នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ ក្រុមឧក្រិដ្ឋកម្មតាមអ៊ីនធឺណិតដ៏ល្បីឈ្មោះ ShinyHunters បានដាក់បញ្ចូល Udemy នៅក្នុងតារាងនៃគេហទំព័រដែលរងគ្រោះពីការវាយប្រហាររបស់ខ្លួន ដោយអះអាងថាខ្លួនបានគ្រប់គ្រងទិន្នន័យផ្ទៃក្នុងដ៏រសើបនៅលើគេហទំព័រនេះ។
ការបង្ហោះនេះមិនមែនគ្រាន់តែជាការគំរាមទេ ប៉ុន្តែពួកគេបានបញ្ជាក់នៅក្នុងសាររបស់ខ្លួនទៅ Udemy ថា «បង់ប្រាក់ ឬបែកធ្លាយ (Pay or Leak)»។ ShinyHunters បានព្រមានថា ប្រសិនបើ Udemy មិនឆ្លើយតបត្រឹមថ្ងៃទី២៧ ខែមេសានេះទេ ទិន្នន័យដែលលួចបាន នឹងត្រូវបានបង្ហោះជាសាធារណៈ។

មិនយូរប៉ុន្មានបន្ទាប់ពីការព្រមាននេះ ទិន្នន័យត្រូវបានគេរាយការណ៍ថាបានលេចធ្លាយតាមអ៊ីនធឺណិត។ យោងតាម Have I Been Pwned ដែលជាគេហទំព័រសម្រាប់ពិនិត្យមើលការបែកធ្លាយទិន្នន័យតាមអ៊ីនធឺណិតបានបង្ហាញថា ការបំពាននេះពាក់ព័ន្ធនឹងអាសយដ្ឋានអ៊ីមែលរបស់អ្នកប្រើប្រាស់ ១,៤ លាននាក់ រួមទាំងគណនីរបស់អ្នករៀន និងគ្រូបង្រៀនផងដែរ។
ទិន្នន័យដែលបានលាតត្រដាងអាចរួមមាន:
- អាសយដ្ឋានអ៊ីមែល
- ឈ្មោះអ្នកប្រើប្រាស់
- លេខទូរស័ព្ទ
- ព័ត៌មានអាស័យដ្ឋានអ្នកប្រើប្រាស់
- ព័ត៌មានទាក់ទងនឹងមធ្យោបាយទូរទាត់ប្រាក់
ព័ត៌មានប្រភេទនេះត្រូវបានគេចាត់ទុកថាជាព័ត៌មានរសើប ព្រោះវាអាចត្រូវបានប្រើសម្រាប់ការបោកប្រាស់ដែលបានកំណត់គោលដៅ ឬការវាយប្រហារទាក់ទងនឹងការបន្លំអត្តសញ្ញាណ។
នៅថ្ងៃទី២៧ ខែមេសានេះ Have I Been Pwned បានអះអាងនៅលើបណ្តាញ X (Twitter) ថាទិន្នន័យបែកធ្លាយ ចំនួន ៥៦% បានដាក់ចូលទៅក្នុង Have I Been Pwned រួចហើយ។

ប្រសិនបើអ្នក មានគណនីនៅ Udemy អ្នកអាចពិនិត្យមើលថា តើគណនីរបស់អ្នកបែកធ្លាយដែរ ឬអត់ ដោយចូលទៅពិនិត្យលើ គេហទំព័រ Have I Been Pwned ដោយវាយបញ្ចូលអ៊ីមែល ដែលអ្នកបានប្រើជាមួយគណនី Umdey។ ប្រសិនរកឃើញថា គណនីរបស់អ្នកបើកធ្លាយដែរនោះ សូមចូលទៅកាន់គេហទំព័រ Udemy និងធ្វើការផ្លាស់ប្តូរ ពាក្យសម្ងាត់ និងកុំភ្លេចប្រើមុខងារសុវត្ថិភាព២ជាន់ ឬ 2FA។
ស្វែងយល់បន្ថែមពីរបៀបពិនិត្យមើលគណនីបែកធ្លាយនៅលើ Have I Been Pwned។
ប្រភព៖