ការវាយប្រហារតាមរយៈមេរោគចាប់ជំរិត Ransomware

Ransomwareគឺ​ជា​ប្រភេទ ​មេរោគ​ចាប់​ជំរិត ដែល​នឹង​ធ្វើ​ការ​ចាក់​សោ​ឯក​សារ​ក្នុង​​កុំព្យូទ័​ររបស់​ជន​រង​គ្រោះ មិន​ឱ្យ​ប្រើ​ប្រាស់​បាន។ ដើម្បី​អាច​ប្រើ​ឯក​សារ​ទាំង​នោះ​បាន​វិញ ជន​រង​គ្រោះ​ត្រូវ​បង់​ប្រាក់​ក្នុង​ទម្រង់​រូបិយ​បណ្ណ​ឌីជីថល ដែល​ភាគ​ច្រើន​ជា​ប្រភេទ​ប្រាក់​ BitCoin ។ ជា​រឿយៗ​ ចោរ​ព័ត៌​មាន​វិទ្យា​ទាំង​នោះ​ បង្ខំ​អ្នក​ឱ្យ​បង់​ប្រាក់​ឱ្យ​បាន​ឆាប់ បើ​ពុំ​នោះ​ទេ ពួក​គេ​នឹង​បញ្ចេញ​ឯក​សារ​ទាំង​នោះ ដែល​អាច​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​កេរ្តិ៍​ឈ្មោះ​ជន​រង​គ្រោះ​ ឬ​ស្ថាប័ន​របស់​ជន​រង​គ្រោះ​។

  

Image by mohamed Hassan from Pixabay

អ្នក​ដែល​ប្រើ​ប្រាស់​កុំ​ព្យូ​ទ័រ​ហើយ​ភ្ជាប់​ជា​មួយ​អ៊ីន​ធឺ​ណិត​ និង​អ្នក​ដែល​មាន​ទិន្ន​ន័យ​សំ​ខាន់ៗ​ដែល​ផ្ទុក​នៅក្នុង​កុំ​ព្យូ​ទ័រ ​ឬ​នៅលើអនឡាញ ​គឺ​ជា​អ្នក​ដែល​មាន​គ្រោះ​ថ្នាក់ ​រួម​ទាំង​ភ្នាក់​ងារ​រដ្ឋា​ភិ​បាល ​ស​ហ​គ្រាស​ឯក​ជន ​និង​អង្គ​ការ​មិន​រក​ប្រាក់​កម្រៃ​ផង​ដែរ​។

Ransomware ​អាច​ធ្វើ​ឲ្យ​មាន​អន្ត​រាយ​ដល់​បុគ្គល ​និង​អង្គ​ភាព​ជា​ច្រើន​។ ​ជន​រង​គ្រោះ​ខ្លះ​បាន​ចំ​ណាយ​ថ​វិ​កា​ដើម្បី​ទ​ទួល​បាន​ឯក​សារ​គេ​មក​វិញ ​ប៉ុន្តែ​មិន​មាន​ការ​ធា​នា​ថា​ពួក​គេ​អាចនឹង​យក​ឯក​សារ​របស់​ពួក​គេ​មក​វិញ​នោះទេ​។ ​ការ​ទាញ​យក​ឯក​សារ​មក​វិញ​ អាច​នឹង​ជួប​ផល​វិ​បាក​ ច្រើន ​ព្រោះ​វា​ទាម​ទារ​ឲ្យ​មាន​អ្នក​ជំ​នាញ​ច្បាស់​លាស់​ក្នុង​បញ្ហា​នេះ​។

ការ​កើន​ឡើង​នៃ​ការ​វាយ​ប្រ​ហារ​តាម​រយៈ​មេ​រោគ​ចាប់​ជំរិត ​Ransomware ​បាន​ប៉ះ​ពាល់​ដល់​អង្គ​ភាព​ជា​ច្រើន​នៅ​លើ​ពិ​ភព​លោក​។​ អង្គ​ភាព​ជា​ច្រើន​បាន​បញ្ជា​ទិញ​ឧ​ប​ករណ៍​សុ​វត្តិ​ភាព​កាន់​តែ​ច្រើន ​និង​បណ្តុះ​បណ្តាល​ដើម្បី​ទ​ទួល​ការ​យល់​ដឹង​អំ​ពី​ការ​វាយ​ប្រ​ហារ​តាម​អ៊ីន​ធឺ​ណិត​។​ ប៉ុន្តែ​HACKER​ក៏​បាន​ពង្រឹង​ស​មត្ថ​ភាព​ដើម្បី​កេង​ចំនេញ​ពី​ភាព​ទន់​ខ្សោយ ​និងតម្លើង​នូវ​ហេ​ដ្ឋា​រ​ច​នា​សម្ព័ន្ធ​ទំ​នើប​ ដើម្បី​ធ្វើឱ្យ​ការ​វាយ​ប្រហារ​របស់​ពួក​គេ​កាន់​តែ​មាន​ប្រ​សិទ្ធ​ភាព​ជាង​មុន​ទៅ​ទៀត​។

នៅ​ក្នុង​ឆ្នាំ​២០២០ ​មាន​ការ​វាយ​ប្រ​ហារ​ចំនួន​៣០៦,៦​លាន ​នៅ​លើ​ពិ​ភព​លោក ​ដែល​កើន​ឡើង​ចំ​នួន​៦២​ភាគ​រយ​ បើ​ប្រៀប​ធៀប​ពី​២០១៩​។ ​ជា​សរុប​អង្គ​ភាព​នី​មួយៗ​ដែល​រង​គ្រោះ ​បាន​បាត់បង់​ទឹក​ប្រាក់​សរុប​ចំនួន ​២២១,០០០​ដុល្លារ​ជា​មធ្យម​។

យើង​បាន​ឃើញ​ព្រឹ​ត្តិ​ការ​ដ៏​អា​ក្រក់​បំ​ផុត​មួយ​នៃ​ការ​វាយ​ប្រ​ហារ​តាម​រយៈ​មេ​រោគ​ចាប់​ជំរិត​Ransomware ​នៅ​ក្នុង​ខែ​ឧ​ស​ភា​នេះ​ នៅ​ពេល​ដែល​ក្រុម​ HACKER ​ពី​ប្រ​ទេស​រុស្សី​ហៅ​ថា​DarkSide​ បាន​វាយ​ប្រ​ហារ​ក្រុម​ហ៊ុន​អា​ជី​វ​កម្ម​បំ​ពង់​ប្រេង ​COLONIAL​។ ​ជា​លទ្ធផល​ COLONIAL ​បាន​បិទ​ប្រ​តិ​បត្តិ​ការ​ផ្គត់​ផ្គង់​ប្រេង​សាំង​ភ្លាមៗ ​ដែល​ធ្វើ​មាន​កង្វះ​ខាត​ប្រេង​នៅ​ឆ្នេរ​សមុទ្យ​ខាង​កើត​នៃ​ស​ហ​រដ្ឋ​អា​មេ​រិក​។ បើ​យោង​តាម​ក្រុម​ហ៊ុន​បច្ចេក​វិទ្យា​របស់​ស​ហ​រដ្ឋ​អា​មេ​រិក​ឈ្មោះ​កា​សេ​យ៉ា​(KASEYA)​អង្គ​ភាព​ពី​៨០០​ទៅ​១៥០០​នៅ​ជុំ​វិញ​ពិ​ភព​លោក ​ត្រូវ​បាន​វាយ​ប្រហារ​​ដោយ​មេ​រោគ​Ransomware​។ ​KASEYA​ គឺ​ជា​ក្រុម​ហ៊ុន​មួយ​ដែល​ផ្គត់​ផ្គង់​សូស​ហ្វែរ​(Software)​ទៅ​កាន់​ហាង​លក់​ឧ​ប​ករណ៍​ប​ច្ចេក​វិទ្យា​ជា​ច្រើន​នៅ​ជុំ​វិញ​ពិ​ភព​លោក​។ ​ឧ​ប​ករណ៍​មួយ​ដែល​ចែក​ចាយ​ដោយ​KASEYA ​ទៅទ្វីប​ទាំង​៥ ​ត្រូវ​បាន​ពួក​HACKER ​វាយ​ប្រហារ​។ ​ទោះ​បី​ជា​អ្នក​រង​ផល​ប៉ះ​ពាល់​ភាគ​ច្រើន​មាន​ការ​ព្រួយ​បារម្ភ​តិច​តួច​ក៏​ដោយ ​ការ​រំ​ខាន​នេះ ​ត្រូវ​បាន​គេ​ចាប់​អារម្មណ៍​កាន់​តែ​ខ្លាំង​នៅ​ក្នុង​ប្រទេស​ស៊ុយ​អែត ​ដែល​ផ្សារ​ទំ​នើប​រាប់​រយ​ត្រូវ​បាន​បិទ ​និងនៅ​ប្រ​ទេស​ញូវ​ហ្សឺ​ឡែន ​ដែល​សា​លា​រៀន ​និង​សា​លា​មត្តេយ្យ​ជា​ច្រើន​មិន​អាចដំ​ណើរ​ការតាមប្រ​ព័ន្ធ​អន​ឡាញ​បាន​។​ក្រុម ​HACKER ​បាន​អះ​អាង​ទ​ទួល​ខុស​ត្រូវ​ចំ​ពោះ​ការ​រំ​លោភបំពាន​នេះ ​ហើយបាន​ទាម​ទារ​ទឹក​ប្រាក់​ចំនួន​៧០​លាន​ដុល្លារ​ ដើម្បី​ស្តារ​ទិន្ន​ន័យ​អា​ជីវ​កម្ម​ដែល​រង​ផល​ប៉ះ​ពាល់​ទាំង​អស់នោះ​។

ថ្មីៗ​នេះ​ក្រ​សួង​ប្រៃ​ស​ណីយ៍ ​និង​ទូរ​គ​ម​នា​គមន៍​កម្ពុជា​បានជូនដំណឹង និងណែនាំនូវ​វិ​ធាន​ការ​បង្ការ​ប្រ​ឆាំងនឹង​ការ​វាយ​ប្រ​ហារ​ពី​មេ​រោគ​ចាប់​ជំ​រិត​ពី​ក្រុម​ចោរព័ត៌មានវិទ្យាអន្តរ​ជាតិ ​ដែល​បាន​បង្ក​ការ​គំ​រាម​កំ​ហែង​យ៉ាង​ធ្ងន់​ធ្ងរ​ដល់​ស្ថា​ប័ន​រដ្ឋ​ វិ​ស័យ​ឯក​ជន ​និង​បុគ្គល​ទូ​ទាំង​ពិ​ភព​លោក​ និង​នៅ​កម្ពុជា​។​

ក្រ​សួង​បាន​ពន្យល់​ជន​រង​គ្រោះ​ដោយ​សារ​ការ​វាយ​ប្រ​ហារ​នេះ​ថា ​ជន​ខិល​ខូច​ទាំង​នោះ​ត្រូវ​ការ​រូ​បិយ​ប័ណ្ណ​ឌី​ជី​ថល ​ដូច​ជា​BITCOIN​ជា​ដើម​ ដើម្បី​ទ​ទួល​បាន​ទិន្ន​ន័យ ​និង​ឯក​សារ​មក​វិញ​។ ​ឆ្លើយ​តប​នឹង​បញ្ហា​នេះ​ក្រ​សួង​បាន​ណែ​នាំ​ឲ្យ​អ្នក​ប្រើ​ប្រាស់​នូវ ​Software ​ដែល​មាន​អា​ជ្ញា​ប័ណ្ណ​ ហើយ​ចៀស​វាង​ទាញ​យក​កម្ម​វិ​ធី​ពី​អ៊ីន​ធឺ​ណិត​ដែល​មិន​មាន​ប្រ​ភព​ច្បាស់​លាស់​។ ​ពួក​គេ​ក៏​ត្រូវ​តែ​ធ្វើ​ប​ច្ចុ​ប្ប​ន្ន​ភាព​កម្ម​វិ​ធី​នៅ​លើ​កុំ​ព្យូទ័រ​ និង​ឧ​ប​ករណ៍​អេ​ឡិច​ត្រូ​ណិច​របស់​ពួក​គេ​ឲ្យ​បាន​ទៀង​ទាត់ ​និង​តម្លើងកម្ម​វិ​ធី​កម្ចាត់​មេ​រោគ ​ហើយ​ធ្វើ​បច្ចុប្បន្ន​ភាព​ឲ្យ​បាន​ទៀង​ទាត់​។ ​ក្រ​សួង​ក៏​បាន​ណែ​នាំ​ឲ្យ​អ្នក​រាល់​គ្នា​ប្រុង​ប្រ​យ័ត្ន​ខ្ពស់​ មុននឹងចុច​លើ​តំ​ណ​ភ្ជាប់​ណា​មួយ ​ឬ​បើក​ឯក​សារ​ភ្ជាប់​ក្នុង​អ៊ី​មែល ត្រូវ​ផ្ទៀង​ផ្ទាត់​ថា​អ្នក​ផ្ញើ​អាច​ទុក​ចិត្ត​បាន​។​មនុស្ស​គ្រប់​គ្នា​គួរ​តែ​ធ្វើ​ការ​បម្រុង​ទុក​រាល់​ទិ​ន្ន​ន័យ​របស់​ពួក​គេ​ជា​ប្រ​ចាំ​ ហើយ​រក្សា​ទុក​វា​ទាំង​នៅ​អន​ឡាញ​និង​ឧ​ប​ករណ៍​ផ្ទុក​ទិន្ន​ន័យ ផ្សេងៗ​​ជា​ដើម​។

ប្រភពៈ