ការ​តាម​ដាន​តាម​ទូរស័ព្ទ​តាម​រយៈ​មុខ​ងារ​ផ្សាយ​ពាណិជ្ជកម្ម (Ad ID)

មុខងារ​ផ្សាយ​ពាណិជ្ជកម្ម (Ad Identifier) ​នៅ​លើ​ទូរស័ព្ទ Android និង iOS គឺ​ជា​មុខ​ងារ​ដែល​ផ្តល់​លទ្ធភាព​ឱ្យមាន​ការ​តាម​ដាន​អ្នក​ប្រើប្រាស់​ប្រាស់ តាម​រយៈ​ទូរស័ព្ទដែល​ពួក​គេ​កំពុង​ប្រើប្រាស់។ ការ​បិទ​មុខ​ងារ​នេះ នឹង​ជួយ​ឱ្យក្រុម​អ្នក​ផ្សាយ​ពាណិជ្ជកម្ម ​ក្រុម​អ្នក​អភិវឌ្ឍ​កម្មវិធី ក្រុម​អ្នក​ប្រមូល​ទិន្នន័យ​ដើម្បីលក់​បន្តជា​ដើម កាន់​តែ​មាន​ការ​លំបាក​ក្នុង​ការ​តាម​ដាន និង​កំណត់អត្តសញ្ញាណរបស់​អ្នក​ប្រើប្រាស់​នៅ​លើ​អ៊ីន​ធឺណិត ហើយ​ក៏​ជួយ​ឱ្យអ្នក​ប្រើ​ប្រាស់​កាត់​បន្ថយ​ចំនួន​ទិន្នន័យ​ផ្ទាល់​ខ្លួន​របស់​ពួក​គេ​នៅ​លើ​អន​ឡាញ​ផង​ដែរ។

  

Image by pressfoto on Freepik

មុខ​ងារ​តាម​ដាន​នេះ ជា​មុខ​ងារ​មួយ​ដែល​អាច​កំណត់​អត្តសញ្ញាណ​ទូរស័ព្ទ ថេប​ផ្លេត និង​ឧបករណ៍​ឆ្លាត​វៃ​ជា​ច្រើន​ទៀត​របស់​អ្នក​ប្រើ​ប្រាស់។ គេ​បង្កើត​មុខ​ងារ​នេះ​ក្នុង​គោល​បំណង​មួយ​គឺ ដើម្បី​តាម​ដាន​មនុស្ស​គ្រប់​គ្នា​រយៈ​ទូរស័ព្ទ​ដែល​ពួក​គេ​កំពុង​ប្រើ។

ក្រុម​អ្នក​តាម​ដាន ព្យា​យាម​តាម​ដាន និង​ប្រមូល​ទិន្នន័យ​ពី​អ្នក​ប្រាស់​ក្នុង​គោល​បំណង​ផ្សេងៗ ជា​ពិសេស​ដើម្បី​ផ្សព្វ​ផ្សាយ​ពាណិជ្ជ​កម្ម ឬ​លក់​ទៅ​ឱ្យ​ជន​ទី​បី​ជា​ដើម។ល។ មុខ​ងារ​នេះ មាន​សមត្ថភាព​អាច​ភ្ជាប់​ទំនាក់​ទំនង​ទិន្នន័យ ឬ​សកម្មភាព​ផ្សេងៗ​របស់​ម្ចាស់​ឧបករណ៍​ទាំងនោះ ដើម្បី​កំណត់​ឱ្យ​ដឹង​ពី​អត្ត​សញ្ញាណ​ជាក់​លាក់​របស់​ពួក​គេ។ ដោយ​សារ​តែ​មុខ​ងារ Ad ID នេះ​មាន​តែ​មួយ​ មិន​អាច​កែ​ប្រែ​បាន​នៅ​ក្នុង​ទូរស័ព្ទ ដូច​នេះ​គ្រប់​កម្មវិធី​ទាំង​អស់​ដែល​បាន​តម្លើង សុទ្ធ​តែ​អាច​ចូល​ទៅ​ប្រើ និង​អាច​តាម​ដាន​អ្នក​ប្រើ​ប្រាស់​បាន ប្រសិន​បើ​អ្នក​ប្រើ​ប្រាស់​មិន​ដឹង​ពី​របៀប​ក្នុង​ការ​កំណត់​ឱ្យ​បាន​ត្រឹម​ត្រូវ​ទេ។

មាន​ករណី​មួយ​ចំនួនធំៗ​មួយ​ចំនួន​ ទាក់​ទង​នឹង​ការ​ប្រមូល​ទិន្នន័យ​អ្នក​ប្រើ​ប្រាស់​តាម​រយៈ​មុខ​ងារ​នេះ ដូច​ជា​ករណី​ប្រមូល​ទិន្នន័យ​របស់​អ្នក​ប្រើ​ហ្វេស​ប៊ុក របស់​ក្រុម​ហ៊ុន Cambridge Analytica ដើម្បី​ធ្វើ​ការ​វិភាគ ជួយ​ឱ្យ​មាន​ការ​ផ្លាស់​ប្តូរ​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​អាមេរិក​លោក Donald Trump និង​ករណី​តាម​ដាន​ទីតាំង​តាម​រយៈ​ទូរសព្ទ​ដៃ (Location Tracking) លើ​ប្រជាជន​អា​មេរិក ដោយ​យោធា​អា​មេរិក​ជា​ដើម។ល។

របៀប​បិទ​មុខ​ងារ​តាម​ដាន​លើ ទូរស័ព្ទ Android:

នៅ​លើ Android ជំនាន់ទី១២ (Android 12) Google ដាក់​មុខ​ងារ​ដែល​អនុញ្ញាត​ឱ្យ​អ្នក​ប្រើ​ប្រាស់ អាច​ធ្វើ​ការ​លុប មុខ​ងារ​ផ្សាយ​ពាណិជ្ជ​កម្ម ឬ Ad ID នេះ​បាន​ទាំង​ស្រុង។ ដើម្បី​លុប Ad ID នេះ​អ្នក​ប្រើ​ប្រាស់​ត្រូវ​ចូល​ទៅ​កាន់ៈ

  • Settings > Privacy > Ads > Delete advertising ID
  • ​ចុច Delete advertising ID ​ដើម្បី​បញ្ជាក់​ថា អ្នក​ពិត​ជា​ចង់​លុប​មុខងារ​នេះ​មែន។

ការ​លុប Advertising ID នេះ​មាន​ន័យថា គ្រប់​កម្មវិធី​ដែល​បាន​តម្លើង​ក្នុង​ទូរស័ព្ទ​របស់​អ្នក និង​មិន​អាច​ចូល​ទៅ​ប្រើ​មុខងារ​នេះ​បាន​ទៀត​ទេ។

សម្រាប់​ទូរស័ព្ទ Android ជំនាន់​ទាប​​ជាង​ជំនាន់ទី​១២ អ្នក​ប្រើ​ប្រាស់មិន​អាច​លុប​មុខ​ងារ​នេះ​ចោល​ទាំង​ស្រុង​បាន​​ទេ ប៉ុន្តែ​​អាច​ធ្វើ​ការ​បង្កើត Ad ID ថ្មី ឬ​ធ្វើ​ការ Reset មុខ​ងារ​ផ្សាយ​ពាណិជ្ជកម្ម​នេះ​បាន។

ការ​បង្កើត Ad ID ឬ Reset នេះ​មាន​ន័យ​ថា គ្រប់​កម្មវិធី​ដែល​បាន​តម្លើង ចូល​ទៅ​ក្នុង​ទូរស័ព្ទ​នៅ​តែ​អាច​ប្រើ​ប្រាស់​មុខ​ងារ​ផ្សាយ​ពាណិជ្ជ​កម្ម ឬ Ad ID នេះ​ដដែល ប៉ុន្តែ​រាល់​ប្រវត្តិ​នៃ​ការ​ប្រើ​ប្រាស់​របស់​អ្នកប្រើប្រាស់ ​នៅ​លើ​ទូរស័ព្ទ​នោះ នឹង​ត្រូវ​បាន​លុប​ចោល ដូច​នេះ ក្រុម​អ្នក​ផ្សាយ​ពាណិជ្ជកម្ម មិន​អាច​ដឹង​ពី​ទម្លាប់​នៃ​ការ​ប្រើ​ទូរស័ព្ទ​របស់​អ្នក​បានទេ ប៉ុន្តែ​ពួក​គេអាច​បន្ត​តាម​ដាន​អ្នកប្រើប្រាស់ តាម​រយៈ Ad ID ថ្មី​នេះ​វិញ។ អ្នកប្រើប្រាស់​អាច​ធ្វើ​ការ​បង្កើត ID ថ្មី ឬ​ Reset មុខ​ងារ​ផ្សាយ​ពាណិ​ជ្ជកម្ម (Ad ID) នេះ​ដោយ ធ្វើ​ការ​ស្វែង​រក​ពាក្យ Opt out of Ads Personalization ឬ​ពាក្យ Get new advertising ID នៅ​ក្នុង Settings > Privacy Ads

ទូរស័ព្ទ​ខ្លះ អ្នក​នឹង​ឃើញ​ពាក្យ Reset advertising ID បន្ទាប់​ពី​បើក​មុខងារ Opt out of Ads Personalization។ សូម​ចុច​លើ Get new advertising ID បន្ទាប់​មក​ចុច CONFIRM

រូប​ភាព​ខាង​លើ​នេះ ជា​រូបភាព​នៅលើ​ទូរស័ព្ទ Android ជំនាន់​ទី​១០ (Android 10)។

របៀប​បិទ​មុខងារ​តាម​ដាន​លើ​ទូរស័ព្ទ iOS

ទូរស័ព្ទ​ Apple តម្រូវ​ឱ្យ​កម្មវិធី​ទាំង​អស់ ស្នើ​សុំ​សិទ្ធិ​ពី​អ្នក​ប្រើ​ប្រាស់​ជា​មុន មុន​ពេល​អាច​តម្លើង​កម្មវិធី​ណា​មួយ ចូល​ទៅ​ក្នុង​ទូរស័ព្ទ​របស់​អ្នក​ប្រើ​ប្រាស់​បាន។

សូម​ចុច​លើ “Ask App Not to Track” ដើម្បី​បដិសេធ​កម្មវិធី​នោះ ពី​ការ​ចូល​ទៅ​ប្រើ​មុខ​ងារ​ផ្សាយ​ពាណិជ្ជកម្ម​នេះ។ លើ​ទូរស័ព្ទ iOS អ្នក​ប្រើប្រាស់អាច​មើល​ថា តើ​កម្មវិធី​ណា​ខ្លះ​ក្នុង​ទូរស័ព្ទ​របស់​អ្នក ​មាន​សិទ្ធិ​ក្នុង​ការ​ចូល​ទៅ​ប្រើ​មុខ​ងារ​ផ្សាយ​ពាណិជ្ជកម្ម​នេះ ដោយ​អ្នក​ប្រើ​ប្រាស់​អាច​ចូល​ទៅ​កាន់ Setting > Privacy > Tracking

អ្នក​អាច​ធ្វើ​ការ​ពិនិត្យ និង​កំណត់​មិន​ឱ្យ​កម្មវិធី​ណា​មួយ​អាច​ប្រើ​មុខងារ​ផ្សាយ​ពាណិជ្ជកម្ម​នេះ​បាន ​ដោយ​គ្រាន់​តែ​អូស​មក​ខាង​ឆ្វេង។

ចុច​​លើ “Allow Apps to Request to Track” ​ដើម្បី​ការ​ពារកុំ​ឱ្យ​កម្មវិធី​នៅ​ក្នុង​ទូរស័ព្ទ​របស់​អ្នក​ស្នើ​សុំ​សិទ្ធិ​ចូល​ទៅ​ប្រើ​មុខងារ ផ្សាយ​ពាណិជ្ជកម្ម​នេះ​ទៀត។ ក្រុម​ហ៊ុន Apple មាន​មុខ​ងារ​ដាច់​ដោយ​ឡែក​របស់​ខ្លួន ដើម្បី​តាម​ដាន​លើ​អ្នក​ប្រើ​ទូរស័ព្ទ iOS។ មុខងារ​នេះ មាន​តែ​ក្រុម​ហ៊ុន Apple ទេ​ដែល​អាច​មាន​សិទ្ធិ​ក្នុង​ការ​ចូល​ទៅ​ប្រើ​បាន ប៉ុន្តែ​អ្នក​ប្រើ​ប្រាស់​ក៏​អាច​បិទ​មុខ​ងារ​តាម​ដាន ដាច់​ដោយ​ឡែក​នេះ​បាន​ដែរ ដោយ​​ចូល​ទៅ​កាន់ Setting > Privacy> Apple Advertising > Personalized Ads

គួរ​រំលឹក​ថា មុខ​ងារ​តាម​ដាន​នេះ មាន​នៅ​លើ​ទូរស័ព្ទ​ឆ្លាត​វៃ​តាំង​ពី​យូរ​យារ​ណាស់​មក​ហើយ ដែល​មុខ​ងារ​នេះ​មាន​ឈ្មោះ​ថា UDID លើ​ទូរសព្ទ iOS និង Android ID នៅ​លើ​ទូរស័ព្ទ Android។ ក្នុង​ឆ្នាំ​២០១០ ​មាន​ការ​រសើប​អង្កេត​មួយ​ដោយ​កា​សែត Wall Street ពី​បញ្ហា​នេះ។ ​ឆ្នាំ២​០១១ សមាជិក​សភា​អាមេរិក​បាន​ចោទ​សួរ​ដេញ​ដោល​ជា​បន្ត​បន្ទាប់ រហូត​ដល់​ក្រុមហ៊ុន Apple ចាប់​ផ្តើម​ធ្វើ​ការ​រឹត​បន្តឹង​សិទ្ធិ​របស់​ក្រុម​ភាគី​ទី​បី​ក្នុង​ការចូល​ទៅ​ប្រើ និង​ប្រមូល​ទិន្នន័យ​ពី​អ្នក​ប្រើ​ប្រាស់។ មក​ដល់​ឆ្នាំ ២០១២ Apple បាន​បង្កើត​មុខ​ងារ​ថ្មី​មួយ​ទៀត​ស្រដៀង​គ្នា​នេះ ដែល​មាន​ឈ្មោះ​ថា IDFA ដោយ​ស្ងាត់ៗ​។ មុខងារ​ថ្មី​នេះ ដូច​គ្នា​នឹង​មុខ​ងារ​ UDID ដែរ ខុស​គ្នា​ត្រង់ មុខ​ងារ​នេះ អាច​អនុញ្ញាត​ឱ្យ​អ្នក​ប្រើ​ប្រាស់ ​បិទ​មិន​ឱ្យ​មាន​ការ​តាម​ដានបាន ប៉ុន្តែ​បញ្ហា​នៅ​ត្រង់ អ្នក​ប្រើ​ប្រាស់​ភាគ​ច្រើន​មិន​ដឹង​ពីរ​បៀប​ក្នុង​ការ​បិទ​មុខ​ងារ​នេះ​ទេ។ ឆ្នាំ​២០១៣ Android ក៏​បាន​ណែ​នាំ​មុខងារ​ថ្មី ដែល​មាន​ឈ្មោះ​ថា AAID។ មុខងារ​ថ្មី​នេះ ក៏​ស្រដៀង​គ្នា​នឹង​មុខងារ​ថ្មី​របស់ Apple ដែរ ដែល​អនុញ្ញាត​ឱ្យ​កម្មវិធី​ទាំង​អស់​អាច​ទាញ​យក​ទិន្នន័យ​អ្នក​ប្រើ​ប្រាស់​ដោយ​ស្វ័យ​ប្រវត្តិ តែក៏​អនុញ្ញាត​ឱ្យ​អ្នក​ប្រើ​ប្រាស់​អាច​លុប​ចោល​ប្រវត្តិទិន្នន័យ​ចាស់បានដែរ។ ឆ្នាំ​២០២១ ក្រុម​ហ៊ុន Apple បាន​ណែ​នាំ​មុខ​ងារមួយងារ​មួយ​ទៀត​ឈ្មោះ​ថា ATT ដែល​តម្រូវ​ឱ្យ​កម្មវិធី​ទាំង​អស់ ស្នើ​សុំ​សិទ្ធិ​អ្នក​ប្រើ​ប្រាស់​ជា​មុន មុន​នឹង​អាច​តម្លើង​ចូល​ក្នុង​ទូរស័ព្ទ​របស់​ពួក​គេ​។​កាល​ពី ខែ​មេសា ឆ្នាំ​២០២២ Android ក៏​តម្រូវ​ឱ្យ​អ្នក​អភិវឌ្ឍ​កម្មវិធី​ត្រូវ​ស្នើ​សុំ​សិទិ្ធ​ដាច់​ដោយ​ឡែក​ ទៅ​កាន់ Android មុន​នឹង​ពួក​គេ​អាច​ចូល​ទៅ​ប្រើ មុខ​ងារ​នេះ​បាន។

ចូល​មើល​ក្រាហ្វិចព័ត៌មាននៅទីនេះ ឬទាញយក​ក្រាហ្វិចព័ត៌មានជា PDF នៅទីនេះ

ប្រភពៈ
https://www.eff.org/deeplinks/2022/05/how-disable-ad-id-tracking-ios-and-android-and-why-you-should-do-it-now