Signal

កម្មវិធីផ្ញើសារដែលមានសុវត្ថិភាព

  

ធ្វើ​បច្ចុប្បន្ន​ភាព​ចុង​ក្រោយៈ 19-01-2022

អំពី​កម្មវិធី SIGNAL

Signal ជា​កម្មវិធី​ដែល​បង្កើត​ឡើង​ដោយ​អង្គការ​មិន​ស្វែង​រក​ប្រាក់​ចំណេញ​របស់​សហរដ្ឋអាមេរិក​មួយដែល​មាន​ឈ្មោះ​ថា Signal Technology Foundation។ កម្មវិធី​នេះ​ត្រូវ​បាន​បង្កើត​ឡើង​តាំង​ពី​ដើម​ឆ្នាំ២០១៤ ដោយ​លោក Moxie Marlinspike និង​លោក Brian Acton ក្នុង​គោល​បំណង អភិវឌ្ឍ​កម្មវិធី​ឯកជនភាព​មួយ​ដោយ​ប្រើ​កូដ​បើក​ចំហ (open-source) ដើម្បី​ការពារ សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ និងធ្វើ​ឱ្យ​មាន​សុវត្ថិភាព​ក្នុង​ការ​ទំនាក់​ទំនង​ទូទាំង​សកល​លោក។

កម្មវិធី​នេះ​ ​ត្រូវ​បាន​គេ​ទទួល​ស្គាល់​ថា​មាន​សុវត្ថិភាព​បំផុត​ក្នុង​ចំណោម​កម្មវិធី​ផ្ញើ​សារ​ដែល​ពេញ​និយម​ដូចជា Facebook Massager,​ WhatsApp, Telegram ជា​ដើម។ល។ អ្វី​ដែល​ពិ​សេស​គឺ​វា​បាន​បំពាក់នូវមុខងារ​សុវត្ថិភាព ​កូដ​នីយកម្ម (End-to-End Encryption) ដោយ​ស្វ័យ​ប្រវត្តិ ដែល​អាច​ធា​នា​បាន​នូវ​សុវត្ថិភាព​និង​ឯក​ជន​ភាព​របស់​អ្នក​ប្រើ​ប្រាស់បាន។

Signal អាច​ឱ្យ​អ្នក​ធ្វើ​ការ​ផ្ញើ​សារ​ជា​អក្សរ ជា​សំ​ឡេង និង​អាច​ខល​វីឌី​អូ​បាន។ មិន​ខុស​ពី​កម្មវិធី​ផ្ញើ​សារផ្សេង​ទៀត​ដែរ អ្នក​ប្រើ​ប្រាស់​អាច​បង្កើត​ជា​ក្រុម​ ដែល​អាច​អញ្ជើញ​អ្នក​ចូល​រួម​តាម​រយៈ តំណ​ភ្ជាប់ (Group Link) បាន​រហូត​ដល់ ១០០០នាក់ និង​អាច​ធ្វើ​ការ​ខល​ជា​សំឡេង ឬ​វីឌីអូ និង​អាច​ចែក​រំលែក Screen (Screen Sharing) ដែល​អាច​អនុញ្ញាត​ឱ្យ​មាន​អ្នក​ចូល​រួម​បាន​រហូត​ដល់ ៤០នាក់​ផង​ដែរ។ តែ​សូម​ចាំ​ថា ការ​ខល​ជា​សំឡេង ឬ​វីឌីអូ នៅ​មិន​ទាន់​ដំណើរ​ការ​បាន​រលូន​នៅ​ឡើយ​ទេ និង​ទាម​ទារ​ឱ្យ​អ្នក និង​អ្នក​ចូល​រួម​ប្រើ​អ៊ីន​ធឺណិត​ដែល​មាន​ល្បឿន​លឿន។

រូប​ភាព​បង្ហាញ​ពីការបំលែង​សារ​ធម្មតា​ ទៅជា​កូដ ឬ End-to-end Encryption

ប្រភព៖ ssd.org

តើ SIGNAL អាច​ដំណើរ​ការ​លើ​ប្រព័ន្ធ​ប្រតិបត្តិការ​ណា​ខ្លះ?

Signal ជា​កម្មវិធី​សម្រាប់​ទូរសព្ទ​ដៃ​ដែល​អាច​ដំណើរ​ការ​បាន​ទាំង​នៅ​លើ​ទូរសព្ទ Android និង iOS។ វា​ក៏​អាច​ប្រើ​នៅ​លើ​កុំព្យូទ័រ​បាន​ផង​ដែរ ប៉ុន្តែ​អ្នកត្រូវ​តែ​ធ្វើ​ការដំឡើង​នៅ​លើ​ទូរសព្ទ​ជា​មុន​សិន។ ដើម្បី​អាច​ប្រើ​កម្មវិធី​នេះ​បាន​អ្នក​ត្រូវ​ចុះ​ឈ្មោះ​ដោយ​ប្រើ​លេខ​ទូរសព្ទ​របស់​អ្នក។

ហេតុ​អ្វី​អ្នក​គួរ​ប្រើ SIGNAL?

១- មាន​មុខងារ​កូដនីយកម្ម ឬ end-to-end encryption:
កម្មវិធី Signal បាន​ភ្ជាប់​មក​ជា​មួយ​នូវ​មុខ​ងារ​កូដនីយកម្ម​ដោយ​ស្វ័យ​ប្រវត្តិ។ នេះ​មាន​ន័យថា គ្មាន​អ្នក​ណា​ផ្សេង​អាច​អាន​ ឬ​ស្តាប់​ការ​សន្ទនា​របស់​អ្នក​នៅ​លើ Signal បាន​ទេ សូម្បី​តែ​ក្រុម​អ្នក​បង្កើត​កម្មវិធី​នេះ ក៏​មិន​អាច​ចូល​ទៅ​អាន ឬ​ស្តាប់​ការ​សន្ទនា​របស់​អ្នក​បាន​ដែរ។ ផ្ទុយ​ទៅ​វិញ​ប្រសិន​បើ​អ្នក​ធ្វើ​ការ​ទំនាក់​ទំនង​ធម្មតា​ដោយ​ធ្វើ​ការ ខល ឬ​ផ្ញើ​សារ​តាម​រយៈ​លេខ​ទូរសព្ទ​របស់​អ្នក នោះ​ក្រុម​ហ៊ុន​ទូរសព្ទ​នឹង​ដឹង​រាល់​ការ​សន្ទនា​ទាំង​នោះ។

២- ជា​កម្មវិធី​បើក​ចំហកូដ ឬ Open Source:
មាន​ន័យ​ថា គ្រប់​គ្នា​អាច​ចូល​ទៅ​ធ្វើ​ការ​ត្រួត​ពិនិត្យ​កូដ​ក្នុង​កម្មវិធី​នេះ​ដោយ​សេរី។

៣- ធ្វើ​សវនកម្ម​ផ្នែក​សុវត្ថិភាព (Security Audit):
កម្មវិធី Signal ក៏​ត្រូវ​បាន​ធ្វើ​សវនកម្ម​ផ្នែក​សុវត្ថិភាព ដោយ​ក្រុម​ឯក​រាជ្យ និង​ធ្វើ​ការ​បង្ហាញ​របាយការណ៍​នូវ​អ្វី​ដែល​ពួក​គេ​បាន​រក​ឃើញ​ជា​សាធារណៈ​ផង​ដែរ ដើម្បី​បង្ហាញ​ពី​តម្លាភាព និង​បញ្ជាក់​ថា​កម្មវិធី​ពិត​ជា​មាន​សុវត្ថិភាព​ដូច​អ្វី​ដែល​ពួក​គេ​បាន​អះ​អាង​ពិត​មែន។

៤- មិន​ប្រមូល និង​រក្សា​ទុក​ទិន្នន័យ​របស់​អ្នក​ប្រើ​ប្រាស់ៈ
Signal មិន​ដឹង​ថា​អ្នក​បាន​ទាក់​ទង​ទៅ​កាន់​អ្នក​ណា​ខ្លះ​ និង​ទាក់​ទង​នៅ​ពេល​ណា​ទេ។ ព័ត៌​មាន​ដែល​ SIGNAL​ ដឹង​ពី​អ្នក​ប្រើ​ប្រាស់​គឺ​មានតែព័ត៌មាន​អំពី​កាល​បរិច្ឆេទ​នៃ​ការ​ចុះ​ឈ្មោះ​បង្កើត​គណនី​ដំបូង​ និង​កាល​បរិច្ឆេទ​នៃ​ការប្រើ Signal ចុង​ក្រោយ​បង្អស់​តែ​ប៉ុណ្ណោះ។

កាល​ពី​ថ្ងៃ​ទី​២៩ ខែ​មីនា ឆ្នាំ​២០២១ការិយាល័យ​មេធាវី​របស់​សហរដ្ឋ​អា​មេ​រិក បាន​ធ្វើ​ការ​ស្នើ​សុំ​ទិន្នន័យ​ពី​អ្នក​ប្រើ​ប្រាស់​ SIGNAL​ ម្នាក់​ដែល​សង្ស័យ​ពាក់​ព័ន្ធ​នឹង​បទ​ល្មើស​ ព្រហ្ម​ទណ្ឌ​មួយ​ដើម្បី​ធ្វើ​ការ​ស៊ើប​អង្កេត​ជន​សង្ស័យ។ ដោយ​សារ​តែ  SIGNAL មាន​គោល​ការណ៍​មិន​រក្សា​ទុក​ទិន្នន័យ​និង​ព័ត៌​មាន​ផ្សេងៗ​របស់​អ្នក​ប្រើ​ប្រាស់​ ហើយ​ក៏​មិន​អាច​ចូល​មើល​សារ​ពី​ការ​សន្ទនា​ដែល​បាន​ អ៊ីន​គ្រីប​នៅ​លើ​ម៉ា​ស៊ីន​មេ (Server) របស់​ខ្លួន ដូច្នេះ​ SIGNAL​ ក៏​មិន​មាន​ទិន្នន័យ​ប្រគល់​ជូន​ទៅ​ការិយា​ល័យ​មេ​ធាវី​របស់​សហ​រដ្ឋ​អា​មេ​រិក​នោះ​ដែរ។ 

មាន​ករណី​ស្រ​ដៀង​គ្នា​នេះ​ដែរ​កាល​ពី​ឆ្នាំ​២០១៦ តុលា​ការ​នៃ​រដ្ឋ Virginia (Eastern District of Virginia) ក៏​ធ្លាប់​បាន​ស្នើ​សុំ​ទិន្នន័យ​ពី​អ្នក​ប្រើ​ប្រាស់​កម្មវិធី SIGNAL ដែរ តែ​ SIGNAL បាន​ឆ្លើយ​តប​ចំពោះ​ការ​ស្នើ​សុំ​នោះ​ដូច​គ្នា​នឹង​ការ​ស្នើ​សុំ​នា​ពេល​ថ្មីៗ​នេះ​ដែរ។

កម្ម​វិធី​នេះ​ក៏​ត្រូវ​បាន​ប្រើ​សម្រាប់​ការ​ទំនាក់​ទំនង​ប្រចាំ​ថ្ងៃ​របស់​អ្នក​កាសែត ​អ្នក​ធ្វើ​ការ​អំពី​បញ្ហា​សិទ្ធិ​មនុស្ស​ និង​អ្នក​នយោ​បាយ​ជាដើម ដើម្បី​រក្សា​ការ​សម្ងាត់​លើ​ការ​សន្ទនា​របស់​ពួក​គេ។ លោក​ Edward Snowden ដែល​ត្រូវ​គេ​ស្គាល់​ថា ​ជា​អ្នក​ធ្វើ​ឱ្យ​បែក​ធ្លាយ​ទិន្នន័យ​ពី​ការ​តាម​ដាន​ដោយ​សម្ងាត់​របស់​ទី​ភ្នាក់​ងារ​សន្តិ​សុខ​សហ​រដ្ឋ​អា​មេរិក(NASA) កាល​ពី​ឆ្នាំ២០១៣ បាន​បញ្ជាក់​នៅ​លើ​គេហ​ទំព័រ​ SIGNAL ថា គាត់​ប្រើ​កម្មវិធី SIGNAL ជា​រៀង​រាល់​ថ្ងៃ។

មុខងារ​សុវត្ថិភាព​លើ​កម្មវិធី Signal

១- មុខងារ​លុប​សារ​ដោយ​ស្វ័យ​ប្រវត្តិ (Disappearing message):
មុខងារ​នេះ ជា​មុខ​ងារ​មួយ​ដ៏​សំខាន់ ពិសេស​សម្រាប់​ក្រុម​មនុស្ស​ដែល​យល់​ថា រាល់​ការ​សន្ទនា​របស់​ពួក​គេ អាច​មាន​ហានិភ័យ​ត្រលប់​ទៅ​ពួក​គេ​វិញ។ មុខ​ងារ​លុប​សារ​ដោយ​ស្វ័យ​ប្រវត្តិ ឬ Disappearing message នឹង​ធ្វើ​ការ​លុប​សារ​ដែល​បាន​សន្ទនា​នៅ​លើ​កម្មវិធី Signal តាម​ពេល​វេលា​ដែល​អ្នក​បាន​កំណត់​បន្ទាប់​ពី​ដៃ​គូ​សន្ទនា​របស់​បាន​ឃើញ​សារ​នោះ។ បន្ទាប់​ពី​អ្នក​បាន​បើក និង​កំណត់​ពេល​វេលា​នៃ​ការ​លុប​សារ​នេះ​ហើយ រាល់​សារ​ដែល​អ្នក​បាន​សន្ទនា​រាប់​ចាប់តាំង​ពី​ពេល​វេលា​ដែល​អ្នក​បាន​កំណត់ និង​លុប​ចេញ​ពី​ទូរសព្ទ​របស់​អ្នក និង​ដៃ​គូ​សន្ទនា​របស់​អ្នក​តាម​ពេល​វេលា​ជាក់​លាក់​ដែល​បាន​កំណត់។

ការ​អនុវត្ត​ការ​លុប​សារ​នេះ​ ជា​ការ​លុប​បំបាត់​ភស្តុតាង​ទាំង​ឡាយ​ដែល​អ្នក​បាន​សន្ទនា​លើ​កម្មវីធីនេះ​ហើយ​គ្រប់​គ្នា​គួរ​បើក​មុខងារ​នេះ ដើម្បី​បន្ថែម​សុវត្ថិភាព​ក្នុង​ការ​ប្រើ​កម្មវិធី​ Signal។ ដើម្បី​បើក​មុខងារ​នេះ អ្នក​ត្រូវ​ចូល​ទៅ​កាន់ Settings (សញ្ញា​ចុច​បី) > នៅ​ផ្នែក​ខាង​លើ និង​ខាងស្តាំ ចុចលើ «Disappearing Messages»

២- ផ្ទៀង​ផ្ទាត់​លេខ​សុវត្ថិភាព (Verify Safety Number)
មុខងារ​នេះ​បង្កើត​ឡើង​ដើម្បី​ឱ្យ​អ្នក​ធ្វើ​ការ​ផ្ទៀង​ផ្ទាត់ ជា​មួយ​នឹង​ដៃ​គូ​សន្ទនា​របស់​អ្នក ដើម្បី​ឱ្យ​ប្រាកដ​ថា គេ​ពិត​ជា​មនុស្ស​ដែល​អ្នក​ចង់​ទាក់​ទង​មែន។ ពេល​ខ្លះ អ្នក​អាច​នឹង​ទទួល​បាន​សារ​ជូន​ដំណឹង​ថា​លេខ​សុវត្ថិភាព (Safety Number) អ្នក​ណា​ម្នាក់​បាន​ផ្លាស់​ប្តូរ នេះ​អាច​មក​ពី បុគ្គល​នោះ​ផ្លាស់​ប្តូរ​ទូរសព្ទ​ថ្មី ឬ​ពួក​គេ​បាន​លុប និង​ដំឡើង​កម្មវិធី Signal សា​ជា​ថ្មី​នៅ​លើ​ទូរសព្ទ​របស់​ពួក​គេ។

អ្នក​អាច​ធ្វើ​ការ​ផ្ទៀង​ផ្ទាត់​លេខ​សុវត្ថិភាព ជា​មួយ​អ្នក​ណា​ម្នាក់ ដោយ​ដំបូង​អ្នក​ត្រូវ​ស្វែង​រក​ដៃ​គូសន្ទនា​របស់​អ្នក  > ចុច​លើ​ឈ្មោះ​របស់​បុគ្គល​នោះ > ចុច​លើ View Safety Number។ ប្រសិន​បើ​អ្នក និង​ដៃ​គូ​សន្ទនា​របស់​អ្នក ឃើញ​លេខ​ដូច​គ្នា នោះ​មាន​ន័យ​ថា ការ​ទំនាក់​ទំនង​របស់​អ្នក​មាន​សុវត្ថិភាព​ហើយ ដូច្នេះ​អ្នក​អាច​ចុច​លើ​ពាក្យ Mark as Verify ដើម្បី​បញ្ជាក់​ថា អ្នក​បាន​ធ្វើ​ការ​ផ្ទៀង​ផ្ទាត់​ជា​មួយ​គេ​រួច​រាល់​ហើយ។ ការ​ធ្វើ​ការ​ផ្ទៀង​ផ្ទាត់​ជា​មួយ​ដៃ​គូ​សន្ទនា​នៅ​លើ​កម្មវិធី Signal ជា​ការ​អនុវត្ត​ផ្នែក​សុវត្ថិភាព​ដ៏​ល្អ ដើម្បី​ប្រាកដ​ថា អ្នក​ពិត​ជា​កំពុង​ធ្វើ​ សន្ទនា​ជា​មួយ​មនុស្ស​ដែល​អ្នក​ចង់​សន្ទនា​នោះ​មែន។

៣- បើក​មុខ​ងារ​ចាក់​សោ​ការ​ចុះ​ឈ្មោះ (Registration Lock)
ដូច​អ្នក​បាន​ដឹង​ហើយ​ថា កម្មវិធី Signal តម្រូវ​ឱ្យ​អ្នក​ចុះ​ឈ្មោះ​ដោយ​ប្រើ​លេខ​ទូរសព្ទ។ ប្រសិន​បើ​អ្នក​បាត់​បង់​សិទ្ធិ​ក្នុង​ការ​ប្រើ​ប្រាស់​លេខ​ទូរសព្ទ​របស់​អ្នក នោះ​អ្នក​ផ្សេង​អាច​យក​លេខ​របស់​អ្នក ទៅ​ចុះ​ឈ្មោះ​ប្រើ Signal បាន។ ការ​បើក​មុខ​ងារ​ចាក់​សោ​នេះ គឺ​ដើម្បី​ការ​ពារ​គណនី Signal របស់​អ្នក​ជា​មួយ​នឹង​លេខ​ទូរសព្ទ​ដែល​បាន​ប្រើ​នៅ​លើ​គណនី​នោះ ទោះ​បី​ជា​អ្នក​ផ្សេង​មាន​សិទ្ធិ​ក្នុង​ការ​ប្រើ​ប្រាស់​លេខ​ទូរសព្ទ​អ្នក ក៏​គេ​មិន​អាច​ប្រើ​លេខ​នោះ​ ទៅ​ចុះ​ឈ្មោះ​ម្តង​ទៀត​លើ​កម្មវិធី Signal បាន​ដែរ។

ដើម្បី​បើក​មុខ​ងារ​នេះ អ្នក​ត្រូវ​ចូល​ទៅ​កាន់ Settings > Account > Registration Lock > Enabled

បន្ទាប់​ពី​អ្នក​បើក​មុខ​ងារ​នេះ​ នោះ​Signal នឹង​តម្រូវ​ឱ្យ​អ្នក​វាយ​បញ្ចូល​លេខ​កូដ PIN ដែល​លេខកូដ​នេះ នឹង​ការ​ពារ​លេខ​ទូរសព្ទ​របស់​អ្នក ពី​ការ​ចុះ​ឈ្មោះ​ម្តង​ទៀត​លើ​ទូរសព្ទ​ថ្មី ដោយ​វា​នឹង​តម្រូវ​ឱ្យ​បញ្ចូល​លេខ​កូដ​នេះ​ឱ្យ​បាន​ត្រឹម​ត្រូវ មុន​នឹង​អ្នក​អាច​យក​លេខ​ទូរសព្ទ​នោះ​ទៅ​ចុះ​ឈ្មោះ​ម្តង​ទៀត។ សូម​រក្សា​ទុក​លេខ​កូដ​នេះ នៅ​កន្លែង​ដែល​មាន​សុវត្ថិភាព (យើង​ណែ​នាំ​ឱ្យ​រក្សា​ទុក​ក្នុង​កម្មវិធី​គ្រប់​គ្រង​ពាក្យ​សម្ងាត់)។ បន្ទាប់​ពី​អ្នក​បើក​មុខងារ​នេះ​ ម្តង​ម្កាល Signal នឹង​លោត​ផ្ទាំង​ដែល​តម្រូវ​ឱ្យ​អ្នក​វាយ​បញ្ចូល​លេខ​កូដ​PIN នេះ ដើម្បី​ជួយ​រំលឹក​អ្នក​កុំ​ឱ្យ​ភ្លេច​លេខ​កូដ​សុវត្ថិភាព​នេះ។

៤- បិទ​មុខងារ Link Preview
Link Preview នឹង​បង្ហាញ​មាតិកា​សង្ខេប រូប​ភាព​ និង​ចំណង​ជើង​នៃ​អត្ថបទ​ជា​ដើម ដែល​មានភ្ជាប់​មក​ជា​មួយ​តំណ​ភ្ជាប់​នៃ​អត្ថបទ​ណា​មួយ ដើម្បី​ផ្តល់​ភាព​ងាយ​ស្រួល និង​ផ្តល់​ព័ត៌មាន​ខ្លះ​អាច​ឱ្យ​អ្នក​ផ្សេង​អាច​យល់​បាន​ខ្លះ​ពី​ព័ត៌មាន​ដែល​បាន​ចែក​រំលែក​ នោះ។ Signal ផ្តល់​ជម្រើស​ដល់​អ្នក​ប្រើ​ប្រាស់​ក្នុង​ការ​ប្រើ​មុខងារ​នេះ។ ប៉ុន្តែ​បើ​យោង​តាម​ អ្នក​អភិវឌ្ឍ​កម្មវិធី​បាន​ឱ្យ​ដឹង​ថា នៅ​ពេល​ដែល​អ្នក​ប្រើ​ប្រាស់​ប្រើ​មុខងារ​នេះ ម្ចាស់​គេហទំព័រ​នៃ​តំណ​ភ្ជាប់​នោះ នឹង​ដឹង​ថា​អ្នក​បាន​ចែក​រំលែក​តំណ​ភ្ជាប់​នៅ​លើ Signal ចេញ​ពី​គេហទំព័រ​របស់​ពួក​គេ ដូច្នេះ​ដើម្បី​ឱ្យ​កាន់​តែ​មាន​សុវត្ថិភាព អ្នក​មិន​គួរ​បើក​មុខងារ​នេះ​ទេ។

អ្នក​អាច​បិទ​មុខងារ​នេះ​ដោយ​ចូល​ទៅ​កាន់ Settings > Chats > Generate link previews > Disabled

៥- បើក​មុខងារ​ក្តារ​ចុច​អនាមិក (Incognito Keyboard)
គ្រប់​ទូរសព្ទ តែង​តែ​ភ្ជាប់​មក​ជា​មួយ​នូវ​ក្តារ​ចុច ដើម្បី​ឱ្យ​អ្នក​អាច​សរសេរ​ភាសា​ផ្សេងៗ​បាន។ ឧទាហរណ៍​ដូច​ជា​ទូរសព្ទ Android ភាគ​ច្រើន​តែង​តែ​ភ្ជាប់​មក​ជា​មួយ​នូវ​ក្តារ​ចុច​របស់​ក្រុម​ហ៊ុន Google (Google’s keyboard)។ អ្នក​ត្រូវ​ដឹង​ថា ទោះ​បី​កម្មវិធី Signal មាន​សុវត្ថិភាព ប៉ុន្តែ​រាល់​អ្វី​ដែល​អ្នក​បាន​វាយ​បញ្ចូល​តាម​រយៈ​ក្តារ​ចុច​នោះ អាច​នឹង​ត្រូវ​បាន​ចែក​រំលែក​ទៅ​កាន់​ភាគី​ផ្សេង​ដែល​អ្នក​មិន​ដឹង។

សម្រាប់​អ្នក​ប្រើ Signal នៅ​លើ Android អ្នក​អាច​មាន​ជម្រើស​ក្នុង​ការ​បើក​មុខ​ងារ ក្តារ​ចុច​អនាមិក ឬ Incognito Keyboard ដែល​មុខ​ងារ​នេះ និង​មិន​ធ្វើ​ការ​សិក្សា​ពី​អ្វី​ដែល​អ្នក​បាន​វាយ​ចូល​ទៅ​ក្នុង​កម្មវិធី Signal តាម​រយៈក្តារ​ចុច​នៅ​លើ​ទូរសព្ទ​របស់​អ្នក​ទេ។

ដើម្បី​បើក​មុខ​ងារ​នេះ អ្នក​អាច​ចូល​ទៅ​កាន់ Settings > Privacy > Incognito keyboard > Enabled

៦- សុវត្ថិភាព​លើ​ឧបករណ៍​របស់​អ្នក
រាល់​ការ​ទំនាក់​ទំនង​នៅ​កម្មវិធី Signal មាន​សុវត្ថិភាព​តែ​នៅ​លើ​អ៊ីនធឺណិត​តែ​ប៉ុណ្ណោះ បញ្ហា​មួយ​ដែល​មុខងារ​សុវត្ថិភាព​មិន​អាច​ជួយ​បាន​គឺ សារ​នៅ​លើ​ឧបករណ៍​របស់​អ្នក។ រាល់​សារ​ដែល​បាន​ធ្វើ​កូដនីយកម្ម​ទាំង​អស់ និង​បំលែង​ទៅ​ជា​សារ​ធម្មតា អាច​អាន និង​ស្តាប់​បាន នៅ​ពេល​ដែល​វា​បាន​ផ្ញើ​មក​ដល់​ទូរសព្ទ ឬ​ឧបករណ៍​របស់​អ្នក ហើយ​ប្រសិន​បើ អ្នក​ផ្សេង​អាច​ប្រើ​ទូរសព្ទ​របស់​អ្នក​បាន នោះ​ពួក​គេ​ក៏​អាច​ចូល​មើល​សារ​ទាំង​នោះ​បាន​ដែរ។ ដូច្នេះ សុវត្ថិភាព​នៅ​លើ​ឧបករណ៍​របស់​អ្នក ពិត​ជា​សំខាន់ វិធី​សាស្រ្ត​មួយ​ដែល​សាមញ្ញា និង​មាន​ប្រសិទ្ធភាព​នោះ​គឺ​ការ​ចាក់​សោ​អេក្រង់ ត្រូវ​ប្រាកដ​ថា ឧបករណ៍​របស់​អ្នក​ត្រូវ​បាន​ការពារ​ដោយ​ការ​ចាក់​សោ​អេក្រង់ ហើយ​មានតែ​អ្នក​ទេ​ដែល​អាច​ដោះ​សោះ​នោះ​បាន។

មុខងារ​ផ្សេងៗ​ទៀត​ដែល​អ្នក​អាច​ប្រើ​បាន​ដូចជា បើក​មុខងារ​មួយ​ចំនួន​នៅ​ក្នុង Screen Lock ដោយ​ចូល​ទៅ​កាន់ Settings > Privacy > Screen lock > Enable។  កំណត់​ពេល​ចាក់​សោ នៅ​ពេល​ដែល​អ្នក​មិន​ប្រើកម្មវិធី​ (Screen lock inactivity timeout)។ បើក​មុខ​ងារ​កុំ​ឱ្យ​ថត​អេក្រង់ (Screen Security) ជា​ដើម។ល។

របៀប​ដំឡើង​ និង​ប្រើ​ប្រាស់​កម្មវិធី

ស្វែងយល់បន្ថែមពីកម្មវិធី Signal​

ប្រភពៈ