Tor និង Mullvad VPN សហការ​គ្នា​បង្កើត​កម្មវិធី​រុករក​ដែល​ផ្តោត​លើ​ការ​ការ​ពារ​ឯកជនភាព

Mullvad Browser គឺ​ជា​កម្មវិធី​រុករក​តាម​អ៊ីនធឺណិត​ថ្មីមួយ ផ្តោត​លើ​ការ​ការពារ​ឯកជនភាព​របស់​អ្នក​ប្រើប្រាស់។ កម្មវិធី​នេះ បង្កើត​ឡើង​ក្រោម​ការ​សហការ​រវាង Mullvad VPN និង Tor Project ក្នុង​គោល​បំណង កាត់​បន្ថយ​ការ​តាមដាន និង​ការ​ពារ​ការ​កំណត់​អត្តសញ្ញាណ (Fingerprint) របស់​អ្នក​ប្រើប្រាស់​នៅ​លើ​អ៊ីនធឺណិត ។

  

រូបភាព៖ torproject.org

កម្មវិធីនេះ​រុក​រក​នេះ បាន​បញ្ចូល​មុខ​ងារ​សំខាន់ៗ​ដោយ​ស្វ័យ​ប្រវត្តិ ដោយ​មិន​តម្រូវ​ឱ្យ​អ្នក​ប្រើ​ពិបាក​ក្នុង​ការ​ចូល​ទៅ​ផ្លាស់​ប្តូរ​ ឬ​តម្លើង​អ្វី​បន្ថែម​នោះ​ទេ។ តាម​ពិត​មុខ​ងារ​សុវត្ថិភាព និង​ឯក​ជន​ភាព​នៅ​លើ​កម្មវិធី​រុក​នេះ ក៏​អាច​ធ្វើ​បាន​នៅ​លើ​កម្មវិធី​រុករក​ដទៃ​ទៀត​ដែរ ដូច​ជា​កម្មវិធី Firefox ជា​ដើម។ ប៉ុន្តែ​នៅ​លើ​កម្មវិធីរុករក​ទាំង​នោះ តម្រូវ​ឱ្យ​អ្នក​ប្រើ​ប្រាស់​ចេះ​ពី​របៀប​ចូល​ទៅ​កែ​ប្រែ ដោយ​ខ្លួន​ឯង ដែល​ជា​ទូ​ទៅ​អាច​មាន​ភាព​ស្មុគ​ស្មាញ​សម្រាប់​អ្នក​ប្រើ​ប្រាស់​ធម្មតា។

វិធី​ដែល​ងាយ​បំផុត​ក្នុង​ការ​បញ្ចៀស​ការ​តាម​ដាន និង​ធ្វើ​ឱ្យ​កាន់​តែ​មាន​ភាព​អនាមិក​នៅ​លើ​អ៊ីន​ធឺណិត គឺ​ប្រើកម្មវិធីរុករក Tor​ ដោយ​គ្រាន់​តែ​ទាញ​យក​កម្មវិធី​រុករក Tor និង​ប្រើ​វា​ដូច​ទៅ​នឹង​កម្មវិធី​រុក​រក​ដទៃ​ទៀត នោះ Tor រ៉ាប់​រង​ក្នុង​ការ​ការពារ​អត្តសញ្ញាណ និង​សកម្មភាព​នៃ​ការ​ប្រើ​អ៊ីន​ធឺណិត​របស់​អ្នក​ឱ្យ​មាន​សុវត្ថិភាព។ ប៉ុន្តែ​អ្នក​ប្រហែល​ជា​មិន​ចង់​ប្រើ Tor គ្រប់​ពេល​នោះ​ទេ ​ព្រោះ​ដំណើរ​ការ​របស់ Tor ត្រូវ​ឆ្លង​កាត់​បណ្តាញ Server (Tor Network) ជា​ច្រើន ដែល​ធ្វើ​ឱ្យ​ការ​ប្រើ​អ៊ីន​ធឺណិត​របស់​អ្នក​យឺត។

ចំណែក​ឯ VPN វិញ ជួយ​ការ​ពារ​ឯក​ជន​ភាព ដោយ​ជួយ​ធ្វើ​ការ​ផ្លាស់​ប្តូរ​អាស័យ​ដ្ឋាន​អាយ​ភី (IP Address) និង​ធ្វើ​កូដនីយកម្ម​ចរាចរណ៍​អ៊ីន​ធឺណិត​របស់​អ្នក​ប្រើ​ប្រាស់ ប៉ុន្តែ​អ្នក​ប្រើ​ប្រាស់​ត្រូវ​ពឹង​ផ្អែក​ទាំង​ស្រុង​លើ​ក្រុម​ហ៊ុន VPN ដែល​ពួក​បាន​ជ្រើស​រើស។ ​ជា​រឿយៗ ក្រុមហ៊ុន VPN ​មួយ​ចំនួន មាន​បញ្ហា​ទាក់​ទង​នឹង​ការ​ការពារ​ឯកជន​ភាព​របស់​អ្នក​ប្រើ​ប្រាស់​ដែរ។ ស្វែងយល់បន្ថែមអំពី VPN

Mullvad ដែល​ជា​ក្រុម​ហ៊ុន VPN មួយ​ដែរ (Mullvad VPN) ត្រូវ​បាន​ចាត់​ទុក​ថា ជា​ក្រុមហ៊ុន​ដែល​មាន​កេរ្តិ៍​ឈ្មោះ​ល្អ​ និង​អាច​ទុក​ចិត្ត​បាន ដោយ​សារ​តែ​ពួក​គេ​ប្រើ​កូដ​បើក​ចំហរ (Open Source) មិន​យក​ទិន្នន័យ​របស់​អ្នក​ប្រើ​ប្រាស់​ទៅ​ប្រើ​ដើម្បី​ស្វែង​រក​ប្រាក់​ចំណេញ​ និង​មាន​ការ​ធ្វើ​សវនកម្ម​ទៀង​ទាត់​ពី​ស្ថាប័ន​ឯករាជ្យ​លើ​កម្មវិធី​របស់​ពួក​គេ។

លោក Isabela Fernandez នាយក​ប្រតិបត្តិ Tor Project លើក​ឡើងថា «ពួក​គេ​មិន​បង្កើត​កម្ម​វិធី​នេះ ដើម្បី​ប្រកួត​ប្រជែង​ជា​មួយ​នឹង​កម្មវិធី​ផ្សេង​ទៀត​ទេ តែ​ដើម្បី​លើក​កម្ពស់​សិទ្ធិ​មនុស្ស នឹង បច្ចេក​វិទ្យា ដែល​ជា​បេសកកម្ម​របស់​គម្រោង Tor»។ លោក​បន្ត​ថា «ការ​បង្កើត​កម្មវិធី​នេះ ​គឺ​គ្រាន់​តែ​ចង់​ផ្តល់​ជម្រើស​បន្ថែម ដល់​អ្នក​ប្រើ​ប្រាស់​ដែល​ចង់​ការពារ​ឯកជនភាព និង​ចង់​បញ្ចៀស​ការ​តាម​ដាន​តាម​អ៊ីនធឺណិត​របស់​ពួក​គេតែ​ប៉ុណ្ណោះ»។

លោក Jan Jonsson នាយក​ប្រតិបត្តិ Mullvad មាន​ប្រសាសន៍​ថា «បេសកកម្ម​របស់ Mullvad គឺ​រា​រាំង​ការ​តាម​ដាន និង​ការ​ឃ្លាំ​មើល​តាម​អ៊ីន​ធឺណិត។​ ការ​ប្រើ​ប្រាស់​តែ​VPN  មិន​គ្រប់​គ្រាន់​ក្នុង​ការ​ការ​ពារ​ឯកជន​ភាព​នោះ​ទេ។ យើង​ត្រូវ​ការ​កម្មវិធី​រុក​រក​មួយ​ដែល​ផ្តោត​សំខាន់​លើ​ការ​ជួយ​ការ​ពារ​ឯកជន​ភាព​របស់​អ្នក​ប្រើ​ប្រាស់»។ នាយក​ប្រតិបត្តិ​រូប​នេះ​បន្ថែម​ទៀត​ថា យើង​ចង់​ផ្តល់​ជូន​នូវ​កម្មវិធី​រុករក​មួយ​ដែល​ល្អ ដូច​នឹង​កម្មវិធី​រុករក Tor ដែរ​ប៉ុន្តែ​មិន ភ្ជាប់​ទៅ​កាន់​បណ្តាញ​របស់ Tor (Tor Network)។  អ្នក​ប្រើ​ប្រាស់​អាច​ប្រើ​កម្មវិធី​នេះ ដើម្បី​ការ​ពារ​តាម​ដាន​ពី​គេហ​ទំព័រ​ដែល​ពួក​គេ​ចូល​មើល និង​ប្រើ VPN ដើម្បី​លាក់​អាស័យ​ដ្ឋាន​អាយភី (IP Address) ពិត​ប្រាកដ​របស់​ពួក​គេ។​ការ​ប្រើ VPN ជា​មួយ​នឹង​កម្មវិធី​នេះ គឺ​ជួយ​ឱ្យ​មាន​ភាព​ប្រសើរ​ច្រើន​ក្នុង​ការ​ការពារ​ពួក​គេ។ ។

ក្រៅ​ពី​កម្មវិធី​រុករក Mullvad ថ្មី​នេះ​ក៏ មាន​កម្មវិធី​រុករក​ដទៃ​ទៀត ដែល​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​កម្មវិធី​ល្អ​ដូច​ជា​ Brave ជា​ដើម ។ បទ​ពិសោធ​ពី​ កម្មវិធី​ទាំង​នោះ ជួយ​វែក​ផ្លូវ​ផ្នែក​បច្ចេក​ទេស​ក្នុង​ការ​ជួយ​ឱ្យ​ការ​បង្កើត​កម្មវិធី​រុករក Mullvad កាន់​តែ​ល្អ​ប្រសើរ​ឡើង។

សូម​បញ្ជាក់​ថា​ក្រុមហ៊ុន Mullvad បាន​គាំ​ទ្រ​ថវិកា ដល់​គម្រោង Tor ដែល​ជា​អង្គការ​មិន​រក​ប្រាក់​ចំណេញ ជា​យូរ​មក​ហើយ។

កម្មវិធី​រុករក Mullvad អាច​ទាញ​យក​បាន​នៅ​លើគេហទំព័ររបស់ Mullvad

ប្រភពៈ