ការ​បោក​បញ្ឆោត​តាម​អ៊ីមែល លើ​បញ្ហា​ដែល​បាន​កើត​ឡើង​ដោយ​សារ​កម្មវិធី​របស់​ក្រុមហ៊ុន CrowdStrike

កាល​ពីថ្ងៃសុក្រ ទី១៩ ខែកក្កដា មុន ប្រព័ន្ធ​កុំព្យូទ័រ​ជា​ច្រើន​នៅ​ទូទាំង​ពិភព​លោក​ត្រូវ​បាន​ រង​ផល​ប៉ះ​ពាល់​មិន​អាច​ដំណើរ​ការ​បាន ដោយ​សារ​ការ​ធ្វើ​បច្ចុប្បន្នភាព​កម្មវិធី ពី​ក្រុមហ៊ុន CrowdStrike ដែល​ជា​ក្រុម​ផ្គត់​ផ្គង់​សេវា កម្មវិធីសុវត្ថិភាព​ដ៏​ធំមួយ។ បន្ទាប់​ពី​ការ​រអាក់​រអួល​នេះ ទី​ភ្នាក់​ងារ​សន្តិ​សុខ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត និង​ហេដ្ឋា​រចនា​សម្ព័ន្ធ​របស់​សហរដ្ឋអាមេរិក (U.S. Cybersecurity and Infrastructure Agency) បាន​ជូន​ដំណឹង​ឱ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន​អំពី​ការ​ឆបោក​តាម​អ៊ីមែល ដោយ​ឧក្រិដ្ឋជន​បន្លំ​ខ្លួន​ជា​អ្នក​ទទួល​បន្ទុក​ដោះ​ជួយ​ស្រាយ​បញ្ហា​ដែល​បាន​កើត​ឡើង​ដល់​អតិថិជន​របស់ CrowdStrike ។

ទម្រង់​នៃ​ការ​ឆបោក​តាម​អ៊ីមែល​ទាំង​នោះ អាច​មាន​ឯកសារ​ភ្ជាប់ ឬ​តំណ​ភ្ជាប់​ទៅ​កាន់​គេហទំព័រ ដែល​អះ​អាង​ថា​អាច​ជួយ​ជួស​ជុល​កុំព្យូទ័រ​ដែល​បាន​រង​ផល​ប៉ះ​ពាល់។ ជន​រង​គ្រោះ​អាច​នឹង​ជឿ​ថា នោះ​ជា​អ៊ីមែល​ដែល​ផ្ញើ​ចេញ​ពី​ក្រុមហ៊ុន CrowdStrike ពិត​ប្រាកដ​មែន ហើយ​ពួក​គេ​អាច​នឹង​ធ្វើ​តាម​ការ​ណែនាំ ដោយ​ចុច​លើ​តំណ​ភ្ជាប់ ឬ​ទាញ​យក​ការ​ធ្វើ​បច្ចុប្បន្ន​ភាព​របស់​កម្មវិធី​ដើម្បី​ជួស​ជុល​បញ្ហា​ដែល​បាន​កើត​ឡើង។ ផ្ទុយ​ទៅ​វិញ នេះ​ជា​ការ​ឆ្លៀត​ឱកាស វាយ​ប្រហារ​របស់​ឧក្រិដ្ឋជន ហើយ​ប្រសិន​បើ​ជង​រង​គ្រោះ​ជឿ និង​ធ្វើ​តាម​ការ​ណែ​នាំ​នោះ ទិន្នន័យ​នៅ​ក្នុង​កុំព្យូទ័រ​របស់​ពួក​គេ​អាច​នឹង​ត្រូវ​បាន​បំផ្លាញ ឬ​លុប​ចោល​ទាំង​ស្រុង ហើយ​ឧក្រិដ្ឋជន​ក៏​អាច​លួច​ព័ត៌មាន​ចូល​ប្រើ​ប្រាស់​គណនី​សំខាន់ៗ​ដូច​ជា​ពាក្យ​សម្ងាត់​ជា​ដើម។

នៅ​លើ​គេហទំព័រ​របស់ CrowdStrike Intelligence បាន​រាយការណ៍ថា ឧក្រិដ្ឋជន​ទាំង​នេះ​ប្រើ​ប្រាស់​បច្ចេកទេស មួយ​ដែល​គេ​ឱ្យ​ឈ្មោះ​ថា Typosquatting ដែល​ជា​របៀប​បោក​បញ្ឆោត​មួយ ដោយ​ឧក្រិដ្ឋជន បាន​បង្កើត​អាស័យដ្ឋាន​គេហទំព័រ (Domain) ឱ្យ​ស្រដៀង​នឹង​ឈ្មោះ​គេហទំព័រ​ផ្លូវ​ការ​ណា​មួយ ដើម្បី​បន្លំ​ជា​មួយ​គេហទំព័រ​ពិត​ប្រាក។ គេហ​ទំព័រ​ពិត​ប្រាកដ​របស់ CrowdStrike មាន​អាស័យ​ដ្ឋាន crowdstrike.com ប៉ុន្តែ​ក្រុម​ហ៊ុន​បាន​រក​ឃើញ​អាស័យ​ដ្ឋាន​គេហទំព័រ​ដែល​ស្រដៀង​គ្នា​ជា​ច្រើន ដែល​ឧក្រិដ្ឋ​ជន​បាន​បង្កើត​ឡើង ដូចជា crowdstrike.phpartners.org, crowdstrike0day.com, crowdstrikebluescreen.com, crowdstrike-bsod.com និង​អាស័យ​ដ្ឋាន​ជា​ច្រើន​ទៀត

នៅ​ប្រទេស​កម្ពុជា​វិញ ធនាគារ​មួយ​ចំនួន ក៏​រង​ផល​ប៉ះ​ពាល់​ពី​ការ​អាក់​រអួល មិន​ដំណើរ​លើ​កម្មវិធី​របស់ខ្លួន​ដែរ។ កាល​ពី​ថ្ងៃ​ទី២៣ ខែកក្កដា នេះ​ក្រសួង​ប្រៃសនីយ៍ និង​ទូរគមនាគមន៍ (MPTC) ក៏​បាន​ចេញ​សេចក្តី​ជូន​ដំណឹង អំពី​វិធាន​ការ​បង្ការ​ពី​ការ​ឆបោក​ដោយ​ឧក្រិដ្ឋជន​លើ​បញ្ហា​របស់ CrowdStrike ផង​ដែរ (សេចក្តី​ជូន​ដំណឹង ស្តីពី វិធាន​ការ​បង្ការ​ឧបាយកល​បោក​បញ្ឆោត​ដោយ​ប្រើ​ប្រាស់​ព្រឹត្តិការណ៍​ពាក់​ព័ន្ធ​នឹង​ភាព​ជាប់​គាំង​នៃ​ប្រព័ន្ធ​ប្រតិបត្តិការ Microsoft Windows)។

តើ​គួរ​ធ្វើ​ដូច​ម្តេច​ដើម្បី​ការពារ​ឱ្យ​មាន​សុវត្ថិភាព

គួរ​រំលឹក​ថា នេះ​ប្រភេទ​នៃ​ការ​ឆបោក​បែប Phishing ដែល​ធ្វើ​ឡើង​តាម​អ៊ីមែល ក្នុង​គោល​បំណង បញ្ឆោត​ជន​រង​គ្រោះ ឱ្យ​ធ្វើ​តាម​អ្វី​ដែល​ឧក្រិដ្ឋជន​បាន​ណែ​នាំ ដូចជា ចុច​លើ​តំណ​ភ្ជាប់ ឯកសារ​ភ្ជាប់ ឬ​ចូល​ទៅកាន់​គេហទំព័រ​ដែល​ឧក្រិដ្ឋ​បាន​ប្រាប់​នៅ​ក្នុង​អ៊ីមែល​នោះ។ ក្រុមហ៊ុន CrowdStrike បាន​ចេញ​ផ្សាយ​ការ​ណែនាំ​សម្រាប់​អ្នក​បុគ្គលិក​ផ្នែក​ព័ត៌មានវិទ្យា ឬ​អ្នក​បច្ចេក​ទេស ឱ្យ​អនុវត្ត​តាម​ដើម្បី​ដោះ​ស្រាយ​បញ្ហា​នេះ។

សម្រាប់​អ្នក​ប្រើ​ប្រាស់​ទូទៅ ដើម្បី​ការ​ពារ​ពី​ការ​ឆបោក​បែប Phishing គួរ​ពិចារណា​ធ្វើ​តាម​ចំណុច​ដូច​ខាង​ក្រោម៖

  • ប្រសិន​បើ​អ្នក​ទទួល​បាន​អ៊ីមែល​ដែល​អះ​អាង​ថា ជា​អ្នក​បច្ចេកទេស ដែល​ជួយ​ដោះ​ស្រាយ​បញ្ហា​របស់​អតិថិជន សូម​កុំ​ធ្វើ​តាម​ការ​ណែ​នាំ​របស់​ពួក​គេ​ភ្លាមៗ ហើយ​គួរ​តែ​ចូល​ទៅ​កាន់​គេហទំព័រ​ផ្លូវ​ការ ដោយ​ខ្លួន​ឯង ជំនួស​ឱ្យ​ការ​ចុច​លើ​តំណ​ភ្ជាប់ ដែល​អ្នក​ទទួល​បាន។
  • ត្រូវ​ប្រុង​ប្រយ័ត្ន​ក្នុង​ការ​ទាញ​យក ឬ​បើក​ឯកសារ​ភ្ជាប់ ពី​ក្នុង​អ៊ីមែល ឬ​សារ​ដែល​អ្នក​មិន​ស្គាល់​ពី​ប្រភព​ច្បាស់​លាស់។ ប្រភេទ​ឯកសារ​មួយ​ចំនួន ដូច​ជា​ឯកសារ​ដែល​បញ្ចប់​ដោយ .exe និង .pdf ជា​ប្រភេទ​ឯកសារ​ដែល​ឧក្រិដ្ឋជន ប្រើ​ញឹក​ញាប់​សម្រាប់​បញ្ជូន​មេរោគ​ចូល​ទៅ​ក្នុង​កុំព្យូទ័រ។ ប្រសិន​បើ​អ្នក​ទទួល​បាន​ឯកសារ​ PDF ដែល​គួរ​ឱ្យ​សង្ស័យ គួរ​រាយការណ៍​ទៅ​កាន់​បុគ្គលិក​ផ្នែក​ព័ត៌​មាន​វិទ្យា ឬ​ប្រើ Dangerzone ដើម្បី​បំលែង​ឯក​សារ PDF នោះ​ទៅ​ជា​ឯកសារ​ដែល​មាន​សុវត្ថិភាព​។​
  • សូម​ពិនិត្យ​មើល​អាស័យដ្ឋាន​គេហទំព័រ​ឱ្យ​បាន​ច្បាស់ ដើម្បី​ការពារ​កុំ​ឱ្យ​ចូល​ទៅ​កាន់​គេហទំព័រ​របស់​ឧក្រិដ្ឋជន​តាម​ការ​បោក​បញ្ឆោត​បែប Typosquatting ដែល​អាស័យដ្ឋាន​គេហទំព័រ​ទាំង​នោះ​អាច​មាន​កំហុស​អក្ខរាវិរុទ្ធ ឬ​មាន​ពាក្យ និង​អក្សរ​បន្ថែម​នៅ​លើ​ឈ្មោះ​គេហទំព័រ​ដើម្បី​បន្លំ។ ឧទាហរណ៍ គេហទំព័រ​ផ្លូវ​ការ​របស់​ធនាគារ អេស៊ីលីដា គឺ www.acledabank.com.kh​ មិន​មែន www.acledapro.com​ ឬ www.acledap.com​ ឬ www.acledbn.com​ នោះ​ទេ។

ប្រភព៖

អត្ថបទផ្សេងៗទៀត