Photo by Misha Feshchak on Unsplash
ដំបូងតម្រូវឱ្យអ្នក Sign-in ចូលទៅកាន់ឧបករណ៍ Wi-Fi (Wi-Fi Router) របស់អ្នកជាមុនសិន។ ជាទូទៅអ្នកអាចប្រើកម្មវិធីរុករកណាមួយដូចជា Firefox ឬ Chrome បន្ទាប់មកអ្នកត្រូវវាយអាសយដ្ឋានរបស់ឧបករណ៍ Wi-Fi នោះ។ ឧទាហរណ៍ ដើម្បីចូលទៅកាន់ឧបករណ៍ Wi-Fi អ្នកត្រូវវាយអាសយដ្ឋាន https://192.168.1.1 ក្នុងអំឡុងពេលដែលអ្នកកំពុងតែភ្ជាប់ជាមួយ Wi-Fi នោះ។ សម្រាប់ឧបករណ៍ Wi-Fi ទំនើបជំនាន់ក្រោយៗ អាចឱ្យអ្នកប្រើកម្មវិធីទូរស័ព្ទដៃ (Smartphone App) ដើម្បីគ្រប់គ្រង Wi-Fi របស់អ្នកជំនួសវិញ។ ប្រសិនបើអ្នកមិនដឹងពីរបៀបក្នុងការចូលទៅកាន់ឧបករណ៍ Wi-Fi របស់អ្នកនោះទេ អ្នកអាចទាក់ទង និងសួរទៅកាន់ក្រុមហ៊ុន Wi-Fi ដែលអ្នកកំពុងប្រើ។
ជំហានទី១ៈ ផ្លាស់ប្តូរពាក្យសម្ងាត់លើឧបករណ៍ Wi-Fi របស់អ្នក
ម្ចាស់ Wi-Fi ភាគច្រើនមិនបានផ្លាស់ប្តូរពាក្យសម្ងាត់លើឧបករណ៍ Wi-Fi របស់ពួកគេទេ។ ពួកគេនៅតែប្រើពាក្យសម្ងាត់ដែលភ្ជាប់មកស្រាប់ជាមួយឧបករណ៍ Wi-Fi នោះ ដូចជា Username = Admin និង Password = Admin ឬ Username = Admin និងPassword = Password ជាដើម។ល។ មនុស្សស្ទើរតែគ្រប់គ្នាបានដឹងពី Username និង Password នេះ ហើយពួកគេអាចសាកល្បងចូលទៅគ្រប់គ្រង Wi-Fi របស់អ្នកតាមរយៈ Username និង Password នេះផងដែរ។ ដូច្នេះ អ្វីដែលអ្នកត្រូវធ្វើដំបូងគឺ ផ្លាស់ប្តូរព័ត៌មាននៃការចូលទៅកាន់ឧបករណ៍ Wi-Fi នេះចេញជាបន្ទាន់។
ប្រសិនបើអ្នកគ្រប់គ្រង Wi-Fi របស់អ្នក ដោយប្រើកម្មវិធីរុករក ឬ Web Browser អ្នកត្រូវប្រាកដថា អ្នកបានបិទមុខងារក្នុងការគ្រប់គ្រង Wi-Fi ពីចម្ងាយនៅខាងក្រៅតំបន់បណ្តាញ។ ការបិទមុខងារនេះ ភាគច្រើនអ្នកគ្រាន់តែដកធីកដែលមាននៅក្នុងផ្នែក Admin ឬក្នុងផ្នែក Management នៅពេលដែលអ្នកបាន Sign-in ចូលទៅក្នុងឧបករណ៍ Wi-Fi របស់អ្នក។ មនុស្សមួយចំនួន មានដូចជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា (IT)ជាដើម បានបើកមុខងារនេះ ដើម្បីឱ្យពួកគេងាយស្រួលក្នុងការគ្រប់ Wi-Fi ពីចម្ងាយនៅពេលដែលពួកគេមិននៅផ្ទះ ឬមិននៅការិយាល័យ។ ការបិទមុខងារនេះ ដូចជាការបិទផ្លូវអ្នកវាយប្រហារមួយកុំឱ្យលួចចូលក្នុងបណ្តាញអ៊ីនធឺណិតរបស់អ្នកផងដែរ។
ជំហានទី២ៈ ធ្វើបច្ចុប្បន្នភាពកម្មវិធី (Software) ក្នុងឧបករណ៍ Wi-Fi របស់អ្នក
ឧបករណ៍ Wi-Fi វាដូចនឹងកុំព្យូទ័រ ទូរស័ព្ទដៃ និងឧបករណ៍ដទៃផ្សេងទៀតដែរ វាជាឧបករណ៍ផ្នែករឹង (Hardware) ដែលមានកម្មវិធី Software នៅក្នុងនោះ។ កម្មវិធី Software ជួយឱ្យឧបករណ៍អាចដំណើរការមុខងារវាបាន។ ពីមួយថ្ងៃទៅមួយថ្ងៃ ក្រុមហ៊ុនដែលផលិតឧបករណ៍នេះ អាចនឹងធ្វើបច្ចុប្បន្នភាពកម្មវិធីសម្រាប់ឧបករណ៍នោះ ដើម្បីជួសជុលចំណុចខ្សោយ ឬបំពេញចន្លោះប្រហោង ឬធ្វើឱ្យឧបករណ៍នោះដំណើរការបានប្រសើរជាងមុន និងដាក់បន្ថែមមុខងារសុវត្ថិភាពជាដើម។ល។
ឧបករណ៍ Wi-Fi របស់អ្នក អាចនឹងធ្វើបច្ចុប្បន្នភាពកម្មវិធីដោយស្វ័យប្រវត្តិខ្លួនឯង ប៉ុន្តែឧបករណ៍ Wi-Fi ភាគច្រើន តម្រូវឱ្យអ្នកពិនិត្យ និងធ្វើបច្ចុប្បន្នភាពដោយផ្ទាល់។ ការធ្វើបច្ចុប្បន្នភាពនេះ អ្នកអាច Sign-in ចូលទៅក្នុង Wi-Fi របស់អ្នក រួចស្វែងរកមើលថា តើមានកន្លែងណា ដែលអនុញ្ញាតឱ្យអ្នកធ្វើបច្ចុប្បន្នភាពបានដែរឬទេ ឬក៏អ្នកត្រូវចូលទៅកាន់គេហទំព័រផ្លូវការរបស់ក្រុមហ៊ុនផលិតឧបករណ៍ Wi-Fi ដើម្បីស្វែងរក និងទាញយកការធ្វើបច្ចុប្បន្នភាពនោះសម្រាប់ឧបករណ៍អ្នក រួចធ្វើការដំឡើង ដោយខ្លួនអ្នកផ្ទាល់។
ដរាបណាអ្នកនៅតែអាចគ្រប់គ្រង Wi-Fi នោះបាន សូមឧស្សាហ៍ចូលទៅពិនិត្យមើល ដើម្បីប្រាកដថា តើមានការជូនដំណឹងណា ដែលអ្នកអាចធ្វើបច្ចុប្បន្នភាពកម្មវិធីលើឧបករណ៍ Wi-Fi របស់អ្នកបានដែរ ឬទេ។ ព្យាយាមពិនិត្យមើលវាឱ្យបានញឹកញាប់ តាមដែលអ្នកអាចធ្វើបាន។
ជំហានទី៣ៈ ធ្វើកូដនីយកម្ម (Encrypt) Wi-Fi របស់អ្នក
ផ្នែកនេះជាផ្នែកដែលសំខាន់បំផុត ដើម្បីឱ្យប្រាកដថា Wi-Fi របស់អ្នកបានប្រើមុខងារកូដនីយកម្ម ឬ Encryption។ នៅពេលដែលអ្នក Sign-in ចូលទៅកាន់ Wi-Fi របស់អ្នក អ្នកអាចនឹងឃើញពាក្យ Wi-Fi ឬ Security។ ប្រសិនបើអ្នកមិនអាចស្វែងរកមុខងារនេះឃើញទេ អ្នកអាចចូលទៅកាន់គេហទំព័រផ្លូវការរបស់ឧបករណ៍ Wi-Fi របស់អ្នក ប៉ុន្តែជាទូទៅមុខងារនេះ មិនពិបាកក្នុងការស្វែងរកទេ។
ភាគច្រើន Wi-Fi របស់អ្នក ប្រើមុខងារកូដនីយកម្មជំនាន់ WPA2 ។ ប៉ុន្តែប្រសិនបើអ្នកបានរកឃើញថា Wi-Fi របស់អ្នកកំពុងប្រើ WPA សូមធ្វើការផ្លាស់ប្តូរទៅ WPA2 ឬមុខងារកូដនីយកម្មជំនាន់ខ្ពស់ជាងនេះ (WPA3 អាចមាននៅលើឧបករណ៍ Wi-Fi ជំនាន់ថ្មី សូមជ្រើសរើសយកមុខងារកូដនីយកម្មជំនាន់នេះ ប្រសិនបើអ្នករកឃើញថាមាននៅលើឧបករណ៍ Wi-Fi របស់អ្នក) ។ នៅពេលដែលអ្នកធ្វើការផ្លាស់ប្តូរមុខងារកូដនីយកម្មនេះ អ្នកនឹងតម្រូវឱ្យដាក់ពាក្យសម្ងាត់ថ្មីសម្រាប់ Wi-Fi របស់អ្នក។ សូមបង្កើតពាក្យសម្ងាត់ Wi-Fi ដែលរឹងមាំ។ ប្រសិនបើអ្នកចង់ឱ្យកាន់តែមានសុវត្ថិភាព សូមធ្វើការផ្លាស់ប្តូរពាក្យសម្ងាត់ Wi-Fi អ្នកឱ្យបានញឹកញាប់ ជាពិសេសនៅពេលដែលអ្នកសង្ស័យថា មានអ្នកផ្សេង ឬឧបករណ៍ផ្សេងដែល អ្នកមិនដែលស្គាល់បានភ្ជាប់ទៅកាន់ Wi-Fi របស់អ្នក។
នៅត្រង់កន្លែងដែលអ្នកអាចធ្វើការផ្លាស់ប្តូរមុខងារកូដនីយកម្មនៅលើ Wi-Fi ជាទូទៅក៏ជាកន្លែងដែលអ្នកអាចធ្វើការផ្លាស់ប្តូរឈ្មោះរបស់ Wi-Fi ឬ SSID បានដែរ។ ឈ្មោះ Wi-Fi របស់អ្នកក៏មានសារសំខាន់ដែរ ដូច្នេះសូមដាក់ឈ្មោះណាមិនសូវទាក់ទងអ្នក។ ឧទាហរណ៍គួរកុំប្រើឈ្មោះ Dara’s Place or Dara Wi-Fi 123 ជាដើម។ល។ អ្នកអាចប្រើឈ្មោះផ្សេងដែលមិនទាក់ទងនឹងអ្នក ឧទាហរណ៍ដូចជា Blue Skies ឬឈ្មោះអ្វីផ្សេងដែលអ្នកពេញចិត្ត។
ជំហានទី៤ៈ ប្រើមុខងារ Guest Wi-Fi ប្រសិនបើមាន
ប្រសិនបើឧបករណ៍ Wi-Fi របស់អ្នកមានមុខងារ Guest Wi-Fi សូមបើកមុខងារនេះ ហើយនៅពេលដែលមានភ្ញៀវ ឬមិត្តភក្តិមកលេងផ្ទះ ឬស្ថាប័នអ្នក សូមណែនាំឱ្យពួកគេភ្ជាប់ទៅកាន់ Wi-Fi ដាច់ដោយឡែកនេះ។
ឧបករណ៍ Wi-Fi ជំនាន់ក្រោយៗភាគច្រើន មានមុខងារ Guest Wi-Fi នេះ ហើយចំណុចពិសេសរបស់ Guest Wi-Fi គឺ វានឹងបង្កើតបណ្តាញ Wi-Fi ដាច់ដោយឡែកមួយផ្សេងទៀត។ នេះមានន័យថាឧបករណ៍ដែលភ្ជាប់ទៅ Wi-Fi ដាច់ដោយឡែកនេះ ពួកគេមិនអាចមើលឃើញឧបករណ៍នៅលើបណ្តាញ Wi-Fi ចម្បងរបស់អ្នកទេ។
អ្នកក៏អាចប្រើ Guest Wi-Fi នេះជាមួយឧបករណ៍ឆ្លាតវៃដែលមិនសូវចាំបាច់ដូចជា ទូរទស្សន៍ អាយផេត (iPad) កូនរបស់អ្នក ឬឧបករណ៍ដទៃផ្សេងទៀតដែលត្រូវភ្ជាប់អ៊ីនធឺណិត គួរតែភ្ជាប់វាទៅកាន់ Guest Wi-Fi។ ការធ្វើបែបនេះ ប្រសិនឧបករណ៍ណាមួយដែលភ្ជាប់ទៅកាន់ Guest Wi-Fi ត្រូវបានវាយប្រហារ វានឹងមិនធ្វើឱ្យប៉ះពាល់ដល់ឧបករណ៍សំខាន់ៗរបស់អ្នកនៅលើ Wi-Fi ចម្បងទេ។
ឧបករណ៍ Wi-Fi មួយចំនួនមានសមត្ថភាពក្នុងការជូនដំណឹងអ្នក នៅពេលដែលមានឧបករណ៍ថ្មីបានភ្ជាប់ទៅកាន់ Wi-Fi របស់អ្នក។ អ្នកគួរតែបើកមុខងារនេះ ប្រសិនឧបករណ៍ Wi-Fi របស់អ្នកមានមុខងារនេះ។ ប្រសិនបើអ្នកទទួលបានការជូនដំណឹងថា មានឧបករណ៍ថ្មីបានភ្ជាប់ទៅកាន់ Wi-Fi អ្នក ហើយអ្នកមិនដឹងថា ឧបករណ៍ដែលភ្ជាប់នោះជាកម្មសិទ្ធិរបស់អ្នកណា អ្នកអាច Sign-in ចូលទៅក្នុង Wi-Fi អ្នក រួចអាចធ្វើការលុបឧបករណ៍នោះចោល និងពិចារណាក្នុងការប្តូរពាក្យសម្ងាត់ Wi-Fi របស់អ្នក។ ការរស់នៅ និងធ្វើការក្នុងជីវិតប្រចាំថ្ងៃ ជាពិសេសតាំងពីមានជំងឺកូវីដ១៩មក ការប្រើអ៊ីនធឺណិតពិតជាចាំបាច់ស្ទើរតែមិនអាចខ្វះបាន ដូច្នេះសូមព្យាយាមពង្រឹងសុវត្ថិភាពរបស់អ្នក និងអ្នកនៅជុំវិញខ្លួនអ្នកដើម្បីការពារការវាយប្រហារតាមអ៊ីនធឺណិត។ សូមអនុវត្តតាមជំហានដែលបានរៀបរាប់ខាងលើដើម្បីធ្វើឱ្យ Wi-Fi របស់អ្នកមានសុវត្ថិភាពប្រសើរជាងមុន។