បើ​គណនី​ហ្វេសប៊ុក​របស់​អ្នក​ត្រូវ​បាន​គេ​លួច (Hack) តើ​ត្រូវ​យក​មក​វិញ​ដោយ​របៀប​ណា?

តើ​ត្រូវ​ធ្វើដូច​ម្តេច​ដើម្បីយក​គណនី​របស់​អ្នក​មក​វិញ ​ប្រសិន​បើ​គណនី​របស់​អ្នក​ត្រូវ​បាន​គេ លួច​យក​ទៅ​ប្រើប្រាស់?

  

ខាង​ក្រោម​នេះ ​ជា​ករណី​ដែល​បាន​កើត​ឡើង​ជាក់​ស្តែង​ទៅ​កាន់​អ្នក​ប្រើ​ប្រាស់​ម្នាក់ ដែល​គណនី​របស់​គាត់​ត្រូវ​បាន​គេ​លួច​ចូល​ប្រើ  បន្ទាប់​មក​ធ្វើការ​ប្តូរ​ពាក្យ​សម្ងាត់ ​អាស័យ​ដ្ឋាន​អ៊ីមែល និង​លេខ​ទូរស័ព្ទ​នៅ​លើ​គណនី​នោះ។

សូម​បញ្ជាក់​ថា ទោះ​បី​ជា​ក្រុម​ចោរ​អ៊ីធឺណិត (Hacker) បាន​លួច​យក​គណនី​ហ្វេស​ប៊ុក​គណនី​ខាង​លើទៅ​គ្រប់​គ្រង  ហើយ​​បាន​ប្តូរ​អ៊ីមែល និង​លេខ​ទូរស័ព្ទ​ក៏ដោយ ប៉ុន្តែ​ជន​រង​គ្រោះ នៅ​តែ​អាច​ចូល​ប្រើ​អ៊ីមែល​ចាស់ ដែល​របស់​គាត់​បាន  ព្រោះ​អ៊ីមែល​របស់​គាត់​មិន​ត្រូវ​បាន​គេ​លួច​យក​នោះ​ទេ។ ខាង​ក្រោម​នេះ យើង​នឹង​បង្ហាញ​ជំហាន​បន្ត​បន្ទាប់ ពី​របៀប​ក្នុង​ការ​ស្រោច​ស្រង់​គណនី​ហ្វេសប៊ុក​របស់​ជន​រង​គ្រោះ។

ជំហានទី១៖ ចូល​ទៅ​កាន់ facebook.com/hacked បន្ទាប់​ចុច​លើ ប៊ូតុង My account is compromised

ជំហានទី២៖ បន្ទាប់​មក អ្នក​នឹង​តម្រូវ​ឱ្យ​បំពេញ​ពាក្យ​សម្ងាត់ ដូច​បង្ហាញ​ក្នុង​រូប​ខាង​ក្រោម

– សូម​ធ្វើ​ការ​បញ្ចូល​ពាក្យ​សម្ងាត់​ចាស់​របស់​អ្នក ក្នុង​ប្រអប់ Current or old password
– បន្ទាប់​មក​ចុច​លើ​ប៊ូតុង Continue

ជំហានទី៣៖ ហ្វេស​ប៊ុក​នឹង​លោត​ផ្ទាំង​មួយ​ទៀត ប្រាប់​អ្នក​ថា​ ហ្វេស​ប៊ុក​កំណត់​ដឹង​ថា ហ្វេស​ប៊ុក​របស់​អ្នក​ត្រូវ​បាន​គេ​លួច​យក​ ហើយ​ពាក្យ​សម្ងាត់​របស់​អ្នក ត្រូវ​បាន​ប្តូរ​ថ្មី​កាល​ពី ២​ម៉ោង​មុន
ដូច្នេះ អ្នក​ត្រូវ​ចុច​លើ ប៊ូតុង Secure My Account ដូច​បង្ហាញ​ក្នុង​រូប​ខាង​ក្រោម។

ជំហានទី៤៖ ហ្វេស​ប៊ុក នឹង​បង្ហាញ​ផ្ទាំង​មួយ​ទៀត ប្រាប់​អ្នក​ថា ពួក​គេ​នឹង​ផ្ញើ​លេខ​កូដ​ ទៅ​កាន់​អ៊ីមែល​របស់​អ្នក។ ក្នុង​ករណី​នេះ ​អ៊ីមែល​នោះ​ផ្តើម​ឡើង​ដោយ​អក្សរ អេស s បញ្ចប់​ដោយ​លេខសូន្យ និង​ផ្តើម​ដោយ​អក្សរ​អូ o បន្ទាប់​ពី​សញ្ញា @ (s**************0@o******.com)។ សញ្ញា * តំណាង​ឱ្យ​តួ​អក្សរ​មួយៗ ដែល​នេះ​មិន​មែន​របស់​ជន​រង​គ្រោះ​ទេ វា​ជា​អ៊ីមែល​ថ្មី​របស់​ក្រុម​ចោរ ដែល​ពួក​គេ​ទើប​នឹង​បាន​ប្តូរ។

បើ​អ្នក​ប្រាកដ​ថា នេះ​មិន​មែន​ជា​អ៊ីមែល​របស់​អ្នក​ សូម​ចុច​លើ​ប៊ូតុង Try another way ដូច​រូប​បង្ហាញ​ខាង​ក្រោម។

ជំហានទី៥៖ បន្ទាប់​មក អ្នក​នឹង​ឃើញ​ផ្ទាំង​មួយ​ទៀត ដែល​ផ្ទាំង​ថ្មី​នេះ ផ្តល់​ជម្រើស​មួយ​បន្ថែម​ទៀត គឺ​ឱ្យ​អ្នក​បញ្ចូល​ពាក្យ​សម្ងាត់​របស់​អ្នក​ចូល (Enter password to login) ប៉ុន្តែ​ពាក្យ​សម្ងាត់​ហ្វេស​ប៊ុក​របស់​ជន​រង​គ្រោះ ត្រូវ​បាន​ផ្លាស់​ប្តូរ​ដោយ​ក្រុម​ចោរ​ទាំង​នោះ​រួច​ទៅ​ហើយ ដូច​នេះ យើង​មិន​អាច​ប្រើ​ជម្រើស​ថ្មី​នេះ​បាន​ទេ។

សូម​ចុច​លើ No longer have access to these ដូច​បង្ហាញ​ក្នុង​រូប​ខាង​ក្រោម។

ជំហានទី៦៖ បន្ទាប់​មក​ហ្វេស​ប៊ុក​នឹង​បង្ហាញ​ផ្ទាំង​ថ្មី​មួយ​ទៀត ដែល​ផ្ទាំង​នេះ នឹង​អនុញ្ញាត​ឱ្យ​អ្នក​បញ្ចូល​អ៊ីមែល​ថ្មី​បាន​។ សូម​បញ្ជាក់​ថា ​អ៊ីមែល​ថ្មី​ដែល​អ្នក​នឹង​បញ្ចូល​នេះ ជា​អ៊ីមែល​ដែល​មិន​ធ្លាប់​យក​ទៅ​ចុះ​ឈ្មោះ​ប្រើ​ជា​មួយ​គណនី​ហ្វេស​ប៊ុក​ណា​មួយ​នោះ​ទេ។

សូម​ធ្វើ​តាម​ការ​ណែ​នាំ​តាម​ផ្ទាំង​ថ្មី​នេះ ដោយ​ចុច​លើ​ប៊ូតុង Start ដូច​រូប​ខាង​ក្រោម។

ជំហានទី៧៖ ដូច​អ្វី​ដែល​យើង​បាន​លើក​ឡើង​ខាង​លើ អ្នក​នឹង​តម្រូវ​ឱ្យ​បញ្ចូល​អ៊ីមែល​ថ្មី​មួយ ដែល​អ៊ីមែល​នេះ មិន​ធ្លាប់​ប្រើ​ជា​មួយ​គណនី​ហ្វេសប៊ុក​ណា​ផ្សេង​ទេ។

បន្ទាប់​ពី​អ្នក​បញ្ចូល​អ៊ីមែល​ថ្មី ហ្វេស​ប៊ុក​នឹង​ផ្ញើ​លេខ​កូដ ទៅ​កាន់​អ៊ីមែល​នោះ ដូច្នេះ​អ្នក​ត្រូវ​ប្រាកដ​ថា អ្នក​មាន​សិទ្ធិ​គ្រប់​គ្រង​ និង​អាច​បើក​មើល​អ៊ីមែល​នោះ​បាន។

សូម​បញ្ចូល​អ៊ីមែល​ថ្មី​របស់​អ្នក​ក្នុង​ប្រអប់ New email > បន្ទាប់​មក​ចុច​លើ​ប៊ូតុង Get code ដូច​រូប​ខាង​ក្រោម។

ជំហានទី៨៖ បន្ទាប់ ហ្វេស​ប៊ុក​តម្រូវ​ឱ្យ​អ្នក​បញ្ជាក់​ថា គណនី​ដែល​អ្នក​កំពុង​តែ​ព្យាយាម​យក​មក​វិញ​នេះ ជា​គណនី​របស់​អ្នក​ពិត​ប្រាកដ​មែន​។ ដើម្បី​បញ្ជាក់​អត្តសញ្ញាណ​នេះ ហ្វេស​ប៊ុក​ផ្តល់​ឱ្យ​អ្នក​នូវ​ជម្រើស​២​គឺ៖

  • ជម្រើស​ទី​១ (Send code to old phone or email): ហ្វេស​ប៊ុក​នឹង​ផ្ញើ​លេខ​កូដ​ទៅ​កាន់ អ៊ីមែល ឬ​លេខ​ទូរស័ព្ទ​ចាស់ ដែល​អ្នក​បាន​ប្រើ​ជា​មួយ​ហ្វេស​ប៊ុក​របស់​អ្នក​នៅ​ពេល​មុន គឺ​មុន​ពេល​ដែល​ក្រុម​ចោរ ប្តូរ​ព័ត៌មាន​ទាំង​នោះ។

ជម្រើស​ទី​២ (Upload ID): អ្នក​ត្រូវ​ផ្ញើ​អត្តសញ្ញាណ​ប័ណ្ណ ឬ​លិខិត​ឆ្លង​ដែន ជា​ដើម​ទៅ​ឱ្យ​ហ្វេស​ប៊ុក ដើម្បី​ឱ្យ​ហ្វេសប៊ុក​ធ្វើ​ការ​ផ្ទៀង​ផ្ទាត់ ថា​គណនី​នេះ ជា​គណនី​ពិត​ប្រាកដ​របស់​អ្នក​មែន។

សូម​មើល​រូប​ខាង​ក្រោម។

ជំហានទី៩៖ បន្ទាប់​ពី​ជន​រង​គ្រោះ​ជ្រើស​រើស​ជម្រើស​នេះ ហ្វេស​ប៊ុក​នឹង​បង្ហាញ​ព័ត៌​មាន​លេខ​ទូរស័ព្ទ និង​អ៊ីមែល​ ដែល​អ្នក​ធ្លាប់​បាន​ប្រើ​ពីមុន​។ ករណី​នេះ​ ជន​រង​គ្រោះ​បាន​ប្រើ​លេខ​ទូរស័ព្ទ​ចំនួន​២​ប្រព័ន្ធ និង​អាស័យ​ដ្ឋាន​អ៊ីមែល​មួយ។​ ជន​រង​គ្រោះ ​បញ្ជាក់​ថា​ លេខ​ទូរស័ព្ទ ​និង​អ៊ីមែល​ដែល​បាន​បង្ហាញ​ដូច​រូប​ខាង​ក្រោម ពិត​ជា​លេខ​ទូស័ព្ទ និង​អ៊ីមែល​របស់​គាត់​មែន។
​គាត់​ជ្រើស​រើស​យក​ជម្រើស​ទី​មួយ ដោយ​សារ​លេខ​ទូរស័ព្ទ​នេះ​ កំពុង​នៅ​ជាប់​នឹង​គាត់​ស្រាប់ បន្ទាប់​មក​ចុច​លើ​ប៊ូតុង Next ដូច​រូប​ខាង​ក្រោម។

ជំហានទី១០៖ ហ្វេសប៊ុក នឹង​បង្ហាញ​ផ្ទាំង​ថ្មី​មួយ​ទៀត បញ្ជាក់​ថា​ពួក​គេ​បាន​ផ្ញើ​លេខ​កូដ ទៅ​កាន់​អាស័យ​ដ្ឋាន​អ៊ីមែល​ថ្មី ដែល​អ្នក​បានបំពេញ​ក្នុង​ជំហាន​ទី៦ ដូច​រូប​ខាង​ក្រោម។ សូម​ទៅ​ពិនិត្យ​មើល​លេខ​កូដ​ពី​ក្នុង អ៊ីមែល នោះ ប្រសិន​បើ​អ្នក​រក​មិន​ឃើញ​លេខ​កូដ​នៅ​ក្នុង ​ប្រអប់​សារ ឬ inbox សូម​ស្វែង​រក​នៅ​ក្នុង folder ផ្សេង​ដូច​ជា​នៅ​ក្នុង spam ជា​ដើម។

ជំហានទី១១៖ បន្ទាប់​ពី​អ្នក​បំពេញ​លេខ​កូដ​រួច​ហើយ អ្នក​នឹង​ទទួល​បាន​អ៊ីមែល​មួយ​ទៀត​ពី​ហ្វេសប៊ុក តម្រូវ​ឱ្យ​អ្នក​ធ្វើ​ការ​ផ្លាស់​ប្តូរ​ពាក្យ​សម្ងាត់​ថ្មី។ សូម​ទៅ​ពិនិត្យ​មើល​អ៊ីមែល​របស់​អ្នក​ម្តង​ទៀត និង​ចុច​លើ ប៊ូតុង Reset password ដូច​រូប​ខាង​ក្រោម​ដើម្បី​ធ្វើ​ការ​ផ្លាស់​ប្តូរ​ពាក្យ​សម្ងាត់ ហ្វេស​ប៊ុក​របស់​អ្នក។

ជំហានទី១២៖ ចុង​ក្រោយ អ្នក​នឹង​ទទួល​បាន​សារ មួយ​ទៀត​បញ្ជាក់​ពី​ទីតាំង​ដែល ចូល​ប្រើ ហ្វេស​ប៊ុក​របស់​អ្នក។ ករណី​នេះ​ ទី​តាំង​របស់​ជន​រង​គ្រោះ​គឺ នៅ​ក្រុង​ព្រះ​សីហនុ (Sihanoukville (city), Cambodia)។ សូម​ចុច​លើ ប៊ូតុង This was me ដូច​រូប​ខាង​ក្រោម ដើម្បី​បញ្ជាក់​ថា ពិត​ជា​អ្នក​មែន។ បន្ទាប់​ពី​នេះ ជន​រង​គ្រោះ​ អាច​យក​គណនី​ហ្វេសប៊ុក​របស់​គាត់​មក​ប្រើ​វិញ​បាន​ហើយ។

វិធី​សាស្រ្ត​ដ៏​ល្អ ដើម្បី​ការ​ពារ​គណនី​ហ្វេស​ប៊ុក​ពី​ការ​វាយ​ប្រហារ ឬ​លួច​យក​ពី​ក្រុម​ចោរ​លើ​អ៊ីន​ធឺណិត ឬ​ពី​ជន​ណា​មួយ​ គឺ​ការ​បើក​មុខ​ងារ​សុវត្ថិភាព​ការ​ពារ​ពីរ​ជាន់ ឬ Two-Factor Authentication (2FA)។ សូម​បើក​មុខ​ងារ​នេះ ដើម្បី​ការ​ពារ​គណនី​ហ្វេស​ប៊ុក​របស់​អ្នក។

មើល​ពី​របៀប​ក្នុង​ការ​បើក​មុខ​ងារ Two-Factor Authentication (2FA) នៅ​លើ​ហ្វេស​ប៊ុក។

ធ្វើ​បច្ចុប្បន្ន​ភាព​ថ្ងៃ​ទី០៧ ខែ​សីហា ឆ្នាំ២០២៣

ចុចទីនេះ ដើម្បីទាញយកអត្ថបទនេះ​ជា PDF