Image by mohamed Hassan from Pixabay
Virtual Private Network (VPN) គឺជាបណ្តាញឯកជនសិប្បនិម្មិត ដែលអាចជួយការពារឯកជនភាព និងសុវត្ថិភាពនៅលើអ៊ីនធឺណិតរបស់អ្នកបានយ៉ាងច្រើន។
នៅថ្ងៃទី 28 ខែមេសា រដ្ឋាភិបាលឥណ្ឌា បានបញ្ជាក្រុមហ៊ុន VPN ឱ្យប្រមូល និងរក្សាទុកទិន្នន័យមួយចំនួនរបស់អ្នកប្រើប្រាស់ VPN រហូតដល់៥ឆ្នាំ និងត្រូវប្រគល់ទិន្នន័យទាំងនោះទៅឱ្យរដ្ឋាភិបាលប្រសិនបើមានការស្នើសុំ។ ករណីដែលក្រុមហ៊ុនណាមិនអនុវត្តតាម ពួកគេនឹងប្រឈមនឹងការអនុវត្តផ្នែកផ្លូវច្បាប់ ដូចជាការផាកពិន័យ ឬរហូតដល់ជាប់ពន្ធនាគារផង។
ទិន្នន័យដែលខាងរដ្ឋាភិបាលតម្រូវឱ្យក្រុមហ៊ុន VPN ធ្វើការប្រមូលយក និងរក្សាទុកនោះរួមមាន ឈ្មោះ អាសយដ្ឋាន លេខទំនាក់ទំនង អ៊ីមែល និងអាស័យដ្ឋាន IP របស់អ្នកប្រើប្រាស់។
ក្រុមហ៊ុន VPN មួយចំនួនកំពុងព្យាយាមធ្វើយ៉ាងណា ដើម្បីឱ្យពួកគេអាចដំណើរការនៅក្នុងប្រទេស ដោយមិនអនុវត្តតាមការណែនាំថ្មីនេះ ប៉ុន្តែក្រុមហ៊ុនភាគច្រើនកំពុងតែពិចារណា ក្នុងការដកម៉ាស៊ីនមេ (Sever) របស់ពួកគេ ចេញពីប្រទេសឥណ្ឌា។
ទោះយ៉ាងណាក៏ដោយ បើទោះបីជាក្រុមហ៊ុនមួយចំនួនអនុវត្តតាមការណែនាំរបស់រដ្ឋាភិបាល ក៏ក្នុងករណីខ្លះ ពួកគេមិនអាចប្រគល់ទិន្នន័យតាមការស្នើសុំរបស់រដ្ឋាភិបាលបានដែរ ព្រោះ VPN តែងតែមិនរក្សាទុកទិន្នន័យរបស់អ្នកប្រើប្រាស់ច្រើន និងក្នុងរយៈពេលយូរបែបនេះទេ។
ទន្ទឹមនឹងនេះដែរ ក្រុមហ៊ុនភាពយន្តធំៗ ដូចជាក្រុមហ៊ុម Millennium និង Voltage ជាដើម បានចោទប្រកាន់ថា VPN បានអនុញ្ញាតឱ្យអ្នកប្រើប្រាស់ធ្វើសកម្មភាពខុសច្បាប់មួយចំនួន ទាក់ទងនឹងការរំលោភលើសិទ្ធិអ្នកនិពន្ធ។ កាលពីខែមីនា ក្រុមហ៊ុនភាពយន្តចំនួន ២៦ បានធ្វើការចោទប្រកាន់ប្រឆាំងនឹងក្រុមហ៊ុន ExpressVPN និង Private Internet Access (PIA) ដែលជាក្រុមហ៊ុនផ្តល់សេវាកម្ម VPN លើបញ្ហាការរំលោភលើសិទ្ធិអ្នកនិពន្ធនេះ។
ប្រភព៖