បើ​អ្នក​កំពុង​ប្រើ Windows 10 កុំព្យូទ័រ​របស់​អ្នក​នឹង​ទទួល​រង​ហានិភ័យ​សុវត្ថិភាព​ក្នុង​ពេល​ឆាប់ៗ​នេះ

ថ្ងៃ​ទី​១៤ ខែ​តុលា ឆ្នាំ​២០២៥ ក្រុម​ហ៊ុន Microsoft នឹង​បញ្ចប់​ការ​គាំ​ទ្រ ឬ​លែង​ធ្វើ​បច្ចុប្បន្ន​ភាព​ (Update) ជា​ផ្លូវ​ការ​សម្រាប់ Windows 10។ នេះ​គឺ​ជា​កាល​បរិច្ឆេទ​ដ៏​សំខាន់ សម្រាប់​អ្នក​ប្រើ​ប្រាស់​ដែល​ពឹង​ផ្អែក​លើ​ប្រព័ន្ធ​ប្រតិបត្តិការ​នេះ អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ គឺ​រាប់​ចាប់​ពី​ថ្ងៃ​ទី ២៩ ខែ​កក្កដា ឆ្នាំ២០១៥ កន្លង​មក។

ការ​ធ្វើ​បច្ចុប្បន្ន​ភាព​ប្រព័ន្ធ​ប្រតិបត្តិការ និង​កម្មវិធី តែង​តែ​ត្រូវ​បាន​ណែ​នាំ​មុន​គេ ពេល​និយាយ​ពី​សុវត្ថិភាព​ឧបករណ៍ ​ឬ​សុវត្ថិភាព​ឌីជីថល។ នៅ​ពេល​ដែល​ការ​គាំ​ទ្រ​ត្រូវ​បាន​បញ្ចប់ ឬ​ឈប់​ធ្វើ​បច្ចុប្បន្នភាព​ នោះ​សុវត្ថិភាព​របស់​ឧបករណ៍ ​ដែល​ដំណើរ​ការ​ជា​មួយ Windows 10 នឹង​រង​ផល​ប៉ះ​ពាល់​យ៉ាង​ខ្លាំង។

ប្រព័ន្ធ​ប្រតិបត្តិការ វា​ប្រៀប​ដូច​ជា​ធុង សម្រាប់​ផ្ទុក​កម្មវិធី​ផ្សេងៗ ដែល​បាន​ដំឡើង​ចូល​ទៅ​ក្នុង​កុំព្យូទ័រ​អញ្ចឹង បើ​មិន​មាន​ប្រព័ន្ធ​ប្រតិបត្តិការ (Operating System) នោះ​អ្នក​ក៏​មិន​អាច​ដំឡើង​កម្មវិធី​ផ្សេងៗ​ចូល​ក្នុង​កុំព្យូទ័រ​បាន​ទេ។ ប៉ុន្តែ​បើ​ប្រព័ន្ធ​ប្រតិបត្តិការ​មាន​បញ្ហា នោះ​កម្មវិធី និង​ទិន្នន័យ​គ្រប់​បែប​យ៉ាង​នៅ​ក្នុង​កុំព្យូទ័រ​ក៏​មិន​មាន​សុវត្ថិភាព​ដែរ។

បន្ទាប់​ពី​ក្រុម​ហ៊ុន Microsoft ឈប់​ធ្វើ​បច្ចុប្បន្ន​ភាព ភាព​ងាយ​រង​គ្រោះ​ដែល​បាន​រក​ឃើញ​ថ្មីៗ​នៅ​ក្នុង​ Windows 10 នឹង​មិន​ត្រូវ​បាន​ជួស​ជុល​ឡើយ។ ពួក​ឧក្រិដ្ឋជន​តាម​អ៊ីនធឺណិត នឹង​ធ្វើ​ការ​វាយ​ប្រហារ​លើ​ចន្លោះ​ប្រហោង​ ដែល​ពួក​គេ​បាន​រក​ឃើញ បញ្ចូន​មេរោគ​ផ្សេងៗ​ដើម្បី​តាម​ដាន លួច​ទិន្នន័យ​សំខាន់ៗ បំផ្លាញ​ឯក​សារ នឹង​ប្រើ​កុំព្យូទ័រ​ដែល​រង​គ្រោះ​នោះ ដើម្បី​យក​ទៅ​វាយ​ប្រហារ​អ្នក​ផ្សេងៗ​ទៀត​ដែល​ពាក់​ព័ន្ធ ដែល​អាច​បង្ក​បញ្ហា​ជា​ច្រើន​ដល់​ឧបករណ៍​ដែល​អ្នក​កំពុង​ប្រើ អ្នក​ពាក់​ព័ន្ធ និង​ថែម​ទាំង​អាច​ប៉ះ​ពាល់​ដល់​ដំណើរ​ការ​របស់​ស្ថាប័ន ឬ​អាជីវកម្ម​ទាំង​មូល​ផង។

សម្រាប់​អ្នក​ប្រើ​ប្រាស់ ឬ​ស្ថាប័ន​ដែល​កំពុង​ប្រើ Windows 10 កំណែ​បច្ចុប្បន្ន គឺ​22 H 2 (Version 22H2) នឹង​ក្លាយ​ជា​កំណែ​ចុង​ក្រោយ​នៃ​ប្រព័ន្ធ​ប្រតិបត្តិការ Windows 10 ហើយ​ក្រុម​ហ៊ុន Microsoft នឹង​នៅ​តែ​បន្ត​ធ្វើ​បច្ចុប្បន្ន​ភាព​ប្រចាំ​ខែ រហូត​ដល់​កាល​បរិច្ឆេទ​កំណត់​ចុង​ក្រោយ នៅ​ក្នុង​ខែ​តុលា ឆ្នាំ២០២៥​នេះ។ ដើម្បី​ធានា​បាន​នូវ​ការ​ការ​ពារ​ប្រឆាំង​នឹង​ការ​គំរាម​កំហែង​ តាម​អ៊ីន​ធឺណិត អ្នក​ប្រើ​ប្រាស់ Windows 10 គួរ​ពិ​ចារណា ធ្វើ​ការ​ផ្លាស់​ប្តូរ​ទៅ​ប្រើ Windows 11 ឱ្យ​បាន​មុន​កាល​បរិច្ឆេទ​ដែល​បាន​កំណត់​នេះ។ គួរ​រំលឹក​ថា ការ​ប្រើ​កម្មវិធី​ដែល​លែង​ទទួល​បាន​ការ​ធ្វើ​បច្ចុប្បន្ន​ភាព និង​ការ​ប្រើ​កម្មវិធី​ផ្សេងៗ​ដែល​មិន​មាន​អាជ្ញាប័ណ្ណ​ (Pirated / Cracked Software) ប្រៀប​ដូច​ជា​ការ​បើក​ច្រក​ទ្វារ ឱ្យ​ឧក្រិដ្ឋជន​វាយ​ប្រហារ បញ្ចូន​មេរោគ លួចយក​ព័ត៌មាន ទិន្នន័យ ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សុវត្ថិភាព​ឌីជីថល​ធ្ងន់​ធ្ងរ។ ប្រសិន​បើ​អ្នក​ជា​ស្ថាប័ន​មិន​ស្វែង​រក​ប្រាក់ ​ចំណេញ និង​មាន​អាជ្ញាប័ណ្ណ​ត្រឹម​ត្រូវ អ្នក​អាច​បញ្ជាទិញ​កម្មវិធី​ ពី​គេហទំព័រ TechSoup Cambodia ដែល​ជា​ស្ថាប័ន​ ដែល​ធ្វើ​ការ​បញ្ចុះ​តម្លៃ​កម្មវិធី​កុំព្យូទ័រ​ជា​ច្រើន ដល់​ស្ថាប័ន​មិន​ស្វែង​រក​ប្រាក់​ចំណេញ​ទាំង​នោះ។

ប្រភព៖