ប្រសិនបើឧបករណ៍ផ្ទុកទិន្នន័យ (Hard Drive) កុំព្យូទ័ររបស់អ្នកត្រូវបានធ្វើកូដនីយកម្ម ឬអ៊ីនគ្រីប (Encrypted) គ្មាននរណាម្នាក់អាចកែប្រែ ឬអាចអានទិន្នន័យទាំងនោះបានទេ នៅពេលដែលកុំព្យូទ័រត្រូវបានបិទ។ ការធ្វើកូដនីយកម្ម ឬអ៊ីនគ្រីបឧបករណ៍ផ្ទុកទិន្នន័យ មានសារសំខាន់ណាស់ក្នុងការការពារទិន្នន័យដែលរក្សាទុកក្នុងកុំព្យូទ័ររបស់អ្នក ពីការចូលទៅប្រើប្រាស់ទិន្នន័យ ក្នុងកុំព្យូទ័រដោយគ្មានការអនុញ្ញាតពីអ្នក ជាពិសេសនៅពេលកុំព្យូទ័រអ្នកបាត់ ត្រូវបានចោរលួច ឬនៅពេលដែលកុំព្យូទ័ររបស់អ្នកត្រូវបានគ្រប់គ្រងដោយអ្នកផ្សេងជាដើម។
នៅពេលអ្នកចាក់សោទិន្នន័យ គ្មានអ្នកណាម្នាក់ ចូលទៅមើល ឬប្រើប្រាស់ទិន្នន័យក្នុងកុំព្យូទ័រអ្នកបានទេ បើពួកគេមិនស្គាល់ពីពាក្យសម្ងាត់ (Password) កុំព្យូទ័រអ្នក។
សូមចាំថា បើអ្នកភ្លេចពាក្យសម្ងាត់ ចូលប្រើកុំព្យូទ័រអ្នក និងមិនមានលេខកូដស្តារទិន្នន័យឡើងវិញ (Recovery Key) នោះអ្នកខ្លួនឯងក៏មិនអាចចូលទៅបើកទិន្នន័យនោះបានដែរ។
ពិនិត្យមើលថា តើកុំព្យូទ័ររបស់អ្នកមានមុខងារ BitLocker នេះដែរឬទេ?
BitLocker មិនមានគ្រប់នៅលើកុំព្យូទ័រដែលដំណើរការដោយ Windows នោះទេ។ ចាប់ពីជំនាន់ Windows 10 មក មុខងារនេះមានតែនៅលើ ស៊េរី Pro, Enterprise និង Education ប៉ុណ្ណោះ។ ប្រសិនបើអ្នកប្រើស៊េរី Home Edition នោះនឹងមិនមាន មុខងារ BitLocker នេះទេ តែអ្នកអាចនឹងឃើញមានមុខងារដែលមានឈ្មោះថា Device Encryption (Device Encryption ទាមទារតម្រូវការឧបករណ៍ផ្នែករឹងនៅក្នុងកុំព្យូទ័រ ក្នុងកម្រិតមួយជាក់លាក់)។
ចំណុចពិសេសរបស់ BitLocker គឺមិនត្រឹមតែអាចចាក់សោឧបករណ៍ផ្ទុកទិន្នន័យ ដែលមានស្រាប់នៅក្នុងកុំព្យូទ័រ (Internal Storage) ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាច ចាក់សោឧបករណ៍ផ្ទុកទិន្នន័យផ្សេងៗទៀត (External Storage) ដែលភ្ជាប់ជាមួយកុំព្យូទ័រនោះបានផងដែរ។ ខណៈដែល Device Encryption អាចចាក់សោបានតែទិន្ននន័យ ដែលមាននៅក្នុងកុំព្យូទ័រ (Internal Storage) ហើយបានតែចំពោះ កន្លែងផ្ទុកទិន្នន័យ ដែលបានដំឡើងកម្មវិធី ឬ System Drive (Drive C) ប៉ុណ្ណោះ។
បើកុំព្យូទ័រអ្នក មិនមានមុខងារ BitLocker និងមិនឃើញមានមុខងារ Device Encryption អ្នកអាចពិចារណាប្រើកម្មវិធីខាងក្រៅជំនួស ដែលអាចធ្វើការចាក់សោ ឬធ្វើកូដនីយកម្មឧបករណ៍ផ្ទុកទិន្នន័យនៅក្នុងកុំព្យូទ័រទាំងមូលបាន ដូចជាកម្មវិធី VeraCrypt ជាដើម។
របៀបពិនិត្យមើល ជំនាន់ Windows
ចូលទៅកាន់ Start > Sittings > System > About > Windows Specification

របៀបបើកមុខងារ BitLocker
វីឌីអូ ពីរបៀបចាក់សោ ទិន្ននន័យនៅលើ Drive D តាមរយៈ BitLocker
របៀបចាក់សោ ទិន្ននន័យនៅលើ Drive C តាមរយៈ BitLocker
- Start > វាយពាក្យ BitLocker > ចុចលើ Manage BitLocker

- ជ្រើសរើស Drive (ករណីកុំព្យូទ័រអ្នកមាន Drive លើពីមួយ) > ចុចលើ Turn on BitLocker

- ដំណើរការ នៃការធ្វើកូដនីយកម្ម ឬអ៊ីនគ្រីប Drive នឹងចាប់ផ្តើម

- ជ្រើសរើស ជម្រើសណាមួយ ដើម្បីបម្រុងទុក Recovery Key > ចុច Next

Recovery Key ជាលេខកូដ សម្រាប់ធ្វើការស្តារទិន្នន័យឡើងវិញ ក្នុងករណីដែលអ្នក មិនអាចចូលទៅប្រើកុំព្យូទ័ររបស់អ្នកបាន។ ទិន្នន័យនៅក្នុង Drive ដែលអ្នកបានធ្វើកូដនីយកម្ម (ករណីនេះ Drive C) នេះត្រូវចាក់សោ ហើយគ្មានអ្នកណា អាចបើកសោ ចូលទៅកាន់ Drive នោះបានទេបើមិនមានពាក្យសម្ងាត់ ឬមិនមាន Recovery Key នេះ។
- Save to your Azure AD account: អ្នកគួរជ្រើសរើសជម្រើសនេះ ប្រសិនបើអ្នកប្រើកុំព្យូទ័រស្ថាប័ន។ ជម្រើសនេះ នឹងរក្សាទុក Recovery Key របស់អ្នក នៅក្នុងគណនី Azure AD ដែលស្ថិតនៅក្រោម ការគ្រប់គ្រងរបស់មន្រ្តីព័ត៌មានវិទ្យា ឬអ្នកដែលមានសិទ្ធិគ្រប់គណនី Microsoft របស់ស្ថាប័ន។
- Save to a file: ជម្រើសនេះ ល្អសម្រាប់អ្នកប្រើកុំព្យូទ័រផ្ទាល់ខ្លួន។ វាផ្តល់ភាពងាយស្រួលក្នុងការ គ្រប់គ្រង់ Recover Key ដោយខ្លួនឯង ប៉ុន្តែបញ្ហា គឺអ្នកប្រើប្រាស់ មួយចំនួនធ្វើឱ្យបាត់ File Recover Key នេះ។ អ្នកត្រូវរក្សាទុក File នេះនៅកន្លែងដែលមានសុវត្ថិភាព និងប្រាកដថា អ្នកអាចស្វែងរកវាឃើញ ក្នុងពេលអ្នកមិនអាចចូលប្រើកុំព្យូទ័រអ្នកបាន។ អ្នកមិនគួររក្សាទុក File នេះ នៅក្នុងកុំព្យូទ័រ ដែលអ្នកកំពុងប្រើទេ។
- Print the recovery key: ជម្រើសនេះ អនុញ្ញាតឱ្យអ្នកព្រីនចេញ Recover Key ដាក់លើក្រដាស ឬរកក្នុងទម្រង់ PDF ជាដើម។ បើអ្នកជ្រើសរើសជម្រើសនេះ អ្នកត្រូវរក្សាវាទុកនៅកន្លែងដែលមានសុវត្ថិភាព។
- ជ្រើសរើស ថាតើអ្នកចង់អ៊ីនគ្រីបតែទិន្នន័យដែលមាននៅក្នុង Drive (Encrypt used disk space only) ឬ អ៊ីន Drive ទាំងមូល (Encrypt entire drive) > Next

- ជ្រើសរើស New encryption mode (best for foxed drives on this device) > Next

- ចុចលើ Run BitLocker system check > Continue

- ចុចលើ Restart now ដើម្បីបញ្ចប់

- បន្ទាប់ពី Restart និងដំណើរការអ៊ីនគ្រីប បានបញ្ចប់ អ្នកអាចចូលទៅកាន់ Start > វាយពាក្យ BitLocker > ចុចលើ Manage BitLocker នោះអ្នកនឹងឃើញ មានការបញ្ជាក់ថា BitLocker on។
