Threads បណ្តាញ​សង្គម​ថ្មី​របស់ Meta ​ដាក់​ឱ្យ​ដំណើរ​ការ​នៅ​ថ្ងៃ​ទី​ 6​ ខែកក្កដា​ ចំពេល​ដែល Twitter របស់ Elon Musk មាន​ការ​រិះគន់​ខ្លាំង

Meta ដែល​ជា​ក្រុមហ៊ុនមេ​​របស់ Facebook និង Instagram ទើប​តែ​​បាន​ដាក់​ឱ្យ​ដំណើរការ​កម្មវិធី​ថ្មីមួយ​ដែល​មាន​ឈ្មោះ​ថា Threads ដើម្បី​ប្រកួត​ប្រជែង​ជា​មួយ Twitter ។

  

រូបភាពៈ Bild: Ascannio / Shutterstock.com

Threads គឺ​ជា​កម្មវិធី​បណ្តាញ​សង្គម​មួយ ដែល​ផ្តោត​មាតិកា​ជា​អក្សរ ដូច Twitter ដែរ។ អ្នក​ប្រើ​ប្រាស់​អាច​ភ្ជាប់​គណនី ​និង​ចុះ​ឈ្មោះ​ប្រើ​កម្មវិធី​ថ្មី​នេះ​តាមរយៈ​គណនី Instagram របស់​ពួក​គេ​បាន ហើយ​ពួក​គេ​ក៏​អាច​ធ្វើ​ការ​ភ្ជាប់​​ទំនាក់​ទំនងជា​មួយ​មិត្តភ័ក្តិ​ដែល​ពួក​មាន​ស្រាប់​នៅ​លើ Instagram របស់​ពួក​គេ​បាន​ផង​ដែរ។  

មុខងារ​របស់ Threads ស្រដៀង​គ្នា​ទៅ​នឹង Twitter ដែរ ដូច​ដែល​អ្នក​ប្រើ​ប្រាស់​អាច​ធ្វើ​ការ​បង្ហោះ​សារ​ឡើង​វិញ (reposting) ​ អាច​ចុច​ចូល​ចិត្ត (like) និង​អាច​កំណត់ ថា​តើ​អ្នក​ណា​ខ្លះ​អាច ឬ​មិន​អាច​ឆ្លើយ​តប (reply) ទៅ​នឹង​អ្វី​ដែល​ពួកគេ​បាន​បង្ហោះ។ កម្មវិធី​នេះ​ក៏​មាន​បញ្ជី មិត្ត​ជិត​ស្និទ្ធ (close friends) ដែល​ផ្តល់​ជម្រើស​ឱ្យ​អ្នក​ប្រើ​ប្រាស់​ចែក​រំលែក​ការ​បង្ហោះ​របស់​ពួក​គេ តែ​ជា​មួយ​ក្រុម​មនុស្ស​ដែល​ពួក​គេ​បាន​ជ្រើស​រើស។

Meta និង​កម្មវិធី​បណ្តាញ​សង្គម​ថ្មី​ផ្សេង​ទៀត​ដូច​ជា BlueSky ដែល​បង្កើត​ឡើង​ដោយ​អតីត​សហស្ថាបនិក​របស់ Twitter  និង Mastodon សុទ្ធ​តែ​ជា​កម្មវិធី​ថ្មី បង្កើត​ឡើង​ប្រកួត​ប្រជែង​នឹង Twitter ក្នុង​អំឡុង​ពេល Twitter មាន​បញ្ហា និង​មាន​ការ​រិះ​គន់​ជា​ច្រើន​ចាប់​តាំង​ពី Elon Musk បាន​ចូល​កាន់​កាប់​កាល​ពី​ចុង​ឆ្នាំ​មុន។

កត្តា​មួយ​ដែល​អាច​ធ្វើ​ឱ្យ​អ្នក​ប្រើ​ប្រាស់​ស្ទាក់​ស្ទើរ​ក្នុង​ការ​ប្តូរ​ទៅ​ប្រើ​កម្មវិធី​ថ្មី​របស់ Meta នេះ គឺ​បញ្ហា​ឯកជន​ភាព​ របស់​ពួកគេ។ Threads ប្រមូល​ទិន្នន័យ ច្រើន​ពី​អ្នក​ប្រើ​ប្រាស់​បើ​ធៀប​នឹង​កម្មវិធី​ផ្សេង​ កម្មវិធី​នេះ​ប្រមូល​ ទិន្នន័យ​ទាក់​ទង​នឹង​សុខភាព (Health) ព័ត៌មាន​ហិរញ្ញវត្ថុ (Financial Information) ព័ត៌មាន​ទំនាក់​ទំនង (Contact Information) ប្រវត្តិ​នៃ​ការ​ស្រាវ​ជ្រាវ (Browsing History) ព័ត៌មាន​អំពី​ទី​តាំង (Location) និង​ព័ត៌មាន​អំពី​ការ​បញ្ជា​ទិញ​របស់​អ្នក​ប្រើប្រាស់​ជា​ដើម។ល។

ប្រៀប​ធៀប​នឹង BlueSky ពួក​គេ​ប្រមូល​តែ​ព័ត៌មាន​សំខាន់ៗ​ដូចជា ព័ត៌មាន​ទំនាក់​ទំនង (Contact Information) ព័ត៌មាន​អំពី​មាតិកា​របស់​អ្នក​ប្រើ​ប្រាស់ (User Content) និង​អត្តសញ្ញាណ​របស់​អ្នក​ប្រើ​ប្រាស់ (User Identification)។ ដោយ​ឡែក Twitter វិញ​ប្រមូល​ទិន្នន័យ​ពី​ការ​បញ្ជា​ទិញ (Purchase) ព័ត៌មាន​អំពី​ការ​ទំនាក់​ទំនង (Contact Information) ទីតាំង (Location) បញ្ជី​ទំនាក់​ទំនង និង​ប្រវត្តិ​នៃ​ការ​ស្រាវ​ជ្រាវ (Contact and Browsing History)

ប្រភពៈ

https://www.theguardian.com/technology/2023/jul/04/threads-app-instagram-twitter-competitor-meta-to-launch-rival