អង្គរក្សបានលាតត្រដាងទីតាំងនាយករដ្ឋមន្រ្តីស៊ុយអែត ដោយអចេតនានៅលើកម្មវិធីហាត់ប្រាណ​ Strava

អង្គរក្សបានលាតត្រដាងទីតាំងរបស់នាយករដ្ឋមន្ត្រីស៊ុយអែត លោក Ulf Kristersson ដោយចៃដន្យ ដោយបានចែករំលែកផ្លូវហាត់ប្រាណ របស់ពួកគេនៅលើកម្មវិធី Strava Fitness ។ សកម្មភាពរត់ និងជិះកង់ជាង១៤០០ ដែលបង្ហាញពីកន្លែងដែលនាយករដ្ឋមន្ត្រីរស់នៅ កន្លែងធ្វើការ និងការធ្វើដំណើរ។ ព័ត៌មានទាំងនេះ ក៏បានបង្ហាញពីទីកន្លែងដែលទាក់ទងនឹងគ្រួសាររាជវង្ស និងអ្នកនយោបាយកំពូលៗផ្សេងទៀតផងដែរ។ 

ករណីនេះ ជាការបង្ហាញអំពីបញ្ហាសុវត្ថិភាពធ្ងន់ធ្ងរ ព្រោះវាបានឱ្យអ្នកប្រើប្រាស់ឃើញអំពីរបៀបដែលកម្មវិធីហាត់ប្រាណ អាចលេចធ្លាយព័ត៌មានរសើបឯកជនរបស់អ្នកប្រើប្រាស់។ ភ្នាក់ងារសន្តិសុខរបស់ប្រទេសស៊ុយអែត ឈ្មោះ Säpo កំពុងបើកការស៊ើបអង្កេតលើបញ្ហានេះ ហើយអង្គរក្សដែលពាក់ព័ន្ធ បានកំណត់គណនីរបស់ពួកគេមិនឱ្យបង្ហាញជាសាធារណ (private) ឬលុបគណនីពួកគេ តែម្តងចេញពីកម្មវិធីហាត់ប្រាណនោះ។ 

ការលាតត្រដាងទីតាំងរបស់នាយករដ្ឋមន្ត្រីនេះ បង្ហាញឱ្យអ្នកប្រើប្រាស់ត្រូវប្រុងប្រយ័ត្នជាមួយកម្មវិធីឌីជីថល ដែលអាចតាមដានមានទីតាំងរបស់ពួកគេ ជាពិសេស សម្រាប់អ្នកដែលប្រើកម្មវិធីតាមដានសុខភាព និងកម្មវិធីហាត់ប្រាណផ្សេងៗទៀត។

ប្រភព៖ politico.eu, theguardian.com