តើអ្នកឆ្ងល់ដែរឬទេនៅពេលអ្នកភ្ជាប់គណនីហ្វេសប៊ុករបស់អ្នកទៅនឹងគេហទំព័រទាំងនោះ តើអ្នកប្រឈមមុខនឹងបញ្ហាអ្វីខ្លះ? តើអ្នកដឹងទេថាទិន្នន័យហ្វេស ប៊ុករបស់អ្នកត្រូវបញ្ជូនទៅកន្លែងណា? ការសម្រេចចិត្តរបស់អ្នកក្នុងការប្រើប្រាស់ទិន្នន័យក្នុងស្ថានភាពនេះ វាបញ្ជាក់ឲ្យយើងឃើញថាអ្នកបានមើលស្រាលនូវសិទ្ធិអំណាច និងឯកជននៃអត្តសញ្ញាណឌីជីថលរបស់អ្នក។
អធិបតេយ្យភាពឌីជីថល
នៅក្នុងយុគសម័យអ៊ីនធឺណិតអធិបតេយ្យភាពឌីជីថលគឺជាគោលគំនិតមួយដ៏សំខាន់ដែលមានន័យថាបុគ្គល ឬស្ថាប័នត្រូវមានសិទ្ធិក្នុងការគ្រប់គ្រងទិន្នន័យឌីជីថលរបស់ពួកគេ។ ម្យ៉ាងវិញទៀត អធិបតេយ្យភាពឌីជីថលក៏និយាយអំពីថាតើទិន្នន័យ និងព័ត៏មានឌីជីថលរបស់អ្នកត្រូវបានគ្រប់គ្រងនិងថែរក្សាយ៉ាងដូចម្តេច?
អ្នកប្រើប្រាស់ជាទូទៅចូលចិត្តក្នុងការយកគណនីហ្វេសប៊ុក ឬជីម៉ែល (Gmail) ដើម្បីធ្វើការចុះឈ្មោះព្រោះវាងាយស្រួល ដោយមិនចាំបាច់បង្កើតនូវគណនី និងលេខកូដសម្ងាត់មួយទៀត ហើយវាងាយស្រួលចាំ និងមិនខ្លាចភ្លេច និងបាត់គណនីទាំងនោះ។ ប៉ុន្តែទង្វើបែបនេះបានក្លាយជាវិធីសាស្ត្រក្នុងការរកចំនូលរបស់ក្រុមហ៊ុនបច្ចេកវិទ្យាធំៗ តាមរយៈការយកទិន្នន័យនិងព័ត៌មានឌីជីថលនានាទៅលក់ឬជួញដូរ តាមរយះរូបភាពផ្សេងៗ។ ឧទាហរណ៍ក្រុមហ៊ុនបច្ចេកវិទ្យាធំៗដូចជាក្រុមហ៊ុនហ្វេសប៊ុក ហ្គូគហ្គល (Google) និងអាម៉ាហ្សូន (Amazon) ទទួលបានប្រាក់កម្រៃតាមរយៈការលក់ទិន្នន័យរបស់អ្នកនិងការវិភាគទិន្នន័យរបស់អ្នកដើម្បីដឹងពីចំណង់ចំណូលចិត្តរបស់អ្នកដើម្បីឲ្យអ្នកទិញផលិតផល ឬសេវាកម្មនានានៅលើអ៊ីនធឺណិត។
សុវត្ថិភាពនៃអត្តសញ្ញាណឌីជីថល
អត្តសញ្ញាណរបស់យើងគឺមានតំលៃដែលមិនអាចកាត់ថ្លៃបាន។ រាល់ពេលធ្វើដំណើរទិញរថយន្ត ឬប្រើប្រាស់សេវាកម្មរបស់ធនាគារពួកយើងគ្រប់គ្នាតែងតែភ្ជាប់សេវាកម្ម និងផលិតផលទាំងនោះជាមួយអត្តសញ្ញាណរបស់យើងជានិច្ច។ ពួកយើងតែងតែការពារអត្តសញ្ញាណរបស់យើងជានិច្ច។ ផ្ទុយទៅវិញយើងដូចជាធ្វេសប្រហែសជាមួយនឹងការចុះឈ្មោះលេខកូដសម្ងាត់ និងព័ត៌មានផ្ទាល់ខ្លួនដែលពួកយើងប្រើប្រាស់នៅលើប្រព័ន្ធអនឡាញ។
នៅក្នុងខែធ្នូ ឆ្នាំ២០២០ អធិការបតីអាល្លឺម៉ង់លោកស្រីអ៊េន ជីឡាមីកគែល (Angela Merkel) បាននិយាយអំពីសារៈសំខាន់នៃសុវត្ថិភាពនៃអត្តសញ្ញាណ ឌីជីថលនៅឯអង្គប្រជុំមួយដែលមានការចូលរួមពីក្រុមហ៊ុនឯកជនធំៗ។ បន្ថែមពីនេះទៀតរដ្ឋាភិបាលអូស្ត្រាលី និងកាណាដាបានអនុវត្តកម្មវិធីអត្តសញ្ញាណឌីជីថលដែលបង្កើតឡើងក្នុងគោលបំណងដើម្បីបង្កើតអត្តសញ្ញណឌីជីថលទៅឲ្យពលរដ្ឋរបស់ពួកគេ និងបង្កើតក្នុងការតំរូវឲ្យក្រុមហ៊ុនឯកជនធំៗគិតពីសុវត្ថិភាពអត្តសញ្ញាណឌីជីថលរបស់អ្នកប្រើប្រាស់។
ព្រំដែនថ្មីនៃអត្តសញ្ញាណឌីជីថល
ក្នុងកំឡុងពេលនៃការរីករាលដាលនៃជម្ងឺកូវីត១៩នេះ ឥរិយាបទនៅលើប្រព័ន្ធអនឡាញជាច្រើនត្រូវបានផ្លាស់ប្តូរ។ទំនាក់ទំនងក្នុងការរស់នៅ ការធ្វើការងារត្រូវបានផ្លាស់ប្តូរទៅធ្វើលើប្រព័ន្ធអនឡាញ។ទាំងនេះបានសរបញ្ជាក់ឲ្យយើងឃើញថាសុវត្ថិភាពនៃអត្តសញ្ញាណឌីជីថលមានសារះសំខាន់ខ្លាំងណាស់។
បន្ថែមពីនេះទៀតក្នុងឆ្នាំ២០២០ការគំរាមកំហែងនៅលើទិន្នន័យ និងប្រព័ន្ធព័ត៏មានបច្ចេកវិទ្យាមានការកើនឡើងជាគំហុកក្នុងនោះរួមមានការរំលោភបំពាន និងការលួចទិន្នន័យចំនួន៣៦០លាន ដែលបានកើតឡើងនៅលើអ៊ីនធឺណិត។ ជាលទ្ធផល បញ្ហានេះបានក្រើនរំលឹកដល់ក្រមហ៊ុន និងអង្គភាពទាំងអស់អំពីសារះសំខាន់ក្នុងការបង្កើននូវសុវត្ថិភាពគ្រប់គ្រងទិន្នន័យដើម្បីធ្វើការការពារអត្តសញ្ញាណឌីជីថល។
សរុបរួមមកព្រំដែនថ្មីនៃការការពារអត្តសញ្ញាណគឺផ្តោតសំខាន់នៅប្រព័ន្ធឌីជីថល។ឧទាហរណ៍ ធានាសុវត្ថិភាពក្នុងការចូលទៅទិន្នន័យ សុវត្ថិភាពប្រព័ន្ធព័ត៏មានបច្ចេកវិទ្យា និងសុវត្ថិភាពក្នុងដំណើរការគ្រប់គ្រងអត្តសញ្ញាណ។
ប្រភពៈ https://securityboulevard.com/2021/04/digital-identity-the-reality-of-online-privacy/