វិធី​ការ​ការ​ពារ ការ​ទូទាត់​ប្រាក់​តាម​ទូរស័ព្ទ​ដោយ​ប្រើ​កម្មវិធី​ធនាគារ

កំណើន​នៃ​ការ​ទូទាត់​ប្រាក់​តាម​ទូរស័ព្ទដោយ​ប្រើ​កម្មវិធី​ធនាគារ កាន់​តែ​ងាយ​ស្រួល និង​ពេញ​និយម ​ប៉ុន្តែអ្នក​ដឹង​ទេ​ថា អ្វីខ្លះអាច​ជា​ហានិភ័យ​ពី​ការ​ប្រើ​កម្មវិធីធនាគារ​នៅ​លើ​ទូរស័ព្ទរបស់​អ្នក ហើយ​តើ​អ្នក​គួរ​ធ្វើបែបណា​ ដើម្បីបង្ការ​ពី​ហានិភ័យ​ទាំង​នោះ។

  

Image by rawpixel.com on Freepik

មាន​ការ​ប៉ាន់​ស្មាន​ថា ប្រហែល​២០% នៃ​ការ​វាយ​ប្រហារ​តាម​អ៊ីន​ធឺណិត​បច្ចុប្បន្ន​ កើត​ឡើង​ទាក់​ទង​នឹង​ការ​ទូទាត់​ប្រាក់​តាម​រយៈ​កម្មវិធី​ទូរស័ព្ទ​នេះ ហើយ​ទម្រង់​នៃ​ការ​វាយ​ប្រហារ​នេះ​នឹង​បន្ត​កើន​ឡើង​ជា​បន្ត​បន្ទាប់។ ដើម្បី​ជួយ​ការ​ពារ​កាបូប​លុយ​ឌីជីថល (Mobile Wallet) របស់​អ្នក អ្នក​អាច​អនុវត្ត​នូវ គន្លឹះសុវត្ថិភាព​សំខាន់ៗ​មួយ​ចំនួន​ខាង​ក្រោម៖

– ប្រើ​ពាក្យ​សម្ងាត់​នៅ​កម្មវិធី​ធនាគារ​របស់​អ្នក

ទោះ​បី​ឧបករណ៍​ភាគ​ច្រើន​នា​ពេល​បច្ចុប្បន្ន បាន​បំពាក់​មក​ជា​មួយ​នូវ​មុខងារ​សុវត្ថិភាព​ដោយ​ប្រើ​ការ​ស្តេន​ខ្ចៅ​ដៃ ឬ   ស្កេន​ទម្រង់​មុខ ដើម្បី​ផ្តល់​ភាព​ងាយ​ស្រួល​ដល់​អ្នក​ប្រើប្រាស់ ហើយ​បើ​ទោះ​បី​ជា​មុខងារ​ថ្មីៗ​ទាំង​នេះ ត្រូវ​បាន​គេ​ចាត់​ទុក​ថា​មាន​សុវត្ថិភាព​ល្អ​គួរ​សម​ហើយ​ក៏​ដោយ ក៏​វា​នៅ​មិន​ទាន់​មានសុវត្ថិភាព​ខ្ពស់​ដូច​ការ​ប្រើ​ពាក្យ​សម្ងាត់​នោះ​ដែរ។ ការ​ប្រើ​ពាក្យ​សម្ងាត់​រឹង​មាំ ជា​ការ​ការពារ​ដែល​មាន​សុវត្ថិភាព​ជាង​គេ ដើម្បី​ការ​ពារ​គណនី​ផ្សេងៗ​នៅ​លើ​អន​ឡាញ ជា​ពិសេស​អ្នក​គួរ​ប្រើ​ពាក្យ​សម្ងាត់​នៅ​លើ​កម្មវិធី​ធនាគារ​ដែល​មាន​នៅ​ក្នុង​ទូរស័ព្ទ​របស់​អ្នក។

គួរ​រំលឹក​ថា​ពាក្យ​សម្ងាត់​រឹង​មាំ ជា​ពាក្យ​សម្ងាត់​ដែល​យ៉ាង​ហោច​ណាស់​មាន ១២​តួអក្សរ មាន​លាយ​បញ្ចូល​គ្នា​រវាង​អក្សរ​ធំ តូច លេខ និង​និមិត្ត​សញ្ញា​ផ្សេងៗ។

ត្រូវ​ប្រាកដ​ថា ទូរស័ព្ទ​ដៃ​របស់​អ្នក​ចាក់​សោ​អេក្រង់​ជា​និច្ច នៅ​ពេល​មិន​ប្រើ។ ធ្វើ​បែប​នេះ​ដើម្បី​ការពារ​ក្នុង​ករណី ទូរស័ព្ទ​របស់​អ្នក​បាត់ ឬ​ត្រូវ​បាន​គេ​លួច វា​នឹង​ជួយ​ការពារ​មិន​ឱ្យ​អ្នក​ផ្សេង​អាច​ប្រើ​ទូរស័ព្ទ​ ឬ​អាច​ចូល​ទៅ​មើល​យក​ទិន្នន័យ និង​ប្រើ​កម្មវិធី​ផ្សេងៗនៅ​ក្នុង​ទូរស័ព្ទ​របស់​អ្នកបាន។ ស្វែង​យល់​បន្ថែម​ពី​ពាក្យ​សម្ងាត់​រឹងមាំ

– ធ្វើ​បច្ចុប្បន្ន​ភាព​កម្មវិធី​នៅ​ក្នុង​ទូរស័ព្ទ​ជា​ប្រចាំ

ធ្វើ​បច្ចុប្បន្ន​ភាព​គ្រប់​កម្មវិធី​ទាំង​អស់​រួម​ទាំង​កម្មវិធី​ធនាគារ និង​ប្រព័ន្ធ​ប្រតិបត្តិការ (OS) ទៅ​ជំនាន់​ចុង​ក្រោយ​នៃ​កម្មវិធី​ទាំង​នោះ។ ការ​ធ្វើ​បច្ចុប្បន្ន​ភាព​នឹង​ជួយ​ជួស​ជុល​ចន្លោះ​ប្រហោង​របស់​កម្មវិធី កែ​លម្អ​មុខ​ងារ​ដែល​មាន​ស្រាប់ ​បន្ថែម​មុខ​ងារ​ថ្មីៗ និង​ធ្វើ​ឱ្យ​កាន់​តែ​ប្រសើរ​ឡើង​ផ្នែក​សុវត្ថិភាព។​ ការ​អនុវត្ត​នេះ និង​ជួយ​ការ​ពារ​អ្នក​ ពី​ក្រុម​ឧក្រិដ្ឋជន​នៅ​លើ​អ៊ីន​ធឺណិត ពី​ការ​ព្យាយាម​ចូល​ទៅ​លួច​យក​ព័ត៌មាន​ផ្ទាល់​ខ្លួន​របស់​អ្នក ជា​ពិសេស​ព័ត៌មាន​ពី​គណនី​ធនាគារ​របស់​អ្នក។

– កុំ​ភ្ជាប់​ទៅ​កាន់​អ៊ីន​ធឺណិត​ដែល​មិន​មាន​សុវត្ថិភាព

Wi-Fi នៅ​កន្លែង​សាធារណៈ​ជា​ចំណុច​ងាយ​រង​គ្រោះ​បំផុត។ ក្រុម​ពួក Hacker អាច មាន​លទ្ធភាព​ជ្រៀត​ចូល​ទៅ​កាន់​បណ្តាញ​ទាំង​នោះ ហើយ​ប្រមូល​យក​ព័ត៌មាន​លម្អិត រួម​ទាំង​ព័ត៌មាន​ពី​គណនី​ធនាគារ​របស់​អ្នក​ផង​ដែរ ដែល​បាន​រក្សា​នៅ​បណ្តាញ​អ៊ីនធឺណិត​មិន​មាន​សុវត្ថិភាព​ទាំង​នោះ។

នៅ​កន្លែង​សាធារណៈ អ្នក​អាច​ប្តូរ​មក​ប្រើ​អ៊ីន​ធឺណិត​ចេញ​ពី​ទូរស័ព្ទ​របស់​អ្នក (Mobile Data) វិញ។ ប្រសិន​បើ​អ្នក​ចាំ​បាច់​ត្រូវ​តែ​ប្រើ​ Wi-Fi នោះ អ្នក​គួរ​ប្រុង​ប្រយ័ត្ន​ចំពោះ​ការ​ចូល​ទៅ​កាន់​គេហទំព័រ​ដែល​មិន​មាន​សុវត្ថិភាព ឬ​មិន​មាន HTTPS ហើយ​គួរ​ប្រើ​កម្មវិធី VPN ណា​មួយ​នៅ​ពេល​ប្រើ​អ៊ីនធឺណិត​នៅ​ទី​នោះ។ ស្វែង​យល់​បន្ថែម​ពី​សុវត្ថិភាព​ក្នុង​ការ​ប្រើ Wi-Fi

– ប្រើ​កាត​និម្មិត្ត​របស់​ធនាគារ​ដើម្បី​ទិញ​អីវ៉ាន់​តាម​អន​ឡាញ

ធនាគារ​មួយ​ចំនួន​អនុញ្ញាត​ឱ្យ​អ្នក​អាច​បង្កើត​កាត​និម្មិត (Visual Card) ជា Visa Card ឬ Master Card ជា​ដើម​ចេញ​ពី​គណនី​ពិត​ប្រាកដ​របស់​អ្នក ដើម្បី​អាច​ឱ្យ​អ្នក​ទូ​ទាត់ ឬ​បញ្ញា​ទិញ​ទំនិញ​តាម​អន​ឡាញ ឬ​ពី​គេហទំព័រ​ណា​មួយ។ នៅ​ពេល​ដែល​អ្នក​បង្កើត​កាត​និម្មិត នោះ​អ្នក​នឹង​ទទួល​បាន​លេខ​កាត​ថ្មី និង​ព័ត៌មាន​ថ្មី​មួយ​ចំនួន​ដូច​កាត​ពិតប្រាកដ​ដែរ។ កាត​និម្មិត​អ្នក​អាច​កំណត់​ទឹក​ប្រាក់​អតិបរមា និង​កំណត់​ចំនួន​ប្រតិបត្តិការ ហើយ​ពិសេស​អាច​ឱ្យ​អ្នក​អាច​បង្កក​កាត ឬ​បិទ​កាត​ចោល​បន្ទាប់​ពី​អ្នក​ធ្វើ​ប្រតិបត្តិការ​រួច។

– លុប​ព័ត៌មាន​កាត​ចេញ​ពី​គេហទំព័រ​ដែល​អ្នក​បាន​ទូទាត់​ប្រាក់ ឬ​ទិញ​អីវ៉ាន់​រួច​

ជា​ទូទៅ​ដើម្បី​ទូ​ទាត់ ឬ​ទិញ​ទំនិញ​អន​ឡាញ អ្នក​ត្រូវ​បំពេញ​ព័ត៌មាន​កាត នឹង​រក្សា​ទុក​នៅ​លើ​គេហទំព័រ​នោះ។ ជា​ការ​អនុវត្ត​ល្អ ក្នុង​ការ​លុប​ព័ត៌មាន​របស់ Master Card ឬ Visa Card របស់​អ្នក​ចេញ​ពី​គេហទំព័រ​បន្ទាប់​ពី​អ្នក​បាន​បញ្ចប់​ការ​បញ្ជា​ទិញ ឬ​បាន​ទូទាត់​ប្រាក់​រួច​រាល់ ដើម្បី​បង្ការ​ការ​ធ្វើ​ប្រតិបត្តិការ​ណា​មួយ​ចេញ​ពី​គណនី​ធនាគារ​របស់​អ្នក។

– ត្រួត​ពិនិត្យ​មើល​ប្រតិបត្តិការ​ហិរញ្ញវត្ថុ​របស់​អ្នក​ជា​ប្រចាំ

ការ​ចូល​ទៅ​ពិនិត្យ​មើល​របាយការណ៍​ហិរញ្ញវត្ថុ​របស់​អ្នក​ជា​ប្រចាំ គឺ​ជា​គន្លឹះ​ក្នុង​ការ​ការពារ និង​ទប់​ស្កាត់​ឱ្យ​បាន​ទាន់​ពេល​នូវ​ការ​លួច​ធ្វើ​ប្រតិបត្តិការ​ចេញ​ពី​គណនី​ធនាគារ​របស់​អ្នក ។ ប្រសិន​បើ​អ្នក​សម្គាល់​ឃើញ​ប្រតិបត្តិការ​គួរ​ឱ្យ​សង្ស័យ​ណា​មួយ​នៅ​ក្នុង​គណនី​ធនាគារ​របស់​អ្នក អ្នក​ត្រូវ​ទាក់​ទង​ទៅ​កាន់​ធនាគារ​ជា​បន្ទាន់។ ធនាគារ​ អាច​នឹង​ជួយ​លុប​ចោល​ប្រតិបត្តិការ​ខ្លះ ឬ​បញ្ឈប់​មិន​ឱ្យ​មាន​ការ​ធ្វើ​ប្រតិបត្តិការ បន្ថែម​ទៀត​ចេញ​ពីគណនីរបស់អ្នក។

– ធ្វើ​សកម្មភាព​ជា​បន្ទាន់​នៅ​ពេល​ដែល​អ្នក​បាត់​ទូរស័ព្ទ

ការ​សិក្សា​ថ្មី​មួយ​ដោយ Uswitch.com បាន​រក​ឃើញ​ថា ជាង​ពាក់​កណ្តាល​នៃ​អ្នក​ប្រើ​ប្រាស់​បាន​បាត់ ឬ​ត្រូវ​បាន​ចោរ​លួច​ទូរស័ព្ទ​របស់​ពួក​គេ

ប្រសិន​បើ​ទូរស័ព្ទ​របស់​អ្នក​បាត់ ឬ​ត្រូវ​បាន​គេ​លួច សូម​ទាក់​ទង​ទៅ​កាន់​ធនាគារ​ ភ្លាមៗ ដើម្បី​ឱ្យ​គេ​បិទ​បណ្តោះ​អាសន្ន​នៅ​គណនី​ធនាគារ​របស់​អ្នក ការ​ពារ​កុំ​ឱ្យ​អ្នក​ផ្សេង​អាច​ធ្វើ​ប្រតិបត្តិការ​ណា​មួយ​បាន។ ការ​ធ្វើ​ដូច្នេះ​នឹង​រា​រាំងនរណា​ម្នាក់​ពី​ការ​ប្រើ​ប្រាស់​កាត​ធនាគារ​អ្នក យក​ទៅ​ទិញ​ទំនិញ ឬ​ធ្វើ​ការ​វេលុយ​ចេញ​ពី​គណនី​របស់​អ្នក។ គន្លឹះ​បន្ថែម អ្នក​អាច​ធ្វើ​ការ​លុប​ទិន្នន័យ​ចេញ​ពីទូរស័ព្ទ​របស់​អ្នក តាម​រយៈ​មុខងារ Find My Device សម្រាប់ទូរស័ព្ទ​Android និង Find My iPhone ចំពោះ​ទូរស័ព្ទ iPhone។ ស្វែង​យល់​បន្ថែម មុខងារ​ Find My Device នៅ​លើ​ទូរស័ព្ទ Android

ប្រភពៈ
https://www.digitaljournal.com/tech-science/convenience-or-security-weaknesses-in-mobile-payments-wallets-highlighted/article