍របស់អ្នកទេ វាដំណើរការតែនៅពេលដែលអ្នកឈប់ប្រើ ហើយឧបករណ៍នោះកំពុងជាប់សោអេក្រង់ ឬនៅពេលដែលអ្នកបិទឧបករណ៍អ្នក។
មុខងារអ៊ីនគ្រីប ឬកូដនីយកម្មឧបករណ៍នេះ អាចការពារទិន្នន័យបានតែនៅលើឧបករណ៍ដែលអ្នកបានអ៊ីនគ្រីបនោះប៉ុណ្ណោះ ប្រសិនបើអ្នកថតចម្លងទិន្នន័យចេញពីឧបករណ៍ដែលបានអ៊ីនគ្រីប យកទៅទុកនៅលើឧបករណ៍ផ្សេង ឬទុកនៅលើសេវាកម្មក្លោដ (Cloud) ណាមួយ ទិន្នន័យទាំងនោះមិនត្រូវបានការពារនោះទេ។
ប្រភព: https://riseup.net/en/security/device-security/device-encryption