រូបភាពៈ thunderbird.net
DigitalHub101 ធ្លាប់បានសរសេរអត្ថបទនៅក្នុងទំព័រកម្មវិធីសុវត្ថិភាព ដែលណែនាំកម្មវិធី Thunderbird សម្រាប់អ្នកដែលចង់ប្រើអ៊ីមែលសុវត្ថិភាពនៅលើកុំព្យូទ័រ។
ដូចអ្នកទាំងអស់គ្នាបានដឹងស្រាប់ហើយថា Thunderbird ជាកម្មវិធីអ៊ីមែលបើកចំហកូដ (Open Source) របស់ មូលនិធិ Mozilla (Mozilla Foundation)។ កម្មវិធីនេះអាចឱ្យអ្នកប្រើប្រាស់ ដាក់អ៊ីមែល របស់ពួកគេដូចជា Gmail, Yahoo ឬអ៊ីមែលស្ថាប័នជាដើម ចូលទៅក្នុងកម្មវិធីនេះចូល ដើម្បីអាចប្រើអ៊ីមែលទាំងនោះផ្ទាល់ចេញពីកម្មវិធីនេះ នៅលើកុំព្យូទ័ររបស់ពួកគេ។ មុខងារដែលសុវត្ថិភាពដ៏សំខាន់របស់កម្មវិធីនេះគឺ មុខងារកូដនីយកម្មនៅលើអ៊ីមែល ឬ End-to-End Encryption (E2E)។ ប៉ុន្តែ Thunderbird អាចប្រើបានតែនៅលើកុំព្យូទ័រតែប៉ុណ្ណោះ មិនអាចប្រើបាននៅទូរសព្ទដៃនោះទេ។
ស្រដៀងគ្នានឹងកម្មវិធី Thunderbird ដែរ K-9 Mail ជាកម្មវិធីបើកចំហកូដ និងមានមុខងារកូដនីយកម្មនៅលើអ៊ីមែលដែរ ប៉ុន្តែ K-9 Mail អាចប្រើបានតែនៅលើទូរសព្ទ Android តែប៉ុណ្ណោះ មិនអាចប្រើបាននៅលើកុំព្យូទ័រ និងនៅប្រព័ន្ធប្រតិបត្តិការផ្សេងទេ។
ការចូលរួមបញ្ចូលគ្នារវាងគម្រោងដែលផ្តល់មូលនិធិដោយសហគមន៍ (Community-Funded Project) ទាំងនេះ អាចជារឿងដ៏ល្អ ដែលផ្តល់ភាពងាយស្រួលដល់អ្នកប្រើប្រាស់នូវជម្រើសនៃការប្រើកម្មវិធីបើកចំហកូដ ដ៏គួរឱ្យទុកចិត្តមួយ បានទាំងនៅលើកុំព្យូទ័រ និងទូរសព្ទដៃរបស់ពួកគេ។ យោងតាមទំព័រ FQA របស់ Thunderbird បានលើកឡើងថា ពួកគេក៏កំពុងតែសិក្សាពីលទ្ធភាពក្នុងការដាក់កម្មវិធីថ្មីនេះសម្រាប់ទូរសព្ទដែលដំណើរការដោយប្រព័ន្ធប្រតិបត្តិការ iOS ផងដែរ។
សូមបញ្ជាក់ថា កម្មវិធី Thunderbird សម្រាប់ទូរសព្ទ Android នេះ មិនទាន់ដាក់ឱ្យទាញយកនៅលើ Play Store នៅឡើយទេ។ Thunderbird បានលើកទឹកចិត្តឱ្យអ្នកប្រើប្រាស់ សាកល្បង ឬបន្តប្រើកម្មវិធី K-9 Mail ដែលមានស្រាប់ មុននឹងក្រុមការងាររបស់ពួកគេដាក់កម្មវិធី Thunderbird ជាផ្លូវការនៅលើ Play Store សម្រាប់ទូរសព្ទ Android។