មាតិកា
អំពី OONI
Open Observatory of Network Interference (OONI) ជាគម្រោងបង្កើតឡើងក្នុងឆ្នាំ២០១២ ដោយអង្គការមិនស្វែងរកប្រាក់ចំណេញក្នុងគោលបំណង ដើម្បីពង្រឹងកិច្ចខិតខំប្រឹងប្រែង ក្នុងការចងក្រងឯកសារស្តីពីការរឹតត្បិត ការប្រើប្រាស់អ៊ីនធឺណិតទូទាំងសកលលោក។
រហូតមកដល់បច្ចុប្បន្ននេះ OONI បានបង្កើតកម្មវិធី OONI Probe ដែលជាកម្មវិធីសម្រាប់តាមដានការបិទខ្ទប់ គេហទំព័រ កម្មវិធីផ្ញើសារ និងកម្មវិធីអនាមិកលើអ៊ីនធឺណិត។ OONI Explore និង OONI API ក៏ជាផ្នែកមួយសំខាន់របស់OONI ដែលធ្វើការវិភាគ និងយកទិន្នន័យនៃលទ្ធផលពីការប្រើកម្មវិធី OONI Probe ភ្លាមៗ បង្ហាញជាសាធារណៈ។ Research Report ជាទំព័ររបាយការណ៍ ស្រាវជ្រាវពីលំហសេរីភាពអ៊ីនធឺណិតជាសកលរបស់ OONI ដែលបានចងក្រងឯកសារទៅតាមព្រឹត្តិការណ៍ជាក់ស្តែងដែលកើតឡើងនៅប្រទេសនីមួយៗ។
អ្វីជាកម្មវិធីOONI Probe?
OONI Probe ជាកម្មវិធីសម្រាប់តាមដានការបិទខ្ទប់នៅលើអ៊ីនធឺណិត។ កម្មវិធីនេះជាកម្មវិធី បើកចំហកូដ និងអាចប្រើបានដោយសេរីជាមួយទូរស័ព្ទ និងកុំព្យូទ័រ។
អ្នកអាចប្រើ OONI Probe ដើម្បីៈ
- ពិនិត្យមើលគេហទំព័រដែលត្រូវបានបិទខ្ទប់
- ពិនិត្យមើលកម្មវិធីផ្ញើសារដែលត្រូវបានបិទខ្ទប់ (WhatsApp, Facebook Messenger, Telegram, Signal)
- ពិនិត្យមើលកម្មវិធីអនាមិកលើអ៊ីនធឺណិត ដែលត្រូវបានបិទខ្ទប់ (Tor, Psiphon, RiseupVPN)
- ពិនិត្យមើលល្បឿនអ៊ីនធឺណិតដែលអ្នកកំពុងប្រើ។
អ្វីជា OONI Explorer និង OONI API?
បន្ទាប់ពីប្រើកម្មវិធី OONI Probe លទ្ធផលដែលចេញពីឧបករណ៍របស់អ្នក និងឧបករណ៍អ្នកផ្សេងទៀត នឹងដាក់បង្ហាញដោយស្វ័យប្រវត្តិ នៅលើ OONI Explorer។ លទ្ធផលនៃទិន្នន័យទាំងនេះ ជាទិន្នន័យបើកទូលាយ (Open Data) ហើយនឹងត្រូវដាក់បង្ហាញភ្លាមនៅលើ OONI Explore ជាសាធារណៈ ដើម្បីជាភស្តុតាងដែលអនុញ្ញាតឱ្យសាធារណជននៅជុំវិញពិភពលោក អាចធ្វើការតាមដាន អំពីស្ថានភាពនៃសេរីភាពអ៊ីនធឺណិតរបស់ប្រទេសណាមួយ ឬស្ថានភាពអ៊ីនធឺណិតក្នុងព្រឹត្តិការសំខាន់ៗនៃប្រទេសនីមួយៗ ឧទាហរណ៍ដូចជាស្ថានភាពអ៊ីនធឺណិតក្នុងពេលបោះឆ្នោត ឬក្នុងពេលធ្វើបាតុកម្មធំៗណាមួយជាដើម។ល។
អ្វីជា Research Report របស់ OONI?
OONI បានសហការជាមួយនឹងដៃគូរបស់ខ្លួន ធ្វើការស្រាវជ្រាវ និងចងក្រងឯកសារ អំពី ករណីនៃការរឹតត្បិតអ៊ីនធឺណិត ដែលកើតមានជុំវិញពិភពលោក ដើម្បីដាក់បង្ហាញ ការរកឃើញទាំងនោះជាសាធារណៈនៅក្នុងទំព័ររបាយការណ៍ស្រាវជ្រាវរបស់ខ្លួន។ របាយការណ៍ទាំងនេះមានគោលបំណងអនុញ្ញាតឱ្យអ្នកការពារសិទ្ធិមនុស្ស អ្នកកាសែត សកម្មជន និងមេធាវីជាដើម អាចប្រើប្រាស់ការរកឃើញទាំងនោះ ជាជំនួយបន្ថែមលើការងាររបស់ពួកគេ។
តើទិន្នន័យអ្វីខ្លះដែល OONI ប្រមូលយក និងដាក់បង្ហាញជាសាធារណៈ?
ទោះបី OONI បានបញ្ជាក់ថា ពួកគេព្យាយាមមិនប្រមូលទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់ក៏ដោយ ក៏នៅមានទិន្នន័យមួយចំនួនត្រូវបានប្រមូល និងមានព័ត៌មានមួយចំនួនត្រូវបានដាក់បង្ហាញជាសាធារណៈក្នុងគោលបំណងបង្ហាញពីការរឹតត្បិតអ៊ីនធឺណិត និងក៏ដើម្បីឱ្យ OONI ខ្លួនឯងអាចអភិវិឌ្ឍ និងកែប្រែចំណុចខ្វះខាតនៃកម្មវិធីរបស់ខ្លួនផងដែរ។ អ្នកអាចស្វែងយល់បន្ថែម ពីការប្រមូល និងប្រើប្រាស់ទិន្នន័យ នៅក្នុងទំព័រគោលនយោបាយទិន្នន័យរបស់ OONI។
ខាងក្រោមនេះជា ទិន្នន័យដែល OONI បានប្រមូល និងដាក់ផ្សាយជាសាធារណៈនៅពេលអ្នកប្រើកម្មវិធី OONI Probe:
- លេខកូដប្រទេស (ឧ. KH ជាលេខកូដប្រទេស កម្ពុជា)
- ព័ត៌មានអំពីបណ្តាញអ៊ីនធឺណិត រួមទាំងលេខកូដ ASN និងឈ្មោះក្រុមហ៊ុនអ៊ីនធឺណិតដែលអ្នកកំពុងប្រើ (ឧ. លេខកូដរបស់ក្រុមហ៊ុន Smart គឺ AS45498 – Smart Axiata Co., Ltd.)។ OONI បញ្ជាក់ថាពួកគេមិនបានប្រមូលយកទិន្នន័យពីអាស័យដ្ឋាន IP របស់អ្នកប្រើប្រាស់ទេ ហើយពួកគេថែមទាំងបានលុប IP របស់អ្នកប្រើប្រាស់ពីដាតាបេស (database) របស់ពួកគេថែមទៀតផង ដើម្បីជួយកាន់បន្ថយហានិភ័យ របស់អ្នក ប្រើប្រាស់ ក៏ប៉ុន្តែទិន្នន័យនេះ អាចនឹងត្រូវបានប្រមូលយកដោយចៃដន្យ ជាមួយនឹងគេហទំព័រដែលប្រើ HTTP។
- កាលបរិច្ឆេទដែលអ្នកបានដំណើរការកម្មវិធី OONI Probe។
អ្វីជាហានិភ័យដែលអ្នកគួរដឹង មុនពេលប្រើ OONI Probe?
- ប្រសិនបើអ្នកជាបុគ្គលដែលត្រូវបានគេតាមដាន នោះក្រុមហ៊ុនអ៊ីនធឺណិត ISP ឬរដ្ឋាភិបាល នឹងអាចដឹងថាអ្នកកំពុងប្រើកម្មវិធី OONI Probe។
- នៅពេលដែលអ្នកប្រើ OONI ដើម្បីពិនិត្យមើលបញ្ជីគេហទំព័រដែលបានបិទ OONI Probe នឹងធ្វើការភ្ជាប់ និងទាញយកទិន្នន័យពីគេហទំព័រជាច្រើន រួមទាំងគេហទំព័រមិនល្អ ឬគេហទំព័រដែលត្រូវបានហាមឃាត់មិនឱ្យចូលមើលផងដែរ។ ឧ. គេហទំព័រអាសអាភាស គេហទំព័រល្បែងស៊ីសង ឬគេហទំព័រជាក់លាក់ណាមួយជាដើម។ ដែលការចូលទៅកាន់គេហទំព័រទាំងនោះ អាចនឹងខុសច្បាស់ក្នុងប្រទេសមួយចំនួន (សម្រាប់ប្រទេសកម្ពុជា មិនទាន់មានច្បាប់ណាហាមឃាត់មិនឱ្យចូលទៅកាន់គេហទំព័រជាក់លាក់ណាមួយនៅឡើយទេ)។
- ទិន្នន័យនៃការវាស់វែងបណ្តាញអ៊ីនធឺណិតមួយចំនួន (network measurement data) ដែលបានប្រមូលដោយ OONI Probe គឺត្រូវបានដាក់ផ្សាយជាសាធារណៈ (សូមមើលចំណុចខាងលើពីការប្រមូល និងដាក់ផ្សាយទិន្នន័យជាសាធារណៈ) ដើម្បីបង្ហាញពីតម្លាភាពអំពីស្ថានភាពលំហអ៊ីនធឺណិត ជំរុញឱ្យមានការជជែកវែកញែកជាសាធារណៈ និងដើម្បីជួយគាំទ្រដល់ការស្រាវជ្រាវផ្សេងៗ។
តើត្រូវទាញយក និងតម្លើង OONI Probe លើទូរស័ព្ទដៃ និងកុំព្យូទ័រ យ៉ាងដូចម្តេច?
ការតម្លើងកម្មវិធី OONI Probe លើទូរស័ព្ទដៃ
OONI Probe អាចប្រើបានទាំងនៅលើទូរស័ព្ទដែលដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android និង iOS។ សម្រាប់អ្នកប្រើ Android អាចទៅទាញយកកម្មវិធីនៅក្នុង Play Store ឬ F-Droid ចំណែក iOS អាចទាញយកពី Apple Store។ ព័ត៌មានលម្អិតពីការតម្លើងកម្មវិធី កម្មវិធី OONI Probe លើទូរសព្ទ

ការតម្លើងកម្មវិធី OONI Probe លើកុំព្យូទ័រ
ប្រសិនបើអ្នកប្រើកុំព្យូទ័រដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Windows និង macOS សូមចូលទៅកាន់ https://ooni.org/install/desktop ដើម្បីទាញយក និងតម្លើងកម្មវិធី។ ដោយឡែកចំពោះអ្នកប្រើ ប្រព័ន្ធប្រតិបត្តិការ Linux សូមចូលទៅកាន់ https://ooni.org/install/cli/ubuntu-debian និងធ្វើតាមការណែនាំពីរបៀបតម្លើងកម្មវិធី។

តើត្រូវប្រើកម្មវិធី OONI Probe យ៉ាងដូចម្តេច?
បន្ទាប់ពីអ្នកបានតម្លើងកម្មវិធី OONI Probe រួចរាល់នៅលើឧបករណ៍របស់អ្នកហើយ អ្នកអាចចាប់ផ្តើមសាកល្បងប្រើ ដើម្បីធ្វើការពិនិត្យមើលស្ថានភាពអ៊ីនធឺណិតនៅក្នុងប្រទេសរបស់អ្នកបានហើយ។
របៀបប្រើ OONI Probe នៅលើទូរស័ព្ទ
នៅពេលដែលអ្នកបើកកម្មវិធី OONI Probe អ្នកនឹងឃើញ ផ្ទាំងមួយដែលបង្ហាញចំនុច៤គឺៈ
- Websites: មុខងារនេះ នឹងជួយឱ្យដឹងថា គេហទំព័រណាខ្លះដែលបានបិទ ដោយក្រុមហ៊ុនអ៊ីនធឺណិតដែលអ្នកកំពុងប្រើ។
- Instant Messaging: ទីនេះ OONI នឹងពិនិត្យមើលថា តើកម្មវិធីផ្ញើសារ ដែលមានដូចជា WhatsApp, Facebook Messenger, Telegram និង Signal មានកម្មវិធីណាខ្លះត្រូវបានបិទ មិនអាចប្រើបាន។
- Circumvention: ត្រង់ចំនុចនេះ នឹងបង្ហាញថាតើកម្មវិធី Tor, Psiphon និង RiseupVPN ត្រូវបានបិទខ្ទប់ឬអត់។
- Performance: អ្នកអាចពិនិត្យ និងតាមដានល្បឿនអ៊ីនធឺណិតរបស់អ្នកនៅទីនេះបាន។
ចុច Run ដើម្បីដំណើរការកម្មវិធី OONI Probe។ នៅពេលដែលអ្នកចុច Run មុខងារទាំង៤ខាងលើ និងចាប់ផ្តើមធ្វើការក្នុងពេលតែមួយ ប៉ុន្តែប្រសិនបើអ្នក ចង់ពិនិត្យមើលជាក់លាក់ អ្នកអាចចុចលើ មុខងារមួយៗ ដូចជា Website, Instant Messaging, Circumvention, Performance ជាជាងចុចលើពាក្យ Run។

OONI Probe និងដំណើរនៅលើឧបករណ៍របស់អ្នក ដោយអ្នកត្រូវចាំរហូតដល់ដំណើរវាបញ្ចប់។ រយៈពេលនៃដំណើរការ យឺត ឬលឿនអាស្រ័យលើ ចំនួនមុខងារដែលអ្នកដែលអ្នកជ្រើសរើស និងល្បឿនអ៊ីនធឺណិតដែលអ្នកកំពុងប្រើ។

ចំពោះការប្រើ OONI Probe នៅលើកុំព្យូទ័រ ក៏មិនខុសគ្នានឹងការប្រើនៅលើទូរស័ព្ទដែរ។ អ្នកអាចចូលទៅមើលពីរបៀប ប្រើលម្អិតនៅលើគេហទំព័ររបស់ OONI។
ប្រភព៖
– https://ooni.org/