អ្វីជាការ​ឆបោក​បែប​វិនិយោគ​ក្លែង​ក្លាយ (Pig Butchering Scam)

ការ​បោក​បញ្ឆោត​ក្នុង​ទម្រង់ វិនិយោគ​ក្លែង​ក្លាយ (Pig Butchering Scam) គឺ​ជា​ការ​បោក​បញ្ឆោត​ផ្នែក​ហិរញ្ញវត្ថុ​ដ៏​ស្មុគ​ស្មាញ ដែល​ជន​បោក​ប្រាស់ ព្យាយាម​កសាង​ទំនុក​ចិត្ត​ពី​ជន​រង​គ្រោះ​តាម​រយៈ​មិត្ត​ភាព​ក្លែង​ក្លាយ​ ឬ​ទំនាក់​ទំនង​ស្នេហា​ក្លែង​ក្លាយ បន្ទាប់​មក​ក៏​បញ្ចុះ​បញ្ចូល​ជន​រង​គ្រោះឱ្យ​វិនិយោគ​ក្នុង​គម្រោង​ក្លែង​ក្លាយ។ អត្ថបទ​នេះ​រៀប​រាប់​ពី​របៀប​ដែល​ការ​បោក​បញ្ឆោត​នេះ​ដំណើរ​ការ សញ្ញា​ដែល​ត្រូវ​ប្រុង​ប្រយ័ត្ន និង​គន្លឹះ​ដើម្បី​ការ​ពារ​ខ្លួន​ពី​ការ​បោក​បញ្ឆោត​ដែល​បណ្តាល​ឱ្យ​ខាត​បង់​ច្រើន​នេះ។

តើ​អ្វី​ទៅ​ជា​ការ​បោក​បញ្ឆោត​បែប វិនិយោគ​ក្លែង​ក្លាយ?

ការ​បោក​ប្រាស់​បែប​វិនិយោគ​ក្លែង​ក្លាយ (Pig Butchering) កើត​មាន​ឡើង​ដំបូង​នៅ​អំឡុង​ឆ្នាំ 2016 ចេញ​ពី​ប្រទេស​ចិន ដោយ​ដើម​ឡើយ ជន​ឆបោក​កំណត់​គោល​ដៅ​ជន​រង​គ្រោះ​ពី​គេហទំព័រ​ណាត់​ជួប​របស់​អ្នក​ស្រលាញ់​ភេទ​ដូច​គ្នា (same-sex dating sites)។ ការ​ឆបោក​នេះ​បាន​រីក​រាល​ដាល​ខ្លាំង​ដំបូង​នៅ​តំបន់​អាស៊ី​អាគ្នេយ៍ ពិសេស​ក្នុង​ពេល​ដែល​មាន​ការ​រីក​រាល​ដាល​នៃ​ជំងឺ​កូវីដ១៩ ហើយ​ក្រោយ​មក​វា​ក៏​បាន រីក​រាល​ដាល​ពាស​ពេញ​ពិភព​លោក។

Pig Butchering មាន​ន័យ​ថា ការ​ចិញ្ចឹម​ជ្រូក​បំប៉ន​យក​សាច់ ដោយ​គេ​ប្រៀប​ធៀប​ជន​រង​គ្រោះ​ទៅ​នឹង​សត្វ​ជ្រូក (Pig) ហើយ​អ្នក​ឆបោក​ជា​ម្ចាស់​ជ្រូក។ របៀប​នៃ​ការ​ឆបោក​នេះ អ្នក​ឆបោក​ប្រើ​ពេល​យូរ​ល្មម​ធ្វើ​ការ​ទាក់​ទង កសាង​ទំនុក​ចិត្ត​ជា​មួយ​ជន​រង​គ្រោះ មុន​នឹង​ពួក​គេ​បោក​ប្រាស់​ប្រាក់​ជន​រង​គ្រោះ ដែល​ប្រៀប​បាន​នឹង​ ម្ចាស់​ជ្រូក​ត្រូវ​ប្រើ​ពេល​វេលា​ច្រើន​គួរ​សម ដើម្បី​ចិញ្ចឹម ថែ​បំប៉ន​ជ្រូក​ឱ្យ​ធំ​ធាត់ មុន​នឹង​ពួក​គេ​លក់​ទៅ​ឱ្យ​ឈ្មួញ ឬ​កាប់​យក​សាច់​លក់។

ការ​បោក​បញ្ឆោត​បែប វិនិយោគ​ក្លែង​ក្លាយ (Pig Butchering) ជា​ការ​បោក​បញ្ឆោត​ហិរញ្ញវត្ថុ​ដែល​ប្រើ​ប្រាស់​បច្ចេក​ទេស​វិស្វកម្ម​សង្គម (social engineering) រួម​ផ្សំ​នឹង​បច្ចេក​វិទ្យា​ដូច​ជា​ បញ្ញា​សិប្ប​និម្មិត (AI)ជាដើម។ ការឆ​បោក​នេះ​អ្នក​ឆបោក ធ្វើ​ឡើង​តាម​រយៈ​ការ​បង្កើត​មិត្ត​ភាព​ក្លែង​ក្លាយ​ ឬ​ទំនាក់​ទំនង​ស្នេហា លើ​កម្មវិធី​បណ្តាញ​សង្គម ​កម្មវិធី​ផ្ញើ​សារ និង​វេទិកា​ណាត់​ជួប​ផ្សេងៗ ដើម្បី​បង្កើត​ទំនាក់​ទំនង ហើយ​ក្រោយ​មក​នាំ​ទៅ​រក​ការ​កេង​ប្រវ័ញ្ច​ផ្នែក​ហិរញ្ញវត្ថុ។ ជន​រង​គ្រោះ​ត្រូវ​បាន​គេ​ធ្វើ​ឱ្យ​ជឿ​លើ​ឱកាស​វិនិយោគ​ដែល​ទទួល​បាន​ប្រាក់​ចំណេញ​ច្រើន​ ក្នុង​រយៈ​ពេល​ខ្លី។

ការ​ឆបោក​តាម​នេះ និង​ការ​ឆបោក​តាម​អន​ឡាញ​មួយ​ចំនួន​ទៀត ​ភាគ​ច្រើន​ធ្វើ​ឡើង​ជា​ប្រព័ន្ធ ក្នុង​ទ្រង់​ទ្រាយ​ធំ ​ដោយ​ពាក់​ព័ន្ធ​នឹង​ការ​ចាប់​ជំរិត និង​ការ​ជួញ​ដូរ​មនុស្ស បង្ខំ​ឱ្យ​ធ្វើ​ការ​ឆបោក និង​ប្រព្រឹត្ត​បទ​ល្មើស​ផ្សេងៗ។

របៀប​ដែល​ការ​បោក​បញ្ឆោត​បែប វិនិយោគ​ក្លែង​ក្លាយ​ដំណើរ​ការ

  1. ការ​ទំនាក់​ទំនង និង​ការ​កសាង​ទំនុក​ចិត្ត៖ ជន​បោក​ប្រាស់​ចាប់​ផ្តើម​ទំនាក់​ទំនង​ទៅ​ជន​រង​គ្រោះ​តាម​រយៈ​បណ្តាញ​សង្គម កម្មវិធី​ណាត់​ជួប ឬ​កម្មវិធី​ផ្ញើ​សារ ផ្សេងៗ​ដូច​ជា​តាម​រយៈ Facebook Messager, Telegram, WhatsApp ឬ​សារ​ខ្លី SMS ជា​ដើម។ ជា​ទូ​ទៅ​ពួក​គេ​ធ្វើ​ពុត​ ជា​ច្រឡំ​ថា​អ្នក ជា​មិត្ត​ភក្តិ​របស់​គេ ​ឬ​ហាក់​ដូច​ជា​ធ្លាប់​ស្គាល់​អ្នក ហើយ​ក៏​ចេះ​តែ​ទាក់​ទង​មក​អ្នក​ដើម្បី​សុំ​រាប់​អាន​ ឬ​បង្កើន​ទំនាក់​ទំនង​ស្នេហា​ជា​ដើម។

    ជន​ឆបោក​តែង​តែ​ប្រើ គណនី​ដែល​បង្ហាញ​ថា ពួក​គេ​មាន​ចំនេះ​ដឹង ជា​អ្នក​ជំនាញ មាន​ទ្រព្យ​សម្បត្តិ ហើយ​ក៏​ប្រើ​រូប​ភាព​ទាក់​ទាញ មាន​រូប​ភាព​ស្រី​ស្អាត​ ជា​ដើម្បី​ទាក់​ទង​មក​កាន់​ជន​រង​គ្រោះ។ ក្នុង​ដំណាក់​កាល​ដំបូង​នេះ ពួក​គេ​ទាក់​ទង​មក គ្រាន់​តែ​សួរ​សុខ​ទុក្ខ សួរ​ពី​រឿង​ទូ​ទៅ​ធម្មតាៗ ប៉ុន្តែ​ពួក​គេ​នឹង​បន្ត​ទំនាក់​ទំនង​មក​អ្នក រហូត​ដល់​ច្រើន​ថ្ងៃ ច្រើន​សប្តាហ៍ មុន​នឹង​ណែ​នាំ​ពី​ឱកាស​វិនិយោគ។
រូបភាព៖ trendmicro.com
  1. ការ​ណែ​នាំ​ពី ឱកាស​វិនិយោគ៖ នៅ​ពេល​បង្កើត​ទំនាក់​ទំនង​បាន​ហើយ ជន​បោក​ប្រាស់​ក៏​ចាប់​ផ្តើម​ណែ​នាំ​អំពី ឱកាស​វិនិយោគ ដែល​ទទួល​បាន​ប្រាក់​ចំណេញ​ច្រើន ដែល​ភាគ​ច្រើន​ការ​វិនិយោគ​តាម​រយៈ​រូបិយ​បណ្ណ​គ្រីប​តូ (Crypto Currency) ឬ​ផ្សារ​ភាគ​ហ៊ុន​ជា​ដើម ដោយ​អះ​អាង​ថា ទទួល​បាន​ប្រាក់​ចំណេញ​ច្រើន ក្នុង​រយៈ​ពេល​ខ្លី។ ដើម្បី​ពង្រឹង​ទំនុក​ចិត្ត ដំបូង​ពួក​គេ​មិន​បង្ខំ​ឱ្យ​វិនិយោគ​ច្រើន​ទេ ដោយ​លើក​ទឹក​ចិត្ត​ជន​រង​គ្រោះ​ឱ្យ​ចាប់​ផ្តើម​ជា​មួយ​ការ​វិនិយោគ​តិច​តួច ជា​ការ​សាក​ល្បង។
  2. លើក​ទឹក​ចិត្ត​ឱ្យ​វិនិយោគ​បន្ថែម៖ នៅ​ពេល​ជន​រង​គ្រោះ​ឃើញ​ប្រាក់​ចំណេញ ដែល​មើល​ទៅ​ដូច​ជា​ពិត​ប្រាក​ដមែន ជន​បោក​ប្រាស់​ជំរុញ​ឱ្យ​ពួក​គេ​បង្កើន​ការ​វិនិយោគ​ក្នុង​ចំនួន​កំណត់​ណា​មួយ ដើម្បី​ឱ្យ​ត្រូវ​តាម​លក្ខ​ខណ្ឌ​វិនិយោគ ដែល​ទទួល​បាន​ប្រាក់​ចំណេញ​ច្រើន។ ពេល​ខ្លះ​ឧក្រិដ្ឋជន​ស្នើ​ឱ្យ​ជន​រង​គ្រោះ​ខ្ចី​ប្រាក់ ឬ​លក់​ទ្រព្យ​សម្បត្តិ​ផ្សេង​ទៀត យក​ទៅ​វិនិយោគ​ក្នុង​ពេល​បន្ទាន់ ឬ​ពេល​កំណត់​ណា​មួយ ដើម្បី​ធ្វើ​យ៉ាង​ណា​ឱ្យ​ជន​រង​គ្រោះ ដាក់​ប្រាក់​វិនិយោគ​ឱ្យ​បាន​ច្រើន និង​ឱ្យ​បាន​លឿន។
    ជន​ឆបោក បង្កើត​គេហទំព័រ ឬ​កម្មវិធី​ទូរស័ព្ទ​ក្លែង​ក្លាយ ដើម្បី​បង្ហាញ​ប្រាក់​ចំណេញ​ក្លែង​ក្លាយ​ទៅ​ជន​រង​គ្រោះ ធ្វើ​ឱ្យ​ជន​រង​គ្រោះ កាន់​តែ​ជឿ​ទុក​ចិត្ត និង​ចង់​វិនិយោគ​បន្ថែម។
  3. ការ​ប្រមូល​យក​ប្រាក់ និង​ការ​កាត់​ផ្តាច់​ទំនាក់​ទំនង៖ នៅ​ពេល​ជន​រង​គ្រោះ​ព្យា​យាម​ដក​ប្រាក់​របស់​ពួក​គេ ​ជន​ឆបោក ប្រឌិត​បញ្ហា​ឡើង ដើម្បី​ឱ្យ​ជន​រង​គ្រោះ​ដាក់​បន្ថែម​សាច់​ប្រាក់ ដូច​ជា​ប្រាប់​ថា ដើម្បី​អាច​ដក​ប្រាក់​បាន ជន​រង​គ្រោះត្រូវ​ទូ​ទាត់​ថ្លៃ សេវា​ពន្ធដារ ឬ​ថ្លៃ​សេវា​ក្នុង​ការ​ផ្ទៀង​ផ្ទាត់​អត្តសញ្ញាណ​គណនី​ជា​ដើម ជា​លទ្ធ​ផល ទោះ​ជន​រង​គ្រោះ​ដាក់​ប្រាក់​បន្ថែម តាម​ការ​ណែ​នាំ ពួក​គេ​នៅ​តែ​មិន​អាច​ដក​ប្រាក់​បាន​ដដែល។ ពេល​ឧក្រិដ្ឋ​ជន ទទួល​បាន​ប្រាក់​ច្រើន​ពី​ជន​រង​គ្រោះ ឬ​នៅ​ពេល​ដែល​ពួក​គេ​ដឹង​ថា ជន​រង​គ្រោះ​សង្ស័យ និង​លែង​ចង់​វិនិយោគ​បន្ត​ហើយ ជន​ឆបោក ក៏​ចាប់​ផ្តើម​កាត់​ផ្តាច់​ទំនាក់​ទំនង ពិ​បាក ឬ​ក៏​មិន​អាច​ទាក់​ទង​បាន​តែ​ម្តង។ ជន​រង​គ្រោះ​មិន​អាច​ដក​ប្រាក់​ដែល​ខ្លួន​បាន​វិនិយោគ និង​ឃើញ​ចំណេញ​បាន​ទេ ​ព្រោះ​ប្រាក់​ដែល​ជន​រង​គ្រោះ​ឃើញ​ចំណេញ​ទាំង​នោះ​ គ្រាន់​តែ​ជា​តួ​លេខ នៅ​លើ​គេហទំព័រ ឬ​កម្មវិធី​ក្លែង​ក្លាយ​ប៉ុណ្ណោះ ហើយ​គេហ​ទំព័រ ឬ​កម្មវិធី​ទាំង​នោះ អាច​នឹង​លែង​ដំណើរ​ការ​បន្ទាប់​ពី​ជន​ឆបោក​កាត់​ផ្តាច់​ទំនាក់​ទំនង ជា​មួយ​ជន​រង​គ្រោះ។ ការ​វិនិយោគ​នេះ ជា​ការ​វិនិយោគ ដោយ​ប្រើ​រូបិយបណ្ណ​គ្រីប​តូ ដែល​ពិបាក​ក្នុង​ការ​តាម​ដាន ស្វែង​រក​ពី​ប្រភព និង​អត្តសញ្ញាណ​ពិត​របស់​អ្នក​ឆបោក​ណាស់។
រូបភាព៖ trendmicro.com

របៀប​ការ​ពារ​ខ្លួន​ពី​ការ​ឆបោក​បែបវិនិយោគ​ក្លែងក្លាយ

  1. ផ្ទៀង​ផ្ទាត់​ប្រភព៖ សូម​ធ្វើ​ការ​ផ្ទៀង​ផ្ទាត់​អត្តសញ្ញាណ​បុគ្គល​ដែល​ទាក់​ទង​អ្នក​តាម​អន​ឡាញ ជា​ពិសេស​ប្រសិន​បើ​ពួក​គេ​ណែ​នាំ​ឱកាស​វិ​និយោគ​ណា​មួយ ហើយ​ប្រាប់​ថា​នឹង​ទទួល​បាន​ប្រាក់​ចំណេញ​ឆាប់​រហ័ស។ ស្រាវ​ជ្រាវ​ពី​គេហ​ទំព័រ ឬ​កម្មវិធី​នៃ​ការ​វិនិយោគ​នោះ ពី​ប្រភព​ផ្លូវ​ការ​ មុន​នឹង​សម្រេច​ចិត្ត​ដាក់​ប្រាក់។
  2. ជៀស​វាង​ការ​ចែក​រំ​លែក​ព័ត៌​មាន​ហិរញ្ញវត្ថុ​ជា​មួយ​មនុស្ស​ស្គាល់​គ្នា​តាម​អន​ឡាញ
    ទោះ​បី​ជា​អ្នក​យល់​ថា អ្នក​ទុក​ចិត្ត​មនុស្ស​ដែល​ទាក់​ទង​ហើយ​ក៏​ដោយ សូម​ចៀស​វាង​ការ​ចែក​រំលែក​ព័ត៌មាន​ហិរញ្ញវត្ថុ​របស់​អ្នក ឬ​ធ្វើ​ការ​ពិភាក្សា​អំពី​រឿង​ហិរញ្ញវត្ថុ​របស់​អ្នក​ជា​មួយ​មនុស្ស​ដែល​អ្នក​ទើប​តែ​បាន​ស្គាល់​តាម​អន​ឡាញ។
  3. ប្រយ័ត្ន​ចំពោះ​ការ​វិនិយោគ​ណា​ដែល​ផ្តល់​ប្រាក់​ចំណេញ​ខ្ពស់ ក្នុង​រយៈខ្លី
    ត្រូវ​ប្រយ័ត្ន​ចំពោះ​ការ​ប្រាប់​ថា អ្នក​នឹង​ទទួល​បាន​ប្រាក់​ចំណេញ​ខ្ពស់ ក្នុង​រយៈ​ពេល​ខ្លី និង​មាន​ហានិ​ភ័យ​ទាប ដែល​នេះ​ភាគ​ច្រើន​ជា​អន្ទាក់ ក្នុង​ការ​ឆបោក​ប្រាក់។ ប្រសិន​បើ​អ្នក​ចង់​វិនិយោគ សូម​ធ្វើ​ការ​វិនិយោគ ជា​មួយ​ស្ថាប័ន​ហិរញ្ញវត្ថុ​ដែល​មាន​អាជ្ញាប័ណ្ណ​ត្រឹម​ត្រូវ ស្រប​ច្បាប់​នៅ​ក្នុង​ប្រទេស ​ប្រយ័ត្ន​ចំពោះ​គម្រោង​វិនិយោគ​ដែល​មិន​ធ្លាប់​ស្គាល់ ឬ​មិន​ស្រប​ច្បាប់។
  4. រាយ​ការណ៍​សកម្មភាព​គួរ​ឱ្យ​សង្ស័យ
    នៅ​លើ​គេហទំព័រ ឬ​កម្មវិធី​ផ្ញើ​សារ ដូច​ជា Facebook ឬ Telegram ជា​ដើម សុទ្ធ​តែ​មាន​មុខ​ងារ​ឱ្យ​អ្នក​រាយការណ៍ (Report) លើ​បុគ្គល ក្រុម ឬ​ទំព័រ​ដែល​អ្នក​សង្ស័យ​ថា​មាន​ការ​ឆបោក​។ បន្ទាប់​ពី​រាយការណ៍ វេទិកា​ទំនាក់​ទំនង​ទាំង​នោះ នឹង​ត្រួត​ពិនិត្យ ហើយ​អាច​នឹង​ដក​ចេញ បុគ្គល ក្រុម ឬ​ទំព័រ​ទាំង​នោះ​ចេញ​បាន។ អ្នក​ក៏​អាច​រាយការណ៍​ទៅ​កាន់​អាជ្ញាធរ​ទប់​ស្កាត់​ឧក្រិដ្ឋ​កម្ម​តាម​ប្រព័ន្ធ​អ៊ីន​ធឺណិត ក្នុង​ករណី​មាន​ការ​សង្ស័យ​ពី​ការ​ឆបោក​បាន​ដែរ។ បន្ថែម​ពី​នេះ ការ​ចែក​រំលែក​បទ​ពិសោធ​របស់​អ្នក​អាច​ជួយ​អ្នក​ដទៃឱ្យ​ដឹង  និង​អាច​ជៀស​ផុត​ពី​ការ​ឆបោក​ដែល​មាន​លក្ខណៈ​ស្រដៀង​គ្នា​បាន​ដែរ។

ការ​ឆបោក​បែប​ Pig-Butchering ​គឺ​ជា​ការ​បោក​ប្រាស់​ដ៏​ស្មុគ​ស្មាញ ហើយ​បច្ចុប្បន្ន​ការ​ឆបោក​ប្រភេទ​នេះ ​បាន​ប្រើ​បច្ចេកវិទ្យា​ថ្មីៗ រួម​មាន​បច្ចេកវិទ្យា​បញ្ញាសប្បនិមិត្ត (AI) ជា​ដើម ដើម្បី​បង្កើត​គណនី (Profile) ដូច​ជា​រូបភាព និងវីឌីអូ (Deepfake) បង្កើត​សារ​ទំនាក់​ទំនង​ដែល​ទាក់ទាញ និង​កាន់​តែ​លំបាក​ក្នុង​ការកំណត់​សម្គាល់។ ការ​ឆបោក​បែប​នេះ​ប្រើ​រយៈ​ពេល​វែង​ល្មម​ ដើម្បី​កសាង​ការ​ជឿ​ទុក​ចិត្ត​ជា​មួយ​ជន​រង​គ្រោះ តាម​រយៈ​ការ​សុំ​រាប់​អាន ទំនាក់​ទំនង​ស្នេហា ជា​ដើម ដែល​ធ្វើ​ឱ្យ​ជន​រង​គ្រោះ​ភាគ​ច្រើន  ធ្លាក់​ក្នុង​អន្ទាក់​ ជឿ​ដោយ​មិន​មាន​ការ​សង្ស័យ​ច្រើន ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​ពួក​គេ​ខាត​បង់​ប្រាក់​កាស​ជា​ច្រើន។

សូម​ប្រយ័ត្ន​ចំពោះ​ការ​ផ្តល់​ឱកាស​វិនិយោគ ជា​មួយ​នឹង​ប្រាក់​ចំណេញ​ខ្ពស់ ពី​មនុស្ស​ដែល​ទាក់​ទង​មក​អ្នក​តាម​អន​ឡាញ ដែល​អ្នក​មិន​ធ្លាប់​ស្គាល់​ពី​មុន​សោះ។ ការ​ឆបោក​តាម​អន​ឡាញ កើត​មាន​ឡើង​ច្រើន​ទម្រង់​ច្រើន​រូប​ភាព ដូច្នេះ​មាន​តែ​ការ​បន្ត​សិក្សា ស្វែង​យល់​ជា​ប្រចាំ​ទេ ដែល​អាច​ជួយ​ការ​ពារ​ខ្លួន​អ្នក​ពី​ការ​ឆបោក ​ផ្សេងៗ​បាន។

ប្រភព៖

trendmicro.com, staysafeonline.org, wikipedia.org