Incognito mode ឬ Private Browsing គឺជាមុខងារមួយរបស់កម្មវិធីរុករក (web browser) ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ អាចធ្វើការស្រាវជ្រាវលើអ៊ីនធឺណិតតាមរយៈកម្មវិធីរុករកណាមួយ ដោយមិនរក្សាទុកនូវប្រវត្តិនៃការរុករក ឬស្រាវជ្រាវ នៅលើឧបករណ៍របស់ខ្លួនឡើយ។ នៅពេលដែលអ្នកឈប់ស្រាវជ្រាវ និងបិទកម្មវិធីរុករក នោះតាមរយៈមុខងារ Incognito នេះនឹងមិនមានទិន្នន័យ ឬប្រវត្តិនៃការចូលទៅកាន់គេហទំព័រ ឬប្រវត្តិនៃការរុករកផ្សេងៗរបស់អ្នឡើយ។ បើមានអ្នកដទៃ ប្រើប្រាស់ឧបករណ៍របស់អ្នក ពួកគេមិនដឹងថាអ្នកបានចូលមើលវេបសាយ ឬបានស្រាវជ្រាវអ្វីខ្លះនោះទេ។
ទោះជាយ៉ាងណាក៏ដោយ អ្នកត្រូវចាំថា incognito mode មិនអាចធ្វើឲ្យអ្នកក្លាយជាជនអនាមិកទាំងស្រុងលើអ៊ីនធឺណិតនោះទេ។ អ្នកផ្តល់សេវាអ៊ីនធឺណេត ( ISP ) អ្នកគ្រប់គ្រង Wifi និងម្ចាស់គេហទំព័រដែលអ្នកចូលមើល នៅតែអាចដឹងពីសកម្មភាព នៃការប្រើអ៊ីនធឺណិតរបស់អ្នកបាន ប្រសិនបើពួកគេចង់តាមដានអ្នក។
តើ Incognito Mode អាចធ្វើអ្វីបានខ្លះ?
មិនរក្សាទុកប្រវត្តិនៃការរុករករបស់អ្នក៖ ប្រវត្តិនៃការរុករក ឬស្រាវជ្រាវរបស់អ្នកនៅលើអ៊ីនធឺណិត រួមទាំងអាស័យដ្ឋានវេបសាយ និងទំព័រដែលអ្នកបានចូលមើល មិនត្រូវបានរក្សាទុកនៅលើកម្មវិធីរុករក នៃឧបករណ៍របស់អ្នកទេ។

មិនបានរក្សាទុកទិន្នន័យ cookies៖ cookies ត្រូវបានគេប្រើដើម្បីតាមដានរាល់សកម្មភាពនៅលើអ៊ីនធឺណិតរបស់អ្នកប្រើប្រាស់។ តាមរយៈមុខងារនេះ ម្ចាស់គេហទំព័រអាចដឹងពីទម្លាប់ និងចំណង់ចំណូលចិត្ត និងបង្ហាញនូវមាតិកាដែលអ្នកប្រើប្រាស់អាចនឹងចូលចិត្តដោយស្វ័យប្រវត្តិ។ ពួកគេក៏ប្រើវាដើម្បីសិក្សាពីអត្តសញ្ញាណជាក់លាក់របស់អ្នកប្រើប្រាស់ ហើយផ្តល់ជូនអ្នកប្រើប្រាស់វិញនូវផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម ដែលពួកគេអាចនឹងចាប់អារម្មណ៍ជាដើម។ល។

មិនរក្សាទុកទិន្នន័យដែលអ្នកបានបញ្ចូលក្នុងវេបសាយ៖ ព័ត៌មានដែលអ្នកបានបញ្ចូលក្នុងវេបសាយមានដូចជា ព័ត៌មានចូលទៅកាន់គណនីអនឡាញ (username និង password) ព័ត៌មានអំពីការទិញទំនិញអនឡាញ (credit card information) និងព័ត៌មាននៃការស្ទង់មតិជាដើម និងមិនត្រូវបានរក្សាទុកទេ។

អ្វីដែល Incognito មិនអាចធ្វើបាន?
មិនអាចបិទបាំងពីក្រុមហ៊ុនផ្តល់សេវាអ៊ីនធឺណិត (ISP)៖ អ្នកផ្តល់សេវាអ៊ីនធឺណិត (ISP) របស់អ្នកនៅតែអាចឃើញសកម្មភាពនៃការប្រើអ៊ីនធឺណិតរបស់អ្នក។
មិនអាចបិទបាំងពីម្ចាស់គេហទំព័រ៖ ម្ចាស់គេហទំព័រ ដែលអ្នកបានចូលមើល នៅតែអាចតាមដាន និងដឹងពីសកម្មភាពរបស់អ្នក នៅពេលដែលអ្នកចូលទៅកាន់គេហទំព័ររបស់គេ បើទោះបីជាពួកគេមិនអាចរក្សាទិន្នន័យ cookies របស់អ្នកក៏ដោយ។
មិនអាចលាក់បាំងពីអ្នកគ្រប់គ្រងអ៊ីនធឺណិត៖ ប្រសិនបើអ្នកកំពុងប្រើ អ៊ីនធឺណិតនៅកន្លែងធ្វើការ នៅហាងកាហ្វេ ឬនៅកន្លែងផ្សេងៗ អ្នកគ្រប់គ្រងបណ្តាញ ឬម្ចាស់ទីកន្លែងទាំងនោះ នៅតែអាចតាមដានសកម្មភាពអ៊ីនធឺណិតរបស់អ្នកបាន។
មិនផ្តល់នូវភាពអនាមិកពេញលេញ៖ មុខងារ Incognito មិនធ្វើឱ្យអ្នកអនាមិកទាំងស្រុងនៅលើអ៊ីនធឺណិតនោះទេ វាគ្រាន់តែមិនរក្សាទុកប្រវិត្តិប្រើប្រាស់នៅលើឧបករណ៍អ្នកខ្លួនឯង។ អ្នកគួរប្រើ VPN បើចង់ការពារពីការតាមដាន នូវសកម្មភាពនៃការប្រើអ៊ីនធឺណិតរបស់់អ្នក។
តើគួរប្រើមុខងារ Incognito នៅពេលណា?
នៅពេលដែលអ្នកប្រើ ឧបករណ៍រួមគ្នា៖ មុខងារនេះ មានប្រយោជន៍នៅពេលអ្នកកំពុងប្រើឧបករណ៍រួមគ្នា ហើយមិនចង់ឱ្យអ្នកដទៃមើលឃើញប្រវត្តិ ឬសកម្មភាពរុករកនៅលើអ៊ីនធឺណិតរបស់អ្នក។
នៅពេលដែលអ្នកមិនចង់រក្សាទុកប្រវត្តិនៃការរុករក៖ អ្នកអាចប្រើវានៅលើឧបករណ៍ផ្ទាល់ខ្លួន រៀងរាល់ពេលដែលអ្នកមិនចង់រក្សាទុកប្រវត្តិនៃការរុករកនោះនៅលើឧបករណ៍របស់អ្នក។
នៅពេលដែលអ្នកមិនចង់ក្លាយជាគោលដៅនៃការផ្សាយពាណិជ្ជកម្ម៖ វាអាចជួយការពារគេហទំព័រពីការបង្ហាញការផ្សាយពាណិជ្ជកម្មដល់អ្នក ដោយផ្អែកលើប្រវត្តិរុករករបស់អ្នក។
តើអ្នកអាចប្រើមុខងារ Incognito បានដោយរបៀបណា?
- Firefox (Private Window)៖ ចុចលើនិមិត្តសញ្ញា Menu (☰) → New Private Window
- Google Chrome (Incognito Mode)៖ ចុចលើនិមិត្តសញ្ញា Menu (⋮) → New Incognito Window
- Microsoft Edge (InPrivate Mode)៖ ចុចលើនិមិត្តសញ្ញា Menu (⋯) → New InPrivate Window
- Brave (Private Window)៖ ចុចលើនិមិត្តសញ្ញា Menu (☰) → New Private Window
- Safari (Private Browsing)៖ ចូលទៅកាន់ File menu → New Private Window