Meta ដាក់ឱ្យប្រើប្រាស់មុខងារថ្មី ដើម្បីការពារអ្នកប្រើប្រាស់ WhatsApp និង Messenger ពីការបោកប្រាស់

ក្រុមហ៊ុន Meta បានប្រកាសកាលពីថ្ងៃអង្គារថា ខ្លួនកំពុងដាក់ឱ្យប្រើមុខងារថ្មី ដើម្បីជួយការពារអ្នកប្រើប្រាស់ នៅលើកម្មវិធីផ្ញើសារ Facebook Messenger និង WhatsApp ពីការបោកប្រាស់ដែលអាចកើតមាន។ 

ក្នុងន័យនេះ ក្រុមហ៊ុនបាននិយាយថា ខ្លួននឹងជូនដំណឹង សារព្រមានថ្មីលើ WhatsApp នៅពេលអ្នកប្រើប្រាស់ព្យាយាម ចែករំលែកអេក្រង់ (screen sharing) ជាមួយអ្នកទំនាក់ទំនងដែលមិនស្គាល់ ក្នុងអំឡុងពេលហៅវីដេអូ។ មុខងារនេះមានគោលបំណងការពារអ្នកប្រើប្រាស់ពីការផ្តល់ព័ត៌មានសំខាន់ៗ ដូចជា ព័ត៌មានគណនីធនាគារ ឬកូដផ្ទៀងផ្ទាត់ (verification codes) ដោយចៃដន្យ។ 

នៅលើ Messenger អ្នកប្រើប្រាស់អាចជ្រើសរើសបើកមុខងារមួយឈ្មោះថា Scam detection ដោយចូលទៅកាន់ផ្នែក Privacy & Safety settings។ នៅពេលបើកមុខងារនេះ អ្នកប្រើប្រាស់នឹងទទួលបាន ការជូនដំណឹង ប្រសិនបើពួកគេទទួលសារដែលមានសញ្ញាសង្ស័យពីអ្នកទំនាក់ទំនងដែលមិនស្គាល់ ដែលអាចមានលក្ខណៈបោកប្រាស់។ 

Meta បានលើកឡើងថា៖ 
“ដោយសារតែការរកឃើញត្រូវបានអនុវត្តនៅលើឧបករណ៍របស់អ្នក ការជជែកដែលមាន ការអ៊ិនគ្រីប (end-to-end encryption) នឹងនៅតែមានសុវត្ថិភាព។ ប្រសិនបើអ្នកទទួលបានការជូនដំណឹងថា ការសន្ទនាណាមួយអាចមានសញ្ញានៃការបោកប្រាស់ យើងនឹងសួរថា តើអ្នកចង់ផ្ញើសារថ្មីៗដែលអ្នកទទួលបានទៅឱ្យ AI ពិនិត្យឬអត់។ សារដែលត្រូវបានចែករំលែកទៅ AI នឹងមិនមានការអ៊ិនគ្រីបទៀតទេ។” 

ប្រសិនពិនិត្យឃើញថា វាអាចជាការបោកប្រាស់ អ្នកប្រើប្រាស់នឹងទទួលព័ត៌មានបន្ថែមអំពី ប្រភេទការបោកប្រាស់ដែលជាទូទៅ ដូចជា៖ 

  • ការផ្តល់ការងារជាថ្នូរនឹងការទាមទារប្រាក់ជាមុន 
  • ឱកាសរកប្រាក់បានលឿន 
  • ការងារធ្វើពីផ្ទះដែលមិនអាចធ្វើពីចម្ងាយបានពិតប្រាកដ 

អ្នកប្រើប្រាស់ក៏នឹងទទួលជម្រើសដើម្បី ប្លុក (block) ឬ រាយការណ៍ (report) គណនីដែលសង្ស័យផងដែរ។ 

ជាផ្នែកមួយនៃការខិតខំប្រឹងប្រែងបន្តរបស់ខ្លួនក្នុងការប្រយុទ្ធប្រឆាំងនឹងការបោកប្រាស់ ក្រុមហ៊ុនបណ្តាញសង្គមយក្សនេះបាននិយាយថា ខ្លួនបានចាត់វិធានការលើ Facebook Pages និងគណនីជាង ២១,000 ដែលបានក្លែងខ្លួនជាសេវាកម្ម customer support ដើម្បីបោកប្រាស់មនុស្សឲ្យចែករំលែកព័ត៌មានផ្ទាល់ខ្លួន។ 

លើសពីនេះ Meta បាននិយាយថា ចាប់តាំងពីដើមឆ្នាំនេះ ខ្លួនបានរកឃើញ និងរំខានដល់ គណនីជិត ៨ លាន នៅលើ Facebook និង Instagram ដែលពាក់ព័ន្ធនឹងមជ្ឈមណ្ឌលបោកប្រាស់ឧក្រិដ្ឋកម្ម ដែលកំពុងគោលដៅលើមនុស្សជុំវិញពិភពលោក រួមទាំង មនុស្សចាស់ តាមរយៈសារ messaging កម្មវិធីស្វែងរកគូ (dating apps) បណ្តាញសង្គម ការវិនិយោគ cryptocurrency និងកម្មវិធីផ្សេងៗទៀត។ 

មជ្ឈមណ្ឌលបោកប្រាស់ទាំងនេះត្រូវបានប្រតិបត្តិពីប្រទេសដូចជា មីយ៉ាន់ម៉ា ឡាវ កម្ពុជា អេមីរ៉ាតអារ៉ាប់រួម និងហ្វីលីពីន។ 

គម្រោងបោកប្រាស់ទាំងនេះ ដែលជាញឹកញាប់ត្រូវបានហៅថា romance baiting (ឬ “pig butchering”) ត្រូវបានដំណើរការដោយបណ្តាញឧក្រិដ្ឋកម្មសាយប័រ ដែលមានមូលដ្ឋាននៅតំបន់អាស៊ីអាគ្នេយ៍។ វាជាប្រភេទ ការក្លែងបន្លំការវិនិយោគ ដែលឧក្រិដ្ឋជនបញ្ឆោតជនរងគ្រោះឲ្យដាក់ប្រាក់កាន់តែច្រើនទៅក្នុងវេទិកាវិនិយោគក្លែងក្លាយ ដោយសន្យាថានឹងទទួលបានប្រាក់ចំណេញខ្ពស់។ 

ក្នុងករណីជាច្រើន អ្នកបោកប្រាស់ — ដែលខ្លួនឯងក៏ត្រូវបាន ជួញដូរ មកកាន់តំបន់នេះដោយសន្យាការងារដែលមានប្រាក់ខែខ្ពស់ ហើយត្រូវបានបង្ខំឲ្យធ្វើការទល់នឹងចិត្ត — នឹងចាប់ផ្តើមទំនាក់ទំនងជាមួយជនរងគ្រោះតាមរយៈ កម្មវិធីស្វែងរកគូ បណ្តាញសង្គម ឬសេវាសារផ្ទាល់ ដូចជា WhatsApp។ 

នៅពេលពួកគេបង្កើតទំនាក់ទំនង និងទុកចិត្តបានហើយ ប្រតិបត្តិការបោកប្រាស់នឹងឈានទៅដំណាក់កាលបន្ទាប់ ដោយអ្នកវាយប្រហារណែនាំជនរងគ្រោះទៅកាន់ ឱកាសវិនិយោគក្លែងក្លាយ ដែលភាគច្រើនពាក់ព័ន្ធនឹង cryptocurrency ហើយបញ្ឆោតឲ្យពួកគេដាក់ប្រាក់។ ចុងក្រោយ អ្នកបោកប្រាស់នឹង បាត់ខ្លួនដោយគ្មានស្នាម។ 

ក្រុមហ៊ុនសន្តិសុខបណ្តាញ Infoblox បានបញ្ជាក់ក្នុងការវិភាគមួយដែលបានបោះពុម្ពផ្សាយនៅដើមខែនេះថា៖ 

“ចំណុចសំខាន់នៃការបោកប្រាស់គឺ ការប្រើប្រាស់ចិត្តវិទ្យាដើម្បីបញ្ឆោត។ អ្នកប្រព្រឹត្តអំពើបោកប្រាស់នឹងបង្កើតទំនាក់ទំនងអារម្មណ៍ បង្កើនការជឿទុកចិត្ត ហើយក្នុងករណីខ្លះ សូម្បីតែបង្កើតទំនាក់ទំនងស្នេហាក្លែងក្លាយ។ ដំណើរការបង្ហាញទំនាក់ទំនងយូរអង្វែងនេះធ្វើឲ្យជនរងគ្រោះបន្ថយការប្រុងប្រយ័ត្ន និងជឿលើការសន្យាអំពីប្រាក់ចំណេញអស្ចារ្យ ដែលនាំឲ្យបាត់បង់ប្រាក់យ៉ាងធ្ងន់ធ្ងរ។” 

ប្រភព https://thehackernews.com/2025/10/meta-rolls-out-new-tools-to-protect.html 

អត្ថបទផ្សេងៗទៀត