ក្រុមហ៊ុន Google បានប្រកាសពង្រឹងគោលការណ៍ថ្មី ដើម្បីចាត់វិធានការក្ដៅទៅលើគេហទំព័រទាំងឡាយណាដែលប្រើល្បិច “Back button hijacking” ឬការលួចគ្រប់គ្រងប៊ូតុងថយក្រោយ ដើម្បីបង្ខាំងអ្នកមើលមិនឱ្យចាកចេញពីគេហទំព័ររបស់ខ្លួន។
តើល្បិច «លួចគ្រប់គ្រងប៊ូតុងថយក្រោយ» គឺជាអ្វី?
វាគឺជាបច្ចេកទេសដែលគេហទំព័រមួយចំនួនប្រើ ដើម្បីជ្រៀតជ្រែកទៅលើកម្មវិធី Browser ដូចជា Chrome ឬ Safari។ នៅពេលអ្នកចុចប៊ូតុង «ថយក្រោយ ឬ Back» ជំនួសឱ្យការនាំអ្នកត្រឡប់ទៅកាន់ទំព័រមុន វាបែរជាបង្ខាំងអ្នកឱ្យនៅជាប់ក្នុងគេហទំព័រដដែល ឬលោតទៅកាន់ផ្ទាំងពាណិជ្ជកម្មដែលអ្នកមិនចង់មើលទៅវិញ។
នៅក្នុងអត្ថបទប្លុកមួយ Google បានលើកឡើងថា ខ្លួនសង្កេតឃើញសកម្មភាពមិនស្មោះត្រង់នេះមានការកើនឡើងគួរឱ្យកត់សម្គាល់ ទើបសម្រេចចិត្តត្រូវតែចេញមុខដោះស្រាយ។
- កាលបរិច្ឆេទអនុវត្ត៖ ចាប់ពីថ្ងៃទី ១៥ ខែមិថុនា ខាងមុខនេះ។
- ចំណាត់ការ៖ ល្បិចនេះនឹងត្រូវចាត់ទុកថាជា “សកម្មភាពមានចេតនាអាក្រក់”។ គេហទំព័រដែលនៅតែបន្តប្រើល្បិចនេះ នឹងត្រូវ Google ទម្លាក់ចំណាត់ថ្នាក់ ឬអាចនឹងត្រូវ លុបឈ្មោះចេញ ពីលទ្ធផលស្វែងរកលើ Google Search តែម្តង។
Google បានបញ្ជាក់ថា៖ «ការលួចគ្រប់គ្រងប៊ូតុងថយក្រោយ គឺជាការរំខានដល់មុខងាររបស់ Browser និងធ្វើឱ្យអ្នកប្រើប្រាស់មានអារម្មណ៍ខកចិត្ត។ មនុស្សជាច្រើនមានអារម្មណ៍ថា ពួកគេកំពុងត្រូវបានគេបោកបញ្ឆោតហើយលែងចង់ចូលទៅកាន់គេហទំព័រដែលមិនធ្លាប់ស្គាល់ទៀតហើយ។
លោក Adam Thompson នាយកផ្នែកឌីជីថលនៃវិទ្យាស្ថាន BCS បានប្រាប់ BBC ថា៖ «ទង្វើបែបនេះបានបំផ្លាញបទពិសោធន៍មូលដ្ឋាន និងការរំពឹងទុករបស់មនុស្សចំពោះរបៀបដំណើរការរបស់អ៊ីនធឺណិត។ ដូច្នេះ វាជារឿងត្រឹមត្រូវដែល Google ចាត់ទុកវាជាឥរិយាបថបង្កគ្រោះថ្នាក់ និងត្រូវមានចំណាត់ការច្បាស់លាស់»។
Google បានណែនាំដល់ម្ចាស់គេហទំព័រទាំងអស់ឱ្យពិនិត្យមើលប្រព័ន្ធបច្ចេកទេសរបស់ខ្លួនឡើងវិញ ដើម្បីប្រាកដថាពួកគេមិនបានធ្វើអ្វីដែលរំខានដល់ការបញ្ជាប៊ូតុងថយក្រោយរបស់អ្នកប្រើប្រាស់ឡើយ។ ចំពោះគេហទំព័រដែលរងពិន័យ ក៏អាចដាក់ពាក្យសុំឱ្យ Google ពិនិត្យឡើងវិញបានដែរ ប្រសិនបើពួកគេបានកែសម្រួលកំហុសទាំងនោះរួចរាល់។
ប្រភព៖ bbc.com