ធ្វើបច្ចុប្បន្នភាពចុងក្រោយ៖ 08/02/2021
អ៊ីមែលដែលយើងប្រើសព្វថ្ងៃគឺនៅមិនទាន់មានសុវត្ថិភាពល្អនោះទេ។ នៅពេលដែលអ្នកផ្ញើអ៊ីមែល សារបានធ្វើដំណើរឆ្លងកាត់កន្លែងជាច្រើន ដើម្បីធ្វើការតភ្ជាប់រវាងអ្នកផ្ញើ និងអ្នកទទួល។ ការតភ្ជាប់នេះនៅមានចន្លោះប្រហោងជាច្រើន ដែលអនុញ្ញាតឱ្យជនទី៣ អាចស្នាក់ចាប់អាន ឬផ្លាស់ប្តូរសារអ៊ីមែលរបស់អ្នកបាន។
នៅពេលដែលអ្នកអ៊ីនគ្រីបសារអ៊ីមែលរបស់អ្នក នោះអ្នកនឹងមានអត្តសញ្ញាណច្បាស់លាស់សម្រាប់អ៊ីមែលរបស់អ្នក ហើយអ្នកក៏ទទួលបានអត្តសញ្ញាណពិតប្រាកដមួយជាមួយនឹងមនុស្សដែលអ្នកទាក់ទងតាមរយៈអ៊ីមែលនោះដែរ។ អត្តសញ្ញាណរវាងអ្នកផ្ញើសារ និងអ្នកទទួលសារនេះគេឱ្យឈ្មោះថា Digital Signature ។ Digital Signature ជាវីធីសាស្រ្តមួយដែលអាចធានាថា អ្នកពិតជាទទួលបានសារពីអ្នកដែលបានផ្ញើអ៊ីមែលមកកាន់អ្នកមែន ហើយមនុស្សដែលទទួលអ៊ីមែលរបស់អ្នក ក៏ដឹងច្បាស់ថា អ្នកជាម្ចាស់នៃអ៊ីមែលដែលបានផ្ញើប្រាកដមែន។ ចំណែកឯការអ៊ីនគ្រីបអ៊ីមែល គឺការធានាថាសារមិនត្រូវបានអាន ឬផ្លាស់ប្តូរកំឡុងពេលបញ្ជូននៅលើអ៊ីនធឺណិត។
អ្វីជាកម្មវិធី Mozilla Thunderbird?
Mozilla Thunderbird ត្រូវបានដាក់ឱ្យប្រើប្រាស់ដំបូងតាំងពីថ្ងៃទី ២៨ មិថុនា ឆ្នាំ២០០៣ ដោយមូលនិធិ Mozilla (Mozilla Foundation) ដែលជាស្ថាប័នមិនស្វែងរកប្រាក់ចំណេញរបស់សហរដ្ឋអាមេរិក។
Mozilla Thunderbird ជាកម្មវិធីដែលមិនគិតថ្លៃ និងបើកចំហរ (Free and open-source software)។ អ្នកអាចតម្លើងកម្មវិធីនេះចូលទៅក្នុងកុំព្យូទ័ររបស់អ្នក និងភ្ជាប់អ៊ីមែលផ្ទាល់ខ្លួន (Gmail, Yahoo…) ឬអ៊ីមែលស្ថាប័នរបស់អ្នក (ឧ. info@digitalhub101.com)ជាដើម។ល។ តាមរយៈកម្មវិធីនេះ អ្នកមិនចាំបាច់ប្រើកម្មវិធីរុករក (Browser) ដើម្បីចូលទៅអានអ៊ីមែលរបស់អ្នកទេ។ កម្មវីធីនេះនឹងធ្វើការទាញ យក អ៊ីមែលរបស់អ្នកពីម៉ាស៊ីនមេ (Mail Server) មកដាក់ចូលក្នុងកុំព្យូទ័រអ្នក ហើយអ្នកអាចអានអ៊ីមែលទាំងនោះបាននៅលើកម្មវីធី Mozilla Thunderbird បានតែម្តង។ កម្មវិធីនេះមានតួនាទីដូចគ្នានឹងកម្មវិធី Microsoft Outlook របស់ក្រុមហ៊ុន Microsoft ដែរ។
តើអ្វីជាមុខងារអ៊ីនគ្រីបអ៊ីមែលជាមួយកម្មវិធី Thunderbird?
Thunderbird បានដាក់បញ្ចូលមុខងារអ៊ីនគ្រីបសារ នៅក្នុងកម្មវិធីរបស់ខ្លួនចាប់ពីជំនាន់ទី៧៨ ដែលបានដាក់ឱ្យប្រើប្រាស់កាលពីខែមិថុនា ឆ្នាំ២០២០។ ការដាក់បញ្ចូលនេះ ផ្តល់ភាពងាយស្រួលដល់អ្នកប្រើទូទៅ ដោយពួកគេមិនចាំបាច់តម្លើងកម្មវិធីបន្ថែមដូចជំនាន់មុនៗទេ។
មុខងារអ៊ីនគ្រីបសារអ៊ីមែល ឬ End-to-end-encryption (e2ee) ត្រូវបានប្រើដើម្បីធានាថាមានតែអ្នកផ្ញើ និងអ្នកទទួលសារប៉ុណ្ណោះដែលអាចអានសារនៅក្នុងអ៊ីមែលនោះបាន។ បើគ្មានការការពារបែបនេះទេ វាងាយស្រួលសម្រាប់អ្នកគ្រប់គ្រងបណ្តាញប្រព័ន្ធ (Network Administrator) អ្នកផ្តល់សេវាកម្មអ៊ីមែល (Email Provider) ក្រុមហ៊ុនផ្តល់សេវាកម្មអ៊ីនធឺណិត (ISP) ចោរនៅលើអ៊ីនធឺណិត (Hacker) ជាដើម អាចចូលអានសាររបស់អ្នកបានតាមមធ្យោបាយណាមួយ។
ការទាញយកកម្មវិធី Thunderbird
កម្មវិធី Thunderbird អាចប្រើបានទាំងនៅលើប្រព័ន្ធប្រតិបត្តិការ Windows និង Mac។ ក្នុងអត្ថបទនេះ DigitalHub និងបង្ហាញពីការតម្លើង និងប្រើប្រាស់កម្មវិធី Thunderbird នៅលើ Windows 10។
– ដើម្បីទាញយកកម្មវិធី អ្នកត្រូវចូលទៅកាន់គេហទំព័រ https://www.thunderbird.net > Free Download
– ចុចនៅលើពាក្យ Save File ដើម្បីរក្សាទុកកម្មវិធីនេះនៅលើកុំព្យូទ័ររបស់អ្នក
ការតម្លើងកម្មវិធី Thunderbird
– ចុចពីរដងជាប់គ្នា (Double Click) នៅលើឈ្មោះកម្មវិធីដែលបានទាញយករួចរាល់ ដើម្បីតម្លើងកម្មវិធី។
– ចុច Next
– ជ្រើសរើស Standard > ចុច Next
– ចុចលើប្រអប់ Use Thunderbird as my default mail application > ចុច Next (នៅក្នុងរូបខាងក្រោមបង្ហាញពាក្យ Upgrade ដោយសានៅក្នុងកុំព្យូទ័ររបស់ខ្ញុំបានតម្លើងកម្មវិធីនេះរួចរាល់ហើយ)
– អ្នកអាចជ្រើសរើស Reboot now ដើម្បីធ្វើការ Restart កុំព្យូទ័រ ឬ ជ្រើសរើស I want to manually reboot later ដើម្បីធ្វើការ Restart កុំព្យូទ័រនៅពេលក្រោយ > ចុច Finish
របៀបក្នុងការដាក់អ៊ីមែលចូលទៅក្នុងកម្មវិធី Thunderbird
បន្ទាប់ពីចុច Finish អ្នកនឹងឃើញផ្ទាំងបង្ហាញដូចខាងក្រោម ដែលផ្ទាំងនេះតម្រូវឱ្យអ្នកយកអ៊ីមែលដែលអ្នកមានស្រាប់ ដាក់ចូលទៅក្នុងកម្មវិធី Thunderbird។
- Your name: ឈ្មោះរបស់អ្នក
- Email address: អាសយដ្ឋានអ៊ីមែលរបស់អ្នកដែលមានស្រាប់
- Password: ពាក្យសម្ងាត់អ៊ីមែលរបស់អ្នក (ពាក្យសម្ងាត់នេះ មិនមែនជាពាក្យសម្ងាត់ថ្មីទេ ជាពាក្យសម្ងាត់ដែលអ្នកតែងតែប្រើដើម្បីចូលទៅកាន់អ៊ីមែលរបស់អ្នក ប្រសិនបើអ្នកចង់ដាក់អ៊ីមែលស្ថាប័នរបស់អ្នក តែមិនចាំពាក្យសម្ងាត់ អ្នកអាចសាកសួរបុគ្គលិកផ្នែកព័ត៌មានវិទ្យា ឬអ្នកគ្រប់គ្រងគេហទំព័រនៅស្ថាប័នរបស់អ្នកបាន ព្រោះពួកគាត់អាចជួយផ្លាស់ប្តូរពាក្យសម្ងាត់ថ្មីជូនអ្នកបាន)។
– បន្ទាប់មកចុចលើពាក្យ Continue
– ជ្រើសរើសយក IMAP (remote folders)។
IMAP មានន័យថាវានឹងធ្វើការថតចម្លងអ៊ីមែលរបស់អ្នកចូលទៅក្នុងកម្មវីធី Thunderbird ដោយមិនលុប អ៊ីមែលចេញពីម៉ាស៊ីនមេ (Server) ទេ។ ប្រសិនបើអ្នកជ្រើសរើស POP3 នោះមានន័យថា អ្នកនឹងទាញយកអ៊ីមែលចេញពីម៉ាស៊ីនមេ (Server) រួចលុបចោលអ៊ីមែលរបស់អ្នកចេញពី Server តែម្តង។
– ដោះសញ្ញាធីកចេញពី Always perform this check when starting Thunderbird > Set as Default
– បន្ទាប់មក អ្នកនឹងឃើញផ្ទាំងដូចខាងក្រោម ដែលមានន័យថា អ្នកបានដាក់អ៊ីមែលចូលទៅក្នុងកម្មវិធី Thunderbird ដោយជោគជ័យ និងអាចប្រើអ៊ីមែលនៅលើកម្មវិធីនេះបាន។
របៀបក្នុងការបើកមុខងារអ៊ីនគ្រីបអ៊ីមែល
– ចុចនៅលើឈ្មោះអ៊ីមែលរបស់អ្នក (info@digitalhub101.com ) > ចុចលើ End-to-end Encryption
– ចុចនៅលើពាក្យ Add Key…
– ជ្រើសរើសយក Create a new OpenPGP Key ប្រសិនបើអ្នកមិនដែលអ៊ីនគ្រីបអ៊ីមែលពីមុន។ អ្នកអាចជ្រើសរើសយក Import an existing OpenGPG Key ប្រសិនបើអ្នកធ្លាប់អ៊ីនគ្រីបអ៊ីមែលនេះពីមុន ហើយបានរក្សាទុក Private Key។
– អ្នកអាចជ្រើសរើសរយៈពេលនៃការផុតកំណត់លើ Key នេះបាន។ ក្នុងរូបខាងក្រោម យើងកំណត់រយៈពេល៣ឆ្នាំ ឬអ្នកក៏អាចកំណត់មិនឱ្យ Key នេះផុតកំណត់បានដែរ ដោយជ្រើសរើសយក Key does not expire
– បន្ទាប់មកចុច Generate Key
– ក្នុងរូបភាពខាងក្រោម វានឹងបញ្ជាក់អ្នកថា តើអ្នកពិតជាចង់បង្កើត Public Key និង Private Key សម្រាប់អ៊ីមែលដែលមានអាសយដ្ឋាន info@digitalhub101.com មែនទេ។ អ្នកត្រូវចុច លើពាក្យ Confirm ប្រសិនបើអាសយដ្ឋានអ៊ីមែលនេះត្រឹមត្រូវ។
– ត្រូវប្រាកដថា អ្នកបានជ្រើសរើសយក key ដែលទើបបង្កើតថ្មី > បន្ទាប់មកចុចលើ OpenPGP Key Manager
– បន្ទាប់ពីចុច OpenPGP Key Manager អ្នកនឹងឃើញរូបដូចខាងក្រោម
– ចុចនៅលើ File > Backup Secret Key(s) To File ដើម្បីធ្វើការរក្សាទុក (Backup) Private Key របស់អ្នក។
សូមចងចាំថា Secret Key គឺជា Key ផ្ទាល់ខ្លួនរបស់អ្នក អ្នកត្រូវរក្សាទុកឱ្យបានល្អ និងមិនត្រូវចែករំលែក ឬផ្ញើ Key នេះទៅឱ្យអ្នកផ្សេងនោះទេ។ ប្រសិនបើអ្នកផ្លាស់ប្តូរកុំព្យូទ័រ នោះអ្នកអាចប្រើ Key ដដែលនេះបាន។ ប្រសិនបើអ្នកបាត់ Secret Key ឬភ្លេចពាក្យសម្ងាត់ Key នេះ នោះអ្នកនឹងមិនអាចបើកមើលអ៊ីមែលអ៊ីនគ្រីបចាស់ៗបាននោះទេ។
– ស្វែងរកកន្លែងរក្សាទុក Secret Key (ក្នុងឧទាហរណ៍នេះ យើងរក្សាទុកនៅលើអេក្រង់ Desktop ដើម្បីងាយស្រួលក្នុងការបង្ហាញ។ អ្នកគួរតែស្វែងរកកន្លែងដែលមានសុវត្ថិភាពដើម្បីរក្សាទុក Secret Key នេះ)។
– បន្ទាប់ពីស្វែងរកកន្លែងរក្សាទុករួចហើយ ចុចលើពាក្យ Save
– Secret Key តម្រូវឱ្យអ្នកចាំបាច់ត្រូវតែដាក់ពាក្យសម្ងាត់ដើម្បីការពារ។ សូមប្រើពាក្យសម្ងាត់ដែលរឹងមាំ ឬអ្នកអាចប្រើកម្មវិធីរក្សាទុកពាក្យសម្ងាត់ដូចជា KeePassXC ជាដើម ដើម្បីបង្កើត និងរក្សាទុកពាក្យសម្ងាត់របស់អ្នក។
– បន្ទាប់ពីដាក់ពាក្យសម្ងាត់រួចរាល់ហើយ ចុច OK
– អូសចុះក្រោម រួចជ្រើសរើស Require encryption by default ដែលមានន័យថា អ្នកបានកំណត់យកការប្រើអ៊ីមែលអ៊ីនគ្រីប ដោយស្វ័យប្រវត្តិ។
– ជ្រើសរើសយក Add my digital signature by default ដែលអាចអនុញ្ញាតឱ្យអ្នកទទួលអ៊ីមែលរបស់អ្នក អាចផ្ទៀងផ្ទាត់ និងប្រាកដថា អ៊ីមែលដែលពួកគេទទួលបានពីអ្នក ពិតជាអ៊ីមែលរបស់អ្នកមែន។
របៀបផ្ញើ Public Key របស់អ្នកទៅឱ្យអ្នកផ្សេង
ដើម្បីអាចប្រើអ៊ីមែលដែលអ៊ីនគ្រីបបាន ដំបូងអ្នកចាំបាច់ត្រូវធ្វើការផ្លាស់ប្តូរ Public Key របស់អ្នកជាមួយអ្នកផ្សេងជាមុនសិន។ សូមបញ្ជាក់ថាការប្រើប្រាស់អ៊ីមែលដែលអ៊ីនគ្រីបនេះ បានតែជាមួយអ្នកដែលបានបើក/ភ្ជាប់ មុខងារអ៊ីនគ្រីបនេះតែប៉ុណ្ណោះ។ ចំពោះអ្នកដែលមិនបានបើក/ភ្ជាប់មុខងារនេះ អ្នកនៅតែអាចផ្ញើសារបានជាធម្មតា ប៉ុន្តែមិនមានការការពារឬចាក់សោរ នូវសារដែលអ្នកបានផ្ញើទេ។
– ចូលទៅកាន់ Write
– បន្ទាប់មកចូលទៅកាន់ Security > ជ្រើសរើសយក Do Not Encrypt
ដោយសារអ្នកបានកំណត់ប្រើអ៊ីមែលអ៊ីនគ្រីបដោយស្វ័យប្រវត្តិ ដូចនេះ អ្នកត្រូវដោះ អ៊ីនគ្រីបចេញសិន រួចផ្ញើអ៊ីមែលធម្មតា (មិនមានអ៊ីនគ្រីប) ដោយភ្ជាប់ជាមួយ Public Key ដោយជ្រើសរើសយក Attach My Public Key ដើម្បីផ្ញើ Public Key របស់អ្នកទៅឱ្យមនុស្សដែលអ្នកចង់ធ្វើការទំនាក់ទំនងតាមអ៊ីមែល។
– ចុច Send ដើម្បីផ្ញើអ៊ីមែល ប្រសិនបើមានផ្ទាំងលោតឡើងសួរអ្នកថា តើអ្នកភ្លេចភ្ជាប់ Attach file ឬ? នោះអ្នកត្រូវចុចលើពាក្យ No, Send Now ព្រោះអ្នកបានភ្ជាប់ (Attach) Public Key រួចរាល់ហើយ។
ដើម្បីអាចប្រើអ៊ីមែលអ៊ីនគ្រីបបាន អ្នកដែលអ្នកចង់ទាក់ទងក៏ត្រូវផ្ញើ Public Key របស់ពួកគេមកឱ្យអ្នកដូចគ្នា។ អ្នកត្រូវតែដាក់បញ្ចូល (Import) Public Key របស់ពួកគេចូលទៅក្នុង អ៊ីមែលរបស់អ្នកជាមុនសិន។ ហើយគេក៏ត្រូវតែដាក់បញ្ចូល (Import) Public Key របស់អ្នក ចូលក្នុងអ៊ីមែលគេដូចគ្នា។
– ចុចពីរដង (Double Click) លើ Public Key ដែលគេបានផ្ញើឱ្យអ្នក
– បន្ទាប់មករកកន្លែងរក្សាទុក Public Key នោះ រួចជ្រើសរើសយក Save File > OK
– ចុច Save
របៀបក្នុងការដាក់បញ្ចូល Public Key របស់អ្នកផ្សេងចូលទៅក្នុងអ៊ីមែលរបស់អ្នក
ចុចលើឈ្មោះអ៊ីមែលរបស់អ្នក > ចុចលើ Account Settings
– ចុចលើពាក្យ End-To-End Encryption > បន្ទាប់មកចុចលើ OpenPGP Key Manager
– ចុចលើ File > Import Public Key(s) From File
– ស្វែងរក Public Key របស់អ្នកផ្សេង ដែលអ្នកបានរក្សាទុក បន្ទាប់មកចុចលើ Public Key នោះ > Open
– ជ្រើសរើសយក Accepted (unverified) > OK
– ចុចនៅលើ View Details and manage key acceptance
– ជ្រើសរើសយកជម្រើសខាងក្រោមគេបំផុត Yes, I’ve verified in person this key has correct fingerprint ដែលមានន័យថា អ្នកប្រាកដថា Public Key នេះពិតជា Public Key របស់អ្នកដែលបានផ្ញើមកមែន > បន្ទាប់មកចុច OK
– បន្ទាប់មកអ្នកនឹងឃើញផ្ទាំងមួយលោតឡើង បញ្ជាក់ថា អ្នកបានដាក់បញ្ចូល (import) Public Key នោះបានដោយជោគជ័យ > ចុច OK
សាកល្បងផ្ញើអ៊ីមែលអ៊ីនគ្រីបជាលើកដំបូង
– ចូលទៅកាន់អ៊ីមែល បន្ទាប់មកបំពេញអាសយដ្ឋានអ្នកដែលអ្នកទើបនឹងបានផ្លាស់ប្តូរ Public Key > បន្ទាប់មកចុច Send
– សូមពិនិត្យមើលសញ្ញាដូចរូបខាងក្រោម ដែលនិមិត្តសញ្ញាទី១មានន័យថា អ៊ីមែលរបស់អ្នកបានកំណត់អត្តសញ្ញាណថាជាអ៊ីមែលរបស់អ្នក (Digital Signature) និងនិមិត្តសញ្ញាទី២មានន័យថា អ៊ីមែលរបស់អ្នកបានអ៊ីនគ្រីប។
– នៅពេលដែលអ្នកទទួលបានអ៊ីមែលដែលអ៊ីនគ្រីប អ្នកនឹងឃើញដូចរូបបង្ហាញដូចខាងក្រោម
កំណត់សម្គាល់
សូមកុំយល់ច្រឡំថា អ្នកនឹងក្លាយជាជនអនាមិកនៅលើអ៊ីនធឺណិត នៅពេលដែលអ្នកប្រើអ៊ីមែលដែលអ៊ីនគ្រីប។ ការអ៊ីនគ្រីបអ៊ីមែលគឺអាចការពារបានតែសារដែលអ្នកសរសេរនៅក្នុងអ៊ីមែលរបស់អ្នកតែប៉ុណ្ណោះ ឬនិយាយឱ្យស្រួលស្តាប់គឺប្រៀបបាននឹងការចាក់សោរប្រអប់សំបុត្ររបស់អ្នកអីចឹងដែរ។ អ្នកផ្សេងមិនអាចអានសារនៅក្នុងសំបុត្រនោះបានទេ តែពួកគេនៅតែមានលទ្ធភាពដឹងថា សារនោះផ្ញើចេញពីអ៊ីមែលណា ផ្ញើទៅកាន់អ្នកណា នៅពេលណា ថ្ងៃណា ខែណា ឆ្នាំណា ចេញពីទីកន្លែងណា ចេញពីកុំព្យូទ័រណា និងព័ត៌មានជាច្រើនទៀតដែលគេហៅថា Meta Data។
ប្រភព៖
- https://www.thunderbird.net/en-US/
- https://support.mozilla.org/en-US/kb/introduction-to-e2e-encryption
- https://blog.thunderbird.net/2019/10/thunderbird-enigmail-and-openpgp/