៦​ចំ​ណុច​ដែល​អ្នក​គួរ​ធ្វើ​ប្រ​សិន​បើ​ទូរ​ស័ព្ទ​របស់​អ្នក​បាត់ ​ឬ​ត្រូវ​បាន​គេ​លួច

ការ​បាត់​បង់​ទូរស័ព្ទអាច​បណ្តាល​ឱ្យមាន​បញ្ហាជា​ច្រើន​ប្រសិន​បើ​អ្នក​មិន​ចាត់​វិធាន​ការ​ភ្លាមៗ។ នៅ​ពេល​ដែល​ទូរស័ព្ទរបស់​អ្នក​បាត់ ឬ​ត្រូវ​បាន​គេ​លួច អ្នក​តែង​តែ​បារម្ភពី​ពាក្យសម្ងាត់ ព័ត៌​មាន​លម្អិត​ហិរញ្ញវត្ថុ ឯក​សារ​ការ​ងារ និង​ព័ត៌មាន​រសើប​ផ្សេង​ទៀត។ ប៉ុន្តែ​ប្រសិន​បើ​អ្នក​ចាត់​វិធាន​ការ​ត្រឹម​ត្រូវ​ភ្លាមៗ​បន្ទាប់​ពី​ដឹង​ថា​ទូរស័ព្ទ​របស់​អ្នក​ត្រូវ​បាន​លួច អ្នក​អាច​កាត់​បន្ថយ​ការ​ខូច​ខាត​បាន​យ៉ាង​ច្រើន។

  

Image by drobotdean on Freepik

ខាងក្រោមនេះ ​គឺ​ជា​ជំ​ហាន​មួយ​ចំ​នួន​ដែល​អ្នក​អាច​អ​នុ​វត្ត​បាន ​ដើម្បី​ស្វែង​រក​ទូរ​ស័ព្ទ​របស់​អ្នក ​ការពារទិន្នន័យដែលមានក្នុងទូរស័ព្ទរបស់អ្នក និងការពារខ្លួនអ្នកពីបញ្ហាផ្សេងៗប្រសិនបើទូរស័ព្ទរបស់អ្នកបាត់ដោយប្រការណាមួយ។

១. បញ្ជាក់​ថា​ទូរស័ព្ទរបស់​អ្នកពិតជា​ត្រូវ​បានគេ​លួច ឬបាត់​ពិត​មែន

ខល​ទៅ​ទូរ​ស័ព្ទ​របស់​អ្នក​ដើម្បី​ដឹង​ច្បាស់​ថា ​តើ​ថា​ទូរ​ស័ព្ទ​របស់​អ្នក ​នៅ​ជិត​អ្នក ​ឬអ្នក​បាន​ជ្រុះ ​ឬក៏​ភ្លេច​នៅ​កន្លែង​ណា​មួយ​។ ប្រ​សិនបើ​ទូរស័ព្ទរបស់​អ្នក​បិទសំឡេងរ៉ូ​ (Silent)​ អ្នកអាចប្រើ ​ប្រើ​មុខ​ងារ ​Play ​Sound ​នៅ​ក្នុង​ Find ​My​ Device ​ចំពោះទូរស័ព្ទ Android ដើម្បី​បន្លឺ​សំឡេង​។

២. ប្រើ​មុខងារ​ Find My Device

មុខង​ងារ Find My Device សម្រាប់​ទូរស័ព្ទ Android និង Find My iPhone សម្រាប់​ទូរស័ព្ទ iPhone អាច​ជួយ តាម​ស្វែង​រក​ទូរស័ព្ទ​ដែល​បាត់ ឬ​ត្រូវ​បាន​ចោរ​លួច។ អ្នក​អាច​ប្រើ​មុខ​ងារ​នេះ​នៅ​លើ​កម្ម​វិធី​រុក​រក (Browser) ឬ​តាម​រយៈ​ទូរស័ព្ទ​ណា​មួយ​ផ្សេង​ទៀត។ ទាំង​មុខ​ងារ Find My Device និង Find My iPhone អាច​ឱ្យ​អ្នក​ស្វែង​រក​ទីតាំង (Location) របស់​ទូរស័ព្ទ​ដែល​បាន​បាត់​នោះ​ពី​ចម្ងាយ អាច​ឱ្យ​អ្នក​អាច​ចាក់​សោ​ទូរស័ព្ទ (Lock) ធ្វើ​ឱ្យ​ទូរស័ព្ទ​របស់​អ្នក​បន្លឺ​សំឡេង​រ៉ូ ទោះ​បី​ជា​អ្នក​បាន​បិទ​សំឡេង​ក៏​ដោយ ហើយ​ថែម​ទាំង​អាច​ឱ្យ​អ្នក​លុប​កម្មវិធី និង​ទិន្នន័យ​ក្នុង​ទូរស័ព្ទ​របស់​អ្នក​ពី​ចម្ងាយ​បាន​ផង​ដែរ ​ប្រសិន​បើ​ទូរស័ព្ទ​ដែល​បាត់​នោះ នៅ​ភ្ជាប់​អ៊ីន​ធឺណិត។

នៅ​ពេល​ដែល​អ្នក​បញ្ជាក់​ថា ទូរស័ព្ទ​របស់​អ្នក​បាន​បាត់ តាម​រយៈ​មុខ​ងារ​នេះ នោះ​ទូរស័ព្ទ​របស់​អ្នក​នឹង​ចាក់​សោ ហើយ​គ្មាន​អ្នក​ណា​ម្នាក់​ក្រៅ​ពី​អ្នក​អាច​បើក​សោ​នោះ​ដើម្បី​ប្រើ​ទូរស័ព្ទ​របស់​អ្នក​បាន​ទេ។

ក្រុមហ៊ុន  Samsung ក៏​មាន​មុខ​ងារ​ស្រដៀង​គ្នា​នេះ​សម្រាប់​ទូរស័ព្ទ Samsung Galaxy របស់​ខ្លួន​ដែរ ដែល​មាន​ឈ្មោះ​ថា​ Find My Mobile ដែល​អនុញ្ញាត​ឱ្យ​អ្នកប្រើប្រាស់អាច​បម្រុង​ទុក​ទិន្ន​ន័យ​ពី​ចម្ងាយ​ ទាញ​យក​ការ​ហៅ​ទូរ​ស័ព្ទ ​សារ​ និង​សូម្បី​តែ​ដោះ​សោ​ទូរ​ស័ព្ទ​។ តាម​រយៈ​មុខងារ​របស់​ Sumsung នេះ​អ្នក​ក៏​អាច​ពន្យា​រអា​យុ​កាល​នៃ​ថ្ម​ទូរ​ស័ព្ទ​ផង​ដែរ​។

ប៉ុន្តែ​សូម​ចាំ​ថា ទាំង​មុខ​ងារ Find My Device របស់ Android មុខ​ងារ Find My iPhone របស់ Apple និង Find My Mobile របស់ Samsung អាច​ដំណើរ​ការ​បាន​លុះ​ត្រា​តែ​ទូរស័ព្ទ​នោះ​បាន​បើក​ដំណើរ​ការ​មុខ​ងារ​បង្ហាញ​ទី​តាំង (Enable Location) ហើយ​ទិន្នន័យ​ទី​តាំង​នេះ​នឹង​ត្រូវ​បាន​ចែក​រំលែក​ជា​មួយ​នឹង​ក្រុម​ហ៊ុន Google ​ក្រុម​ហ៊ុន Apple និង Samsung។

៣. ផ្លាស់​ប្តូរ​លេខ​សម្ងាត់​ចំ​ពោះ​គ​ណ​នី​សំ​ខាន់ៗ​

កម្ម​វិ​ធី​ធ​នា​គារ​នៅ​លើ​ស្មាត​ហ្វូន​របស់​អ្នក​ត្រូវ​បាន​ការ​ពារ​ដោយ​លេខ​កូដ ​PIN ​ឬ ​Bio Authentication Verification ដោយប្រើ​ការ​ស្កេន​ខ្ចៅ​ដៃ​ជា​ដើម​។​ ប៉ុន្តែ​អ៊ី​មែល គេហទំព័រ​ទិញ​ទំ​និញ​តាម​អ៊ីន​ធឺ​ណិត ​និង​កម្ម​វិ​ធី​ផ្សេង​ៗទៀត ភាគ​ច្រើន​មិន​បានបើក​មុខងារ​សុវត្ថិភាព​បន្ថែម (2FA) ឬ​មុខ​ងារ​ផ្ទៀង​ផ្ទាត់​ដោយ​ស្វ័យ​ប្រវត្តិ​ទេ។ គេហទំព័រ និង​កម្មវិធី​ខ្លះ​មិន​មាន​មុខ​ងារ​សុ​វត្ថិ​ភាព​បន្ថែម​នេះ​តែ​ម្តង​។ ដូច្នេះ​សូម​ប្តូរ​ពាក្យ​សម្ងាត់​លើ​គណនី​សំខាន់ៗ​ទាំង​អស់ ​ដែល​អ្នក​ប្រើ​ញឹក​ញាប់​នៅ​លើ​ស្មាត​ហ្វូន​របស់​អ្នក ជា​ពិសេស​ពាក្យ​សម្ងាត់​គណនី​អ៊ីមែល ដែល​អ្នក​ប្រើ​ដើម្បី​ចុះ​ឈ្មោះ​ជា​មួយ​នឹង​គណនី​ផ្សេងៗ ព្រោះ​ជា​ទូ​ទៅ ពាក្យ​សម្ងាត់​គណនី​ផ្សេងៗ​អាច​ផ្លាស់​ប្តូរ​ថ្មី​បាន ការ​ផ្ទៀង​ផ្ទាត់​ជា​មួយ​អ៊ីមែល​នោះ។ អ្នក​អាច​ប្រើ​កម្មវិធី​គ្រប់​គ្រង​ពាក្យ​សម្ងាត់ ​ដើម្បី​ការ​ពារ​បង្កើត​ពាក្យ​សម្ងាត់​រឹង​មាំ និង​ការ​ពារ​ពាក្យ​សម្ងាត់​គណនី​ផ្សេងៗ​របស់​អ្នក​ឱ្យ​មាន​សុវត្ថិភាព។

៤. ទាក់​ទង​ទៅ​ធ​នា​គារ​

វា​ពិត​ជា​ពិ​បាក​ខ្លាំង​ណាស់​ក្នុង​ការ​បំ​បែក​ការ​ផ្ទៀង​ផ្ទាត់​ជីវ​មាត្រ ​(Biometric Authentication)​ ឬ​វិ​ធាន​ការ​សុ​វត្ថិ​ភាព​ផ្អែក​លើ​កូដ​PIN​នៃ​កម្ម​វិ​ធី​ធ​នា​គារ​របស់​អ្នក​នៅ​លើ​ទូរ​ស័ព្ទ​ដែល​អ្នក​បាន​បាត់​។ ប៉ុន្តែ​អ្នក​ប្រើ​ប្រាស់​មួយ​ចំ​នួន​រក្សា​ទុក​ព័ត៌​មាន​សម្ងាត់​ ហិ​រញ្ញវត្ថុ​របស់​ពួក​គេ​ជា​អត្ថ​បទ​ធម្ម​តា (text) ​នៅ​លើ​ Cloud ដូចជា Google Drive ឬនៅលើ​កម្ម​វិ​ធី​កត់​ចំ​ណាំ​ផ្សេងៗ ​ដូច​ជា​Note​ ជាដើម។ ក្នុង​ករណី​នេះ ​វា​ជា​ការ​ចាំ​បាច់​ក្នុង​ការ​ជូន​ដំ​ណឹង​ដល់​ធ​នា​គារ​ដើម្បីស្នើសុំ​បិទ​កាត ​និង​គ​ណ​នី​របស់​អ្នក​ជា​បណ្តោះ​អាសន្ន​។

៥. ទាក់​ទង​ប្រ​តិ​បត្តិ​ករ​ទូរ​ស័ព្ទ​ច​ល័ត​របស់អ្នក​

អ្នក​គួរ​តែ​ជូន​ដំណឹង​ទៅ​ប្រតិបត្តិករ​ទូរស័ព្ទ​ចល័ត ឬ​ក្រុម​ហ៊ុន​ផ្តល់​សេវា​ទូរស័ព្ទ​របស់​អ្នក ដរាប​ណា​អ្នក​ដឹង​ថា​ទូរស័ព្ទ​របស់​អ្នក​ត្រូវ​បាន​គេ​លួច។ អ្នក​អាច​ស្នើ​សុំ​ក្រុម​ហ៊ុន​ផ្តល់​សេវា​ឱ្យ​បិទ​ស៊ីម​របស់​អ្នក ដើម្បី​ការ​ពារ​ប្រតិបត្តិការ​ដែល​គ្មាន​ការ​អនុញ្ញាត​ ឬ​ការ​ចូល​ប្រើ​សេវាកម្ម​ផ្សេង​ទៀត​តាម​រយៈ​ប្រព័ន្ធ​កំណត់​ពាក្យ​សម្ងាត់​ឡើង​វិញ​ដែល​មាន​មូល​ដ្ឋាន​លើ OTP ។

៧. ដាក់​ពាក្យ​បណ្តឹង​ទៅ​ប៉ូលីស

ការ​ដាក់​ពាក្យ​ប្តឹង​ប៉ូលីស​អាច​ជួយ​អ្នក​បាន​ច្រើន​ផង​ដែរ។ ជា​ដំបូង វា​អាច​ជួយ​អ្នក​ក្នុង​ការ​ប្តឹង​ផ្តល់​ ករណី​ដែល​មាន​សកម្មភាព​ក្លែង​បន្លំ​ណា​មួយ​ដែល​បាន​ប្រព្រឹត្ត​តាម​រយៈ​ទូរស័ព្ទ​របស់​អ្នក​បន្ទាប់​ពី​វា​ត្រូវ​បាន​លួច។ ហើយ​ប្រសិន​បើ​អ្នក​មាន​ការ​ធានា​រ៉ាប់​រង​តាម​ទូរស័ព្ទ អ្នក​ធានា​រ៉ាប់​រង​នឹង​ទាម​ទារ​របាយការណ៍​ប៉ូលីស​ដើម្បី​ដំណើរ​ការ​ការ​ទាម​ទារ​របស់​អ្នក។