Signal, WhatsApp ថា​ច្បាប់​ស្តី​ពី​សុវត្ថិភាព​អនឡាញ​របស់​អង់គ្លេស គំរាម​កំហែង​ដល់​ឯកជនភាព និង​សុវត្ថិភាព​អ្នក​ប្រើ​ប្រាស់

WhatsApp, Signal និង​សេវាកម្ម​ផ្ញើ​សារផ្សេង​ទៀត​បាន​ដាក់​លិខិត​បើក​ចំហ​រួម​មួយ​ទៅ​កាន់​រដ្ឋាភិបាល​ចក្រភព​អង់គ្លេស ​ដោយ​ស្នើសុំ​ឱ្យ ពិចា​រណា​ឡើង​វិញ​ជាបន្ទាន់ ពី​សេចក្តីព្រាង​ច្បាប់​ស្តីពី​សុវត្ថិភាព​អនឡាញ (Online Safety Bill – OSB) របស់​ខ្លួន។

ច្បាប់ស្តីពីសុវត្ថិភាពអនឡាញរបស់អង់គ្លេស
  

Photo by Adem AY on Unsplash

ច្បាប់​នេះ បង្កើត​ឡើង​ក្នុង​គោល​បំណង​គ្រប់​គ្រង​មាតិកា​ដែល​បង្ក​គ្រោះ​ថ្នាក់​នៅ​លើ​អ៊ីនធឺណិត ដូច​ជា​ទប់​ស្កាត់​សម្ភារៈ​បំពាន​ផ្លូវ​ភេទ​លើ​កុមារ (CSAM) ឬ​ខ្លឹម​សារ​ភេរវកម្ម​ផ្សេងៗ​ជា​ដើម។ ក្នុង​រយៈ​ពេល​ពីរ​ឆ្នាំ​ចុង​ក្រោយ​នេះ​ សភា​រដ្ឋាភិបាល​ចក្រភព​អង់​គ្លេស បាន​ធ្វើ​ការ​លើ​សេចក្តី​ព្រាង​ច្បាប់​នេះ ដែល​ធ្វើ​ឱ្យ​ច្បាប់​នេះ​កាន់​តែ​មាន​វិសាល​ភាព​ធំ​ទូលាយ​គួរ​ឱ្យ​បារម្ភ។

ផ្នែក​មួយ​ដែល​ប៉ះ​ពាល់​ខ្លាំង​បំផុត​របស់​ច្បាប់​នេះ​គឺ ធ្វើ​ឱ្យ​មាន​ការ​គំរាម​កំហែង​ដល់​មុខ​ងារ​កូដនីយកម្ម ដែល​ជា​មុខ​ងារ​ការពារ​សុវត្ថិភាព និង​ឯក​ជន​ភាព​របស់​អ្នក​ប្រើ​ប្រាស់។ តាម​រយៈ​ច្បាប់​នេះ​តម្រូវ​ឱ្យ​ម្ចាស់​វេទិកាអនឡាញ គេហទំព័រ និង​កម្មវិធី​ផ្សេងៗ​ត្រូវ​ត្រួត​ពិនិត្យ​ខ្លឹម​សារ​របស់​អ្នក​ប្រើ​ប្រាស់​របស់​ខ្លួន ហើយ​ប្រសិន​បើ​ក្រុម​ហ៊ុន ម្ចាស់​គេហ​ទំព័រ ឬ​កម្មវិធី​ទាំង​នោះ​មិន​អនុវត្ត​តាម​ទេ នឹង​រង​នូវ​ការ​ផាក​ពិន័យ​ដ៏​ធ្ងន់​ធ្ងរ។

មធ្យោបាយ​មួយ​ដ៏​មាន​ប្រសិទ្ធ​ភាព ក្នុង​ការ​ត្រួត​ពិនិត្យ​ខ្លឹម​សារ​អ្នក​ប្រើ​ប្រាស់​គឺ ក្រុម​ហ៊ុន ម្ចាស់​គេហទំព័រ និង​កម្មវិធី​ផ្សេងៗ​ត្រូវ​ធ្វើ​ការ​ស្តេន រាល់​មាតិកា​របស់​អ្នក​ប្រើ​ប្រាស់ មុន​ពេល​មាតិកា​ទាំង​នោះ​ធ្វើ​កូដនីយកម្ម ដែល​វិធី​នេះ​ប៉ះ​ពាល់​ខ្លាំង​បំផុត​ដល់​សុវត្ថិភាព​របស់​អ្នក​ប្រើ​ប្រាស់។

នៅ​ក្នុង​លិខិតចំហ ដែល​ចុះ​ហត្ថលេខា​ដោយ​នាយក​ប្រតិបត្តិ និង​អ្នក​គ្រប់​គ្រង​ជាន់​ខ្ពស់​មក​ពី Element, Session, Signal, Threema, Viber, WhatsApp និង Wire បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា ពួក​គេ​ក៏​មិន​សប្បាយ​ចិត្ត​ចំពោះ​ច្បាប់​នេះ​ដែរ។ នៅ​ក្នុង​លិខិត​នោះ​បាន​លើក​ឡើងថា៖ “អ្វី​ដែល​មាន​ចែង​ក្នុង​សេចក្តី​ព្រាង​ច្បាប់​នេះ អាច​បំបែក​មុខ​ងារ​កូដនីយកម្ម End-to-end Encryption (E2E) បាន ហើយ​វា​បាន​បើក​ច្រក​ឱ្យ​មាន​ការ​ឃ្លាំ​មើល​សារ​ផ្ទាល់​ខ្លួន​ជា​មួយ​មិត្ត​ភក្តិ សមាជិក​គ្រួសារ បុគ្គលិក នាយក​ប្រតិបត្តិ អ្នក​កាសែត សកម្មជន​សិទ្ធិ​មនុស្ស និង​សូម្បី​តែ​អ្នក​នយោបាយ​ផង​ដែរ ដែល​វា​ខុស​ពី​គោលការណ៍​ដែល​អនុញ្ញាត​ឱ្យ​គ្រប់​គ្នា​អាច​ធ្វើ​ការ​ទំនាក់​ទំនង​ប្រកប​ដោយ​សុវត្ថិភាព”។

ក្នុង​លិខិត​ដដែល​បាន​បន្ត​ថា៖ “ច្បាប់​នេះ​មិន​ផ្តល់​ការ​ការ​ពារ​ច្បាស់​លាស់​ដល់​ការ​ធ្វើ​កូដនីយកម្ម​ទេ ហើយ​ប្រសិន​បើ​ត្រូវ​បាន​អនុវត្ត​ដូច​អ្វី​ដែល​បាន​ចែង​មែន​នោះ អាច​នឹង​ផ្តល់​អំណាច​ដល់ Ofcom ដែល​ជា​ការិយាល័យ​ទំនាក់​ទំនង​របស់​រដ្ឋាភិបាល ទទួល​បន្ទុក​ក្នុង​ការ​គ្រប់​គ្រង​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ និង​ទូរគមនាគមន៍ ក្នុង​ការ​បង្ខំ​ឱ្យ​មាន​ការ​ស្កែន​យ៉ាង​សកម្ម នូវ​សារ​ឯកជន​នៅ​លើ​បណ្តាញ​ទំនាក់​ទំនង​ដែល​បាន​ប្រើ​មុខងារ​កូដនីយកម្ម E2E។ ដូចនេះ​សុវត្ថិភាព​របស់​កូដនីយកម្ម E2E នេះ នឹង​ក្លាយ​ជា​ឥត​ប្រយោជន៍។ ហើយ​ជា​លទ្ធផល វា​នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ឯកជនភាព​របស់​អ្នក​ប្រើ​ប្រាស់​គ្រប់​គ្នា។”

Signal បាន​ប្រកាស​រួច​ហើយ​ថា ខ្លួន​នឹង​ដក​ខ្លួន​ចេញ​ពី​ចក្រភពអង់គ្លេស ប្រសិន​បើ​ត្រូវ​បាន​បង្ខំ​ឱ្យ ធ្វើ​ឱ្យ​មាន​ការ​ចុះ​ខ្សោយ​នូវ​មុខ​ងារ​កូដនីយកម្ម​របស់​ខ្លួន។ លោក​ស្រី Meredith Whittaker ប្រធាន​មូល​និធិ Signal បាន​ប្រាប់ BBC ថា “Signal នឹង​ដក​ខ្លួន​ចេញ​ទាំង​ស្រុង ជា​ជាង​បន្ត​នៅ​អង់គ្លេស ហើយ​ធ្វើ​ឱ្យ​បាត់​បង់​ការ​ជឿ​ទុក​ចិត្ត​ដល់​អ្នក​ប្រើ​ប្រាស់​របស់​ពួក​យើង”។

នៅ​ក្នុង​សេចក្តីថ្លែង​ការណ៍​របស់​ខ្លួន WhatsApp បាន​និយាយ​ថា “យើង​មិន​គិត​ថា​ក្រុមហ៊ុន រដ្ឋាភិបាល ឬ​បុគ្គល​ណា​មួយ​គួរ​តែ​មាន​អំណាច​ក្នុង​ការ​អាន​សារ​ផ្ទាល់​ខ្លួន​របស់​អ្នក​ណា​ម្នាក់​នោះ​ទេ ហើយ​យើង​នឹង​បន្ត​ការពារ​បច្ចេកវិទ្យា​របស់​មុខងារ​កូដនីយកម្ម​នេះ” ។

ស្ថាបនិក Element លោក Matthew Hodgson មាន​ប្រសាសន៍​ថា “ច្បាប់​នេះ​នឹង​មិន​ត្រឹម​តែ​ប៉ះ​ពាល់​ដល់​សាធារណៈ​ជន​ទូទៅ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​នឹង​ប៉ះ​ពាល់​ដល់​អាជីវកម្ម​ដែល​ទើប​នឹង​ចាប់​ផ្តើម និង​អាជីវកម្ម​របស់​ចក្រភព​អង់គ្លេស​ដែល​ព្យាយាម​ប្រកួត​ប្រជែង​ជា​មួយ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ធំៗ​ផង​ដែរ” ។

លក្ខ​ខណ្ឌ​តម្រូវ​នៃ​ច្បាប់នេះ ពិបាក​ឱ្យ​ក្រុម​ហ៊ុន​តូចៗ​អាច​អនុវត្ត​តាម​បាន​ណាស់ ក្នុង​ខណៈ​ពេល​ដែល​ឧក្រិដ្ឋជន​នឹង​បន្ត​ប្រើ​កម្មវិធី​ដែល​រដ្ឋាភិបាល​មិន​អាច​គ្រប់​គ្រង​បាន។ ទន្ទឹម​នឹង​នេះ ក្រុមហ៊ុន​បច្ចេកវិទ្យា​ធំៗ​នឹង​កេង​ចំណេញ​ពី​ការ​ប្រើ​ប្រាស់​ទិន្នន័យ​ឯកជន​របស់​អ្នក​ប្រើ​ប្រាស់​ដើម្បី​ស្វែង​រក​ប្រាក់​ចំណេញ។ សេចក្តីព្រាង​ច្បាប់​នេះ ត្រូវ​បាន​គេ​រំពឹង​ថា នឹង​ចូល​ជា​ធរមាន​នៅ​ឆ្នាំ​ក្រោយ។

ប្រភពៈ