នៅថ្ងៃទី ៥ មិថុនា ២០២៥ ក្រុមហ៊ុនបច្ចេកវិទ្យាធំ OpenAI បានបង្ហាញរបាយការណ៍សាធារណៈមួយពីករណីសិក្សា ដែលរកឃើញពីការប្រើប្រាស់ AI ប្រកបដោយគ្រោះថ្នាក់ នៅបណ្តាប្រទេសនានាជុំវិញពិភពលោក រួមទាំងករណីសិក្សានៅប្រទេសកម្ពុជាដែរ។
នៅក្នុងរបាយការណ៍រយៈពេលបីខែចុងក្រោយរបស់ខ្លួន OpenAI បានបញ្ជាក់ថា ការប្រើ AI ក្នុងគោលបំណងមិនល្អ និងបង្កឱ្យមានគ្រោះថ្នាក់ មានប្រភពមកពីច្រើនប្រទេស ប៉ុន្តែចំនួនដ៏ច្រើនជាងគេ (៤/១០ ករណី) ទំនងជាមានប្រភពមកពីប្រទេសចិន។
ចំពោះករណីសិក្សាដដែលនេះ OpenAI បានរកឃើញប្រតិបត្តិការបោកប្រាស់ទ្រង់ទ្រាយធំមួយ ដែលមានឈ្មោះថា “Wrong Number” ដែលទំនងជាធ្វើប្រតិបត្តិការចេញពីប្រទេសកម្ពុជា ដោយឧក្រិដ្ឋជន ប្រើប្រាស់ AI រួមទាំង ChatGPT ផងដែរដើម្បីបង្កើតសារក្លែងក្លាយជាច្រើនភាសា ដែលសារទាំងនោះ សរសេរក្នុងទម្រង់ ដើម្បីទាក់ទាញមនុស្សឱ្យចាប់អារម្មណ៍ ចំពោះការផ្តល់ឱកាសការងារក្លែងក្លាយ។

របៀបដែលការបោកប្រាស់នេះដំណើរការ
- ឧក្រិដ្ឋជនសន្យាផ្តល់ឱកាសការងារ ដែលទទួលបានប្រាក់កម្រៃខ្ពស់ សម្រាប់ការងារងាយៗ ដូចជាគ្រាន់តែចុច Like នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។
- ឧក្រិដ្ឋជនផ្ញើសារទំនាក់ទំនងដោយផ្ទាល់ មកកាន់ជនរងគ្រោះ តាមរយៈសារ SMS ជាច្រើនភាសា រួមមានភាសាអង់គ្លេស អេស្ប៉ាញ អាល្លឺម៉ង់ និងអាចមានភាសាផ្សេងទៀត។
- ឧក្រិដ្ឋជនបន្តប្រើកម្មវិធីផ្ញើសារ ដូចជា WhatsApp, Telegram ជាដើម ដើម្បីគ្រប់គ្រងការទំនាក់ទំនងជាមួយជនរងគ្រោះ។
ជនរងគ្រោះត្រូវបានទាក់ទងដំបូងតាម SMS បន្ទាប់មកត្រូវបានបញ្ជូនទៅកម្មវិធី WhatsApp សម្រាប់ការសន្ទនាបន្ថែម ហើយនៅទីបំផុតត្រូវបានបញ្ជូនទៅឱ្យទាក់ទងជាមួយជនផ្សេងទៀត នៅលើ Telegram។

ការប្រើប្រាស់ AI ដើម្បីធ្វើការបោកប្រាស់
ឧក្រិដ្ឋជនប្រើប្រាស់ ChatGPT ជាចម្បងសម្រាប់ ជាមធ្យោបាយនៃការបោកប្រាស់របស់ពួកគេ រួមមាន៖
- ប្រើ ChatGPT ដើម្បីបកប្រែសារពីភាសាចិន ទៅភាសាផ្សេងទៀត។
- ប្រើ ChatGPT ដើម្បីបង្កើតមាតិកាក្នុងទម្រង់ សេចក្តីប្រកាសជ្រើសរើសបុគ្គលិក។
- បង្កើតសារសន្ទនាក្លែងក្លាយ ដើម្បីធ្វើពុតខ្លួនគេជាបុគ្គលិក ឬអ្នកដែលទទួលបានឱកាសការងារនោះ ហើយបន្លំជាអ្នកណែនាំបន្ត ដើម្បីបង្កើតទំនុកចិត្ត និងធ្វើឱ្យជនរងគ្រោះរំភើប ចង់ធ្វើការងារនោះ។
ក្រុមហ៊ុនក្លែងក្លាយពាក់ព័ន្ធនឹងប្រតិបត្តិការឆបោក
ឈ្មោះក្រុមហ៊ុនដែលបានលើកឡើងម្តងហើយម្តងទៀតនៅក្នុងសារបោកប្រាស់រួមមាន៖
- Hyesung Advertising
- Lightning Shared Scooter Co (LSSC)
ក្រុមហ៊ុនទាំងនេះមិនត្រូវបានផ្ទៀងផ្ទាត់ទេ ប៉ុន្តែត្រូវបានភ្ជាប់ជាប្រចាំជាមួយនឹងសកម្មភាពបោកប្រាស់នេះ។
ទម្រង់នៃការបោកប្រាស់
OpenAI បានកំណត់ឃើញទម្រង់នៃការបោកប្រាស់ធ្វើឡើងជា ៣ ដំណាក់កាលដូចខាងក្រោម៖
- Ping (ការទាក់ទងដំបូង): ការសន្យាថា នឹងផ្តល់ជូនប្រាក់កម្រៃខ្ពស់ សម្រាប់ការងារធម្មតា ឬការវិនិយោគងាយៗ។

- Zing (បង្កើតភាពរំភើប): ការជូនដំណឹងពីចំណូលក្លែងក្លាយ សារលើកទឹកចិត្ត ឬការបង់ប្រាក់តិចតួចដើម្បីទទួលបានទំនុកចិត្ត។
- Sting (តម្រូវឱ្យបង់ប្រាក់): ជនរងគ្រោះត្រូវបានស្នើសុំឱ្យបង់ថ្លៃសេវា ប្រាក់កក់ ឬការបង់ប្រាក់តាមរយៈរូបិយបណ្ណឌីជីថល ដើម្បីអាចចូលទៅកាន់គនណីទទួលប្រាក់ ឬដើម្បីទទួលបានប្រាក់ដែលបានសន្យា។

ការឆ្លើយតបរបស់ OpenAI
OpenAI បិទគណនីដែលខ្លួនកំណត់សម្គាល់បាន និងធ្វើការជាមួយនឹងដៃគូពាក់ព័ន្ធដើម្បីកំណត់អត្តសញ្ញាណ និងរាំងខ្ទប់សកម្មភាពបែបនេះ។
ប្រភព៖ OpenAI.com