កាលពីថ្ងៃទី៨ ខែសីហា នេះ Twilio បានប្រកាសថា ក្រុមអ្នកវាយប្រហារ បានចូលទៅប្រើប្រាស់ និងគ្រប់គ្រងទិន្នន័យអតិថិជនរបស់ខ្លួន ចំនួន១២៦ ស្ថាប័នបានដោយជោគជ័យ បន្ទាប់ពីពួកគេព្យាយាមវាប្រហារលើ Twilio ជាច្រើនដង។ នៅថ្ងៃចន្ទ Signal បានបញ្ជាក់ថាអ្នកប្រើប្រាស់ Signal ចំនួន ១៩០០នាក់ ក៏រងផលប៉ះពាល់ពីការវាយប្រហារនេះដែរ។
Signal បានប្រកាសនៅលើគេហទំព័ររបស់ខ្លួនថា ក្រុមអ្នកវាយប្រហារ អាចព្យាយាមយកលេខទូរសព្ទរបស់អ្នកប្រើប្រាស់ ដែលរងគ្រោះពីការវាយប្រហារនេះ យកទៅចុះឈ្មោះដើម្បី ប្រើ Signal ជាថ្មីនៅលើទូរសព្ទថ្មី ឬក៏ពួកគេអាចដឹងថា លេខទូរសព្ទទាំង១៩០០នោះ ជាលេខទូរសព្ទដែលបានយកទៅប្រើលើកម្មវិធី Signal។
ក្រុមការងារ Signal បានរកឃើញថា ក្នុងចំណោមលេខទូរសព្ទទាំង ១៩០០នេះ លេខទូរសព្ទ១ ក្នុងចំណោមលេខទូរសព្ទ៣ ត្រូវបានក្រុមអ្នកវាយប្រហារ យកទៅចុះឈ្មោះប្រើ Signal ម្តងទៀត។ នេះមានន័យថា ក្រុមអ្នកវាយប្រហារអាច ផ្ញើសារទៅកាន់អ្នកផ្សេង និងទទួលបានសារឆ្លើយតបមកវិញតាមរយៈលេខទូរសព្ទទាំងនោះ។
ទោះបីជាយ៉ាងណាក៏ដោយ ក្រុមអ្នកវាយប្រហារ មិនអាចចូលទៅមើលសារចាស់ៗ (message history) ព័ត៌មានអំពីគណនី (profile information) ឬបញ្ជីទំនាក់ទំនង (contact lists) ជាដើមរបស់អ្នកប្រើប្រាស់បានឡើយ។ ប្រវត្តិសារ ឬសារចាស់ៗលើកម្មវិធី Signal ត្រូវបានរក្សាទុកនៅលើឧបករណ៍ របស់អ្នកប្រើប្រាស់ដោយផ្ទាល់ សូម្បីតែក្រុមការងារអ្នកបង្កើតកម្មវិធី Signal ក៏មិនមានទិន្នន័យនៃការទំនាក់ទំនងរបស់ប្រើប្រាស់ដែរ។ ព័ត៌មានអំពីគណនី (profile information) និងបញ្ជីទំនាក់ទំនងជាដើម អាចហៅត្រលប់មកវិញបានតាមរយៈមុខងារ Signal PIN ដែលក្នុងករណីនេះ ក្រុមអ្នកវាយប្រហារពួកគេមានតែលេខទូរសព្ទរបស់អ្នកប្រើប្រាស់ តែពួកគេមិនអាចដឹងពីលេខកូដ PIN របស់អ្នកប្រើប្រាស់ឡើយ ហើយបើអ្នកប្រើប្រាស់មិនបានបើកមុខងារ Signal PIN នោះទេ ព័ត៌មានមិនត្រូវបានរក្សាទុក និងមិនអាចហៅត្រលប់មកវិញបានដែរ។
ដើម្បីជួយការពារអ្នកប្រើប្រាស់ទាំង១៩០០នាក់នោះ Signal បានផ្ញើសារជូនដំណឹងទៅកាន់ Signal របស់ពួកគេដោយផ្ទាល់ ដោយប្រាប់ពួកគេឱ្យធ្វើការចុះឈ្មោះ Signal របស់ពួកគេជាថ្មី នៅលើឧបករណ៍ ឬទូរសព្ទដែលពួកគេកំពុងប្រើប្រាស់ និងណែនាំឱ្យពួកគេបើកមុខងារ Registration Lock ដែលជាមុខងារមួយ ជួយការពារកុំឱ្យអ្នកផ្សេងយកអាចយកលេខទូរសព្ទរបស់អ្នកទៅចុះឈ្មោះប្រើ Signal ម្តងទៀតនៅលើឧបករណ៍ ឬទូរសព្ទថ្មី។ (ស្វែងយល់បន្ថែមពីរបៀបបើកមុខងារ Registration Lock និងមុខងារសុវត្ថិភាពផ្សេងទៀតនៅលើ Signal)។
សូមរំលឹកថា Signal ជាកម្មវិធីមួយដែលត្រូវបានគេទទួលស្គាល់ថាមានសុវត្ថិភាពបំផុតក្នុងចំណោមកម្មវិធីផ្ញើសារដែលពេញនិយមដូចជា Facebook Massager, WhatsApp, Telegram ជាដើម។ល។ អ្វីដែលពិសេសគឺវាបានបំពាក់នូវមុខងារសុវត្ថិភាព កូដនីយកម្ម (End-to-End Encryption) ដោយស្វ័យប្រវត្តិ ដែលអាចធានាបាននូវសុវត្ថិភាពនិងឯកជនភាពរបស់អ្នកប្រើប្រាស់បានយ៉ាងល្អប្រសើរ។
ប្រភព: