Telegram យល់​ព្រម​ផ្តល់​ទិន្នន័យ​អ្នក​ប្រើ​ប្រាស់ ទៅ​ឱ្យ​អាជ្ញាធរ សម្រាប់​ការ​ស៊ើប​អង្កេត​បទ​ល្មើស

Telegram បាន​ប្រកាស​ថា នឹង​ផ្តល់​អាស័យដ្ឋាន​អាយភី  (IP Address) និង​លេខ​ទូរស័ព្ទ​របស់​អ្នក​ប្រើ​ប្រាស់​ទៅ​ឱ្យ​អាជ្ញាធរ តាម​សំណើ​ផ្លូវ​ច្បាប់ ដើម្បី​ទប់​ស្កាត់​សកម្មភាព​ឧក្រិដ្ឋកម្ម​លើ​វេទិការ​របស់​ខ្លួន ។

“យើង​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា អាស័យ​ដ្ឋាន IP និង​លេខ​ទូរស័ព្ទ​របស់​អ្នក​ប្រើ​ប្រាស់​ដែល​រំលោភ​បំពាន​គោល​នយោ​បាយ​របស់​យើង អាច​នឹង​ត្រូវ​ប្រគល់​ឱ្យ​ទៅ​អាជ្ញាធរ​ពាក់​ព័ន្ធ ជា​ការ​ឆ្លើយ​តប​នឹង​សំណើ​ផ្លូវ​ច្បាប់​ដែល​មាន​ភាព​ត្រឹម​ត្រូវ” នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​លោក Pavel Durov នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Telegram។

“ប្រសិន​បើ​មាន​ការ​បញ្ជា ពី​តុលាការ ដែល​បញ្ជាក់​ថា​អ្នក​ជា​ជន​សង្ស័យ ពាក់​ព័ន្ធ​នឹង​សកម្មភាព​ឧក្រិដ្ឋកម្ម ដែល​រំលោភ​លើ​លក្ខខណ្ឌ​ប្រើ​ប្រាស់​របស់ Telegram យើង​នឹង​ធ្វើ​ការ​ពិនិត្យ​មើល​សំណើ​នោះ ហើយ​អាច​បង្ហាញ​អាស័យ​ដ្ឋាន IP និង​លេខ​ទូរស័ព្ទ​របស់​អ្នក​ទៅ​អាជ្ញាធរ​ពាក់​ព័ន្ធ។”

ទិន្នន័យ​ពី​ការ​ស្នើរសុំ​ព័ត៌មាន​របស់​អ្នក​ប្រើ​ប្រាសើ​ទាំង​នេះ នឹង​ត្រូវ​ដាក់ ​បញ្ចូល​ក្នុងរបាយការណ៍​តម្លាភាព (Transparency Report) របស់ Telegram។

Telegram បាន​បន្ថែម​ថា ខ្លួន​អាច​ប្រមូល​ទិន្នន័យ​ពី​អ្នក​ប្រើ​ប្រាស់ ដូច​ជា ទិន្នន័យ ​អាស័យដ្ឋាន IP ទិន្នន័យ​ពាក់​ព័ន្ធ​នឹង​ឧបករណ៍​អ្នក​ប្រើ​ប្រាស់ ព្រម​ទាំង​ប្រវត្តិ​នៃ​ការ​ផ្លាស់​ប្តូរ​ឈ្មោះ​អ្នក​ប្រើ​ប្រាស់​ជា​ដើម ក្នុង​គោល​បំណង​ទប់​ស្កាត់​សារ​ឥត​ប្រយោជន៍ (Spam) នឹង​ទប់​ស្កាត់​ការ​រំលោភ​បំពាន​ផ្សេងៗ ។

គួរ​រំលឹក​ថា Telegram ធ្លាប់​បាន​បដិសេធ​មិន​ត្រួត​ពិនិត្យ និង​មិន​ប្រគល់​ទិន្នន័យ​អ្នក​ប្រើ​ប្រាស់​ទៅ​អាជ្ញាធរ​ ជា​ច្រើន​ឆ្នាំ​មក​ហើយ​ ទោះ​បី​ជា​មាន​ការ​ស្នើ​សុំ ឬ​បញ្ជា​ពី​អាជ្ញាធរ​ក៏​ដោយ​។

ការ​ផ្លាស់​ប្តូរ​គោល​នយោបាយ​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​មាន​ការ​ចាប់​ខ្លូន​លោក Pavel Durov នា​យក​ប្រតិបត្តិ​ក្រុមហ៊ុន និង​ជា​ស្ថាប​និក Telegram នៅ​ប្រទេស​បារាំង ដោយ ​ចោទ​ប្រកាន់​ថា​ក្រុមហ៊ុន​នេះ​បាន​ព្រងើយ​កន្តើយ​ចំពោះ​ឧក្រិដ្ឋកម្ម​ផ្សេងៗ ដែល​កំពុង​កើត​មាន​នៅ​លើ​វេទិកា​របស់​ខ្លួន​ទាក់​ទង​នឹង សកម្មភាព​ខុស​ច្បាប់​ផ្សេងៗ​ រួម​មាន​ការ​ជួញ​ដូរ​គ្រឿង​ញៀន រូបភាព​អាស​អា​ភាស​កុមារ និង​ការ​លាង​លុយ​កខ្វក់​ជា​ដើម។

ប្រភព: The Hacker News