Photo by Chris Yang on Unsplash
ការតាមដាននៅលើអ៊ីនធឺណិត សំដៅដល់រាល់សកម្មភាពដែលអ្នកបានធ្វើនៅលើកុំព្យូទ័រ ទូរសព្ទ សកម្មភាពផ្សេងៗតាមអនឡាញ បូករួមទាំងទិន្នន័យ និងចរាចរណ៍នៅអ៊ីនធឺណិតគឺត្រូវបានឃ្លាំមើល រក្សាទុក ដោយភ្នាក់ងាររដ្ឋ ក្រុមហ៊ុនផ្គត់ផ្គង់សេវាអ៊ីនធឺណិត (ISP) ក្រុមហ៊ុនឯកជន និងក្រុមចោរនៅលើអ៊ីនធឺណិតជាដើម។ល។ នៅពេលដែលគ្រប់សកម្មភាព ទិន្នន័យ និងចរាចរណ៍អ៊ីនធឺណិតទាំងនោះត្រូវបានប្រមូលយក រក្សាទុក នោះគេក៏អាចយកទៅសិក្សា ឬវិភាគដើម្បីអាចស្គាល់ពីអត្តសញ្ញាណអ្នកប្រើប្រាស់បានផងដែរ។ នេះមានន័យថា រាល់សកម្មភាពនៅលើពិភពឌីជីថលរបស់អ្នកប្រើប្រាស់ នឹងត្រូវបានពិនិត្យ រក្សាទុក និងអាចយកទៅប្រើក្នុងគោលបំណងណាមួយបានគ្រប់ពេល។
អ្នកណាខ្លះកំពុងតាមដានអ្នក?
ភ្នាក់ងាររបស់រដ្ឋ
ស្ថាប័នមានសមត្ថកិច្ចរបស់រដ្ឋណាមួយ អាចតាមដាន ប្រមូល រក្សាទុកទិន្នន័យមួយចំនួនរបស់អ្នកប្រើប្រាស់អ៊ីនធឺណិតក្នុងគោលបំណង ធ្វើឱ្យមានសុវត្ថិភាពលើហេដ្ឋារចនាសម្ព័ន្ធអ៊ីនធឺណិត និងការការពារប្រឆាំងនឹងឧក្រិដ្ឋកម្មនៅលើអ៊ីនធឺណិត ឬភេវរកម្មជាដើម។ល។
ក្រុមហ៊ុនផ្គត់ផ្គង់សេវាអ៊ីនធឺណិត (ISP)
ពួកគេជាអ្នកដែលដឹងប្រវត្តិ និងទម្លាប់នៃការស្រាវជ្រាវ ឬរុករកនៅលើអ៊ីនធឺណិតរបស់អ្នកប្រើប្រាស់ ហើយព័ត៌មានទាំងនេះ អាចត្រូវបានប្រើប្រាស់ ប្រគល់ ឬលក់បន្តទៅឱ្យក្រុមផ្សេងទៀត ដែលជាអ្នកសហការ ឬដៃគូរពាណិជ្ជកម្មយកទៅប្រើប្រាស់ក្នុងគោលបំណងណាមួយ ដែលពួកគេបានព្រមព្រៀងគ្នា។ ISP អាចប្រើទិន្នន័យទាំងនោះដើម្បីត្រួតពិនិត្យមើលទំហំនៃការប្រើអ៊ីនធឺណិតរបស់អ្នកប្រើប្រាស់បានដែរ ហើយប្រសិនបើពួកគេរកឃើញថា អ្នកប្រើប្រាស់ណាប្រើក្នុងទំហំច្រើនពេក ពួកគេក៏អាចធ្វើឱ្យចរាចរណ៍អ៊ីនធឺណិតរបស់អ្នកប្រើប្រាស់នោះយឺត (bandwidth throttling) ដើម្បីកាត់បន្ថយទំហំនៃការប្រើប្រាស់នោះ។
ក្រុមហ៊ុនស្រាវជ្រាវធំៗនៅលើអ៊ីនធឺណិត (Search Engine)
ក្រុមហ៊ុនស្រាវជ្រាវធំៗ (Search Engine) ដូចជា Google Search របស់ Google, Microsoft Bing របស់ Microsoft ជាដើម ពួកគេមានទិន្នន័យជាច្រើនរបស់អ្នកប្រើប្រាស់។ ទិន្នន័យទាំងនោះមានដូចជាទិន្នន័យពីអាស័យដ្ឋាន IP (IP Address) របស់អ្នកប្រើប្រាស់ បញ្ជីគេហទំព័រដែលអ្នកប្រើប្រាស់បានចូលមើល ហើយពួកគេក៏ប្រើមុខងារ Cookie ដើម្បីតាមដានរាល់សកម្មភាពនៅលើអ៊ីនធឺណិតរបស់អ្នកប្រើប្រាស់។ ព័ត៌មាន និងទិន្នន័យទាំងនេះ អាចត្រូវបានលក់ទៅឱ្យក្រុមហ៊ុនផ្សាយពាណិជ្ជកម្ម យកទៅប្រើដើម្បីផ្សព្វផ្សាយផលិតផលទៅកាន់អតិថិជនគោលដៅរបស់ពួកគេ។
ម្ចាស់គេហទំព័រ
ម្ចាស់គេហទំព័រទាំងអស់គឺជាអ្នកមានទិន្នន័យរបស់ក្រុមមនុស្សដែលបានចូលទៅកាន់គេហទំព័ររបស់ពួកគេ។ ប្រសិនបើគេហទំព័រនោះជាគេហទំព័រដែលតម្រូវឱ្យអ្នកចុះឈ្មោះដើម្បីអាចប្រើសេវាកម្មរបស់គេបាន ដូចជា Facebook, Twitter នោះពួកគេមានទិន្នន័យកាត់តែច្រើនពីអ្នកប្រើប្រាស់ ដូចជាព័ត៌មានផ្ទាល់ខ្លួនដែលអ្នកប្រើប្រាស់ដែលផ្តល់ឱ្យពួកគេនៅពេលចុះឈ្មោះ និងពាក្យសម្ងាត់ជាដើម។ល។ ពួកគេជាអ្នកគ្រប់គ្រង និងរក្សាទុកព័ត៌មានរបស់អ្នកប្រើប្រាស់ ហើយពួកគេក៏អាចយកទិន្នន័យទាំងនោះទៅប្រើប្រាស់ក្នុងគោលបំណងណាមួយបានដែរ។ ម្ចាស់គេហទំព័រ អាចធ្វើការវិភាគពីអ្នកប្រើប្រាស់គេហទំព័ររបស់ខ្លួន ក្នុងគោលដៅសិក្សាពីអ្នកប្រើប្រាស់របស់ខ្លួន និងផ្តល់មាតិកា ឬសេវាកម្មឱ្យត្រូវតាមគោលដៅរបស់ពួកគេ។ Cookie ជាមុខងារមួយសំខាន់ ដែលម្ចាស់គេហទំព័រតែងតែប្រើដើម្បីតាមដានអ្នកប្រើប្រាស់របស់ពួកគេ។ តាមរយៈមុខងារ Cookie នេះម្ចាស់គេហទំព័រអាចដឹងពីទម្លាប់ និងចំណង់ចំណូលចិត្ត នឹងជួយបង្ហាញនូវមាតិកាដែលអ្នកប្រើប្រាស់អាចនឹងចូលចិត្តដោយស្វ័យប្រវត្តិ។ ពួកគេក៏ប្រើវាដើម្បីសិក្សាពីអត្តសញ្ញាណជាក់លាក់របស់អ្នកប្រើប្រាស់ ហើយផ្តល់ជូនអ្នកប្រើប្រាស់វិញនូវផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម ដែលអ្នកប្រើប្រាស់អាចនឹងចាប់អារម្មណ៍។
ក្រុមចោរនៅលើអ៊ីនធឺណិត (Hacker)
ក្រុមចោរនៅលើអ៊ីនធឺណិត ឬ Hacker ពួកគេព្យាយាមលួចអត្តសញ្ញាណនៅលើអនឡាញរបស់អ្នកប្រើប្រាស់តាមមធ្យោបាយជាច្រើន។ នៅពេលដែលពួកគេបានព័ត៌មានសំខាន់ ឬព័ត៌មានសម្ងាត់របស់អ្នកប្រើប្រាស់ ពួកគេអាចនឹងគំរាមអ្នកប្រើប្រាស់ថា នឹងបង្ហាញព័ត៌មានសម្ងាត់ទាំងនោះនៅលើអ៊ីនធឺណិត ប្រសិនបើអ្នកប្រើប្រាស់មិនធ្វើតាមការណែនាំ ឬបង់ប្រាក់ជូនពួកគេ។ ពួកគេក៏អាចព្យាយាមវាយប្រហារ ដើម្បីប្រមូលទិន្នន័យសំខាន់របស់អ្នកប្រើប្រាស់យកទៅលក់នៅលើទីផ្សារងងឹត នៅលើអ៊ីនធឺណិតផងដែរ។ អ្នកអាចចូលទៅកាន់គេហទំព័រ Have I Been Pwned? ដើម្បីមើលថា តាមរយៈអ៊ីមែល ឬលេខទូរស័ព្ទរបស់អ្នកតើអ្នកមានទិន្នន័យដែលធ្លាប់បានបែកធ្លាយនៅលើអ៊ីនធឺណិតដែរឬទេ។
តើពួកគេតាមដានអ្នកដោយរបៀបណា?
អត្តសញ្ញាណដែលមាននៅលើកម្មវិធីរុករក (Browser Fingerprint)
កម្មវិធីរុករក ឬ Browser ជាកម្មវិធីដ៏ចំបងក្នុងការភ្ជាប់អ្នកទៅកាន់អ៊ីនធឺណិត ហើយភាគច្រើននៃកម្មវិធីទាំងនោះ អាចកំណត់ដឹងថាអ្នកជានរណា តាមរយៈមុខងារ Browser Fingerprint។ ស្ទើរតែគ្រប់កម្មវិធីរុករក អាចកំណត់បានពីអត្តសញ្ញាណរបស់អ្នកប្រើប្រាស់តាមរយៈមុខងារនេះ លើកលែងតែអ្នកប្រើកម្មវិធីរុករក Tor។ តាមរយៈ Browser Fingerprint នេះគេអាចប្រមូលព័ត៌មានជាច្រើនពីអ្នកប្រើប្រាស់អ៊ីនធឺណិត ដែលព័ត៌មានសំខាន់ៗមានដូចជា ព័ត៌មានអំពី កម្មវិធីរុករកដែលអ្នកប្រើប្រាស់កំពុងប្រើ (ឧ. អ្នកកំពុងប្រើ Firefox ឬ Google Chrom) ជំនាន់របស់កម្មវិធីរុករកនោះ ព័ត៌មានអំពីប្រព័ន្ធប្រតិបត្តិការ (ឧ. Windows, Mac, Android, iOS… ) កម្មវិធីបន្ថែមដែលបានតម្លើងលើកម្មវិធីរុករកនោះ (Plugin / Extension) អ្នកកំពុងស្ថិតនៅក្នុងតំបន់ណា ប្រទេសណា និងព័ត៌មានជាច្រើនទៀតពីឧបករណ៍ដែលអ្នកកំពុងប្រើ។ អ្នកអាចចូលទៅកាន់គេហទំព័រ Cover Your Tracks ដើម្បីធ្វើពិនិត្យមើលថា តើអ្នកមាន Fingerprint ជាក់លាក់ (Unique Fingerprint) លើកម្មវិធីរុករកដែលអ្នកកំពុងប្រើដែរឬទេ។
ឃុកឃី (Cookies)
គោលបំណងនៃ Cookies គឺជួយឱ្យមានភាពងាយស្រួលដល់អ្នកប្រើប្រាស់ ជួយរក្សាទុកព័ត៌មានសំខាន់ដូចជាពាក្យសម្ងាត់នៅលើគេហទំព័រណាមួយជាដើម ដោយមិនតម្រូវឱ្យអ្នកបំពេញលេខកូដសម្ងាត់ចូលម្តងទៀតនៅពេលដែលអ្នកចូលប្រើលើកក្រោយ ឬក៏ដើម្បីជួយធ្វើឱ្យគេហទំព័រនោះដំណើរការបានលឿននៅពេលដែលអ្នកប្រើប្រាស់ចូលមើលគេហទំព័រនោះជាលើកទីពីរនៅលើកម្មវិធីរុករកដែលពួកគេកំពុងប្រើ។ ប៉ុន្តែវាក៏ត្រូវបានប្រើដើម្បីតាមដាន និងកំណត់អត្តសញ្ញាណរបស់អ្នកប្រើប្រាស់ដែរ។ មុខងារនេះអាចកំណត់ដឹងថា អ្នកជានរណា ដឹងពីឧបករណ៍របស់អ្នកដែលកំពុងប្រើ និងដឹងពីចំណង់ចំណូលចិត្តតាមរយៈសកម្មភាពនៃការប្រើអ៊ីនធឺណិតរបស់អ្នកជាដើម។ល។
Web Beacons / Bugs
ដឹងពីសកម្មភាពដែលអ្នកបានធ្វើនៅលើគេហទំព័រនីមួយៗរូមទាំងមាតិកាដែលអ្នកបានចុចមើលផងដែរ។
DNS Poisoning / Spoofing
ក្រុមចោរនៅលើអ៊ីនធឺណិតអាចនឹងធ្វើការ បង្វែរទិសដៅនៃការចូលទៅកាន់គេហទំព័រដែលអ្នកចង់ចូលមើល ទៅកាន់គេហទំព័រផ្សេង ឬគេហទំព័រក្លែងក្លាយណាមួយរបស់ដែលពួកគេកំពុងគ្រប់គ្រងបាន ក្នុងគោលបំណងប្រមូលយកព័ត៌មានផ្ទាល់ខ្លួន និងទិន្នន័យសំខាន់ៗពីអ្នកប្រើប្រាស់។
ការតាមដានទីតាំងតាមរយៈមុខងារ Wi-Fi ឬ GPS
មុខងារបញ្ជាក់ទីតាំងត្រូវបានប្រើយ៉ាងទូលំទូលាយក្នុងពេលបច្ចុប្បន្ន ក្នុងគោលបំណងកំណត់ទីតាំងពីកន្លែងមួយទៅកន្លែងមួយ។ ឧទាហរណ៍អ្នកប្រើ Google Map ក្នុងការស្វែងរកទីតាំងណាមួយ ឬនាំអ្នកពីទីតាំងមួយ ទៅកាន់ទីតាំងណាមួយទៅកាន់ទីតាំងដែលអ្នកចង់ទៅ។ មុខងារនេះក៏ត្រូវបានប្រើច្រើនក្នុងវិស័យដឹកជញ្ជូនផងដែរ។
Wi-Fi Location Tracking: អ្នកគ្រប់គ្រង Wi-Fi អាចដឹងពីទីតាំងនៃឧបករណ៍របស់អ្នក និងសកម្មភាពនៅលើអ៊ីនធឺណិតរបស់អ្នកជាច្រើនទៀតនៅពេលដែលអ្នកប្រើបណ្តាញ Wi-Fi របស់ពួក។
GPS Location Tracking: ម្ចាស់កម្មវិធី GPS Location Tracking ទាំងនោះមានដូចជា Google Map, Food Panda, Grap ជាដើម ដឹងរាល់ទីតាំងរបស់អ្នកនៅពេលដែលអ្នកប្រើកម្មវិធីទាំងនោះ។ ពួកគេអាចប្រើប្រាស់ ឬលក់ទិន្នន័យក្នុងគោលបំណងស្វែងរកប្រាក់ចំណេញ។
តើត្រូវធ្វើដូចម្តេចដើម្បីការពារពីការតាមដាននេះ?
គ្មានវិធីណាដែលអាចការពារបានទាំងស្រុងពីការតាមដាន ឬឃ្លាំមើលនៅលើអ៊ីនធឺណិតនោះទេ តែខាងក្រោមនេះជាវិធីមួយចំនួនដែលអាចជួយកាត់បន្ថយពីការតាមដាន ឬអាចនិយាយថាធ្វើឱ្យអ្នកតាមដានលំបាកជាងមុនក្នុងការព្យាយាមតាមដានអ្នកៈ
- ប្រើកម្មវិធីរុករកដែលមានមុខងារជួយការពារសុវត្ថិភាព និងឯកជនភាពរបស់អ្នក ដូចជា Tor Browser, Firefox ឬ Brave ជាដើម។
- ធ្វើការស្រាវជ្រាវនៅលើកម្មវិធីដែលអាចជួយការពារឯកជនភាពអ្នក និងមិនប្រមូលទិន្នន័យរបស់អ្នកច្រើនពេក ដូចជា DuckDuckGo ជាដើម។
- ប្រើ VPN
- ធ្វើបច្ចុប្បន្នភាពកម្មវិធីរុករក កំណត់មុខងារសុវត្ថិភាព និងឯកជនភាព និងប្រើ Add-On ឬ extension ដើម្បីជួយការពារការតាមដាននៅលើអ៊ីនធឺណិតដូចជា Privacy Badger ជាដើម។
- កំណត់មុខងារ HTTPs Only Mode ឬចូលមើលតែគេហទំព័រណាដែលមានសុវត្ថិភាព ឬមាន HTTPS
- ធ្វើកូដនីយកម្ម (Encrypt) ទាំងរាល់ទិន្នន័យនៅលើអនឡាញ និងនៅកន្លែងផ្សេងទៀត។
- កុំអនុញ្ញាតឱ្យ Cookie តាមដានអ្នក ឬកុំចុច Accept Cookie ពេលអ្នកចូលទៅកាន់គេហទំព័រណាមួយ
- ប្រុងប្រយ័ត្នចំពោះ Phishing។ គិតមុននឹងចុចលើតំណភ្ជាប់ ឬឯកសារភ្ជាប់ណាមួយ។
- បើកមុខងារ សុវត្ថិភាព២ជាន់ ឬ2FA (two-factor authentication)
- បើកមុខងារធ្វើបច្ចុប្បន្នភាពដោយស្វ័យប្រវត្តិលើ គ្រប់កម្មវិធីដែលអ្នកប្រើ។
- បិទមុខងាររក្សាទុកលេខកូដសម្ងាត់ (Password Auto Save) នៅលើកម្មវិធីរុករក
- កំណត់មុខងារឯកជនភាព និងសុវត្ថិភាពនៅលើគណនីអនឡាញដែលអ្នកប្រើប្រាស់។ កុំអនុញ្ញាតឱ្យម្ចាស់គេហទំព័រទាំងនោះប្រមូលទិន្នន័យច្រើនពេកពីអ្នក។
- ប្រុងប្រយ័ត្នចំពោះការទាញយកឯកសារ វីឌីអូ ឬកម្មវិធីផ្សេងៗពីគេហទំព័រក្លែងក្លាយ។
ទោះបីជាអ្នកយល់ថាអ្នកគ្មានអ្វីដែលត្រូវលាក់បាំងក៏ដោយ ក៏អ្នកមានសិទ្ធិក្នុងការគ្រប់គ្រងឯកជនភាពរបស់អ្នកដែរ ដូច្នេះសូមការពារឯកជនភាព និងសុវត្ថិភាពនៅលើអ៊ីនធឺណិតរបស់អ្នកឱ្យបានច្រើនតាមលទ្ធភាពដែលអ្នកអាចធ្វើបាន។ បច្ចេកវិទ្យាមានការវិវត្តយ៉ាងលឿនជារៀងរាល់ថ្ងៃ ដែលទាមទារឱ្យអ្នកត្រូវសិក្សាស្វែងយល់ជាប្រចាំ ដើម្បីអាចមានចំណេះដឹងមូលដ្ឋានក្នុងការការពារខ្លួនអ្នកនៅលើអ៊ីនធឺណិត។
ប្រភពៈ