សុវត្ថិភាពនៃការប្រើអ៊ីនធឺណិតជាមួយ HTTPs

November 3rd, 2019 | អីុនធឺណិត

ការចូលទៅប្រើគេហទំព័រដែលមានអាស័យដ្ឋាន HTTPS គឺមានសុវត្ថិភាព មានន័យថា នៅចន្លោះពីកម្មវិធីរុករក (Browser) របស់អ្នកទៅកាន់គេហទំព័រ គឺត្រូវបានធ្វើកូដនីយកម្ម ឬអ៊ីនគ្រីប (Encrypted)

  

ព័ត៌មាន / សេវាកម្មភាគច្រើនត្រូវបានប្រើនៅលើអ៊ីនធឺណិត មានដូចជា​សេវាកម្ម​ធនាគារតាមអ៊ីនធឺណិត បណ្តាញទំនាក់ទំនងសង្គម អ៊ីមែល និង​សារព័ត៌មានជាដើម ត្រូវបានប្រើតាមរយៈកម្មវិធីរុករកតាមអ៊ីនធឺណិត (Web Browser)។ ការប្រើប្រាស់​សេវាកម្មតាមអ៊ីនធឺណិតទាំងនេះវាបានក្លាយជាចំណែកមួយនៃជីវិតរស់នៅប្រចាំថ្ងៃរបស់យើងគ្រប់គ្នា។ ដូច្នេះហើយ យើងបានចែករំលែកព័ត៌មានផ្ទាល់ខ្លួន​ជាច្រើន​ជាមួយនឹង​អ្នកផ្តល់សេវាកម្មតាមរយៈគេហទំព័ររបស់ពួកគេ។ ការប្រើប្រាស់ ឬរុករក​នៅលើអ៊ីនធឺណិត​ធ្វើឱ្យយើងប្រឈមមុខនឹងការគំរាមកំហែងផ្នែកសុវត្ថិភាពជាច្រើន រួមមានការតាមដាន ឬឃ្លុំាមើលអ្នកប្រើប្រាស់ ការឆ្លងមេរោគ ការបោកបញ្ឆោតនិងការចាប់ជម្រិតជាដើម។

ការប្រើប្រាស់ ឬការចែករំលែកព័ត៌មានជាមួយគេហទំព័រ HTTP គឺមិនមានសុវត្ថិភាពទេ មានន័យថាប្រសិនបើហេកគ័រ (hacker) នៅលើអ៊ីនធឺណិត ធ្វើការវាយប្រហារ​គេហទំព័រ​នោះបាន គេអាចធ្វើការកែប្រែព័ត៌មាន គេអាចដាក់បញ្ចូលមេរោគ ឬកម្មវិធីតាមដាន​ផ្សេងៗ ដើម្បីធ្វើការវាយប្រហារអ្នកដែលចូលមើលគេហទំព័រនោះ។ សូមធ្វើការត្រួតពិនិត្យ និងកុំបញ្ចូលព័ត៌មានសំខាន់ៗរបស់អ្នកដូចជា ព័ត៌មានធនាគារ អ៊ីមែល ឬពាក្យសម្ងាត់របស់អ្នកនៅលើគេហទំព័រប្រភេទនេះ។

ផ្ទុយទៅវិញ​ ការចូលទៅប្រើគេហទំព័រដែលមានអាស័យដ្ឋាន HTTPS គឺមានសុវត្ថិភាព មានន័យថា នៅចន្លោះពីកម្មវិធីរុករក (Browser) របស់អ្នកទៅកាន់គេហទំព័រ គឺត្រូវ​បាន​ធ្វើកូដនីយកម្ម ឬអ៊ីនគ្រីប (Encrypted) ដូច្នេះក្រុមHacker ឬអ្នកឃ្លាំមើល​នៅលើ​អ៊ីនធឺណិត​មិនអាច​មើលឃើញ ឬដឹងរាល់ព័ត៌មានដែលអ្នកបានបញ្ចូល ឬប្រើ​នៅលើ​គេហទំព័រនេះឡើយ។ គេហទំព័រមួយចំនួន មិនបង្ហាញ HTTPS ទេទោះបីជាគេហទំព័រ​នោះមាន HTTPS រួចហើយក៏ដោយ ដូច្នេះ​ អ្នកអាចតម្លើងកម្មវិធីមួយដែលមានឈ្មោះថា HTTPS Everywhere នៅលើកម្មវិធីរុករក (Browser) ដើម្បីដឹងថា តើគេហំព័រនោះមាន HTTPS ឬមិនមាន។ HTTPS Everywhere គឺជាកម្មវិធីមួយដែលធ្វើការភ្ជាប់ទំនាក់ទំនង​របស់អ្នក​ជាមួយ​HTTPS ដោយស្វ័យប្រវត្តិប្រសិនបើគេហទំព័រនោះ មាន HTTPS តែមិនបង្ហាញ។