អ្វីជាមេតាដាតា (Metadata)

មេតាដាតា (Metadata) គឺ​ជា​ព័ត៌មាន​អំពី​ទិន្នន័យ។ វា​ជា​ព័ត៌មាន​ដែល​អាច​រក​ឃើញ​នៅ​ក្នុង​ឯកសារ ​ដែល​អាច​ដឹង​ថា​ឯកសារ​នោះ​បង្កើត​ដោយ​អ្នក​ណា នៅ​ពេល​ណា នៅ​ទី​ណា កែ​ប្រែ​ដោយ​អ្នក​ណា នៅពេល​ណា ប្រើ​កម្មវិធី ឬ​ឧបករណ៍​អ្វី និង​ព័ត៌​មាន​ផ្សេងៗ​ទៀត​ជា​ច្រើន។

ព័ត៌មាន​មេតាដាតា​តែង​តែ​ភ្ជាប់​មក​ជា​មួយ​នឹង ឯកសារ ដូចជា Microsoft Word, Excel, PDF ជាដើម ឬរូប​ថត​តាម​រយៈ​ឧបករណ៍​ឌីជីថល​ដែល​បាន​ប្រើ​ដើម្បី​បង្កើត​ឯកសារ​ទាំង​នោះ​ឡើង។ ការ​ចែក​រំលែក​ទិន្នន័យមេតាដាតា (metadata) នេះ​ដោយ​អចេតនា អាច​បង្ក​គ្រោះ​ថ្នាក់​ដល់​ម្ចាស់​ទិន្នន័យ និង​អ្នក​ពាក់ព័ន្ធ​បាន ពិសេស​សម្រាប់​អ្នក​សារព័ត៌មាន នៅ​ពេល​ដែល​ពួក​គេ​ធ្វើ​ការ​ចុះ​ផ្សាយ រូបថត និង​ឯកសារ​ពាក់​ព័ន្ធ​នៅ​លើ​គេហទំព័រ ឬ​សារព័ត៌មាន​ណា​មួយ ដោយ​មិន​បាន​លប់​ទិន្នន័យ​មេតាដាតា អ្វី​ដែល​បាន​ចុះ​ផ្សាយ​នោះ អាច​បង្ក​បញ្ហា​ផ្សេងៗ​ដល់​ខ្លួន​ឯង ប្រភព​ដែល​ផ្តល់​ព័ត៌មាន និង​អ្នក​ពាក់​ព័ន្ធ​ផ្សេងៗ​ទៀត។

នៅ​ឆ្នាំ 2012 វេប​សាយ Vice បានបង្ហាញទីតាំងរបស់ លោក John McAfee ដោយ​អចេតនា ដែល​គាត់ ​កំពុង​រត់​គេច​ពី​បទ​ចោទ​ថា​បាន​សម្លាប់​មនុស្ស។ រូប​ថត​ដែល​បង្ហោះ​នោះ​មាន​ទិន្នន័យ​ទីតាំង​ភ្ជាប់​មក​ជា​មួយ បណ្តាល​ឱ្យ​អាជ្ញាធរ​រក​ឃើញ និង​ចាប់​ខ្លួន​គាត់​បាន​នៅ សាធារណៈ​រដ្ឋ​ហ្គាតេម៉ាឡា (Guatemala)។ ទោះ​យ៉ាង​ណា​ក៏​ដោយ គេ​មាន​វិធីសាស្រ្ត​មួយ​ចំនួន​ក្នុង​ការ​លុប​ទិន្នន័យ​មេតាដាតា (metadata) នេះចេញ​ពី​រូប​ថត ឬ​ឯកសារ​ផ្សេងៗ​បាន។

វិធី​សាមញ្ញ​ដែល​អាច​លុប​មេតាដាតា​បាន​មាន​ដូច​ខាង​ក្រោម៖

  • វិធីទី ១: ថត​រូប​អេក្រង់​នៃ​រូបថត (screenshot) នៅ​ពេល​ដែល​ថត​រូប​អេក្រង់ ឬ screenshot នោះ​វា​នឹង​មិន​ភ្ជាប់​ទិន្នន័យ​មេតាដាតា​ដែល​មា​ននៅ​លើ​រូប​នោះ​ទេ។
  • វិធីទី ២: ផ្ញើ​រូប​ថត​តាម​រយៈ​កម្មវិធី​ផ្ញើសារ៖ កម្មវិធី​ដូច​ជា Signal, Telegram, WhatsApp, Facebook Messager ជា​ដើម​នឹង​ធ្វើ​ការ​លុប​ទិន្នន័យ​មេតាដាតា​ចេញ​ពី​រូប​ថត​ដោយ​ស្វ័យ​ប្រវត្តិ។ សូម​ចាំ​ថា កម្មវិធី​ទាំង​នេះ និង​មិន​លុប​ទិន្នន័យ​មេតាដាតា ចេញ​ពី​ឯកសារ​ដូច​ជា Word, Excel, ឬ PDF ទេ។
  • វិធីទី ៣: លុប​ទិន្នន័យ​ទីតាំង​ចេញ​ពី​រូប​ភាព​ដោយ​ខ្លួនឯង៖
  • នៅ​ពេល​ដែល​អ្នក​ថត​រូប​ចេញ​ពី​ទូរស័ព្ទ​ដៃ ឬ​កាមេរ៉ា នោះ​ជា​ទូទៅ នឹង​មាន​ភ្ជាប់​ទិន្នន័យ​ទីតាំង​មក​ជា​មួយ។ ចំពោះ​ទូរស័ព្ទ អ្នក​អាច​បិទ​មុខងារ​ទីតាំង តាម​រយៈ​ការ​កំណត់​នៅ​ក្នុង​កម្មវិធី​កាមេរ៉ា (Camera Settings)។
    • នៅ​លើ​ទូរស័ព្ទApple និង Google មាន​ការ​ណែ​នាំ​អំពី​របៀប​លុប​ទិន្នន័យ​ទីតាំង​ចេញ​ពី​រូប​ភាព​នៅ​លើ​ទូរស័ព្ទ iPhone និង Android។  
    • កុំព្យូទ័រ Windows៖ ចូល​ទៅ​មើល File Properties ដោយ ចុច Right Click នៅ​លើ​ឯកសារ > ចុច​លើ Remove Properties and Personal Information >ជ្រើស​រើស​យក Remove the following properties from this file > ចុច​លើ​ប៊ូតុង Select All > ចុង​ក្រោយ​ចុច OK។

ដើម្បី​លុប​ទិន្នន័យ​មេតាដាតា​ចេញ​ពី​ឯកសារ​ដូច​ជា Word, Excel, PDF អ្នក​អាច​ប្រើ​កម្មវិធី Dangerzone ​ដែល​បង្កើត​ដោយ អង្គការ Freedom of the Press Foundation។ កម្មវិធី​នេះ​ អាច​ប្រើ​ដើម្បី​លុប​ទិន្នន័យ​មេតាដាតា និង​ប្រើ​ដើម្បី​បំលែង​ឯកសារ​ដែល​អ្នក​សង្ស័យ​ថា​មាន​មេរោគ ទៅ​ជា​ឯក​សារ​ដែល​មាន​សុវត្ថិភាព​បាន។

កម្មវិធី​មួយ​ទៀត​ដែល​មាន​ឈ្មោះថា ExifTool (ExifTool by Phil Harvey) គឺ​ជា​កម្មវិធី​មិន​គិត​ថ្លៃ និង​បើក​ចំហកូដ (Free and Open Source) ក៏​ជា​កម្មវិធី​មួយ​ដ៏​ល្អ ដែល​អាច​ប្រើ​ដើម្បី​ពិនិត្យ​មើល និង​លុប​ទិន្នន័យ​មេតាដាតា​បាន​ដែរ។

ក្រៅ​ពី​ទិន្នន័យ​មេតាដាតា ដែល​មាន​នៅ​លើ​ឯកសារ​ប្រភេទ​ឌីជីថល អ្នក​ក៏​ត្រូវ​ប្រុង​ប្រយ័ត្ន​ចំពោះ ការ​បង្ហាញ​ទិន្នន័យ ឬ​រូបភាព​ដែល​អាច​ធ្វើ​ឱ្យ​អ្នកដទៃ​អាច​កំណត់​អត្តសញ្ញាណ​ផ្ទាល់​ខ្លួន​ផ្សេងៗ​ផង​ដែរ។ ដើម្បី​ការពារ​ខ្លួនអុ្នក​ និង​អ្នក​ពាក់​ព័ន្ធ សូម​ប្រុង​ប្រយ័ត្ន​ចំពោះ​ទិន្នន័យ​មេតាដាតា​ដែល​មាន​នៅ​លើ​រូប​ថត ឬ​ឯកសារ​ផ្សេងៗ​របស់​អ្នក។ ពិនិត្យ និង​លុប​ទិន្នន័យ​មេតាដាតា​នេះ ចេញ​មុន​នឹង​ចែក​រំលែក​បន្ត។

ប្រភព៖