កម្មវិធី​កម្ចាត់​មេរោគ Microsoft Defender នៅ​លើ Windows 10

មិន​មាន​អ្នក​ប្រើ​ប្រាស់​ច្រើន​អ្នក​ទេ​ដែល​ដឹង​ថា នៅ​ក្នុង Windows 10 មាន​កម្មវិធី​កម្ចាត់​មេរោគ​ភ្ជាប់​មក​ជា​មួយ​ស្រាប់ មិ​នគិត​ថ្លៃ និង​មាន​សមត្ថភាព ប្រហាក់​ប្រហែល​នឹង​កម្មវិធី​កម្ចាត់​មេរោគ​ផ្សេងៗ​ទៀត ដែល​មាន​លក់​នៅ​លើ​ទីផ្សារ​ដែរ។​

  

អ្នក​អាច​ធ្វើ​ការ​ប្រៀប​ធៀប​កម្មវិធី​កម្ចាត់​មេរោគ​នៅ​លើ​គេហទំព័រ AV-Test.org

Microsoft Defender អាច​ជួយ​ការ​ពារ​មេ​រោគ​មួយ​ចំនួន​ដូច​ជា Spyware, Ransomware និង​ពពួក​មេរោគ​ជា​ច្រើន​ផ្សេង​ទៀត។ កម្មវិធី​នេះ នឹង​ដំណើរ​ការ​ដោយ​ស្វ័យ​ប្រវត្តិ ប្រសិន​បើ​កុំព្យូទ័រ​របស់​អ្នក​មិន​ទាន់​បាន​តម្លើង​កម្មវិធី​កម្ចាត់​មេរោគ​បន្ថែម​នោះ​ទេ។ ប៉ុន្តែ​ប្រសិន​បើ​អ្នក​បាន​តម្លើង​កម្មវិធី​កម្ចាត់​មេរោគ​ផ្សេង​រួច​ហើយ កម្មវិធី​នេះ​នឹង​មិន​ដំណើរ​ការ​ទេ វា​អនុញ្ញាត​ឱ្យ​កម្មវិធី​ដែល​អ្នក​បាន​តម្លើង​ថ្មី​នោះ​ដំណើរ​ការ​ជំនួស​វិញ។

បើក​មុខ​ងារ​របស់ Microsoft Defender

ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ ដើម្បី​ឱ្យ​ប្រា​កដ​ថា​តើ កម្មវិធី Microsoft Defender កំពុង​ដំណើរ​ការ ​ឬ​មិន​ដំណើរ​ការ​នៅ​ក្នុង​កុំព្យូទ័រ​របស់​អ្នក អ្នក​អាច​ត្រួត​ពិនិត្យ​មើល ដោយ​ចូល​ទៅ​កាន់ៈ

1) Start ​ >  2) Settings

3) Update & Security

4) Windows Security > 5) Virus & threat protection

6) Manage settings

7) Real-time protection ចុច​ On ដើម្បី​បើក ឬ Off ដើម្បី​បិទ​មុខ​ងារ

បើក​ដំណើរ​ការ​មុខ​ងារ​ការ​ពារ​មេរោគ Ransomware

Ransomware គឺ​ជា​មេរោគ​មួយ​ដែល​បាន និង​កំពុង​ធ្វើ​ការ​វាយ​ប្រហារ​ខ្លាំង​នៅ​ពេល​បច្ចុប្បន្ន​នេះ។ នៅ​ពេល​ដែល​មេរោគ​នេះ​ឆ្លង​ចូល​កុំព្យូទ័រ នោះ​វា​នឹង​ចាក់​សោ​កុំព្យូទ័រ ឬ​ឯក​សារ​នៅ​ក្នុង​កុំព្យូទ័រ​នោះ​ បន្ទាប់​វា​នឹង​បង្ហាញ​សារ ​បង្ខំ​ឱ្យ​អ្នក​បង់​ប្រាក់​ដើម្បី​អាច​ចូល​ប្រើ​កុំព្យូទ័រ ឬ​ឯក​សារ​នោះ​វិញ​បាន។ Ransomware ត្រូវ​បាន​គេ​ឱ្យ​ឈ្មោះ​ថា​ជា​ប្រភេទ​មេរោគ​ចាប់​ជំរិត​សម្រាប់​ឧក្រិដ្ឋ​ជន​នៅ​លើ​អ៊ីន​ធឺណិត ព្រោះ​វា​ទាម​ទារ​ការ​ទូ​ទាត់​សាច់​បាន​ច្រើន និង​មាន​ភាព​ឆាប់​រហ័ស។ ជា​ទូ​ទៅ​នៅ​ពេល​មេរោគ​នេះ​ឆ្លង​ចូល​កុំព្យូទ័រ​របស់​អ្នក នោះ​វា​តម្រូវ​ឱ្យ​អ្នក​ទាក់​ទង​ទៅ​កាន់​អ្នក​វាយ​ប្រហារ តាម​រយៈអា​សយ​ដ្ឋាន​អ៊ី​មែល​អនា​មិក ឬ​អ្នក​ត្រូវ​ធ្វើ​តាម​ការ​ណែ​នាំ​នៅ​លើ​គេហទំព័រ​អនាមិក​ណា​មួយ ដើម្បី​ធ្វើ​ការ​ទូ​ទាត់​ប្រាក់ ប្តូរ​ជា​មួយ​នឹង​លេខ​កូដ​សម្ងាត់ ដើម្បី​យក​ទៅ​ដោះ ចូល​ទៅ​ប្រើ​កុំព្យូទ័រ ឬ​បើក​ឯក​សារ​នោះ​វិញ​បាន។ ទោះ​បី​ជា​អ្នក​បាន​បង់​ប្រាក់​ទៅ​ឱ្យ​អ្នក​វាយ​ប្រហារ​ក៏​ដោយ ក៏​មិន​ប្រាកដ​ថា​អ្នក​បាន​លេខ​កូដ​ត្រឹម​ត្រូវ​ដើម្បី​ចូល​ប្រើ​កុំព្យូទ័រ​អ្នក ឬ​អាច​បើក​ឯកសារ​អ្នក​បាន​ដែរ។

Microsoft Defender ក៏​មាន​មុខ​ងារ​ជួយ​ការ​ពារ​ពី​ការ​វាយ​ប្រហារ​ដោយ​មេរោគ Ransomwareដែរប៉ុន្តែ​មុខ​ងារ​នេះ មិន​បើក​ដំណើរ​ការ​ដោយ​ស្វ័យ​ប្រវត្តិ​នោះ​ទេ អ្នក​ត្រូវ​ចូល​ទៅ​បើក​មុខ​ងារ​នេះ​ដោយ​ខ្លួន​ឯង ដោយ​ចូល​ទៅ​កាន់ៈ

8) Manage ransomware protection

9) ចុច On ដើម្បី​បើក​មុខងារ > 10) ចុចលើ Protected folders ដើម្បី​ជ្រើស​រើស Folder ដែល​អ្នក​ចង់​ការ​ពារ​ពី​មេរោគ Ransomware

សូម​ចាំ​ថា ទោះ​បី​ជា​អ្នក​មាន​កម្មវិធី​កម្ចាត់​មេរោគ​ដែល​មាន​សមត្ថភាព​ខ្លាំង​យ៉ាង​ណា​ក៏​ដោយ​ នោះ​មិន​មាន​ន័យ​ថា អ្នក​អាច​ការ​ពារ​ពី​ការ​វាយ​ប្រហារ​បាន​ទាំង​ស្រុង​នោះ​ទេ​ អ្នក​ត្រូវ​តែ​ស្វែង​យល់​បន្ថែម និង​អនុវត្ត​ពី​របៀប​ការពារ​ពី​ការ​វាយ​ប្រហារ​ផ្សេងៗ ដូច​ជា​មិន​ត្រូវ​ទាញ​យក ឬ​តម្លើង​កម្មវិធី​ដែល​មិន​ចាំ​បាច់ និង​មិន​មាន​ប្រភព​ច្បាស់​លាស់ ប្រុង​ប្រយ័ត្ន​ចំពោះ​ការ​ចុច​លើ​តំណ​ភ្ជាប់ ឬ​ឯក​សារ​ភ្ជាប់​ផ្សេងៗ ធ្វើ​បច្ចុប្បន្ន​ភាព​ប្រព័ន្ធ​ប្រតិបត្តិការ និង​កម្មវិធី​ផ្សេងៗ ចៀស​វាង​ប្រើ​កម្មវិធី​ដែល​មិន​មាន​អាជ្ញាបណ្ណ (Pirated Software) និង​ជា​ពិសេស​ត្រូវ​ធ្វើ​ការ​បម្រុង​ទុក (Backup) ឯក​សារ​សំខាន់ៗ​របស់​អ្នក​ឱ្យ​បាន​ញឹក​ញាប់។

ទាញយកអត្ថបទនេះជា PDF

ប្រភពៈ