ការ​ឆបោក ក្នុង​ទម្រង់​វិនិយោគ​ក្លែង​ក្លាយ (Pig Butchering Scam) ប្រើ​បច្ចេក​វិទ្យា​កាន់​តែ​ទំនើប ​និង បង្ក​ការ​គំរាម​កំហែង​នៅ​អាស៊ី​អាគ្នេយ៍​កាន់​តែ​ខ្លាំង

ឧក្រិដ្ឋ​ជន ដែល​ឆបោក​នៅ​អាស៊ី​អាគ្នេយ៍​កំពុង​ងាក​ទៅ​ប្រើ​ប្រាស់​បញ្ញាសិប្បនិម្មិត (AI) ការ​ក្លែង​វីឌីអូ (deepfakes) និង​ប្រើ​កម្មវិធី​មេរោគ (Malware) គ្រោះ​ថ្នាក់​កាន់​តែ​ច្រើន​ឡើង ដែល​ធ្វើ​ឱ្យ​ប្រតិបត្តិការ ឆបោក​ក្នុង​រូប​ភាព​វិនិយោគ​ក្លែង​ក្លាយ (Pig Butchering Scam) របស់​ពួក​គេ​កាន់​តែ​មាន​ប្រសិទ្ធភាព​ខ្ពស់។

របាយការណ៍មួយ​ចេញ​ដោយ ការិយាល័យ​គ្រឿង​ញៀន និង​ឧក្រិដ្ឋ​កម្ម​នៃ​អង្គការ​សហប្រជាជាតិ (UNODC) បង្ហាញ​ពី​របៀប​ដែល​ឧក្រិដ្ឋជន កំពុង​រួម​បញ្ចូល​បច្ចេកវិទ្យា​ទំនើប ដើម្បី​ធ្វើ​ឱ្យ​ប្រតិបត្តិការ​របស់​ពួក​គេ​កាន់​តែ​មាន​ប្រសិទ្ធ​ភាព។ ការ​ឆបោក​តាម​រយៈ​ការ​វិនិយោគ​ក្លែង​ក្លាយ​នេះ ក្រុម​ឧក្រិដ្ឋជន ចំណាយ​ពេល​ច្រើន ​ទំនាក់​ទំនង​ជន​រង​គ្រោះ​ដើម្បី​កសាង​ទំនាក់​ទំនង​ល្អ​ ធ្វើ​យ៉ាង​ណា​ឱ្យ​ជន​រង​គ្រោះ​មាន​ទំនុក​ចិត្ត មុន​ពេល​ណែ​នាំឱ្យ​ជន​រង​គ្រោះ​វិនិយោគ។ ឧក្រិដ្ឋជន​ក៏​បាន​ប្រើ​វិធី​បោក​ប្រាស់​ផ្សេង​ទៀត​ដែរ ដូច​ជា​តាម​រយៈ​ការ​ផ្តល់​ឱកាស​ការងារ (Job Scams) និង​ការ​គំរាម​កំហែង​ផ្លូវ​ភេទ (Sextortion) ជាដើម ដែល​ឧក្រិដ្ឋជន​ទទួលបានប្រាក់ចំណូល​យ៉ាង​ច្រើន​ ចេញ​ពី​តំបន់​អាស៊ីអាគ្នេយ៍។

លើស​ពី​នេះ​ ឧក្រិដ្ឋជន​ក៏​កំពុង​ប្រើ​ប្រាស់​អ៊ីន​ធឺណិត​តាម​ផ្កាយ​រណប Starlink របស់​ Elon Musk ដើម្បី​ដំណើរ​ការ​ប្រតិបត្តិការ​របស់​ពួក​គេ ព្រម​ជា​មួយ​នឹង​ការ​ប្រើ​ឧបករណ៍​វាយ​ប្រហារ ​ដែល​មាន​សមត្ថភាព​ខ្ពស់  ដើម្បី​លួច​ព័ត៌​មាន​អ្នក​ប្រើ​ប្រាស់​នៅ​លើ​អ៊ីនធឺណិត និង​ប្រើ​កម្មវិធី​មេរោគ​ដែល​អាច​លួច​ជ្រៀត​ចូល​ឧបករណ៍​របស់​អ្នក​ប្រើ​ប្រាស់​ពីចម្ងាយ (remote access trojans)ផង​ដែរ។

ឧក្រិដ្ឋជន​បាន​ពង្រីក​វិសាល​ភាព នៃ​ការ​បោក​ប្រាស់​តាម​អនឡាញ ដោយ​ប្រតិបត្តិការ​ពួក​គេ​បាន​រីក​រាល​ដាល​ពី​តំបន់​អាស៊ីអាគ្នេយ៍ ទៅ​កាន់​តំបន់​ផ្សេង​ទៀត​ដូច​ជា នៅ​មជ្ឈិម​បូព៌ា អាមេរិក​ឡា​ទីន និង​អាហ្វ្រិក​ខាង​លិច​ផង​ដែរ។ នៅ​ពេល​ដែល​ក្រុម​បោក​ប្រាស់​មាន​កាន់​តែ​ច្រើន និង​ប្រើ​បច្ចេកទេស​កាន់​តែ​ទំនើប​ ការ​អនុវត្ត​ច្បាប់​ក៏​ជួប​ការ​លំបាក​ក្នុង​ការ​តាម​ឱ្យ​ទាន់​យុទ្ធសាស្ត្រ​នៃ​ការ​វាយ​ប្រហារ​ដ៏​ស្មុគ​ស្មាញ​របស់​ពួក​គេ​ដែរ ដែល​បញ្ហា​នេះ​បង្កើត​ជា​ក្តី​បារម្ភ​អំពី​អនាគត​នៃ​ការ​គ្រប់​គ្រងឧក្រិដ្ឋកម្ម​តាម​ប្រព័ន្ធ​អ៊ីន​ធឺណិត​នៅ​លើ​ពិភព​លោក​ទាំងមូល។

សូម​រំលឹក​ថា ការ​ឆបោក​ក្នុង​ទម្រង់​វិនិយោគ​ក្លែង​ក្លាយ ឬ Pig Butchering Scam គឺ​ជា​របៀប​ឆបោក​មួយ ដែល​បញ្ឆោត​ជន​រង​គ្រោះ​ឱ្យ​វិនិយោគ​ប្រាក់ (ភាគ​ច្រើន​តាម​រយៈ​រូបិយវត្ថុ​គ្រីបតូ – Cryptocurrency) បន្តិច​ម្តងៗ រហូត​ដល់​ចំនួន​ច្រើន ជា​មួយ​នឹង​ក្រុម​ហ៊ុន ឬ​ស្ថាប័ន​ដែល​មើល​ទៅ​គួរ​ឱ្យ​ទុក​ចិត្ត និង​មាន​លក្ខណៈ​ស្រប​ច្បាប់។ ការឆបោក​នេះ ធ្វើឱ្យ​ជន​រង​គ្រោះ​មើល​ឃើញ​ថា និង​ទទួល​បាន​ប្រាក់​ចំណេញ​ត្រលប់​មក​វិញ​ច្រើន ក្នុង​រយៈ​ពេល​ខ្លី។ ជន​ឆបោក តែង​តែ​ប្រើ​រយៈ​ពេល​យូរ ក្នុង​ការ​ក៏សាង​ទំនាក់​ទំនង ជា​មួយ​ជន​រង​គ្រោះ ដើម្បី​ឱ្យ​មាន​ការ​ទុក​ចិត្ត​ រហូត​ដល់​ព្រម​សាក​ល្បង​ដាក់​ប្រាក់​វិនិយោគ។ ក្នុង​ដំណាក់​កាល​ដំបូងៗ អ្នក​ឆបោក មិន​មាន​ការ​បង្ខិត​បង្ខំ ឬ​ធ្វើសកម្មភាព​គួរ​ឱ្យ​សង្ស័យ​ទេ រហូត​ដល់​ជន​រង​គ្រោះ​ធ្វើ​ការ​វិនិយោគ ក្នុង​ចំនួន​ទឹក​ប្រាក់​កាន់​ច្រើន ទីបំផុត ពួក​គេ​ក៏​មិន​មិន​ទទួល​បាន ឬ​មិន​អាច​ដក​ប្រាក់​នោះ​វិញ​បាន។ ការ​ឆបោក​នេះ ត្រូវ​បាន​ប្រៀប​ធៀប​ទៅ​នឹង​ការ​ចិញ្ចឹម​ជ្រូក​យកសាច់ (Pig Butchering ) ដោយ​ជន​រង​គ្រោះ​ប្រៀប​បាន​នឹងសត្វ​ជ្រូក​ ហើយ​អ្នក​ឆបោក​ប្រៀប​នឹង​ម្ចាស់ ឬអ្នក​ចិញ្ចឹមជ្រូក។ ម្ចាស់​ជ្រូក​ត្រូវ​ចំណាយ​ពេល​យូរ​ចិញ្ចឹម​សត្វ​ជ្រូក​នោះ​ឱ្យ​បាន​ធំ​ធាត់​ល្អ មុន​នឹង​សម្លាប់​យក​សាច់។

ការ​ឆបោក​ក្នុង​ទម្រង់​វិនិយោគ​ក្លែង​ក្លាយ​នេះ បាន​ក្លាយ​ជា​បញ្ហា​រីក​រាល​ដាល​យ៉ាង​ទូ​លំ​ទូ​លាយ បង្កឱ្យ​មាន​ការ​បាត់​បង់​ហិរញ្ញវត្ថុ​យ៉ាង​ច្រើន​ដល់​ជន​រង​គ្រោះ​នៅ​ទូ​ទាំង​ពិភព​លោក ។ ឧក្រិដ្ឋ​ជន​ដែល​ឆបោក​ តែង​តែ​បាត់​ខ្លួន​បន្ទាប់​ពី​ប្រមូល​បាន​ប្រាក់​បាន​យ៉ាង​ច្រើន​ពី​ជន​រង​គ្រោះ។

ប្រភព៖ wired.com