កំណត់​សុវត្ថិ​ភាព និង​ឯក​ជន​ភាព​នៅ​លើ Facebook តាម​រយៈ​មុខ​ងារ Privacy Checkup

Privacy Checkup ជា​មុខ​ងារ​មួយ​ដែល​ហ្វេស​ប៊ុក​បាន​បង្កើត​ឡើង​ដើម្បីជួយ​អ្នក​ប្រើប្រាស់​ងាយ​ស្រួល​ក្នុង​ការ​ត្រួត​ពិនិត្យ ​កំណត់​ឯក​ជនភាព និង​សុវត្ថិភាព​នៅលើ​គណនី​របស់​ពួក​គេ។ ​
ក្នុង​អត្ថបទ​នេះ យើង​នឹង​ពន្យល់​ពី​ចំណុច​នីមួយៗ និង​ពាក្យគន្លឹះ​ដែល​អ្នក​ប្រើប្រាស់ ​នឹង​ជួប​ប្រទះ​នៅ​ពេល​ដែល​ប្រើមុខងារនេះ។

  

ក្នុង​អត្ថបទ​នេះ យើង​បង្ហាញ​ពី​ការ​ចូល​ទៅ​ប្រើ Privacy Checkup នៅ​លើ​ទូរសព្ទ Android ចំពោះ​អ្នក​ដែល​ប្រើ​ កុំព្យូទ័រ ឬទូរសព្ទ​ដែល​មាន​ព័ន្ធ​ប្រតិបត្តិការ​ផ្សេង អាច​ចូល​ទៅ​តាម​តំណ​ភ្ជាប់​នេះ https://www.facebook.com/help/443357099140264/?helpref=uf_share

ដើម្បី​ចូល​ទៅ​កាន់ មុខ​ងារ​នេះ​អ្នក​ត្រូវ​អនុវត្ត​តាម​ការ​ណែ​នាំ​ដូច​ខាង​ក្រោម៖

ជំហាន​ទី១:

ចុច​លើ​និមិត្ត​សញ្ញា​ទ្រេបី នៅ​ខាង​លើ និង​ផ្នែក​ខាង​ស្តាំ​នៃ Facebook របស់​អ្នក > អូស​ចុះ​ក្រោម និង​ចុច​លើ Settings & Privacy > ចុច​លើ Settings > ចុច​លើ Privacy CheckupPrivacy Checkup

ជំហាន​ទី​២:

ចុច​លើ​ប្រធាន​បទ​នីមួយៗ ដើម្បី​ធ្វើ​ការ​កំណត់​ពី ឯក​ជន​ភាព និង​សុវត្ថិភាព​លើ​គណនី​របស់​អ្នក

មុន​នឹង​អ្នក​ចូល​ទៅ​កាន់​ប្រធាន​បទ​នីមួយៗ​នៃ​ជំហាន​ទី២​នេះ យើង​សូម​ណែ​នាំ​អ្នក​ទាំង​អស់​គ្នា​ឱ្យ​យល់​ពី​ពាក្យ​គន្លឹះ​ ដែល​អ្នក​នឹង​ប្រទះ​ឃើញ ហើយ​នឹង​ត្រូវ​សម្រេច​ចិត្ត​ជ្រើស​រើស​នៅ​លើ​មុខងារ Privacy Checkup នេះ។ អត្ថន័យ​នៃ​ពាក្យ​គន្លឹះ​ទាំង​នោះ​មាន​ដូច​ខាង​ក្រោមៈ

  • Public / Everyone: ត្រង់​កន្លែង​ខ្លះ​អ្នក​អាច​នឹង​ឃើញ Facebook ផ្តល់​ជម្រើស​ឱ្យ​អ្នក​ជ្រើស​រើស​យក Public តែ​កន្លែង​ខ្លះ​បែរ​ជា​ឃើញ​ពាក្យ Everyone ទៅ​វិញ​។ ពាក្យ​ទាំង​ពី​នេះ​មាន​ន័យ​ដូច​គ្នា គឺ​នៅ​ពេល​ដែល​អ្នក​ជ្រើស​រើស​យក​ជម្រើស​ជា​មួយ​នឹង​ពាក្យ​ទាំង​នេះ​ នោះ​មាន​ន័យ​ថា គ្រប់​គ្នា (រួម​ទាំង​អ្នក​មិន​មាន​គណនី Facebook) អាច​ឃើញ​នូវ​អ្វី​ដែល​អ្នក​ចែក​រំ​លែក ឬ​អាច​ស្វែង​រក​ហ្វេស​ប៊ុក​អ្នក​ឃើញ​នៅ​លើ​អ៊ីន​ធឺណិត។
  • Friends of Friends: វិសាល​ភាព​នៃ Friends of Friends ឬ​មិត្ត​ភក្តិ នៃ​មិត្ត​ភក្តិ​អ្នក មាន​ទំហំ​តូច​ជាង Public / Everyone តែ​បន្តិច​ទេ ត្រង់​ថា Public / Everyone ​គឺ​គ្រប់​គ្នា​នៅ​លើ​អ៊ីន​ធឺណិត ទោះ​បី​ជា​ពួក​គេ​មិន​មែន​ជា​មិត្តភក្តិ​នៅ​ក្នុង​ហ្វេស​ប៊ុក​របស់​អ្នក ឬ​ទោះ​បី​ជា​ពួក​គេ​មិន​មាន​គណនី​ហ្វេស​ប៊ុក​ក៏​ដោយ ក៏​ពួក​គេ​អាច​ស្វែង​រក​អ្នក​ឃើញ​ដែរ។ ចំណែក Friends of Friends គឺ​គ្រប់​គ្នា​ដែល​ជា​មិត្ត​ភក្តិ របស់​មិត្ត​ភក្តិ​អ្នក គឺ​អាច​ស្វែង​រក​អ្នក​ឃើញ ឬ​អាច​ស្នើ​សុំ​ធ្វើ​ជា​មិត្ត​ភក្តិ​ជា​មួយ​អ្នក​បាន​ ។​ អ្នក​នឹង​មិន​អាច​ដឹង​ទេ​ថា តើ​មិត្ត​ភក្តិ​នៅ​ក្នុង​ហ្វេស​ប៊ុក​របស់​អ្នក​ទាំង​អស់ ពួក​គេ​មាន​មិត្ត​ភក្តិ​ប៉ុន្មាន​នាក់​ទៀត​នោះ​ទេ។
  • Friend except: មាន​ន័យ​ថា រាល់​ការ​បង្ហោះ ឬ​ចែក​រំលែក​អ្វី​មួយ​នៅ​លើ Facebook របស់​អ្នក រាល់​មិត្ត​ភក្តិ​ទាំង​អស់​នៅ​ក្នុង Facebook នឹង​ឃើញ លើក​លែង​តែ​មនុស្ស​មួយ​ចំនួន​ដែល​អ្នក​បាន​កំណត់​មិន​ឱ្យ​ឃើញ។
  • Specific friends: Specific friends គឺ​វា​ផ្ទុយ​នឹង Friends Except ដែល​មាន​ន័យ​ថា រាល់​ការ​បង្ហោះ​សារ ឬ​ចែក​រំលែក​អ្វី​មួយ អ្នក​អនុញ្ញាត​ឱ្យ​តែ​មនុស្ស​មួយ​ចំនួន​ដែល​អ្នក​បាន​កំណត់​នៅ​ក្នុង specific friends ឃើញ​តែ​ប៉ុណ្ណោះ អ្នក​ផ្សេង​នឹង​មិន​ឃើញ​នូវ​អ្វី​ដែល​អ្នក​បាន​ចែក​រំលែក​ទេ។
  • Only me: នៅ​ពេល​ដែល​អ្នក​ជ្រើស​រើស​យក Only me នោះ​គ្មាន​អ្នក​ណា​ម្នាក់​អាច​ឃើញ នូវ​ព័ត៌​មាន ឬ​អ្វី​ដែល​អ្នក​បាន​ចែក​រំលែក​នៅ​លើ Facebook របស់​អ្នក​ទេ។ ជម្រើស Only me នេះ​អាច​ល្អ ក្នុង​ការ​កំណត់​មិន​ឱ្យ​អ្នក​ផ្សេង​អាច​ស្វែង​រក​ព័ត៌មាន​ផ្ទាល់​ខ្លួន​របស់​អ្នក​នៅ​ក្នុង​គណនី Facebook អ្នក ឧទាហរណ៍​ដូច​ជា លេខ​ទូរសព្ទ អ៊ីមែល ថ្ងៃ​ខែ​ឆ្នាំ​កំណើត ជា​ដើម។ល។

អ្នក​ទាំង​អស់​គ្នា អាច​នឹង​កាន់​តែ​យល់​ពាក្យ​ទាំង​នេះ នៅ​ពេល​ អ​នុវត្ត លើ​ចំណុច​នីមួយៗ។ សូម​ត្រលប់​មក​មើល​ការ​ពន្យល់​នៃ​ពាក្យ​ទាំង​នេះឡើង​វិញ ប្រសិន​បើ​អ្នក​ទាំង​អស់​គ្នា​នៅ​មិន​ទាន់​ច្បាស់​ពី​ជម្រើស​ដែល​នឹង​ត្រូវ​ជ្រើស​រើស។ ខាង​ក្រោម​នេះ​អ្នក​ទាំង​អស់​គ្នា​ នឹង​ត្រូវ​អនុវត្ត​លើ​ជំហាន​ទី​២​បន្ត។

ជំហាន​ទី២ (ត): ប្រធាន​បទ នីមួយៗ​នៅ​លើ Privacy Checkup

  1. Who can see what you share / អ្នក​ដែល​អាច​មើល​ឃើញ​អ្វី​ដែល​អ្នក​ចែក​រំលែក
    • Profile information: អ្នក​អាច​កំណត់​ថា អ្នក​ណា​ខ្លះ ដែល​អាច​មើល​ឃើញ​ព័ត៌មាន​មួយ​ចំនួន​នៅ​លើ​Profile របស់​អ្នក។​ ដែល​ព័ត៌មាន​ទាំង​នោះ​មាន​ដូច​ជា លេខ​ទូរសព្ទ អ៊ីមែល ថ្ងៃ​ខែ​ឆ្នាំ​កំណើត ទី​កន្លែង​កំណើត ស្ថាន​ភាព​ទំនាក់​ទំនង​របស់​អ្នក ប្រវត្តិ​ការ​ងារ ការ​អប់រំ បញ្ជី​មិត្ត​ភក្តិ និង​អ្នក​ណា​ខ្លះ​អាច​មើល​ឃើញ​ពី​ទំព័រ​ដែល​អ្នក​បាន like ឬ follow​ជា​ដើម។
    • Post and Stories: ទីនេះ​អ្នក​អាច​កំណត់​ថា ចាប់​ពី​ពេល​នេះ(Future Posts) អ្នក​ណា​ខ្លះ​អាច​ឃើញ​អ្វី​ដែល​អ្នក​នឹង​បង្ហោះ ជា​លក្ខណៈ post និង​ story ហើយ​អ្នក​ក៏​អាច​កំណត់​រាល់ post ចាស់ៗ ពី Public ឬ Friend of Friends មក​ត្រឹម Friends បាន​ដែរ ដោយ​គ្រាន់​តែ​ចុច​នៅ​លើ Limit ត្រង់​ចំណុច Limit Past Posts ។
    • Blocking: អ្នក​អាច​ធ្វើ​ការ​ពិនិត្យ​ឡើង​វិញ​នូវ​បញ្ជី​ឈ្មោះ​មិត្ត​ភក្តិ​ដែល​អ្នក​បាន​ប្លុក (See Your Blocked List) និង​អាច​លុប​ពួក​គេ​ចេញ​ពី​បញ្ជី​ដែល​បាន​ប្លុក​នោះ (Unblock) ឬ​ក៏​អាច​ប្លុក​អ្នក​ផ្សេង​បន្ថែម(Add to Blocked List)​ ចូល​ទៅ​ក្នុង​បញ្ជី​ប្លុកនេះ​បាន ។
  2. How to keep your account secure / របៀប​រក្សា​សុវត្ថិភាព​គណនី​របស់​អ្នក
    ទីនេះ​ជា​ផ្នែក​មួយ​ដ៏​សំខាន់​ទាក់​ទង​នឹង​សុវត្ថិភាព​គណនី Facebook របស់​អ្នក។
    • Password: អ្នក​អាច​ធ្វើ​ការ​ផ្លាស់​ប្តូរ​ពាក្យ​សម្ងាត់ (Change Password) លើ​គណនី Facebook របស់​អ្នក​បាន​នៅ​ទី​នេះ។ សូម​ចាំ​ថា ដើម្បី​អាច​ប្តូរ​ពាក្យ​សម្ងាត់​ថ្មី​បាន អ្នក​ត្រូវ​តែ​ចាំ​ពាក្យ​សម្ងាត់​ចាស់​របស់​អ្នក បើ​មិន​ដូច្នេះ​ទេ ​អ្នក​នឹង​មិន​អាច​ធ្វើ​ការ​ផ្លាស់​ប្តូរ​ពាក្យ​សម្ងាត់​បាន​ឡើយ។ សូម​ប្រើ​ពាក្យ​សម្ងាត់​ដែល​រឹង​មាំ លើ​គណនី Facebook របស់​អ្នក។
    • Two-factor Authentication: មុខ​ងារ​នេះ ជា​មុខ​ងារ​មួយ​ដ៏​សំខាន់​ដែល​ជួយ​ការ​ពារ​គណនី​របស់​អ្នក​ឱ្យ​កាន់​តែ​មាន​សុវត្ថិភាព។​ Two-factor Authentication ឬ 2FA នឹង​បន្ថែម​សុវត្ថិភាព​មួយ​ជាន់​ទៀត​លើ​ពាក្យ​សម្ងាត់​របស់​អ្នក មាន​ន័យ​ថា​ ទោះ​បី​ជា​អ្នក​ផ្សេង​លួច​បាន​ពាក្យ​សម្ងាត់​របស់​អ្នក​ក៏​ដោយ ក៏​ពួក​គេ​នៅ​មិន​ទាន់​អាច​ចូល​ទៅ​កាន់​គណនី​របស់​អ្នក​បាន​ដែរ។ Facebook នឹង​តម្រូវ​ឱ្យ​ពួក​គេ​បញ្ចូល​លេខ​កូដ​៦​ខ្ទង់ ដើម្បី​បញ្ជាក់​ថា ពួក​គេ​ពិត​ជា​ម្ចាស់​គណនី​នេះ​ពិត​មែន ដែល​លេខ​កូដ​នោះ Facebook បាន​ផ្ញើ​ទៅ​កាន់​សារ SMS នៅ​ក្នុង​ទូរសព្ទ​ដៃ​របស់​អ្នក ឬ​នៅ​ក្នុង​កម្មវីធី​សម្រាប់​ផ្ទុក​លេខ​កូដ 2FA (Authenticator App) ដែល​អ្នក​បាន​តម្លើង​នៅ​ក្នុង​ទូរសព្ទ​អ្នក កម្មវិធី​ទាំង​នោះ​មាន​ដូច​ជា Google Authenticator, Microsoft Authenticator…) ជា​ដើម។ ដូច្នេះ​អ្នក​ដែល​អាច​ចូល​ប្រើ​គណនី​អ្នក​បាន លុះ​ត្រា​តែ​ពួក​គេ​ស្គាល់​ពាក្យ​សម្ងាត់ (Password) និង​មាន​ឧបករណ៍​ដែល​មាន​លេខ​កូដ 2FA (ដូច​ជា​ទូរសព្ទ​របស់​អ្នក)នៅ​ជា​មួយ​ពួក​គេ។
      ស្វែង​យល់​ពី​របៀប​ក្នុង​ការ​បើក​មុខ​ងារ សុវត្ថិភាព​ពីរ​ជាន់ ឬ 2FA នៅ​លើ​បណ្តាញ​សង្គម
    • Login Alert: នៅ​ពេល​ដែល​អ្នក​បើក​មុខ​ងារ​ឱ្យ​នេះ Facebook ជូន​ដំណឹង​ទៅ​អ្នក (alert) នៅ​ពេល​មាន​អ្នក​ផ្សេង​ចូល​ទៅ​កាន់​គណនី​របស់​អ្នក ចេញ​ពី​ទីតាំង​ដែល​ថ្មី​ដែល​អ្នក​មិន​ធ្លាប់​បាន​ទៅ​ដល់។ Facebook និង​ប្រាប់​អ្នក​ពី​តាំង​ថ្មី​ដែល​បាន​ចូល​ប្រើ​គណនី​អ្នក ពេល​វេលា​ និង​ឧបករណ៍​ដែល​បាន​ប្រើ​ដើម្បី​ចូល​ទៅ​គណនី​នោះ​។
  3. How people can find you on Facebook / របៀប​ដែល​អ្នក​ផ្សេង​អាច​ស្វែង​រក​អ្នក​ឃើញ​នៅ​លើ Facebook
    • Friend requests: ត្រង់​កន្លែង​នេះ អ្នក​អាច​កំណត់​ថា អ្នក​ណា​ខ្លះ​អាច​ស្នើ​សុំ​ធ្វើ​ជា​មិត្ត (Add Friend) ជា​មួយ​អ្នក​នៅ​លើ Facebook។
    • Phone number and email: ចំណុច​នេះ​អ្នក​កំណត់​ថា តើ​អ្នក​ណា​ខ្លះ​ អាច​ស្វែង​រក Facebook របស់​អ្នក​តាម​រយៈ​លេខ​ទូរសព្ទ ឬ​ក៏​អ៊ីមែល​ដែល​អ្នក​បាន​ដាក់​នៅ​ក្នុង​គណនី​របស់​អ្នក។
    • Search engines: ត្រង់​កន្លែង​នេះ អ្នក​អាច​កំណត់​ថា តើ​អ្នក​ចង់​ឱ្យ​អ្នក​ផ្សេង​អាច​ស្វែង​រក Facebook របស់​អ្នក តាម​រយៈ​គេហ​ទំព័រ​ស្រាវ​ជ្រាវ​ធំៗ ដូច​ជា Google ជា​ដើម​ដែរ​ឬ​ទេ។
  4. Your data settings on Facebook / ការ​កំណត់​ទិន្នន័យ​របស់​អ្នក​នៅ​លើ Facebook
    • Apps and websites: តើ​មាន កម្មវិធី​ទូរសព្ទ (app) ឬ​គេហ​ទំព័រ (website) ​ណា​ខ្លះ​ដែល​បាន​ភ្ជាប់​ជា​មួយ​គណនី Facebook របស់​អ្នក។ នៅ​ពេល​ដែល​អ្នក​ឃើញ​មាន កម្មវិធី ឬ​គេហ​ទំព័រ​ណា​មួយ​នៅ​ក្នុង​បញ្ជី​នេះ​ នោះ​មាន​ន័យ​ថា អ្នក​បាន​ប្រើ​គណនី Facebook របស់​អ្នក ចុះ​ឈ្មោះ​ជា​មួយ​កម្មវិធី និង​គេហ​ទំព័រ​ទាំង​នោះ។ នេះ​ ក៏​មាន​ន័យ​ថា ​អ្នក​បាន​យល់​ព្រម​ឱ្យ​ក្រុម​ហ៊ុន Facebook ធ្វើ​ការ​ចែក​រំលែក​ទិន្នន័យ Facebook របស់​អ្នក​ជា​មួយ កម្ម​វិធី និង​គេហទំព័រ​ទាំង​នោះ​ដែរ។ សូម​ធ្វើ​ការ​ពិនិត្យ និង​ពិចារណា​ក្នុង​ការ​លុប កម្ម​វិធី ឬ​គេហទំព័រ ដែល​អ្នក​មិន​ដែល​ស្គាល់ ឬ​មិន​ចាំ​បាច់​ចេញ​ពី​បញ្ជី​នេះ​ ព្រោះ​គណនី Facebook របស់​អ្នក​អាច​នឹង​រង​គ្រោះ ឬ​ត្រូវ​បាន​វាយ​ប្រហារ ប្រសិន​បើ កម្ម​វិធី ឬ​គេទំព័រ​ទាំង​នោះ​ត្រូវ​បាន​វាយ​ប្រហារ ឬ​មាន​ចំណុច​ខ្សោយ​ផ្នែក​សុវត្ថិភាព។
    • Location: Facebook អាច​ដឹង​ពី​ទី​តាំង​របស់​អ្នក តាម​រយៈGPS នៅ​ក្នុង​ឧបករណ៍​របស់​អ្នក តាម​រយៈ​ការ​ភ្ជាប់​ទៅ​កាន់​អ៊ីន​ធឺណិត​នៅ​ឧបករណ៍​របស់​អ្នក​ជា​ដើម។ Facebook ប្រើ​ទិន្នន័យ​ពី​ទីតាំង​របស់​អ្នក ដើម្បី​បង្ហាញ​នូវ​មាតិកា​ដែល​ផ្សេងៗ​ដែល​ទាក់​ទង​នឹង​តំបន់​ដែល​អ្នក​រស់​នៅ បង្ហាញ​ការ​ផ្សាយ​ពាណិជ្ជកម្ម និង​ផ្នែក​មួយ​ក៏​ជួយ​ការ​ពារ​គណនី​របស់​អ្នក​ផង​ដែរ។ អ្នក​មាន​ជម្រើស​ពីរ​គឺ អនុញ្ញាត​ឱ្យ​ប្រើ​តែ​នៅ​ពេល​ដែល​អ្នក​ប្រើ Facebook ប៉ុណ្ណោះ (While using) និង​បិទ​មិន​អនុញ្ញាត​ឱ្យ Facebook ប្រើ​តែ​ម្តង (Off)
  5. Your ad preferences on Facebook / បង្ហាញ​ការ​ផ្សាយ​ពាណិជ្ជ​កម្ម នៅ​លើ Facebook
    • Profile Information: ក្រុម​ហ៊ុន​ផ្សាយ​ពាណិជ្ជ​កម្ម​ខ្លះ​ព្យា​យាម ផ្សព្វ​ផ្សាយ​ទៅ​កាន់​ក្រុម​គោល​ដៅ​របស់​គេ​តាម​រយៈ ​ព័ត៌​មាន​ផ្ទាល់​ខ្លួន​របស់​អ្នក​ប្រើ​ប្រាស់​ដែល​បាន​ដាក់​លើ Facebook របស់​ពួក​គេ ដែល​ព័ត៌មាន​ទាំង​នោះ​មាន​ដូច​ជា ​ព័ត៌មាន​អំពី​ស្ថាន​ភាព​ទំនាក់​ទំនង (នៅ​លីវ ឬ​មាន​គ្រួសារ) ព័ត៌​មាន​អំពី​អាជីព​ការ​ងារ និង​មុខ​តំណែង និង​ព័ត៌​មាន​ពី​កម្រិត​នៃ​ការ​អប់​រំ​ជា​ដើម។ល។ ត្រង់​ចំណុច​នេះ Facebook ផ្តល់​ជម្រើស​ឱ្យ​ម្ចាស់​គណនី ក្នុង​ការ​យល់​ព្រម​ចែក​រំលែក​ព័ត៌​មាន​ផ្ទាល់​ខ្លួន​ទាំង​នោះ​ឱ្យ​ក្រុម​ហ៊ុន មើល​ឃើញ​នូវ​ការ​ផ្សព្វ​ផ្សាយ​ពាណិជ្ជកម្ម​ផ្សេង​ ដែល​អ្នក​អាច​នឹង​ចាប់​អារម្មណ៍។​
    • Social Interaction: រាល់​សកម្មភាព​ដែល​អ្នក​ប្រើ Facebook ដូច​ជា​ទំព័រ​ដែល​អ្នក​តាម​ដាន អ្វី​ដែល​អ្នក​បាន comment ចែក​រំ​លែក ការ check-ins ព្រឹត្តិការ​ដែល​អ្នក​ចាប់​អារម្មណ៍​នៅ​លើ​មាតិកា​នៃ​ការ​ផ្សាយ​ពាណិជ្ជកម្ម​ណា​មួយ នឹង​បង្ហាញ​ទៅ​កាន់​មិត្ត​ភក្តិ​ក្នុង Facebook របស់​អ្នក ហើយ​ពួក​គេ​នឹង​មើល​ឃើញ​ថា អ្នក​ក៏​បាន​ចាប់​អារម្មណ៍ ឬ​សាក​សួរ​ចំពោះ​មាតិកា ឬ​ផលិត​ផល​ទាំង​នោះ។ ប្រសិន​បើ​អ្នក​មិន​ចង់ ឱ្យ​មិត្តភក្តិ​នៅ​ក្នុង Facebook របស់​អ្នក​ឃើញ​ថា​ អ្នក​បាន​ចុច like ឬ​បញ្ចេញ​មតិ​យោ​បល់ ឬ​បាន​ចែក​រំ​លែក​លើ​ការ​ផ្សព្វ​ផ្សាយ​ ណា​មួយ​នោះ អ្នក​អាច​បិទ​ដោយ​ជ្រើស​រើស​យក Only me។  

ឯក​ជន​ភាព និង​សុវត្ថិ​ភាព ពិត​ជា​មាន​សារ​សំខាន់​ណាស់​នៅ​លើ​អ៊ីន​ធឺណិត ពិសេស​នៅ​លើ​បណ្តាញ​សង្គម​ដ៏​ពេញ​និយម ដូច​ជា Facebook នេះ។ រាល់​ព័ត៌​មាន និង​ទិន្នន័យ​ផ្សេងៗ​របស់​អ្នក និង​ក្លាយ​ជា​ទិន្នន័យ​ដ៏​មាន​តម្លៃ​នៅ​លើ​អ៊ីន​ធឺណិត។ អ្នក​ក៏​អាច​ក្លាយ​ជា​ជន​រង​គ្រោះ​ប្រសិន​បើ​អ្នក​មិន​បាន​កំណត់​នូវ​ឯក​ជន​ភាព​ និង​សុវត្ថិភាព​ឱ្យ​បាន​ត្រឹម​ត្រូវ​នោះ​ទេ។ បើ​ទោះ​បី​ជា​អ្នក​មិន​អាច​គ្រប់​គ្រង​បាន​ទាំង​ស្រុង​នូវ​ទិន្នន័យ​ទាំង​នោះ ប៉ុន្តែ​អ្នក​ក៏​នៅ​មាន​លទ្ធភាព​ក្នុង​ការ​គ្រប់​គ្រង​បាន​ខ្លះ​ ដែរ ដែល​ការ​គ្រប់​គ្រង​ទាំង​នេះ អាច​ជួយ​កាត់​បន្ថយ​ការ​ប្រមូល និង​ប្រើ​ប្រាស់​ដោយ​សេរី​នូវ​ព័ត៌មាន និង​ទិន្នន័យ​ផ្ទាល់​ខ្លួន​របស់​អ្នក។ ដើម្បី​សុវត្ថិភាព សូម​ធ្វើ​ការ​កំណត់​ឯក​ជន​ភាព និង​សុវត្ថិភាព​ផ្ទាល់​ខ្លួន​របស់​អ្នក​ឱ្យ​បាន​សម​ស្រប​នៅ​លើ​អ៊ីន​ធឺណិត។

ប្រភពៈ