ថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ ២០២៥ ក្រុមហ៊ុន Meta បានប្រកាសនៅលើគេហទំព័ររបស់ខ្លួនពីការចាប់ផ្តើមដាក់ឱ្យប្រើមុខងារ passkeys សម្រាប់អ្នកប្រើ ហ្វេសប៊ុក នៅទូរស័ព្ទ iOS និង Android។ មុខងារនេះនឹងផ្តល់ភាពងាយស្រួលដល់អ្នកប្រើប្រាស់ និងជួយការពារសុវត្ថិភាពឱ្យមានសុវត្ថិភាពជាងមុន។
Passkeys គឺជាជម្រើសថ្មី ជំនួសពាក្យសម្ងាត់ (password) ដែលប្រើមុខងារសុវត្ថិភាពដែលមានស្រាប់នៅលើក្នុងឧបករណ៍ ដូចជា មុខងារស្កេនមុខ ស្កេនខ្ចៅដៃ ដើម្បីបញ្ជាក់អត្តសញ្ញាណរបស់អ្នក។
Passkeys ជួយឱ្យការចូលគណនីកាន់តែងាយស្រួល និងលឿន ដោយអ្នកប្រើប្រាស់គ្រាន់តែធ្វើការ ស្កេនស្នាមម្រាមដៃ ស្កេនមុខ ឬលេខកូដឧបករណ៍របស់ពួកគេ ជំនួសឱ្យការវាយពាក្យសម្ងាត់។
វាជួយដោះស្រាយបញ្ហានានាដូចជាការភ្លេចលេខសម្ងាត់ ឬការប្រើលេខសម្ងាត់ដដែលៗ ដែលធ្វើឱ្យគណនីរបស់អ្នកប្រើប្រាស់មានសុវត្ថិភាព និងផ្តល់ភាពងាយស្រួល។
ដើម្បីដំឡើង passkeys អ្នកត្រូវបើកកម្មវិធី ហ្វេសប៊ុក ហើយទៅកាន់ ការកំណត់ → មជ្ឈមណ្ឌលគណនី → ពាក្យសម្ងាត់ និងសន្តិសុខ→ Passkeys (Settings → Accounts Center → Password & Security → Passkeys)។
យ៉ាងណាមិញ ក្រុមហ៊ុន Meta បានបញ្ជាក់ថាមុខងារនេះ ទើបចាប់ផ្តើមដាក់ឱ្យដំណើរជាបណ្តើរៗ ដូច្នេះវាអាចនៅមិនទាន់មានសម្រាប់អ្នកប្រើប្រាស់ទាំងអស់គ្នានៅឡើយទេ។ ប្រសិនបើអ្នកមិនទាន់ឃើញមុខងារនេះ សូមធ្វើបច្ចុប្បន្នភាពកម្មវិធី ហ្វេសប៊ុក របស់អ្នក និងព្យាយាមរកមើលមុខងារនេះម្តងទៀតបន្ទាប់ពីបានធ្វើបច្ចុប្បន្នភាពកម្មវិធីរួចហើយ។
ហ្វេសប៊ុក បញ្ជាក់ផងដែរថា កម្មវិធីផ្ញើសារ Messenger នឹងអាចប្រើ passkeys បាននៅប៉ុន្មានខែក្រោយបន្ទាប់។ បច្ចុប្បន្នមុខងារនេះ មានមានតែលើទូរស័ព្ទប៉ុណ្ណោះ មិនទាន់មាននៅលើកុំព្យូទ័រទេ។
ទោះបីជាមាន passkeys ក៏ដោយ ក៏មុខងារពាក្យសម្ងាត់ មុខងារផ្ទៀងផ្ទាត់ពីរជាន់ (2FA) ជាដើម នៅតែអាចនៅតែអាចប្រើបាន ជាមុខងារបម្រុង ហើយមិនទាន់ត្រូវបានលុបចោលទាំងស្រុងនោះទេ។
ហ្វេសប៊ុក ណែនាំឱ្យអ្នកប្រើប្រាស់ ប្រើមុខងារ passkeys នេះប្រសិនបើមុខងារនេះ មាននៅលើកម្មវិធីហ្វេសប៊ុករបស់ពួកគេ ព្រោះវាផ្តល់ភាពងាយស្រួលក្នុងការប្រើប្រាស់ និងផ្តល់ការការពារបានល្អ ពិសេសការពារពីការវាយប្រហារបែប phishing។
Passkeys ត្រូវបានដាក់ឱ្យប្រើ ឱ្យស្របតាមនិន្នាការសុវត្ថិភាពបច្ចុប្បន្ន ដែលក្រុមហ៊ុនធំៗដូចជា Apple, Google, និង Microsoft បានដាក់ឱ្យបញ្ចូលលើសេវាកម្មរបស់ខ្លួនតាំងពីយូរណាស់មកហើយ។ Passkeys គឺជាជំហានទៅកាន់អនាគតមួយ លុបបំបាត់ពាក្យសម្ងាត់ នៅលើគណនីអនឡាញ។
ប្រភព៖ Facebook