មុខងារថ្មីរបស់កម្មវិធី Signal (Signal PINs)

កាល​​ពី​ថ្ងៃទី១៩ ខែ​ឧសភា ថ្មីៗ​នេះ Signal​ បាន​ប្រកាស​ពី​មុខ​ងារ​ថ្មី​មួយ​ដែល​មាន​ឈ្មោះ​ថា Signal PIN។ Signal PIN តម្រូវ​ឱ្យ​អ្នក​ប្រើ​ប្រាស់​បង្កើត​លេខ​កូដ​សម្ងាត់​៤ខ្ទង់​ ឬ​វែង​ជាង​នេះ ដែល​លេខ​កូដ​នេះ នឹង​ធ្វើ​ការ​ចាក់​សោរ (Encrypt) ព័ត៌​មាន​សំខាន់ៗ​មួយ​ចំនួន​ដូចជា​ Profile (លេខ​ទូរស័ព្ទ ឈ្មោះ និង​រូប​តាំង) ការ​កំណត់​ផ្សេងៗ (Settings) និង​ទិន្នន័យ​អំពី​មនុស្ស​ដែល​អ្នក​ធ្លាប់​បាន​ប្លុក (Block List) ហើយ​រក្សា​ទុក​នៅ​លើ Sever របស់ Signal។

Signal PINs
  

ជា​រួម​មុខងារ​នេះ​ជួយ​ឱ្យ​អ្នក​ប្រើ​ប្រាស់​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​ផ្ទេរ​ព័ត៌មាន​ នៅ​ពេល​ដែល​ពួក​គេ​ប្តូរ​ទូរស័ព្ទ​ថ្មី និង​ជួយ​ការ​ពារ​គណនី Signal របស់​អ្នក​ឱ្យ​មាន​សុវត្ថិភាព​ជាង​មុន។

ហេតុ​អ្វី​បាន​ជា​ Signal​ ដាក់​មុខ​ងារ​នេះ​ឱ្យ​ប្រើ​ប្រាស់​?
Signal កំពុង​ដាក់​ឱ្យ​ប្រើប្រាស់​ Signal PIN នៅក្នុង​កម្មវិធី​កំណែ​ចុង​ក្រោយ​របស់​ខ្លួន។ Signal​ PIN​ គឺ​ផ្អែក​ទៅលើ Secure Value Recovery​ ដែល​ត្រូវ​បាន​ពិនិត្យ​មើល​នៅ​ក្នុង​ខែ​ធ្នូ​ឆ្នាំ២០១៩​ ដើម្បី​បើក​អោយ​មុខងារ​រក្សា​ទុក​ទិន្នន័យ​របស់​អ្នក​ដូចជា Profile ការ​កំណត់​លើ​ Setting​ អ្នក​ដែល​អ្នក​បាន​ប្លុក​ចោល​ អាច​ហៅ​មក​វិញ​ដោយ​សុវត្ថិភាព​នៅ​ពេល​ដែល​អ្នក​បាត់ ឬ​ប្តូរ​ទូរស័ព្ទ។ PIN នឹង​ជួយ​សម្រួល​មុខងារ​ថ្មី​ផង​ដែរ ដោយ​មិន​អាស្រ័យ​ទាំងស្រុង​នៅ​លើ​លេខទូរស័ព្ទ​ដូចមុន​នោះ​ទេ​ ដោយសារ​មុខងារ​រក្សា​លេខ​ទូ​រស័​ព្ធ​នេះ (System Address Book​) នឹង​លែង​ជា​មធ្យោបាយ​នៅក្នុង​ការ​រក្សា​បណ្តាញ​ទំនាក់ទំនង​របស់​អ្នក​ទៀតហើយ។

ប្រសិន​បើ​អ្នក​បាត់​ទូរស័ព្ទ​ ឬផ្លាស់​ប្តូរ​ទូរស័ព្ទ អ្នក​ក៏​ត្រូវ​ទាញ​យក តម្លើង និង​ចុះឈ្មោះ​ប្រើ Signal ជាមួយ​លេខទូរស័ព្ទ​ដដែល ដែល​ធ្លាប់​យក​ទៅចុះ​ឈ្មោះ​ប្រើ Signal ពីមុន​ម្តង​ទៀត។ ការប្រើ​ប្រាស់​នៅ​លើ​ទូ​ស័ព្ទ​ថ្មីនេះ​គឺ​អ្នក​ត្រូវ​បញ្ចូល​ និង​កំណត់​ថ្មី​ទាំងអស់ ដូចជា​ដាក់ Profile ថ្មី​ ជ្រើសរើស​រូប​តាំង​ម្តង​ទៀត ដាក់ឈ្មោះ​ម្តង​ទៀត និង​ការកំណត់​មុខ​ងារ​ផ្សេង​ៗទៀត​នៅក្នុង Setting​។

Signal យល់ថា​ ព័ត៌មាន និង​ទិន្នន័យ​ទាំងនោះ​ក៏​មាន​សារសំខាន់​ដែរ ដូច្នេះ Signal បាន​បង្កើត​មុខងារ Signal PIN ថ្មីនេះ​ឡើង​ ដែល​តម្រូវ​ឱ្យ​អ្នកប្រើ​ប្រាស់​ដាក់លេខ​កូដ (PIN​) យ៉ាងតិច៤ខ្ទង់​ដើម្បី​ចាក់សោ​ទិន្នន័យ​ទាំងនោះ និង​ធ្វើការ​រក្សាទុក​នៅ​លើ​ Server របស់ Signal​។ នៅពេល​ដែល​អ្នក​តម្លើង Signal នៅ​លើ​ទូរស័ព្ទ​ថ្មី ជាមួយ​លេខទូរស័ព្ទ​ដែល​ធ្លាប់​ប្រើ Signal ពីមុន នោះ​អ្នក​នឹង​មិន​ចាំបាច់ បំពេញ​ព័ត៌មាន និង​ធ្វើការ​កំណត់​ថ្មី​ម្តង​ទៀត​ទេ​ អ្នក​នឹង​ទទួល​បាន​ព័ត៌មាន និង​ការកំណត់​ដូច​ពីមុន​ឡើងវិញ​ដែល​គ្រាន់តែ​តម្រូវ​ឱ្យ​អ្នក​វាយ​លេខ​កូដ​ដែល​បាន​ដាក់​នោះ​ឱ្យ​បាន​ត្រឹមត្រូវ។

លើស​ពីនេះ អ្នកប្រើ​ប្រាស់​ក៏អាច​ប្រើ​លេខ​កូដ​ថ្មី​ ឬមុខងារ​ថ្មីនេះ ដើម្បី​បើកមុខ​ងារ​សុវត្ថិភាព​មួយទៀត​ដែល​មានឈ្មោះ​ថា Registration​ Lock​។ Registration​ Lock​ គឺជា​មុខងារ​ដែល​អាច​បន្ថែម​សុវត្ថិភាព​មួយ​ស្រទាប់​ទៀត​លើ​គណនី Signal​ អ្នក​ទាំងអស់គ្នា។ ដោយមុខ​ងារ​នេះ វា​ជួយការ​ពារ​មិន​ឱ្យ​អ្នកដទៃ​យក​លេខទូរស័ព្ទ​ដែល​អ្នក​កំពុង​ប្រើជា​មួយ​ Signal ទៅចុះ​ឈ្មោះ​ប្រើ Signal នៅ​លើ​ទូរស័ព្ទ​ថ្មី។

ប្រសិនបើ​មាន​អ្នក​ផ្សេង យក​លេខទូរស័ព្ទ​របស់​អ្នក​ទៅ​ប្រើ​ Signal​ លើ​ទូរស័ព្ទ​ថ្មី នោះ​តម្រូវ​ឱ្យ​អ្នកនោះ វាយ​លេខ​កូដ​ដែល​អ្នក​បាន​ដាក់ជា​មួយ Signal​ PIN ជាមុន​សិន។ បើ​វាយ​បញ្ចូល​លេខ​កូដ​មិន​ត្រឹមត្រូវ​ទេ ពួក​គេ​ក៏​មិន​អាច​ប្រើ​ Signal នៅ​លើ​ទូរស័ព្ទ​ថ្មី​នោះ​បាន​ដែរ។

ទោះបីជា​យ៉ាងណាក៏ដោយ មុខងារ Registration​ Lock មិន​អាច​ការពារ​គណនី​ Signal របស់​អ្នក​បាន​ជាអចិន្ត្រៃយ៍​នោះ​ទេ។ ​; អ្នក​ផ្សេង​នៅតែ​អាចយ​កលេខទូរស័ព្ទ​របស់​អ្នក​ ទៅចុះ​ឈ្មោះ​ប្រើ​ Signal នៅ​លើ​ទូរស័ព្ទ​ថ្មី​បាន បន្ទាប់ពី Signal​ របស់​អ្នក អសកម្ម ឬមិន​ប្រើ​ក្នុងរយៈពេល៧ថ្ងៃ។

ក្រុមហ៊ុន​ Signal បាន​អះអាង​ថា​ ​ពួក​គេ​មិន​អាច​ចូល​ទៅ​មើល ឬប្រើ​ព័ត៌មាន​ដែល​បាន​រក្សាទុក​នៅ​លើ Server របស់​ពួក​គេ​នោះ​បានទេ ដូច្នេះ ប្រសិនបើ​អ្នកប្រើ​ប្រាស់​ភ្លេច​លេខ​កូដ​សម្ងាត់​ ​ពួក​គេ​ក៏​មិន​អាច​ជួយ​បង្កើត​លេខ​កូដ​សម្ងាត់​ថ្មី​ជូន​វិញ​បាន​ដែរ។ ក្នុងករណី​នេះ ដើម្បី​អាច​ប្រើ​ Signal វិញ​បាន អ្នកប្រើ​ប្រាស់​ត្រូវ​រង់ចាំ​រយៈពេល៧ថ្ងៃ​ រហូតដល់ Registration Lock ផុតកំណត់។

ដើម្បី​ជួយ​អ្នកប្រើ​ប្រាស់​ក្នុង​ការ​ចងចាំ​លេខ​កូដ​សម្ងាត់​ Signal​ បាន​ដាក់មុខ​ងារ​រំលឹក​លេខ​កូដ​ដែល​តម្រូវ​ឱ្យ​អ្នកប្រើ​ប្រាស់​វាយ​លេខ​កូដ​សម្ងាត់​នោះ​ក្នុងរយៈ១២ម៉ោង​ ១ថ្ងៃ ៣ថ្ងៃ ៧ថ្ងៃ និង១៤ថ្ងៃ​ម្តង។ លេខ​កូដ​សម្ងាត់​នេះ​មាន​សារៈសំខាន់​ណាស់​ ហើយ​មុខងារ​រំលឹក​លេខ​កូដ​នេះ មិន​អាច​បិទ​បានទេ។ ប្រសិនបើ​អ្នក​វាយ​លេខ​កូដ​សម្ងាត់​នោះ​ត្រូវជា​ញឹកញាប់​ Signal នឹង​មិន​បង្ហាញ​ផ្ទាំង​រំលឹក​លេខ​កូដ​នោះ​ឱ្យ​អ្នក​វាយ​ញឹកញាប់​ដែរ។
Signal បញ្ជាក់​ថា​ Signal PIN មិន​រក្សាទុក​ការ​សន្ទនា​ផ្សេង​ៗរបស់​អ្នកប្រើ​ប្រាស់​ទេ​ ហើយ​នេះ​ក៏​ជាគោល​ការណ៍​របស់​កម្មវិធី Signal តាំងពីដើមមក​ដែរ។ ​

របៀប​បើក​មុខ​ងារ Signal PIN​
ប្រសិន​បើ​អ្នក​កំពុង​ប្រើ​ Signal​ នៅ​លើ​ទូរស័ព្ទ​ដៃ​របស់​អ្នក នោះ​អ្នក​ផ្ទាំង​មួយ​នៅ​លើ​អេក្រង់​ ដែល​តម្រូវ​ឱ្យ​អ្នក​​បង្កើត​លេខ​កូដ​យ៉ាង​តិច​៤ខ្ទង់។ ប៉ុន្តែ​បើ​អ្នក​ចង់​បង្កើត​លេខ​កូដ​ដែល​វែង​ អ្នក​អាច​ជ្រើស​រើស​យក​ CREATE​ ALPHANUMERIC PIN​។ ក្នុង​ករណី​ដែល​អ្នក​ចុះ​ឈ្មោះ​កម្មវិធី​ Signal​ ប្រើ​ជា​លើក​ដំបូង នោះ​ Signal​ នឹង​តម្រូវ​ឱ្យ​អ្នក​បង្កើត​ PIN​ ឬ​លេខ​កូដ​ជា​មុន​សិន។

របៀប​បើក​មុខងារ Registration Lock
ចូល​ទៅ​កាន់​ Sittings >​ Privacy >​ Signal PIN >​ Registration Lock

ប្រភព៖
https://signal.org/blog/signal-pins/
https://support.signal.org/hc/en-us/articles/360007059792-Signal-PINs
https://www.zdnet.com/article/signal-to-move-away-from-phone-numbers-as-user-ids/
https://www.theverge.com/2020/5/20/21264971/signal-pins-security-privacy-profile-devices
https://www.helpnetsecurity.com/2020/05/21/signal-pins/
https://thenextweb.com/apps/2020/05/21/signal-introduces-pins-to-safely-transfer-your-data-between-devices/