នៅថ្ងៃទី ២៣ ខែសីហា ឆ្នាំ២០២៣ Jitsi បានប្រកាសនៅលើគេហទំព័ររបស់ខ្លួនថា ពួកគេនឹងលែងគាំទ្រការបង្កើតបន្ទប់ប្រជុំដោយអនាមិកនៅលើ meet.jit.si ទៀតហើយ អ្នកប្រើប្រាស់នឹងតម្រូវឱ្យមានគណនីមួយ ដោយពួកគេអាចប្រើប្រាស់គណនី Google, GitHub និងគណនី Facebook ដែលមានស្រាប់ដើម្បីប្រើ Jitsi បាន។
Jitsi មិនបានបញ្ជាក់ពីមូលហេតុច្បាស់លាស់ទេ ដោយគ្រាន់តែ លើកឡើងថា ការផ្លាស់ប្តូរនេះ គឺដោយសារតែមានការកើនឡើងនូវរបាយការណ៍ដែលរកឃើញថា អ្នកប្រើប្រាស់មួយចំនួន ប្រើប្រាស់សេវាកម្ម Jitsi ក្នុងរបៀបដែលមិនអាចទទួលយកបាន។
ឯកជនភាព និងភាពងាយស្រួលក្នុងការប្រើប្រាស់ (Privacy and Usability) នៅតែជាគោលដៅដែល Jitsi បន្តធ្វើឱ្យបាន ហើយភាពអនាមិក លែងជាមធ្យោបាយតែមួយគត់ដែល Jitsi ត្រូវតែអនុវត្តដើម្បីសម្រេចគោលដៅទាំងពីរនេះហើយ។ នេះបើតាមការលើកឡើងរបស់ Jitsi នៅលើគេហទំព័រខ្លួន។
ទាក់ទងនឹងឯកជនភាពវិញ Jitsi នឹងចាប់ផ្តើមរក្សាទុកព័ត៌មានគណនី អ្នកទទួលខុសត្រូវលើការបង្កើតបន្ទប់ប្រជុំ ក្រៅពីចំណុចនេះ មិនមានការកែប្រែអ្វីផ្សេងនៅក្នុងគោលការណ៍ឯកជនភាពនោះទេ។
គួររំលឹកថា Jitsi ជាកម្មវិធីប្រជុំអនឡាញមួយស្រដៀងគ្នានឹងកម្មវិធី Zoom, Microsoft Team, Google Meet និងកម្មវិធីផ្សេងៗទៀតដែរ ប៉ុន្តែអ្វីដែលខុស និងជាចំណុចពិសេសរបស់ Jitsi គឺជាកម្មវិធីដែលមានសុវត្ថិភាពខ្ពស់ដោយមានមុខងារកូដនីយកម្ម End-to-end encryption ដោយស្វ័យប្រវត្តិ និងមិនតម្រូវឱ្យអ្នកប្រើប្រាស់ចុះឈ្មោះ ឬផ្តល់ព័ត៌មានអ្វីទាំងអស់។ អ្នកប្រើប្រាស់គ្រាន់តែចូលទៅកាន់គេហទំព័រ https://meet.jit.si/ នោះពួកគេអាចបង្កើតបន្ទប់ប្រជុំបានហើយ។
DigitalHub101 ធ្លាប់សរសេរអត្ថបទណែនាំ និងប្រាប់ពីរបៀបប្រើប្រាស់កម្មវិធីJitsi នៅលើតំណភ្ជាប់នេះ https://digitalhub101.com/jitsi/ ។
ប្រភព៖ jitsi.org