Jitsi Meet

  

ធ្វើ​បច្ចុប្បន្នភាព​ចុង​ក្រោយ៖ 21​-July​-2020

Jitsi Meet ជា​កម្មវិធី​វីឌីអូ​ខល (video conference​) ដែល​ត្រូវ​បាន​គេ​ប្រើ​សម្រាប់​ការ​ប្រជុំ ឬ​ការ​រៀន​ពី​ចម្ងាយ​។ កម្មវិធី​នេះ​ជា​កម្មវិធី​បើកចំហ (Open Source​) និង​អាច​ប្រើ​បាន​ទាំង​ជា​មួយ​កុំព្យូទ័រ ​និង​ទូរស័ព្ទដៃ។ Jitsi មិន​តម្រូវ​ឱ្យ​អ្នក​ប្រើ​ប្រាស់​ចុះ​ឈ្មោះ ឬ​បង្កើត​គណនី​នោះ​ទេ។ កម្មវិធី​នេះ​ទទួល​បាន​ជំនួយ​ថវិកា​ទាំ​ងស្រុង​ពី​ក្រុម​ហ៊ុន 8×8 ដែល​មាន​ទីតាំង​នៅ​សហរដ្ឋ​អាមេរិក​។

យោង​ទៅ​តាម​គេហទំព័រ​របស់ Mozilla’s​ ​*Privacy NotIncluded​ ​buyer’s guide​ បានឱ្យ​ពិន្ទុ​ល្អ​ចំពោះ Jitsi Meet គឺ​ស្មើនឹង 5/5 ដោយ​ផ្អែកលើ​ស្តង់​ដា​សុវត្ថិភាព​ចំនួន៥​ចំណុច​រួមមាន៖

១ – Encryption – កូដ​នីយកម្ម
ទោះ​បី​ Jitsi Meet​ ​មិន​ទាន់​បាន​ដាក់​ឱ្យ​ប្រើ​មុខងារ end​-to​-end​ encryption​ ​ប៉ុន្តែ​កម្មវិធី​នេះ​ក៏​មាន encryption ​ដែរ ​ដែល​គេ​ហៅ​ថា to​-server encryption។ to-sever encryption​ ​មាន​ន័យ​ថា ​វានឹង​​ធ្វើ​ការ encrypt​ ​រាល់​ទំនាក់​ទំនង​រវាង​អ្នក​ផ្ញើ និង​អ្នកទទួល ប៉ុន្តែ​នឹង decrypt​ នៅ​លើ server​។ ត្រង់​ចំណុច​នេះ​ អ្នក​ប្រើ​ប្រាស់​ត្រូវ​ប្រុង​ប្រយ័ត្ន​ក្នុង​ការ​ជ្រើសរើស sever ​នៅ​ពេល​ប្រើJitsi​។ អង្គការ Front Line Defenders បាន​​ចេញ​ផ្សាយ​អត្ថបទ​អំពី​កម្មវិធីទំនាក់​ទំនងដែលមាន​សុវត្ថិភាព​ និងបាន​ណែ​នាំ server មួយ​ចំនួន​ដែល​មាន​សុវត្ថិភាព និង​អាច​ទុក​ចិត្ត​បាន ​ប្រសិន​បើ​អ្នក​ប្រើ​ប្រាស់​មិន​ចង់​ប្រើ server​ ​របស់ Jitsi​។ Sever​ ​ទាំងនោះ​មាន​ដូច​ជាៈhttps://meet.mayfirst.org, https://meet.greenhost.net, https://vc.autistici.org, https://framatalk.org, https://calls.disroot.org, https://meet.guifi.net, https://meet.collective.tools។ ថ្មីៗ​នេះ Jitsi ​ក៏​បាន​ដាក់​ឱ្យ​ប្រើ​សាក​ល្បង​នូវ​មុខ​ងារ end​-to​-end encryption ដែរ ប៉ុន្តែ​មុខងារ​នេះ​អាច​ប្រើ​បាន​តែ​នៅ​លើ browser មួយ​ចំនួន​ដូចជា Microsoft Edge​, Google Chrome​, Brave និង Opera តែ​ប៉ុណ្ណោះ។

២ – Security​ Update – ការ​ធ្វើ​បច្ចុប្បន្នភាព
Jitsi ធ្វើ​បច្ចុប្បន្នភាព (update) កម្មវិធី​របស់​ខ្លួន​ចន្លោះ​ពី​ ៦​ទៅ​១០​ដង ​ក្នុង​មួយ​ឆ្នាំ។

៣ – Strong Password​ – មុខងារ​ដាក់ពាក្យ​សម្ងាត់​ការពារ​បន្ទប់​ប្រជុំ
Jitsi មាន​មុខ​ងារ​ដាក់​ពាក្យ​សម្ងាត់​សម្រាប់​ការ​ប្រជុំ​ដែល​អាច​ជួយការ​ពារ​អ្នក​ផ្សេង​ពី​ការ​ចូល​ក្នុង​ការ​ប្រជុំ​ដោយ​មិន​មាន​ការ​អនុញ្ញាត។

៤ – Manages Vulnerabilities​ – ការ​គ្រប់​គ្រង​ចំណុច​ខ្សោយ
អ្នក​ប្រើ​ប្រាស់​អាច​ធ្វើ​ការ​រាយ​ការណ៍ (report​) បញ្ហា និង error មួយ​ចំនួន​ដែល​ពួក​គេ​ជួប​ប្រទះ។

៥ – Privacy Policy​ – គោលការណ៍​ឯកជន​ភាព
គោលការណ៍​ឯកជន​ភាព​ត្រូវ​បាន​ដាក់​ឱ្យ​មើល​ជា​សាធារណៈ​នៅ​លើ​គេហទំព័រ​របស់​ខ្លួន​ (jitsi.org/meet-jit-si-privacy)។ Jitsi ​បញ្ជាក់​ថា អ្នកប្រើ​ប្រាស់​មិន​តម្រូវ​ឱ្យ​បំពេញ​ព័ត៌មាន​របស់​ខ្លួន​ដូចជា ​ឈ្មោះ ​លេខ​ទូរស័ព្ទ​ ឬអ៊ីមែល​នោះ​ទេ។ ប៉ុន្តែ​បើ​ពួក​គេ​ស្ម័គ្រចិត្ត​ផ្តល់​នូវ​ព័ត៌​មាន​ទាំង​នោះ Jitsi ក៏​មិន​ធ្វើ​ការ​ចែក​រំលែក​ព័ត៌​មាន​ទាំង​នោះជា​មួយ​​ភាគី​ទី​បី​ដែរ។ ព័ត៌មាន និង​ទិន្នន័យ​ផ្សេងៗ​របស់​អ្នក​ប្រើ​ប្រាស់​នឹង​លុប​ភ្លាមៗ​ចេញ​ពី sever បន្ទាប់​ពី​ចប់​ការ​ប្រជុំ។ ដោយ​ឡែក ចំពោះទិន្នន័យ​វីឌីអូ ដែល​អ្នក​ប្រើ​ប្រាស់​បាន​ធ្វើ​ការ record អំឡុង​ពេល​ប្រជុំ វា​នឹង​ត្រូវ​បាន​រក្សា​ទុក​ជា​បណ្តោះ​អាសន្ន​ និង​ក៏ត្រូវ​បាន​លុប​ចេញ​ពី sever បន្ទាប់​ពី​វីឌីអូដែល record នោះបាន upload ទៅ​កន្លែង​ផ្សេង​ដែល​បាន​កំណត់។ គួរបញ្ជាក់​ថា Jitsi ​មាន​មុខ​ងារ​ដែល​អាចឱ្យ​អ្នក​ប្រើ​ប្រាស់​ធ្វើ​ការ​ថត​ទុក ​(record​) ការ​ប្រជុំ​ ​ប៉ុន្តែ​កម្មវិធី​នេះ​នឹង​ជូនដំណឹង​ដោយ​លោត​សារ (notification) ដើម្បី​ប្រាប់​អ្នក​ដែល​ចូលរួម​ប្រជុំ​ទាំងអស់​ឱ្យដឹង​ថា​ការប្រជុំ​នេះ​ត្រូវ​បាន record ​ដោយ​អ្នក​ចូល​រួម​ណា​ម្នាក់។ បច្ចុប្បន្ន​ Jitsi អាច​អនុញ្ញាត​ឱ្យអ្នក​ប្រើ​ប្រាស់ upload វីឌីអូ record នោះ​ចូល​ទៅក្នុងគណនី Dropbox បាន។

របៀប​ប្រើ Jitsi នៅ​លើ​កុំព្យូទ័រ Browser

សម្រាប់​អ្នក​រៀប​ចំការ​ប្រជុំ

ជំហាន​ទី១៖ ចូល​ទៅ​កាន់​គេហ​ទំព័រ meet.jit.si

ជំហាន​ទី២៖ ដាក់​ឈ្មោះ​បន្ទប់​ប្រជុំ
ក្នុង​ប្រអប់​ខាង​ក្រោម​ពាក្យ Start a new meeting > ចុច Go

ឈ្មោះ​បន្ទប់​ប្រជុំ​មិន​គួរ​ដាក់​ឈ្មោះ​ដែល​ខ្លី និង​ងាយ​ស្រួល​ពេក​នោះ​ទេ (ឧ. Test​, Yoga ឬ FamilyMeeting​)។  ការ​ដាក់​ឈ្មោះ​ងាយ​ៗបែប​នេះ អាច​ឱ្យ​អ្នក​ផ្សេង​ដែល​មិន​បាន​អញ្ជើញ​ឱ្យ​ចូល​រួម​​ប្រជុំ អាចលួចចូល​ក្នុង​បន្ទប់​ប្រជុំ​បាន​ដោយ​ងាយ ​ដោយ​គេ​គ្រាន់តែ​សាក​ល្បង​វាយ​ឈ្មោះ​បន្ទប់​ប្រជុំ​នោះ។ ប្រសិន​បើ​អ្នក​មាន​ការ​លំបាក​ក្នុង​ការ​ដាក់​ឈ្មោះ​បន្ទប់​ប្រជុំ អ្នក​អាច​ប្រើ​ឈ្មោះ​ដែល​ Jitsi បង្កើត​ដោយ​ស្វ័យប្រវត្តិ ( ​random meeting name generator)។

ជំហានទី៣៖ ដាក់​ឈ្មោះរបស់​អ្នក
ឧទាហរណ៍ៈ DigitalHub101 > ចុចលើ Join Meeting

ឈ្មោះ​នឹង​បង្ហាញ​ឱ្យ​អ្នក​ចូលរួម​ផ្សេង​ទៀត​ឃើញ។  ​រូប​ខាង​លើ ឈ្មោះ​ដែល​បង្ហាញ​គឺ DigitalHub101​។ អ្នក​ទាំងអស់​គ្នា​អាច​ដាក់​ឈ្មោះ​ខ្លួន​ឯង ឈ្មោះ​កាត់ ឬ​កូដ​សម្គាល់​អ្វី​ក៏​បាន។ ដើម្បី​អាច​ប្តូរ​ឈ្មោះ គ្រាន់​តែ​ចុច​លើ​ឈ្មោះ​ដែល​មាន​ស្រាប់​បន្ទាប់​មក សរសេរ​ឈ្មោះ​ដែល​អ្នក​ទាំង​អស់​គ្នា​ពេញ​ចិត្ត។

ជំហានទី៤៖ អញ្ជើញ​អ្នក​ផ្សេង​ឱ្យ​ចូល​រួម​ប្រ​ជុំ
ចុច​លើ Invite more people ដែល​នៅ​ផ្នែក​ខាង​លើ​

បន្ទាប់​មក​វា​នឹង​បង្ហាញ​ដូច​រូបខាង​ក្រោម > ចុច​លើ​ពាក្យ​ Copy meeting link

អ្នក​ទាំង​អស់គ្នា​ត្រូវ​ចុច​លើ​ពាក្យ Copy meeting link ដើម្បី​ថត​ចម្លង (copy) ​តំណ​ភ្ជាប់​បន្ទប់​ប្រជុំ ​រួច​ផ្ញើ​តំណ​ភ្ជាប់​ដែល​បាន​ copy រួច ទៅ​ឱ្យ​អ្នក​ដែល​ត្រូវ​ចូល​រួម​ការ​ប្រជុំ​នោះ។ អ្នក​ទាំង​អស់គ្នា​ក៏​អាច​ចុច​លើ​រូប​សម្គាល់​ដូច​ខាង​ក្រោម​ដើម្បី​copy link នៃ​ការ​ប្រជុំ​បាន​ដែរ។

ជំហានទី៥៖ ដាក់ពាក្យសម្ងាត់​ការ​ពារ​បន្ទប់​ប្រ​ជុំ
ការ​ដាក់​ពាក្យ​សម្ងាត់ដើម្បី​ការ​ពារ​បន្ទប់​ប្រជុំ​ពិត​ជាមាន​សារៈសំខាន់ ដើម្បី​ការពារ​ការ​លួចចូល​ក្នុង​បន្ទប់​ប្រជុំ​តាម​ online ដោយ​មិនបាន​អញ្ជើញ ពិសេស​សម្រាប់ការ​ប្រជុំ ឬការ​ធ្វើ​បទ​បង្ហាញ​ដែល​មាន​មនុស្ស​ច្រើន​ចូលរួម។

ចុច​លើ​រូប​សម្គាល់ (Security options) ដូចរូបខាង​ក្រោម

បន្ទាប់​ពី​ចុច​លើ​រូប​សម្គាល់ Security Options ដូចខាង​លើ អ្នក​នឹងឃើញ​រូប​ដូច​ខាង​ក្រោម > ចុច​លើ​ពាក្យ Add password

បន្ទាប់​ពីដាក់​ពាក្យ​សម្ងាត់ នោះ​បន្ទប់ប្រជុំ​របស់​អ្នក​មាន​សុវត្ថិភាព​ថែម​មួយ​កម្រិតទៀត​ហើយ ប៉ុន្តែ​អ្នក​ក៏​ត្រូវ​តែផ្ញើ​ពាក្យ​សម្ងាត់​នេះ​ទៅ​កាន់​អ្នកចូល​រួម​ផ្សេង​ទៀត​ដែរ ដើម្បី​ឱ្យ​ពួក​គេ​អាច​ចូល​រួម​ប្រជុំ​បាន។

សម្រាប់​អ្នក​ចូល​រួមប្រជុំ

Jitsi ផ្តល់​ភាព​ងាយ​ស្រួល​បំផុត​សម្រាប់​អ្នក​ចូល​រួម​ប្រជុំ គឺ​ពួកគេ​​គ្រាន់​តែ​ចុច​លើ​តំណ​ភ្ជាប់​(Meeting link​) ដែល​អ្នក​រៀប​ចំ​ការ​ប្រជុំ​ផ្ញើ​ឱ្យ រួច​ចុច​លើ​ពាក្យ Join​​ meeting ជា​ការ​ស្រេច។

ប្រសិន​បើ​ បន្ទប់​ប្រជុំ​នោះ​ការ​ពារ​ដោយ​ពាក្យ​សម្ងាត់​អ្នក​ចូល​រួម​ត្រូវ​វាយ​បញ្ចូល​ពាក្យ​សម្ងាត់​ឱ្យ​បាន​ត្រឹម​ត្រូវ។ បើ​អ្នក​មិន​មាន​ពាក្យ​សម្ងាត់​ត្រូវ​ទាក់​ទង​ទៅ ​អ្នក​រៀបចំ​ការ​ប្រជុំ​ដើម្បី​ស្នើរ​សុំពាក្យ​សម្ងាត់​បន្ទប់​ប្រជុំ​នោះ។