កំពុងប្រើ Telegram? សូមប្រយ័ត្ន អំឡុងពេលដែលតំណ t.me មិនដំណើរការ

ផ្ទាំងមិនដំណើរការ ពេលចុចលើ តំណ​ទៅកាន់ឆានែលតេលេក្រាមរបស់អង្គការ អនាគតឌីជីថលកម្ពុជា (https://t.me/dfccambodia)

នៅថ្ងៃនេះ (ថ្ងៃទី១៤ ខែកក្កដា) អ្នកប្រើប្រាស់ Telegram ជាច្រើនមិនអាចបើកតំណភ្ជាប់ដែលចាប់ផ្តើមដោយ t.me បានទេ រួមទាំងតំណភ្ជាប់ទៅកាន់ឆានែល ក្រុម គណនីអ្នកប្រើប្រាស់បុគ្គល និង Telegram bot ផងដែរ។

បញ្ហានេះបានកើតឡើងដោយសារតែដែន (domain) t.me ត្រូវបានផ្អាកជាបណ្តោះអាសន្ន ដោយស្ថាប័នដែលគ្រប់គ្រងឈ្មោះដែន .me។ ការផ្អាកនេះធ្វើឱ្យអ្នកប្រើប្រាស់អ៊ីនធឺណិតមិនអាចរកឃើញ និងបើកដែនបាន។

មូលហេតុពិតប្រាកដនៃការផ្អាកនេះមិនទាន់ត្រូវបានពន្យល់ជាផ្លូវការនៅឡើយទេ។ កម្មវិធី និងការផ្ញើសារនៅតែដំណើរការធម្មតា វាប៉ះពាល់តែការចូលទៅតេលេក្រាមតាមរយៈតំណភ្ជាប់ t.me ប៉ុណ្ណោះ។

ខណៈពេលដែលបញ្ហានៅតែបន្ត អ្នកប្រើប្រាស់អាចស្វែងរកឆានែល ឬក្រុមដោយ វាយឈ្មោះគណនី ឧ.@username ជំនួសវិញ។

ក្នុងអំឡុងពេលមានបញ្ហានេះ ជនឆបោកអាចបង្កើតគេហទំព័រ Telegram ក្លែងក្លាយ ឬតំណភ្ជាប់ជំនួស ដើម្បីលួចយកគណនីរបស់អ្នក។ ដូច្នេះ អ្នកប្រើប្រាស់គួរ៖

  • ជៀសវាងគេហទំព័រដែល ឱ្យអ្នកចុចលើតំណភ្ជាប់ថ្មី ដែលអះអាងថាប្រើជំនួស t.me
  • កុំបញ្ចូលពាក្យសម្ងាត់ ឬលេខកូដចូល Telegram នៅលើគេហទំព័រដែលមិនស្គាល់
  • កុំផ្ដល់លេខកូដផ្ទៀងផ្ទាត់ទៅឱ្យអ្នកដទៃ
  • ស្វែងរកឆានែល ក្រុម ឬគណនីដោយប្រើ @ឈ្មោះអ្នកប្រើប្រាស់ (@username) ដោយផ្ទាល់នៅក្នុងកម្មវិធី Telegram
  • រង់ចាំព័ត៌មានផ្លូវការពី Telegram

សូមពិនិត្យអាសយដ្ឋានគេហទំព័រឱ្យបានច្បាស់លាស់មុនពេលបើក។ តំណភ្ជាប់ដែលមើលទៅស្រដៀងនឹង t.me អាចនាំអ្នកទៅកាន់គេហទំព័របោកបញ្ឆោត (Phishing)។