រូបភាពៈ Freepik.com
អ្នកត្រូវដឹងថា គ្រប់ឧបករណ៍ទាំងអស់ដែលបានភ្ជាប់ទៅកាន់អ៊ីនធឺណិត មានអាស័យដ្ឋានសម្គាល់អត្តសញ្ញាណរបស់ខ្លួនមួយ ដែលត្រូវបានគេហៅថា Internet Protocol (IP) ឬអាស័យដ្ឋាន IP។ អាស័យដ្ឋាន IP នេះ ប្រៀបបាននឹងអាស័យដ្ឋានផ្ទះ ឬអាស័យដ្ឋានការិយាល័យកន្លែងធ្វើការរបស់អ្នកអីចឹង ហើយវាត្រូវបានកំណត់ និងគ្រប់គ្រងដោយ ក្រុមហ៊ុនអ៊ីនធឺណិត (ISP) ។
ទោះបីទីតាំងកំណត់ដោយ IP មិនសុក្រឹត១០០% នៃទីតាំងពិតប្រាកដរបស់អ្នកក៏ដោយ ក៏អ្នកដែល មើលឃើញអាស័យដ្ឋាន IP របស់អ្នក អាចប្រើវាដើម្បីស្វែងរកទីតាំងប្រហាក់ប្រហែលបានដែរ។ ទីតាំងតាមរយៈអាស័យដ្ឋាន IP កាន់តែមានភាពសុក្រឹតប្រសិនបើអ្នកកំពុងប្រើអ៊ីនធឺណិតនៅក្នុងទីក្រុង ឬទីប្រជុំជន។
អ្នកអាចត្រួតពិនិត្យមើលព័ត៌មានដែលទាក់ទងនឹងអាស័យដ្ឋាន IP របស់អ្នក ដោយចូលទៅកាន់ចូលទៅកាន់គេហទំព័រ www.iplocation.net។
នៅពេលដែលអ្នកភ្ជាប់អ៊ីនធឺណិតនៅកន្លែងណាមួយ ដូចជានៅកន្លែងធ្វើការរបស់អ្នក ហាងកាហ្វេ សណ្ឋាគារ ព្រលានយន្តហោះ និងទីកន្លែងផ្សេងទៀត អ្នកគ្រប់គ្រងWi-Fi ក្រុមហ៊ុនអ៊ីនធឺណិត (ISP) និងក្រុមអ្នកវាយប្រហារនៅលើអ៊ីនធឺណិត(Hacker)ជាដើម នឹងដឹងរាល់គេហទំព័រដែលអ្នកបានចូលទៅមើល កម្មវិធីដែលអ្នកបានប្រើ និងព័ត៌មានជាច្រើនផ្សេងទៀត(metadata) នៃសកម្មភាពនៅលើអ៊ីនធឺណិតរបស់អ្នក តាមរយៈអាស័យដ្ឋាន IP នេះឯង។ អាស័យដ្ឋាន IP ជាអ្នកបញ្ជាក់អំពីទីតាំង និងថែមទាំងអាចប្រើដើម្បីកំណត់សម្គាល់អំពីអត្តសញ្ញាណរបស់អ្នកបានផងដែរ ដូច្នេះការការពារអាស័យដ្ឋាន IP ពិតជាមានសារសំខាន់សម្រាប់ការពារឯកជនភាព និងសុវត្ថិភាពនៅលើអ៊ីនធឺណិតរបស់អ្នក។
កម្មវិធី VPN បង្កើតឡើងដើម្បីធ្វើការផ្លាស់ប្តូរ អាស័យដ្ឋាន IP ពិតប្រាកដរបស់អ្នក និងជួយអ៊ីនគ្រីប ឬធ្វើកូដនីយកម្មចរាចរណ៍អ៊ីនធឹណិតរបស់អ្នក។ នៅក្នុងការអនុវត្តជាក់ស្តែង VPN អាចជួយការពារៈ
- ពីការលួចតាមដាននៅលើអ៊ីនធឹណិត ជាពិសេសនៅពេលដែលអ្នកភ្ជាប់ទៅកាន់អ៊ីនធឺណិតដែលមិនមានសុវត្ថិភាព ដូចជាអ៊ីនធឺណិតនៅហាងកាហ្វេ ទីសាធារណៈ សណ្ឋាគារ និងព្រលានយន្តហោះជាដើម។
- ជួយឱ្យអ្នកអាចចូលទៅកាន់គេហទំព័រ ឬមាតិកាដែលបានបិទខ្ទប់ នៅលើបណ្តាញអ៊ីនធឺណិតរបស់អ្នក ឬនៅក្នុងប្រទេសណាមួយជាក់លាក់។ ឧទាហរណ៍ៈ អ្នកមិនអាចចូលទៅកាន់គេហទំព័រ www.digitalhub101.com នៅពេលដែលអ្នកប្រើអ៊ីនធឺណិតចេញពីស្ថាប័នរបស់អ្នក ឬគេហទំព័រ www.abc.com ត្រូវបានបិទនៅក្នុងប្រទេសរបស់អ្នក។ ដូច្នេះ អ្នកអាចប្រើកម្មវិធី VPN ណាមួយដើម្បីអាចចូលទៅកាន់គេហទំព័រនោះបាន។
ទោះបីជាយ៉ាងណាក៏ដោយ មិនមែនគ្រប់ កម្មវិធី VPN ទាំងអស់សុទ្ធតែល្អ និងត្រូវតាមតម្រូវការរបស់អ្នកទាំងអស់នោះទេ។ សព្វថ្ងៃមានអ្នកផ្តល់សេវាកម្ម VPN ជាច្រើន ដូច្នេះអ្នកត្រូវតែសម្រេចចិត្តដោយខ្លួនឯងថា អ្នកគួរប្រើកម្មវិធីមួយណាដែលសក្តិសមសម្រាប់អ្នក។ សូមចាំថា នៅពេលដែលអ្នកជ្រើសរើសកម្មវិធីណាមួយហើយ មានន័យថារាល់ចរាចរណ៍អ៊ីនធឺណិតរបស់អ្នក និងត្រូវបានចរាចរណ៍ ឬគ្រប់គ្រងដោយក្រុមហ៊ុន ឬអ្នកផ្តល់សេវាកម្មនោះ ដូចនេះត្រូវប្រាកដថា អ្នកបានស្គាល់ និងទុកចិត្តពួកគេជាមុន មុននឹងសម្រេចចិត្តជ្រើសរើសប្រើកម្មវិធី ឬសេវាកម្មរបស់ពួកគេ។
តើ VPN ដំណើរការយ៉ាងដូចម្តេច?
Center for Democracy & Technology (CDT) បានពន្យល់ថា VPN គឺជាវិធីសាស្រ្តនៃការបង្កើត បំពង់សុវត្ថិភាព ឬប្រៀបដូចជាផ្លូវរូងក្រោមដីមួយ នៃចរាចរណ៍របស់អ៊ីនធឺណិត ដើម្បីការពារអ្នកផ្សេង ពីការលួចតាមដាន ឬកែប្រែចរាចរណ៍នៅលើអ៊ីនធឺណិតរបស់អ្នក។ រាល់ចរាចរណ៍នៅក្នុងបំពង់សុវត្ថិភាព ឬនៅក្នុងផ្លូវរូងក្រោមដីនោះគឺត្រូវបានធានាសុវត្ថិភាពដោយការធ្វើកូដនីយកម្ម ឬអ៊ីនគ្រីប (Encrypt) បន្ទាប់មកទើបត្រូវបានបញ្ជូនទៅកាន់ម៉ាស៊ីនមេរបស់ VPN ដែលអ្នកបានប្រើនោះ។ នេះជាហេតុធ្វើឱ្យ ក្រុមហ៊ុនអ៊ីនធឺណិត (ISP) ឬក្រុមអ្នកវាយប្រហារដទៃទៀត ពិបាកក្នុងការវាយប្រហារ នៅពេលដែលអ្នកប្រើ VPN។

នៅពេលដែលអ្នកភ្ជាប់ទៅកាន់កម្មវិធី VPN ណាមួយ នោះអាស័យដ្ឋាន IP ពិតប្រាកដរបស់អ្នក និងត្រូវបានប្តូរទៅប្រើអាស័យដ្ឋាន IP ថ្មីមួយផ្សេងទៀត របស់ VPNមួយនោះ។ នេះមានន័យថា អ្នកបានប្តូរ ទីតាំងពិតប្រាកដរបស់អ្នក ទៅប្រើទីតាំងថ្មីមួយផ្សេងទៀតចេញពីប្រទេសដែលអ្នកបានជ្រើសរើសពីកម្មវិធី VPN ដែលអ្នកបានប្រើ។ ការផ្លាស់ប្តូរទីតាំងនេះ ក៏ជាហេតុធ្វើឱ្យអ្នកអាចចូលទៅមើលគេហទំព័រ ឬមាតិកាដែលបានបិទខ្ទប់នៅប្រទេសមួយចំនួនបានផងដែរ។
សូមចាំថា VPN អាចជួយការពារចរាចរណ៍អ៊ីនធឺណិតរបស់អ្នក ពីក្រុមហ៊ុនអ៊ីនធឺណិតដែលអ្នកកំពុងប្រើ និងពីក្រុមផ្សេងៗទៀតនៅលើអ៊ីនធឺណិត ប៉ុន្តែមិនអាចការពារ បានពីក្រុមហ៊ុន ឬសេវាកម្ម VPN ដែលអ្នកកំពុងប្រើនោះទេ។ ប្រសិនបើអ្នកប្រើ VPN របស់ក្រុមហ៊ុនណាមួយ ម្ចាស់ក្រុមហ៊ុននោះ នឹងអាចមើលឃើញរាល់សកម្មភាពលើអ៊ីនធឺណិតរបស់អ្នកនៅពេលដែលអ្នកប្រើកម្មវិធីរបស់ពួកគេ។
ម្ចាស់ក្រុមហ៊ុន VPN មួយចំនួនមានក្រុមហ៊ុនដទៃផ្សេងទៀត ហើយពួកគេអាចចែករំលែកទិន្នន័យរបស់អ្នកទៅកាន់ក្រុមផ្សេងដែលគេគ្រប់គ្រងបាន។ ក្រុមហ៊ុនមួយចំនួន អាចប្រគល់ទិន្នន័យរបស់អ្នកប្រើប្រាស់ ប្រសិនបើមានការបង្ខំផ្នែកច្បាប់ណាមួយ។ ដូច្នេះអ្នកត្រូវតែអាន ពិនិត្យឱ្យបានច្បាស់ពីគោលនយោបាយការពារឯកជនភាពរបស់ពួកគេ។
កត្តាអ្វីខ្លះដែលអ្នកគួរពិចារណាមុននឹងជ្រើសរើសកម្មវិធី VPN ណាមួយ?
មនុស្សផ្សេងគ្នា មានតម្រូវការផ្សេងគ្នា ហើយកម្មវិធី VPN និមួយៗក៏មានមុខងារ គុណសម្បតិ្ត និងគុណវិបត្តិផ្សេងៗគ្នាដែរ។ ដើម្បីអាចជ្រើសរើសកម្មវិធី VPN ដែលសក្តិសមសម្រាប់អ្នក អ្នកអាចពិចារណាលើលក្ខខណ្ឌមួយចំនួនដូចខាងក្រោមៈ
- ការអះអាង
តើ VPN នោះបានអះអាងអ្វីខ្លះពីកម្មវិធីរបស់ពួកគេ? ពួកគេភាគច្រើននឹងអះអាងថា នឹងមិនរក្សាទុករាល់ទិន្នន័យអំពីអ្នកប្រើប្រាស់ ឬក៏សន្យាថា ពួកគេមិនធ្វើការចែករំលែក ឬលក់ទិន្នន័យរបស់អ្នកប្រើប្រាស់នោះទេ។ សូមចងចាំថា ការអះអាងទាំងនោះ មិនអាចជឿជាក់ ឬធានាបានទាំងស្រុងទេ ដូច្នេះដើម្បី ប្រាកដថា ពួកគេធ្វើដូចអ្វីដែលបានអះអាងមែន អ្នកអាចត្រួតពិនិត្យឱ្យបានលម្អិតនៅក្នុងគោលនយោបាយឯកជនភាព (Privacy Policy) របស់ពួកគេ អំពីចំណុចនេះ។ ស្វែងរកឱ្យឃើញថា តើពួកគេនឹង រក្សាទុកទិន្នន័យអ្វីខ្លះ ហើយតើទិន្នន័យអ្វីខ្លះ ដែលនឹងត្រូវយកទៅប្រើប្រាស់ ក្នុងគោលបំណងអ្វី។ - ប្រភេទអាជីវកម្ម
ទោះបីជា VPN មួយចំនួន និយាយថា ពួកគេមិនលក់ទិន្នន័យរបស់អ្នកប្រើប្រាស់ក៏ដោយ ក៏ពួកគេត្រូវការថវិកាដើម្បីទ្រទ្រង់ប្រតិបត្តិការរបស់ពួកគេដែរ។ ប្រសិនបើ VPN នោះអាចឱ្យអ្នកប្រើប្រាស់ដោយសេរី (Free) ដោយមិនចាំបាច់បង់ប្រាក់ តើពួកគេអាចដំណើរការបានយ៉ាងដូចម្តេច? តើពួកគេពឹងផ្អែកទាំងស្រុងលើថវិកាបរិច្ចាគ ឬឧបត្ថម្ភពីសប្បុរសជនឬ? តើកម្មវិធីនោះ ត្រូវបានគាំបង្កើតឡើងដោយ ស្ថាប័នមិនស្វែងរកប្រាក់ចំណេញណាមួយ (NGOs)? តើកម្មវិធីនោះ ពឹងផ្អែកលើការផ្សាយពាណិជ្ជកម្ម (Ads)? កម្មវិធី VPN មួយចំនួនអាចឱ្យអ្នកប្រើប្រាស់ដោយមិនគិតថ្លៃ តែស្ថិតនៅក្នុងកម្រិតកំណត់ណាមួយ (Freemium) ដែលមានន័យថា ប្រសិនបើអ្នកប្រើប្រាស់ចង់បានមុខងារល្អជាងនេះ ពួកគេត្រូវបង់ប្រាក់ជូនសេវាកម្ម VPN នោះ។
សូមចាំថា គ្រប់កម្មវិធី ដែលបង្កើតឡើង ត្រូវការក្រុមការងារដើម្បីអភិវឌ្ឍកម្មវិធី បន្ថែមមុខងារថ្មីៗ និងជួសជុលចំណុចខ្សោយផ្សេងៗ ដូច្នេះប្រាកដណាស់ថា ពួកគេថវិការដើម្បីទ្រទ្រង់លើការងារនេះ ដូច្នេះការសូមស្វែងរកឱ្យឃើញថា ពីប្រភេទអាចជីវកម្ម និងប្រភពចំណូលក៏ជាផ្នែកមួយសំខាន់ដែរ។ - កេរ្តិ៍ឈ្មោះ
ប្រសិនបើកម្មវិធី VPN នោះ ត្រូវបានស្គាល់យ៉ាងទូលំទូលាយ និងត្រូវបានណែនាំឱ្យប្រើដោយក្រុមអ្នកជំនាញឯករាជ្យលើផ្នែកសុវត្ថិភាពឌីជីថលនេះ វាអាចជាកត្តាមួយជួយអ្នកក្នុងការសម្រេចចិត្ត។ ទោះជាយ៉ាងណា មិនមែនមានន័យថា គ្រប់ VPN ដែលល្បីសុទ្ធតែល្អទាំងអស់ទេ អ្នកគួរតែធ្វើការស្រាវជ្រាវបន្ថែម មើលថាតើកម្មវិធីនោះធ្លាប់មានប្រវត្តិមិនល្អ ក្នុងការរំលោភលើឯកជនភាពរបស់អ្នកប្រើប្រាស់ដែរឬទេ? - ការប្រមូលទិន្នន័យ
សេវាកម្មដែលមិនប្រមូលទិន្នន័យពីអ្នកប្រើប្រាស់ ប្រាកដជាគ្មានទិន្នន័យដើម្បីយកទៅលក់បន្តទេ។ នៅពេលដែលអ្នកអានពីគោលនយោបាយឯកជនភាព សូមធ្វើការពិនិត្យមើលថាតើ VPN នោះពិតជាមិនប្រមូលទិន្នន័យរបស់អ្នកប្រើប្រាស់មែនដែរឬទេ។ ប្រសិនបើនៅក្នុងគោលនយោបាយ មិនមានចំណុចណាបញ្ជាក់ច្បាស់ពីការប្រមូលទិន្នន័យរបស់អ្នកប្រើប្រាស់ទេ នោះមានន័យថា ពួកគេអាចនឹងធ្វើការប្រមូលទិន្នន័យអ្នកប្រើប្រាស់ហើយ។ អ្នកក៏អាចព្យាយាមស្វែងរកករណីមួយចំនួនដែលបានកើតឡើង ថាតើពួកគេធ្លាប់បានប្រគល់ទិន្នន័យអ្វីខ្លះនៅពេលដែលមានការបង្ខំផ្នែកច្បាប់ ទៅឱ្យរដ្ឋាភិបាល ឬតុលាការក្នុងគោលបំណងធ្វើការសើបអង្កេតណាមួយ។ - ទីតាំងរបស់ VPN និងសេរីភាពលើអ៊ីនធឺណិតនៅក្នុងប្រទេសនោះ
អ្នកនឹងត្រូវជ្រើសរើសប្រទេសណាមួយ ចេញពីកម្មវិធី VPN ដែលអ្នកកំពុងប្រើ។ នេះមានន័យថា អ្នកត្រូវភ្ជាប់អ៊ីនធឺណិតរបស់អ្នកទៅកាន់ ម៉ាស៊ីនមេដែលមានទីតាំងស្ថិតនៅក្នុងប្រទេសនោះ។ ការជ្រើសរើស VPN ចេញពីប្រទេសដែលមានច្បាប់ដែលជួយការពារសិទ្ធិ និងឯកជនភាពរបស់អ្នកប្រើប្រាស់នៅលើអ៊ីនធឺណិតប្រហែលជាជម្រើសមួយដ៏ល្អ។ បើតាមរបាយការណ៍របស់ Freedom House ក្នុងឆ្នាំ២០២១ បានដាក់ពិន្ទុឱ្យប្រទេសអ៊ីស្លង់ (Iceland) ជាប្រទេសមួយ ដែលមានចំណាត់ថ្នាក់ល្អជាងគេ ក្នុងពិភពលោក លើការការពារសេរីភាពអ៊ីនធឺណិតរបស់អ្នកប្រើប្រាស់។ ប៉ុន្តែល្បឿនអ៊ីនធឺណិត នៅពេលដែលអ្នកប្រើ VPN ក៏មានសារសំខាន់ខ្លាំងណាស់ដែរ នេះមានន័យថា ការភ្ជាប់ទៅកាន់ VPN ចេញពីប្រទេសដែលនៅជិតអ្នកបំផុត ប្រហែលជាជួយឱ្យអ្នកទទួលបានល្បឿនអ៊ីនធឺណិតល្អប្រសើរ។ ទោះបីជាយ៉ាងក៏ដោយ នេះវាក៏អាស្រ័យលើថា តើអ្នកចង់ការពារពីអ្នកណា ឬក្រុមណាដែរ។ - កូដនីយកម្ម ឬ Encryption
តើ VPN នោះមានកូដនីយកម្ម ឬ Encryption ដែលមានស្តង់ដាខ្ពស់ ឬសម្ថភាពការពារសុវត្ថិភាពរបស់អ្នកប្រើប្រាស់ ខ្លាំងប៉ុណ្ណា? ប្រសិនបើ VPN នោះប្រើកូដនីយកម្មដែលមិនមានសុវត្ថិភាពខ្ពស់ ដូចជាពួកគេប្រើ Point-to-Point Tunnel Protocol (PPTP) ឬបច្ចេកវិទ្យា Encryption ផ្សេងទៀតដែលមិនអាចធានាសុវត្ថិភាពបានខ្ពស់ នោះរាល់ចរាចរណ៍អ៊ីនធឺណិតរបស់អ្នក អាចនឹងងាយក្នុងការត្រួតពិនិត្យដោយក្រុមហ៊ុនអ៊ីនធឺណិត (ISP) ឬក្រុមអ្នកវាយប្រហារផ្សេងៗទៀតនៅលើអ៊ីនធឺណិត។ ត្រង់ចំណុចនេះ អ្នកត្រូវស្វែងរកឱ្យឃើញថា តើកម្មវិធី VPN នោះ ត្រូវបានធ្វើសវនកម្មផ្នែកសុវត្ថិភាពជាប្រចាំ ដោយក្រុមអ្នកធ្វើសវនកម្មឯករាជ្យដែរឬទេ ហើយតើពួកគេមានបង្ហាញពីរបាយការណ៍អំពីការធ្វើសវនកម្ម នេះជាសាធារណៈ នៅលើគេហទំព័ររបស់គេដែរឬទេ? ទោះបីជាយ៉ាងណាក៏ដោយ ការវាយតម្លៃលើផ្នែកកូដនីយកម្ម ឬEncryption អាចមានការលំបាកសម្រាប់អ្នក អ្នកអាចស្នើសុំជំនួយពីអ្នកបច្ចេកទេសលើចំណុចនេះ ឬអាចមើលពីចំណាត់ថ្នាក់របស់កម្មវិធី VPN មួយចំនួនលើគេហទំព័រ That One Privacy Site ឬអាចពិនិត្យមើលតារាងកម្មវិធី VPN ដែលណែនាំដោយ Privacy Guide។
ប្រភពៈ